ដោយ៖ វង់ ដារ៉ា
សៀម រាប៖ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាបានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ឲ្យខិតខំធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការអភិវឌ្ឍដែលជាឧបសគ្គក្នុងការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាននៅពេលអនាគត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤នៅព្រឹកថ្ងៃច័ន្ទនេះនៅក្នុងខេត្តសៀមរាប។
លោក ហ៊ុន សែន បានមានប្រសាសន៍ថាថ្វីបើមកដល់ពេលនេះគម្លាតនៃការអភិវឌ្ឍក្នុងចំណោមប្រទេសសមាជិកអាស៊ានមានការថយចុះគួរឲ្យកត់សម្គាល់ក៏ដោយ ក៏គម្លាតនេះ នៅតែមានទំហំធំនៅឡើយដែលចាំបាច់ត្រូវតែមានវិធានការគន្លឺះសម្រាប់ដោះស្រាយ។ លោកបញ្ជាក់ថា បញ្ហានិងការប្រឈមមួយចំនួនពុំអាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពនៅកកម្រិតជាតិនិមួយៗបានឡើយគឺទាមទារអភិក្រមសហប្រតិបត្តិការកាន់ តែជិតស្និទ្ធ ស៊ីជម្រៅនិងទូលំទូលាយជាងមុននៅក្នុងកម្រិតតំបន់។
«ខ្ញុំជឿជាក់ថាអាស៊ាននឹងបន្តពង្រឹងនិងពង្រីកជំហរឯកភាពគ្នាមួយក្នុងតំបន់ដើម្បីរួមគ្នាដោះស្រាយ និងបំពេញភាពខ្វះចន្លោះទាំងឡាយដែលនៅមានដូចជា ការកាត់បន្ថយគម្លាត អភិវឌ្ឍន៍ ការតភ្ជាប់អាស៊ានទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្នែកស្ថាប័ន និងការជំរុញ សហគ្រាសខ្នាតតូច និងមធ្យមឲ្យមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ នេះ»។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា បច្ចុប្បន្នអាស៊ានបានក្លាយជាស្ថាប័នដែលមានសមាហរណកម្មយ៉ាងជិតស្និទ្ធទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច និងជាតួអង្គដ៏មានឥទ្ធិពលនៅក្នុងតំបន់អាស៊ី ព្រមទាំងជាដៃគូរយុទ្ធសាស្ត្រមិនអាចខ្វះបានរបស់បណ្តា ប្រទេសធំៗនិងអង្គការសំខាន់ៗក្នុងពិភពលោក ចាប់តាំងពីតំបន់នេះបានបង្កើតជាងបួន ទសវត្សរ៍ ហើយមានការអភិវឌ្ឍនិងប្រែក្លាយទៅជាតំបន់មួយប្រកបដោយសន្តិភាពនិង ស្ថិរភាព។
«ខ្ញុំមានសេចក្តីរីករាយខណៈដែលសេដ្ឋកិច្ចអាស៊ានបានកើនឡើង៤,៧% កាលពីឆ្នាំកន្លងទៅបើទោះបីជាអាស៊ានស្ថិតក្រោមលក្ខខណ្ឌសេដ្ឋកិច្ចដ៏តឹងតែង ដូចជាថ្លៃ ប្រេងឥន្ធនៈឡើងខ្ពស់និងលំហូរមូលធនសកលមិនទៀតទាត់ក៏ដោយ»។
លោកហ៊ុន សែនក៏បានបញ្ជាក់ដែរថា អាស៊ាននៅតែបន្តបានពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់ ៩៨,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១១បើទោះជាមានការធ្លាក់ចុះផ្នែកនាំចេញក៏ដោយ។ លោកថា ការនាំចេញមានទឹកប្រាក់រហូតដល់១,២៤លានលានដុល្លារខណៈដែលការនាំចូលមានទំហំ១,១៥លាន-លាន ដុល្លារ។
«ប៉ុន្តែចំពោះមុខនេះអាស៊ានបាននឹងកំពុងតែជួបបញ្ហាប្រឈមទាំងកម្រិតសកលនិង កម្រិតតំបន់ដូចជាភាពផុយស្រួយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍ គូបផ្សំនឹងការអូសបន្លាយនៃវិបត្តិបំណុលនៅតំបន់អឺរ៉ុប វិបត្តិនយោបាយ និងសង្គមដែលកំពុងកើតឡើងនៅមជ្ឈឹមបូព៌ានិងអាហ្រ្វិកខាងជើងបញ្ហាតម្លៃប្រេងឡើងខ្ពស់បញ្ហាសន្តិសុខ ស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនជាដើម»។
សមាជិកអាស៊ានចាប់ពីថ្ងៃច័ន្ទទី២៧ ខែសីហានេះ បានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋ មន្ត្រីសេដ្ឋកិច្ចលើកទី៤៤របស់ខ្លួននៅក្រុងសៀមរាបរហូតដល់ថ្ងៃទី០១ ខែកញ្ញា ដោយមានការពិភាក្សាលើក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចសេរីអាស៊ានព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាដៃគូរ របស់ខ្លួននៅជុំវិញពិភពលោកផងដែរ៕