សមាជិកអាងទន្លេមេគង្គក្រោមចំនួនបួនប្រទេសមានកម្ពុជា ថៃ ឡាវ វៀតណាម រួមជាមួយប្រទេសភូមាផង នៅថ្ងៃព្រហស្បតិ៍ទី១២ ខែកក្កដានេះ បានជួបជជែកគ្នាដើម្បីរកវិធីអភិវឌ្ឍន៍ និងលើកកម្ពស់ស្រ្តីនៅក្នុងតំបន់ របស់ខ្លួន។
កិច្ចប្រជុំនេះត្រូវបានគេហៅថា កិច្ចពិភាក្សាគោលនយោបាយស្តីពីសមភាពភេទ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ប្រទេសនៅតាមមេគង្គក្រោមដែលជជែក ពីបញ្ហាស្រ្តីក្នុងតំបន់នេះ ក្រោមគំនិតផ្តួចផ្តើមរួមគ្នាដោយក្រសួងការបរទេសអាមេរិក និងក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគីនានា អ្នកដឹកនាំក្នុងវិស័យឯកជន អ្នកដឹកនាំក្នុងអង្គការស្ត្រី និងអ្នកតស៊ូមតិនៃអង្គការសង្គមស៊ីវិលសំខាន់ៗមកពីកម្ពុជា ថៃ វៀតណាម ភូមា និងសហរដ្ឋអាមេរិកប្រមាណ២០០នាក់។
កិច្ចពិភាក្សានេះនឹងផ្តោតលើការចែករំលែកការអនុវត្តល្អៗ បង្ហាញអំពីការបង្កើតកម្មវិធីសំខាន់ៗក្នុងតំបន់ កំណត់កង្វះខាតនៃគោលនយោបាយ និងមូលនិធិ ព្រមទាំងធានាឲ្យមានការបន្តសហការគ្នាក្នុងការលើកកម្ពស់ភាពអង់អាច របស់ស្ត្រី និងកុមារី។ ប្រធានបទចំនួនប្រាំបីត្រូវបានលើកយកមកជជែករួមមានការពង្រីកភារៈ ទទួលខុសត្រូវរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច កាត់បន្ថយអំពើហឹង្សាលើស្ត្រី ពង្រីកការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ កិច្ចសហការរវាងរដ្ឋ និងវិស័យឯកជនដើម្បីសមភាពភេទ ស្ត្រីក្នុងវិស័យអប់រំ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យហេត្ថារចនាសម្ព័ន្ធ។លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចថ្លែងថា កិច្ចប្រជុំនេះពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់ទាំងអស់គ្នា ដោយបន្តពិនិត្យចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗសំដៅធ្វើឲ្យសមភាពភេទនៅក្នុងតំបន់ ស្ថានភាពស្ត្រី និងកុមារីឲ្យកាន់តែប្រសើរឡើងដើម្បីរួមចំណែកធ្វើឲ្យមានការរីក ចម្រើនថ្មីៗថែមទៀតទាំងផ្នែកសេដ្ឋកិច្ចសង្គម និងនយោបាយនៅក្នុងតំបន់៖
«បណ្តាប្រទេសនៅតាមដងទន្លេមេគង្គក្រោមតែងតែចាត់ទុកបញ្ហា ស្ត្រី និងសមភាពភេទជាបញ្ហាស្នូលមួយ ហើយប្តេជ្ញាធានាឲ្យបានថា ស្ត្រីត្រូវបានទទួលបានភាពស្មើគ្នា យុត្តិធម៌ សន្តិភាព និងឱកាសក្នុងការចូលរួមសម្រេច និងទទួលផលពីការអនុវត្តដូចបុរសដែរ»។
លោកស្រីបានបន្តថា កិច្ចប្រជុំនេះនឹងរួមចំណែកជំរុញបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ក្រោម និងសហរដ្ឋអាមេរិកឲ្យបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងបន្ថែមការទទួលខុសត្រូវរបស់ខ្លួនក្នុងការរួមវិភាគទាន ច្រើនថែមទៀតដើម្បីរួមចំណែកអភិវឌ្ឍតំបន់ ជាពិសេសការបន្តធ្វើឲ្យកាន់តែប្រសើរឡើងនូវសមភាពភេទ និងស្ថានភាពស្ត្រី និងកុមារី។ ម្យ៉ាងទៀតមិនត្រឹមតែ រួមវិភាគទានដ៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គមក្នុងបរិបទ យុទ្ធសាស្ត្រសមភាពភេទ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ក្នុងការពង្រឹងសមភាពភេទ និងស្ថានភាពប្រជាពលរដ្ឋក្នុងបរិបទសកលលោកផងដែរ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីដែលទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំនេះថ្លែងថាកិច្ចសន្ទនាពីគោលនយោបាយលើកទី១ស្តីពី សមភាពភេទ និងការផ្តល់ភាពអង់អាចដល់ស្ត្រី គឺជាកាតាលិករជំរុញឲ្យមានការពិភាក្សាអំពីបញ្ហានានាដែលមាន សារៈសំខាន់ និងជាយុទ្ធសាស្ត្រសម្រាប់ស្ត្រីនៅក្នុងតំបន់នេះដូចជាការផ្តល់ ភាពអង់អាចផ្នែកសេដ្ឋកិច្ចនយោបាយ ការលុបបំបាត់អំពើហិង្សារវាងភេទ ការចូលរួមរបស់វិស័យឯកជនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ស្ត្រីឲ្យកាន់តែប្រសើរឡើង បញ្ហាសុខភាព ការអប់រំបញ្ហាហេត្ថារចនាសម្ព័ន្ធ បរិស្ថានព្រមទាំងបញ្ហានានាជាច្រើនទៀត៖
«អញ្ចឹងយើងចង់ជំរុញឲ្យស្ត្រីទៅរៀនសូត្រឲ្យបានច្រើននូវ បច្ចេកវិទ្យាដើម្បីឲ្យប្រកួតប្រជែងជាមួយបុរសដែលគេមានចំណេះដឹង ច្រើនជាងយើងនេះ ហើយដើម្បីទៅរកការងារធ្វើដែលមានតម្លៃបន្ថែមខ្ពស់ នេះជាឧទាហរណ៍មួយ»។លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
លោកស្រីឲ្យដឹងថា កម្ពុជាមានលិខិតុបករណ៍សំខាន់ៗជាច្រើនដើម្បីឈានទៅសម្រេចសមភាពភេទ និងការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងរយៈពេលជាងមួយទសវត្សរ៍ចុង ក្រោយនេះរួមមានការប្តេជ្ញាចិត្តខ្ពស់ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្ត នារីរតនៈរបស់ក្រសួងកិច្ចការនារី ដែលត្រូវបានតាក់តែងឡើងរួមគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល និងដៃគូទាំងអស់ដើម្បីបង្កលក្ខណៈជូនរាជរដ្ឋាភិបាលបន្ត កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឲ្យការលើកកម្ពស់ស្ថានភាព ស្ត្រីប្រព្រិត្តទៅក្នុងក្របខណ្ឌច្បាស់លាស់ និងទូលំទូលាយ។
កិច្ចពិភាក្សាអំពីនយោបាយការផ្តល់អំណាចដល់ស្ត្រី បានបិទបញ្ចប់នៅថ្ងៃសុក្រទី១៣ ខែកក្កដានេះ ដោយមានការថ្លែងសុន្ទរកថាដោយលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក៕