វិធីព្យាបាលដោយនាំអ្នកជំងឺនិយាយកំពុងតែដំណើរការនៅប្រទេសកម្ពុជា ហើយនេះគឺជាដំណឹងល្អមួយដែលផ្តល់ក្តីសង្ឃឹមសម្រាប់កុមារកម្ពុជា និងជួយឲ្យពួកគេមានអនាគត។
លីន អាយុ១៤ឆ្នាំ រស់នៅខេត្តសៀមរាបគឺជាក្មេងម្នាក់ក្នុងចំណោមក្មេងៗដែលត្រូវការវិធីព្យាបាលតាមការនាំនិយាយ (Speech Therapy)។ លីនបានឲ្យដឹងថា គេកម្រនិយាយជាមួយគេឯងណាស់ រួមទាំងសមាជិកនៅគ្រួសារផងដែរ។ ក៏ប៉ុន្តែមួយរយៈពេលកន្លងមកនេះ លីនទទួលបានការព្យាបាលដោយការនាំនិយាយ (Speech Therapy)។
នៅពេល VOA សួរថា ប្អូនកំពុងធ្វើអ្វី? លីនបានឆ្លើយដោយសំឡេងឡុលៗខ្លះ ច្បាស់ខ្លះថា កំពុងអង្គុយលេង។
លីនគឺជាកុមារម្នាក់ក្នុងចំណោមកុមារកម្ពុជា៦០.០០០នាក់ ដែលមានបញ្ហាក្នុងការនិយាយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាគឺមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការព្យាបាលពួកគេនៅឡើយ។ ក៏ប៉ុន្តែ អង្គការមួយមានឈ្មោះថា អូអាយស៊ី (OIC ) បានឲ្យដឹងថា មានអ្នកព្យាបាលដោយការនាំនិយាយ (Speech Therapy) ចំនួន១៩នាក់ ទទួលបានបង្រៀន និងហ្វឹកហ្វឺនអំពីវិធីព្យាបាលតាមការនាំនិយាយ (Speech Therapy) បែបនេះ ហើយពួកគេអាចព្យាបាលកុមារបាន១០០នាក់។ នេះគ្រាន់តែជាការជំហ៊ានចាប់ផ្តើមដំបូងប៉ុណ្ណោះ។
លោក កុយ ម៉ាក់គី អ្នកសម្របសម្រួលគម្រោងរបស់អង្គការ OIC បានឲ្យដឹងថា កុមារដែលមានបញ្ហាក្នុងការនិយាយ ពួកគេមិនត្រឹមតែមានការពិបាកក្នុងការនិយាយប៉ុណ្ណោះទេ ក៏ប៉ុន្តែ ពួកគេក៏មានបញ្ហាការលេបផងដែរ។ បន្ទាប់ពីបានទទួលការព្យាបាល កុមារមួយចំនួនអាចទៅរៀន ហើយ មួយចំនួនទៀតអាចលេបអាហារបានស្រួលជាងមុន។
លោកម៉ាក់គីបានបន្តថា តួយ៉ាង លីនមានបញ្ហាក្នុងការនិយាយ។ លីនយល់អំពីអ្វីដែលគេបានឮ ប៉ុន្តែគេមិនមានលទ្ធភាពឆ្លើយតបឲ្យបានសមរម្យនោះទេ។ បញ្ហារបស់លីនអាចបណ្តាលមកពីសរសៃប្រសាទដែលមិនដំណើរការតាមប្រក្រតី ហើយវាធ្វើឲ្យលីនមិនអាចនិយាយពីអ្វី ដែលគេចង់និយាយ។
លោកម៉ាក់គីនិយាយថា ដោយឡែកមានករណីមួយទៀតដែលកុមារទាំងនោះមិនមានលទ្ធភាពក្នុងការទទួលយកព័ត៌មាន និងមិនយល់ពីអ្វីដែលគេបានលឺ ដោយសារបញ្ហាប្រាជ្ញារបស់គេ។ ទាំងនេះហើយដែលនាំឲ្យពួកគេមិនអាចឆ្លើយតបបាន។
លោកម៉ាក់គីក៏បានឲ្យដឹងទៀតថា កុមារ ដែលមានបញ្ហាក្នុងការលេប អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងអាចនាំឲ្យមានជំងឺធ្ងន់ធ្ងរ ហើយជួនកាលវាអាចនាំឲ្យគេឈ្លក់អាហាររហូតដល់ស្លាប់។
លោកហង់ គឹមឈាន់ អ្នកសម្របសម្រួលកម្មវិធីអប់រំដល់កុមារគថ្លង់នៅអង្គការគ្រួសារថ្មី ដែលបានផ្តល់សេវាព្យាបាលដោយការនាំនិយាយ (Speech Therapy) នេះតាំងពីឆ្នាំ១៩៩៧ បាននិយាយថា អង្គការនេះបានព្យាបាលក្មេងគថ្លង់ចំនួនប្រមាណជា៥០០នាក់ហើយ ដែលរាប់បញ្ចូលទាំងការផ្តល់នូវឧបករណ៍ជំនួយការស្តាប់ទៅឲ្យកុមារ ដែលត្រូវការឧបករណ៍ទាំងនោះ។
លោក ជូ វិវឌ្ឍ មន្រ្តីផ្នែកពិការភាព និងការងារស្តារលទ្ធភាពពលកម្មរបស់អង្គការសុខភាពពិភពលោក (WHO ) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា អង្គការ WHO គាំទ្រដល់ការព្យាបាលដោយការនាំនិយាយ (Speech Therapy) ដែលមិនធ្លាប់មានកាលពីមុនមក ហើយគួរតែមានការរួមសហការជាមួយដៃគូដែលពាក់ព័ន្ធ ដែលមាន ដូចជារដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។
ជាលទ្ធផល លីនធ្លាប់បានទៅរៀន ហើយថែមទាំងទទួលបានលទ្ធផលល្អទៀងផង។ ប៉ុន្តែគេត្រូវផ្អាកការសិក្សារបស់គេមួយរយៈ ដោយសារលីនមានជំងឺ នេះបើយោងតាមអ្នកស្រីចាន់ឡែម ម្តាយរបស់លីន។
អ្នកស្រីប្រាប់ VOA ថា៖ «លីនមានការពិបាកក្នុងការនិយាយតាំងពីកំណើតមកម្ល៉េះ។ ហើយបើទោះបីជាខ្ញុំមានអារម្មណ៍ថា ស៊ាំនឹងស្ថានភាពរបស់គេក៏ដោយ ក៏ខ្ញុំពិតជាចង់ឲ្យមានគ្រូពេទ្យច្រើនខាងផ្នែកនេះ ព្រោះថា គេពិបាកក្នុងការរៀនសូត្រ ហើយគ្រូក៏គាត់ពិបាកបង្រៀន»៕