ពាណិជ្ជកម្មសេរី និងការវិនិយោគកំពុងជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ជាង៦%ក្នុងមួយក្នុងឆ្នាំ ធ្វើឲ្យវៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួនបួន ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបង្អស់នៅអាស៊ី។
លោក Truong Gia Binh នាយកក្រុមហ៊ុន FPT Group បានថ្លែងប្រាប់ VOA ថា៖
«ពិតណាស់ ខ្ញុំគិតថា ជាការសំខាន់ដែលវៀតណាមមិនត្រឹមតែបើកទ្វារសម្រាប់បរទេសទេ ថែមទាំងលើកកម្ពស់ច្បាប់ពាណិជ្ជកម្ម និងផលិតកម្ម និងធ្វើឲ្យវៀតណាមកាន់តែល្បីនៅអន្តរជាតិ»។
ក្រុមហ៊ុនព័ត៌មានវិទ្យានៅវៀតណាមនេះអាចចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រេចឡើងពេលកិច្ចប្រជុំ APEC។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ថ្លែងថា៖
«ផ្អែកលើលទ្ធផលនៃការពិភាក្សាបួនជុំ នៅក្រុងដាណាង ក្រុមរដ្ឋមន្ត្រីបានព្រមព្រៀងលើចំណុចសំខាន់ៗ រួមឈ្មោះសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលប្រទេស ១១ជាសមាជិក គឺ កិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP)»។
កិច្ចព្រមព្រៀងថ្មីនេះធ្វើឡើង បន្ទាប់ពីលោកដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញ ហើយងាកទៅរកកិច្ចព្រមព្រៀងទ្វេភាគី។
លោក Truong Gia Binh ប្រធានក្រុមហ៊ុន FPT បាននិយាយថា៖
«ខ្ញុំជឿជាក់ថា នៅចំណុចមួយ សហរដ្ឋអាមេរិកនឹងវិលមកពិភាក្សាពីការប្តេជ្ញាមុតមាំលើកំណើនសេដ្ឋកិច្ច។ ហើយខ្ញុំគិតថា នោះនឹងជារបៀប ដែលអាមេរិកដើរតួជា អ្នកដឹកនាំលើពិភពលោក»។
ក្រុមហ៊ុន FPT ថា ខ្លួននឹងមិនឲ្យខកខានបដិវត្តន៍ឌីជីថលនៅលើពិភពលោកទេ។
លោក Truong Gia Binh បានបន្តថា៖
«វៀតណាមយឺតយ៉ាវសម្រាប់បដិវត្តន៍វិស័យឧស្សាហកម្មបីលើកមកហើយ។ ការវិវត្តវិស័យឧស្សាហកម្មលើកទីបួន (ឌីជីថល) គឺជាឱកាសតែមួយ ប្រហែលចុងក្រោយផង សម្រាប់វៀតណាម ដើម្បីតាមឲ្យទាន់ពិភពលោក»។
ក្រុមហ៊ុន FTP ដែលមានសាខាធំរួចទៅហើយក្នុងស្រុក កំពុងសម្លឹងទៅការពង្រីកទីផ្សារនៅអាស៊ី៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា