ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ពិការ​នៅ​តែ​មាន​ឱកាស​និង​ការ​អាណិត​អាសូរ​តិចតួច


លោកស្រី​ស្វាយ​ ស៊ីមន​ កុំពុង​រៀបរាប់​អំពី​ជីវិត​ជា​ស្ត្រី​ម៉េម៉ាយ​និង​ជា​អ្នក​ធ្វើការ​សង្គម​ដែល​បាន​ទទួល​ការ​រិះគន់​និង​រស់នៅ​ជាមូយ​ភាព​ឯកា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​​ដោយ​គ្រាន់​តែ​លោកស្រី​មាន​កូន​និង​ចៅ​ម្នាក់ដែល​ពិការ​សតិបញ្ញា។​ (អ៊ុំ សូនីតា/VOA Khmer)

ជាង​៣០​ឆ្នាំ​មក​ហើយ​ លោកស្រី​ស្វាយ​ ស៊ីមន​ អ្នក​ធ្វើការ​សង្គម​ម្នាក់​នៅ​ភ្នំពេញ​ រស់​នៅ​ជាមួយ​ និង​ថែទាំ​កូនស្រី​ និង​ចៅប្រុស​ដែល​ជា​ជន​ពិការ​សតិបញ្ញា។​ ​ លោកស្រី​បាន​ទទួល​រង​ការ​រិះគន់​ជា​ច្រើនដែល​ធ្វើ​ឲ្យជីវិត​របស់​លោកស្រី​ពោរពេញ​ដោយ​ភាព​ឯកា។​

លោកស្រី​បាន​ថ្លែង​ថា៖​ «មនុស្ស​ដែល​មាន​កាយ​សម្បទា​មាំមួន​តែងតែ​មើល​រំលង​ពី​ការ​លំបាក​ពេញ​មួយ​ជីវិត​របស់​ជន​ពិការ​ ជាពិសេស​ជន​ពិការ​សតិ​បញ្ញា​រស់​នៅ​ជាមួយ»។​

លោកស្រី​បន្តថា៖​ «នៅ​ពេល​ដែល​ខ្ញុំ​ចូលរួម​ពិធី​ជប់លៀង​នានា​ គេ​តែង​តែ​ប្រាប់​ឲ្យ​ខ្ញុំ​យក​កូន​របស់​ខ្ញុំទៅ​អង្គុយ​កន្លែង​ផ្សេង​តែ​ម្នាក់​ឯង​ នេះ​គឺ​ជា​រឿង​ដ៏​ឈឺ​ចាប់​មួយ​សម្រាប់​ខ្ញុំ​ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ»។​

លើស​ពី​នេះ​ទៅ​ទៀត​ លោកស្រី​ស៊ីមន​បានប្រាប់​ថា ​លោកស្រី​មិន​អាច​ទុក​ឱ្យ​កូនស្រី ​ឬ​ចៅប្រុស​នៅ​ម្នាក់​ឯង​ដោយ​គ្នាន​លោកស្រី​ឡើយ​ ហើយ​ក៏​គ្មាន​សាលា​ណា​ដែល​អាច​ឲ្យលោកស្រី​បញ្ជូន​កូន​របស់​លោកស្រី​ទៅ​រៀន​បាន​ដែរ ព្រោះ​គេ​តែងតែហៅ​នាង​ថា​ «​មីឆ្កួត»។​

រឿង​របស់​លោកស្រី​មិន​មែន​ជា​រឿង​អ្វី​ប្លែក​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ការ​អត់​ឱននិង​យោគយល់​តិចតួច​នៅ​ឡើយ​ចំពោះ​ជន​ពិការ​ ​ហើយ​ការ​ជ្រោមជ្រែង​ពី​សំណាក់​ស្ថាប័ន​សាធារណៈ​ក៏​នៅ​មាន​កម្រិត​ទាប​ផង​ដែរ។​

នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជន​ពិការ​នៅតែ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ និង​ទទួល​ការ​អប់រំ​ ហើយ​ភាគ​ច្រើន​ពួក​គេ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ បើ​ទោះបី​ជា​មាន​ការ​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ​ហើយច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​អស់រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​មក​ហើយ​ក៏​ដោយ។​

ច្បាប់​ស្ដីពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩​ ដើម្បី​ការពារ​សិទ្ធិ​របស់​ជន​ពិការ ​និង​កាត់​បន្ថយ​ការ​រើស​អើង​ទៅ​លើ​ពួក​គេ​ ហើយ​ការពារ​សិទ្ធិ​ពួកគេ​ក្នុង​ការ​ទទួល​បានការ​អប់រំ ​និង​ទទួលបាន​អាហារូបករណ៍​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ជួបប្រទះ​ឧបសគ្គ​ជា​ច្រើន។​

​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​កាសែត​អបអរ​សាទរ​ខួប​លើក​ទី៦​នៃ​ការ​បង្កើត​ច្បាប់​ស្ដីពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ នៅ​អង្គការ​ជនពិការ​កម្ពុជា​ ​ លោកងិន សៅរ័ត្ន​ នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ​បាន​លើក​ឡើង​ថា៖​ «ការ​រើសអើង​ កង្វះ​ខាត​នៃ​ការ​ទទួល​សេវា​អប់រំ​ និង​ឱកាស​ការងារ​របស់​ជន​ពិការ​នៅ​តែ​ជា​បញ្ហា​ប្រឈម»។​

លោក​បន្ត​ថា៖​ «យើង​ត្រូវការ​ឲ្យ​មាន​ការ​ចូលរួមពី​សំណាក់​គ្រួសារ​ និង​សង្គម​ទាំងមូល​ដើម្បី​អនុវត្ត​ច្បាប់​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព»។​

លោកផុន ត្រែន ​អាយុ​៤៥​ឆ្នាំ ​ដែល​បាន​បាត់បង់​ជើង​ឆ្វេង​នៅ​ក្នុង​សង្គ្រាម​ បាន​បង្ខំ​ចិត្តដើរ​សុំ​ទាន​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។​ លោកត្រែន ដែល​សព្វ​ថ្ងៃ​មាន​កូន​ពីរ​នាក់​ តែងតែ​ចំណាយ​ពេល​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើរ​សុំទាន​គេ​នៅ​ក្បែរ​តំបន់​ទេសចរណ៍​ ដោយ​សង្ឃឹម​ថា ​សុំ​បាន​ប្រាក់​ខ្លះ​ពី​ជន​បរទេស។​

អង្គុយ​នៅ​លើ​រទេះ​រុញ​ក្បែរ​ព្រះ​បរម​រាជ​វាំង លោក​បាន​បន្ត​ថា៖​ «ខ្ញុំ​បាន​ឮ​ពី​ច្បាប់​ស្ដីពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នេះ​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួល​ផល​ប្រយោជន៍​ណា​មួយ​ពី​វា​ទេ។​ រាល់​ថ្ងៃ​ បើ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ដើម្បី​ចិញ្ចឹម​ជីវិត​នោះទេ នោះខ្ញុំ​នឹង​មិន​រស់​ឡើយ»។​

លោកតូច ចាន់នី​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​ទេស​ ក្រសួង​សង្គម​កិច្ច​ បាន​ថ្លែង​ថា៖​ «ក្រសួង​កំពុង​ធ្វើ​ការងារ​ដើម្បី​ផ្តល់​សេវា​នានា​សម្រាប់​ជន​ពិការ​ ក្នុង​នោះ​មាន​ទាំង​ការ​បង្កើត​ជា​«ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជនពិការ»​ដើម្បី​ជួយ ​និង​ដោះស្រាយ​បញ្ហា​របស់​ជន​ពិការ»។​

លោក​បាន​បន្ត​ទៀត​ថា៖​ «កន្លង​មក​ រដ្ឋាភិបាល​ក៏​បាន​ចេញ​អនុក្រឹត្យមួយ​គឺ​ផ្ដល់​របប​សម្រាប់​ជន​ពិការ​ក្រីក្រ​នៅ​តាម​សហគមន៍​ ដោយជន​ពិការ​ម្នាក់ៗ​អាច​ទទួល​បាន​ចន្លោះ​ពី​៥​ដុល្លារ​ទៅ១០​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​យើង​កំពុង​សិក្សា​ថា ​ជនពិការ​បែបណា​ដែល​សាកសម្យ​ក្នុង​ការ​ទទួលយក​ថវិកា​នេះ​ ពីព្រោះ​យើង​មិន​អាច​ផ្ដល់​របប​នេះ​ទៅ​ដល់​ជន​ពិការ​ទាំង​អស់​បាន​ឡើយ»។​

លោក​បាន​បន្ថែម​ទៀត​ថា៖​ «ច្បាប់​ស្ដីពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​នេះ​បាន​ជួយ​ដល់​ជន​ពិការ​ច្រើន​រួច​មក​ហើយ​ ដូចជា​ការ​សង់​ច្រក​ជម្រាល ការ​ធ្វើ​ចំណត​ជន​ពិការ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​...... ​ប៉ុន្តែ​ធម្មតា​ទេ​ ជន​ពិការ​ខ្លះ​គិត​ថា​ ទាល់តែ​គាត់​ទទួល​បាន​លុយ​ ទើប​គាត់​គិត​ថា​ គាត់​ទទួលបាន​ផល​ប្រយោជន៍»។

ពួកគេមើល​មិន​ឃើញ​ថា ​ផ្លូវជម្រាល​ ឬ​សេវ៉ា​សម្រាប់​ជន​ពិការ​នានា​ ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​ទេ៕

XS
SM
MD
LG