ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រូពេទ្យ៖ នួន ជា​និង​ខៀវ សំផន​មាន​សុខភាព​ល្អ​អាច​ចូលរួម​កាត់​ទោស​បាន

  • គង់ សុឋានរិទ្ធ

ថ្វី​ត្បិត​តែ​​​វ័យ​ចាស់​ជរា​តែជនជាប់​ចោទ​នួន​ ជា និង​ខៀវ សំផន ​នៅ​តែ​​មាន​សម្បទា​គ្រប់​គ្រាន់​សម្រាប់​ចូល​រួម​ការ​កាត់​ទោស​លើ​ពួក​គាត់​​បន្ត​ទៅ​ទៀត​បាន។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ដ្រ​នៅ​ថ្ងៃ​សុក្រ​​នេះ។

ថ្វី​ត្បិត​តែ​វ័យ​ចាស់​ជរា​តែជនជាប់​ចោទ​នួន​ ជា និង​ខៀវ សំផន ​នៅ​តែមាន​សម្បទា​គ្រប់​គ្រាន់​សម្រាប់​ចូល​រួម​ការ​កាត់​ទោស​លើ​ពួក​គាត់បន្ត​ទៅ​ទៀត​បាន។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ដ្រ​នៅ​ថ្ងៃ​សុក្រនេះ។​ ក៏​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្តល់​អនុសាសន៍​ថា គួរ​តែ​កាត់​បន្ថយ​ពេល​ម៉ោង​សវនាការ​និងត្រូវតាមដាន​សុខភាព​ជន​ជាប់​ចោទ​ឲ្យ​បាន​ដិតដល់។

​ការ​វាយតម្លៃ​វេជ្ជសាស្ដ្រ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​វេជ្ជបណ្ឌិត​ចំនួន​ពីរ​រូប​ដែល​មាន​ជំនាញ​ផ្សេង​គ្នា​បាន​ពិនិត្យ​សុខភាព​ជនជាប់​ចោទ​ទាំងពីរ​ទាំង​លើ​ជំងឺ​ផ្លូវកាយ​និង​លើ​បញ្ហា​ផ្លូវ​ចិត្ត​កាល​ពី​ថ្ងៃ​ទី​១៩​និង​ថ្ងៃ​ទី​២០​ខែ​មករា​ឆ្នាំ​២០១៥​នេះ។

លោក​វេជ្ជ​បណ្ឌិត​កម្ពុជា​ហួត ​លីណា ​អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​បាន​ធ្វើ​ការ​វិភាគ​លើ​បញ្ហា​ផ្លូវ​ចិត្ត​នៃ​ជនជាប់​ចោទ​ទាំង​ពីរ។

​លោក​បាន​ប្រាប់​សវនាការ​នៅ​ថ្ងៃ​នេះ​ដែរ​ថា​ជន​ជាប់​ចោទ​មិន​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ណា​មួយ​ដែល​អាច​រារាំង​ដល់​ការ​ចូល​រួមដំណើរ​ការ​កាត់​ទោស​លើ​ខ្លួន​នោះ​ទេ។​

«លោក​នួន​ ជា​អាច​មាន​បញ្ញា​ស្មារតី​ខាង​ផ្លូវ​ចិត្ត​អាច​ចូល​រួម​សវនាការ​បាន។​ដោយ​ឡែក​ការ​វិវត្តន៍​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​លោក​ខៀវ សំផន ​ឃើញ​ថា​ការ​ចង​ចាំ​របស់​គាត់​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ។​គឺ​នៅ​ថេរ​ដដែល។ហើយ​ដោយ​ឡែក​សមត្ថភាព​ក្នុ​ងការ​ចូល​រួម​សវនាការ​ក៏​ឃើញ​ថា​គាត់​គ្មាន​អ្វី​ប្រែ​ប្រួល​ដែរ​ គាត់​នៅ​តែមាន​សមត្ថភាព​អាច​ចូល​រួមក្នុងសវនាការ​ដដែល»។

​វេជ្ជ​បណ្ឌិត​សិង្ហបុរី​លោក​ចាន់ ​គីន ​មិញ (Chan Kin Minh)អ្នក​ជំនាញ​ផ្នែក​ថែទាំង​ព្យាបាល​ជំងឺ​មនុស្ស​ចាស់​បាន​បញ្ជាក់​នៅ​ក្នុ​ងសវនាការនៅ​ព្រឹក​ថ្ងៃ​នេះ​ថា​ជនជាប់​ចោទ​នួន ជា​ មិន​មាន​សុខភាព​ប្រែប្រួល​គួរ​អាក្រក់​ជាង​មុន​ពេក​ដែល​រំខាន​ដល់​ការ​ចូល​រួម​សវនាការ​នោះ​ទេ​បើ​ធៀប​ទៅ​នឹងការ​ត្រួត​ពិនិត្យសុខ​ភាព​កាល​ពី​ខែមិនា​ឆ្នាំ​២០១៤។​

​ដោយ​ឡែក​ចំពោះខៀវ ​សំផន​ វិញ​លោក​វេជ្ជ​បណ្ឌិត ​ចាន់ ​គីន​ មិញ ​បញ្ជាក់​ថា​ជនជាប់​ចោទ​រូប​នេះនៅ​មាន​សុខភាព​ផ្នែករាង​កាយ​គ្រប់​គ្រាន់​សម្រាប់​ចូល​ក្នុ​ងសវនាការ។​

«​ជាទូទៅ​យើង​បាន​រក​ឃើញ​ថា​មិន​មាន​អ្វីក្នុង​ការ​ពិនិត្យ​សុខភាព​ផ្នែក​រាង​កាយ​របស់​ខៀវ​ សំផន ដែល​អាច​ប៉ះពាល់​ដល់លទ្ធភាព​នៃ​ចូល​រួមកាត់​ទោស​របស់​គាត់​នោះ​ទេ»។

នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហមមាន​អាយុ​ជាង​៨៨​ឆ្នាំ​ហើយ។ ​ដោយ​ឡែក​ ខៀវ ​សំផន ​អតីត​ប្រមុខ​រដ្ឋ​របស់​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​របស់​ខ្មែរ​ក្រហម​មាន​អាយុជាង​៨៣​ឆ្នាំ។ ​ជន​ជាប់​ចោទ​ទាំង​ពីរ​ដែល​មាន​ជំងឺចូល​ពេទ្យ​ជា​ប្រចាំ​គឺជា​មេដឹក​នាំ​ខ្ពស់​បំផុត​របស់​ខ្មែរក្រហម​តែ​ពីរ​នាក់​គត់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​និង​ការ​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាននាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

លោកវេជ្ជ​បណ្ឌិត ​ចាន់ ​គីន​ មិញ ​បាន​រៀប​រាប់​ប្រាប់​តុលាការ​ថាជំងឺ​ឈឺ​សន្លាក់ឆ្អឹង​ខ្នង​របស់​នួន ជា នឹង​មិន​ជា​នោះ​ទេ​ដោយ​សារ​អាយុ​គាត់​កាន់​តែ​ចាស់មិន​តែ​ប៉ុណ្ណោះជំងឺ​នេះអាចកាន់​តែ​វិវត្តន៍​កាន់​តែ​អាក្រក់។ហើយ​ជនជាប់​ចោទ​គួរ​តែ​ទទួល​បាន​ការ​ព្យាបាល​មួយ​ឬពីរដង​ក្នុង​មួយ​សប្តាហ៍។​ប៉ុន្តែ​លោកវេជ្ជបណ្ឌិត​សិង្ហ​បុរី​ដដែល​រក​ឃើញ​ថា​នួន ជា​ នៅ​មាន​ចក្ខុ​ល្អ ​មាន​ភាព​រីករាយ​និង​និយាយ​បាន​ឮនិង​ច្បាស់ៗហើយ​គាត់​អាច​ឆ្លើយ​នឹង​សំណួរដោយ​ច្បាស់​លាស់​ ហើយ​ជំងឺ​លើស​ឈាម​របស់​គាត់​មាន​សភាព​ធម្មតា។

ចំពោះ​សុខភាពជនជាប់​ចោទ​ខៀវ សំផន វិញ ​លោកវេជ្ជ​បណ្ឌិត ​ចាន់ ​គីន​ មិញ​រក​ឃើញ​ថា​ខៀវ សំផន អាច​អង្គុយ ​មាន​ការ​ចងចាំ​ល្អ ​អាច​ផ្លាស់ទី​ក្នុង​បន្ទប់​ដោយ​ខ្លួន​ឯង។​ ​ជនជាប់​ចោទអាចអាន​សៀវភៅ ​កាន់ឯកសារ ​និយាយ​ឮៗនិង​មិន​មាន​បញ្ហា​ត្រចៀក។​បន្ថែម​ពី​នោះ​ទៀត​លោកវេជ្ជ​បណ្ឌិត ​ចាន់ ​គីន​ មិញ ​ឲ្យដឹង​ថា​ជំងឺ​លើស​ឈាម​របស់​ខៀវ សំផន ​មាន​សភាព​ធម្មតា ​ប៉ុន្តែ​ដោយសារ​ខៀវ សំផន ​ធ្លាប់​មាន​ប្រវត្តិ​ដាច់​សរសៃឈាម​ខួរ​ក្បាល​ដូច្នេះ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ដល់​សុខ​ភាព​របស់​គាត់​ឲ្យ​បាន​ខ្លាំង​បំផុត​ពីព្រោះ​ថា​គាត់​នឹង​អាចកើត​ជំងឺ​នេះ​ជាថ្មី​ម្តង​ទៀត​គ្រប់​ពេល៕

XS
SM
MD
LG