ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជា​អំពាវ​នាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នឹង​វីរុស​អូមីក្រុង​ប្រភេទ​ថ្មី​ដែល​កំពុង​ផ្ទុះ​ឡើង


រូបឯកសារ៖ ស្ត្រីម្នាក់ពាក់ម៉ាស់ ដើរកាត់បដាផ្សព្វផ្សាយព័ត៌មានអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមាត់ទន្លេក្បែរព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១។

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​បន្តក្រើន​រំឭក​សាធារណជន​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​សាជាថ្មី​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ជា​ពិសេស​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ទៅ​តាម​វិធាន​ការ​សុខាភិបាល ខណៈ​វីរុស​អូមីក្រុង​ប្រភេទ​ថ្មី​ឈ្មោះ​ថា​BA.4 និង BA.5 បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេសកម្ពុជា។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២២។

ក្រសួង​សុខាភិបាល​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា​អូមីក្រុង​ប្រភេទ​ថ្មី BA.4 និង BA.5 មាន​សមត្ថ​ភាព​ឆ្លង​លឿន​ជាង​ប្រភេទ​មុន​ៗ រួម​ទាំង​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​របស់​បុគ្គលងាយ​ធ្លាក់​ចុះ​ផង​ដែរ។

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា​៖«ចំពោះ​អ្នក​ជំងឺ​ឆ្លង​អូមីក្រុង​បម្លែង​ថ្មី​BA.4 និងBA.5​នេះ គឺ​មាន​រោគ​សញ្ញា​មិន​ខុស​ប្លែក​គ្នា​ពី​ប្រភេទ​វីរុស​កូវីដ​១៩ ជំនាន់​មុនៗ​នោះ​ទេ។ រោគ​សញ្ញា​មាន​ដូច​ជា​ ក្តៅ​ខ្លួន ក្អក ឈឺ​បំពង់ក ហៀរ​សំបោរ មាន​ភាព​ស្រដៀង​ទៅ​នឹង​ជំងឺ​ផ្តា​សាយ​ធម្មតា»។

នៅ​ក្នុង​សារ​សំឡេង​បង្ហោះ​លើ​គេហទំព័រ​របស់​ក្រសួង​សុខាភិបាល អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល អ្នកស្រី ឱ វ៉ាន់ឌីន ក៏​បាន​ក្រើន​រំឭក​ថា​ប្រជា​ពល​រដ្ឋកម្ពុជា​មិន​ត្រូវ​ធ្វេស​ប្រហែស ឬ​ក៏​មើល​ស្រាល​ចំពោះ​អូមីក្រុង​បំប្លែង​ថ្មី​នេះ​ទេ ខណៈ​អ្នក​ស្រី​ព្រ​មាន​ពី​ការ​ងើប​ខ្លាំង​ឡើង​វិញ​នៃ​ជំងឺ​កូវីដ​១៩។

អ្នក​ស្រី​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ចៀស ក៏​ដូច​ជា​ទប់​ស្កាត់​នូវ​ការ​ឆ្លង​អូមី​ក្រុង​បម្លែង​ថ្មី​នៅ​ទូទាំង​ប្រទេស។

អ្នក​ស្រី​បញ្ជាក់​ថា៖«ដោយ​ចូលរួម​ទាំង​អស់​គ្នា អនុវត្ត​នូវ​វិធាន​ការ​៣​ការពារ​និង​៣​កុំ ហើយ​ជាពិសេស​សូម​បង​ប្អូន​ស្ម័គ្រ​ចិត្ត​ទៅ​ទទួល​យក​កា​រ​ចាក់​វ៉ាក់សាំង​កូវីដ​១៩»។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​ជំរុញ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រម​ទាំង​ប្រតិបត្តិ​ទៅ​តាម​វិធាន​ការ​របស់​ក្រសួង​សុខាភិបាល ក៏ដូច​ជា​អង្គការ​សុខ​ភាព​ពិភព​លោក​ឱ្យ​បាន​ហ្មត់​ចត់។

បើ​តាម​លោក អ៊ូច វុទ្ធី រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ការពារ​ខ្ពស់​ និង​ខុស​ពី​មុន ដោយ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ ជាពិសេស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ប្រធាន​សមាគម​គ្រូពេទ្យ​រូប​នេះ​ថ្លែង​ថា៖ «សូម​ឱ្យ​មាន​វិធាន​ការ​ខ្ពស់ ប៉ុន្តែ​យើង​មាន​វិធានការ​ខុស​ពី​មុន។ យើង​គ្រាន់​តែ​ជូន​ដំណឹង​តាម​សារព័ត៌មាន​ផ្សេង​ៗ តាម​អនឡាញ តាម​អី​ហ្នឹង ដើម្បី​ឱ្យ​គាត់​ចេះ​ប្រយ័ត្ន​ខ្លួន។ យើង​មិន​អាច​ទៅ​បិទ​ប្រទេស​ដូច​មុន​បាន​ទៀត​ទេ​ ព្រោះ​ពេល​បិទ​ប្រទេស វា​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ ឥឡូវ​វា​កំពុង​តែ​ធ្លាក់​ចុះ»៕

XS
SM
MD
LG