ក្រុមមន្ត្រីសេដ្ឋកិច្ចកម្ពុជាបានថ្លែងនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងដើរតាមពីក្រោយសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ានដទៃទៀត ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាពិបាកធ្វើឱ្យប្រសើរឡើងដល់កម្រិតរបស់អាស៊ាន។
សមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រទេសអាស៊ានប្រមាណ២០០នាក់បានចូលរួមនៅក្នុងសិក្ខាសាលាស្តីពីសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលជាកិច្ចប្រជុំនៅក្នុងទីក្រុងភ្នំពេញ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។
លោកហង្ស ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននេះថា អតិផរណារបស់ប្រទេសកម្ពុជាមានការកើនឡើងដល់៦,៥ភាគរយនៅក្នុងខែមិថុនា ហើយការកើនឡើងនេះជាមូលហតុដ៏សំខាន់ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ដោយសារកត្តាសេដ្ឋកិច្ច និងបំណុលអាមេរិក។
លោកហង្ស ជួនណារ៉ុនបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានផ្តល់ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗគឺទាបជាងបណ្តាប្រទេសអាស៊ាន លើកលែងតែប្រទេសភូមា។
លោកហង្ស ជួនណារ៉ុនបានថ្លែងថា ប្រជាពលរដ្ឋខ្មែរម្នាក់មានប្រាក់ចំណូលជាមធ្យម៨៣០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប៉ុន្តែប្រទេសសិង្ហបុរី ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេ មានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជាង៣៥.០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំ ប្រទេសប៊្រុយណេមានប្រហាក់ប្រហែលនឹងប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ីជិត១០.០០០ដុល្លារ ប្រទេសថៃ៤.០០០ដុល្លារ ប្រទេសវៀតណាម១.២០០ដុល្លារ និងប្រទេសភូមា៤០០ដុល្លារ។
លោកញ៉ែម ប៉ុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្សដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ បានថ្លែងថា លោកមានការព្រួយបារម្ភអំពីដំណើរការសេដ្ឋកិច្ចកម្ពុជាដែលដើរក្រោយប្រទេសអាស៊ានមួយចំនួន។
«ការលើកទឹកចិត្តក្នុងការផលិត និងការទិញទំនិញនៅក្នុងផលិតផលក្នុងស្រុកមានការខ្វះខាត និងមានតិចតួចមែនទែន។ របស់របរប្រើប្រាស់គ្រប់បែបយ៉ាង ទាំងអស់ គឺនាំចូល។ ទាំងអស់នេះហើយដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច និងការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសយើងមានការយឺតយ៉ាវ បើប្រៀបធៀបនឹងប្រទេសដទៃ (ក្នុងសមាគមអាស៊ាន) គឺ(សេដ្ឋកិច្ចកម្ពុជា) នៅយឺតជាងគេមែនទែន»។
លោកច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលានេះថា សេដ្ឋកិច្ចកម្ពុជាត្រូវរត់ដេញតាមសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ានយ៉ាងខ្លាំង ហើយប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់នៅកម្ពុជាបានឈ្នះប្រទេសភូមា ប៉ុន្តែបាននៅពីក្រោយបណ្តាប្រទេសអាស៊ានប្រាំបីទៀត។
«សេដ្ឋកិច្ចកម្ពុជាយើងនៅក្នុងអាស៊ានទាំងដប់ប្រទេសនេះគ្រាន់បើជាងប្រទេសភូមា។ យើងហាក់ដូចជាប្រហាក់ប្រហែលជាមួយនឹងប្រទេសឡាវ។ យើងនៅក្រោយប្រទេសវៀតណាម និងប្រទេសដទៃទៀត»។
លោកច័ន្ទ សុផលបានបន្ថែមថា បណ្តាប្រទេសអាស៊ានមានការខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីឱ្យមានភាពប្រហាក់ប្រហែលគ្នាក្នុងការអភិវឌ្ឍ ប៉ុន្តែប្រទេសកម្ពុជាមានសង្គ្រាមជាច្រើនឆ្នាំដែលធ្វើឱ្យកម្ពុជាដាច់ឆ្ងាយពីប្រទេសជិតខាងជាច្រើន។
«ទាល់តែយើងខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចឱ្យបានរីកលូតលាស់ក្នុងអត្រាខ្ពស់គឺមិនមែនអត្រាត្រឹមតែ៥ភាគរយ ៦ភាគរយ និង៧ភាគរយទេ ទាល់តែជុំវិញ៩ភាគរយទៅ១០ភាគរយ ទើបយើងអាចងាយទៅក្បែរៗប្រទេសមួយចំនួននៅជុំវិញយើង»។
វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១១នេះនឹងកើនឡើងដល់៨,៧ភាគរយ ប៉ុន្តែធនាគារពិភពលោកធ្លាប់បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៦,៧ភាគរយនៅក្នុងឆ្នាំ២០១១នេះ៕