ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជូន​កងទ័ព​ពិសេស​ប្រមាណ​១០០​នាក់ ទៅ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​ចិន


កងទ័ព​ពិសេស​កម្ពុជា​ប្រមាណ​១០០​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចូលរួម​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ថា «AMAN YOUYI 2023» នៅ​ទីក្រុង​ស៊ាន់ជាំង ខេត្តក្វាង​តុង​នៃ​ប្រទេស​ចិន។ (Facebook / National Defense Ministry of Cambodia (ក្រសួងការពារជាតិ))
កងទ័ព​ពិសេស​កម្ពុជា​ប្រមាណ​១០០​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចូលរួម​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ថា «AMAN YOUYI 2023» នៅ​ទីក្រុង​ស៊ាន់ជាំង ខេត្តក្វាង​តុង​នៃ​ប្រទេស​ចិន។ (Facebook / National Defense Ministry of Cambodia (ក្រសួងការពារជាតិ))

កម្ពុជា​បាន​បញ្ជូន​កង​ទ័ព​ប្រមាណ​១០០​នាក់ ដើម្បី​ចូលរួម​សមយុទ្ធ​ធោយា​ដែល​ដឹក​នាំ​ដោយ​មហា​យក្ស​ចិន​ នៅ​ទីក្រុង​ស៊ាន់ជាំង ខេត្តក្វាង​តុង​នៃ​ប្រទេស​ចិន ដែល​សម​យុទ្ធនេះ​ធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ។ នេះ​បើ​តាម​សារ​ដែលបង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពីថ្ងៃ​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣។

សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា ​«AMAN YOUYI 2023»​ ធ្វើ​ឡើង​ក្រោម​ប្រធានបទ​«ប្រតិបត្តិការ​យោធា​ចម្រុះ​លើ​ការ​ប្រឆាំង​ភេរ​វ​កម្ម​ និង​ការ​ថែ​រក្សា​សន្តិ​សុខ​លម្ហ​សមុ​ទ្រ​» ដែល​មា​ន​ប្រទេស​ចំនួន​៥​មក​ពី​សមា​ជិក​អាស៊ាន​ចូលរួម រួមមាន​កម្ពុជា​ ឡាវ ថៃ ​វៀត​ណាម និងម៉ាឡេស៊ី។ សម​យុទ្ធ​ពហុ​សាសន៍​រួម​នេះ​ ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​១៣ ដល់​២២ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ហើយ​ក៏មា​ន​ការចូលរួម​សង្កេត​ការណ៍​ពី​តំ​ណាង​អង្គ​កា​រសហ​ប្រជា​ជាតិ​ផងដែរ។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​ លោក​ ឈុំ សុជាត និង​លោក វង្ស ពិសេន​ អគ្គមេ​បញ្ជាការ​នៃកង​យុទ្ធពល​ខេមរភូមិន្ទ​បាន​នៅ​ឡើយ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ចិន​ ចុះថ្ងៃទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ សម​យុទ្ធ​នេះ​ត្រូវ​បាន​បំបែក​ជា​ផ្នែក​ដី​គោក និង​ផ្នែក​សមុទ្រ រៀប​ចំ​ក្រុម​ដើម្បី​ធ្វើ​ការ​ហ្វឹក​ហ្វឺន​រួម​គ្នា សម​យុទ្ធ​បញ្ជា​ការ​រួម និង​សម​យុទ្ធ​កម្លាំង​ជាក់​ស្តែង​ស្តីពី​ការ​ប្រឆាំង​ភេរវ​កម្ម និង​ឧក្រិដ្ឋកម្ម​តាម​សមុទ្រ។

ក្រសួង​ការពារ​ចិន​បញ្ជាក់​បន្ថែម​ថា៖ «គោល​ដៅ​នៃ​សម​យុទ្ធ​នេះ គឺ​ដើម្បី​បង្កើន​សមត្ថ​ភាព​ប្រតិបត្តិ​ការ​របស់​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម​ក្នុង​ទី​ក្រុង ក៏​ដូច​ជាការ​ប្រឆាំង​ភេរវកម្ម​តាម​ដែន​សមុទ្រ និង​ការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​សមុទ្រ ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​យោធា និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់​ស្តែង និង​រួមគ្នា​ការ​ពារ​សន្តិ​ភាព និង​ស្ថិរភាព​ក្នុង​តំបន់»។

សមយុទ្ធ​យោធា​នេះ​កើត​ឡើង ខណៈ​ភាព​តាន​តឹង​កំពុង​តែ​ឡើង​កម្តៅ​រវាង​ចិន​និង​ហ្វី​លី​ពីន​ដែល​កំពុង​មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

វីអូអេមិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ស្ថាន​ទូត​ហ្វីលីពី​ន​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ប្រទេស​ហ្វីលីពីនកាល​ពីសប្តាហ៍​មុន បាន​ថ្កោលទោស​ឆ្មាំការពារ​ដែន​សមុទ្រ​របស់​ចិន​ចំពោះ​«សកម្ម​ភាព​បង្ខំ​ដោយ​មិន​បាន​បង្កហេតុ​និងប្រកប​ដោយ​គ្រោះថ្នាក់»​ រួម​មាន​ទាំង​ការ​ប្រើប្រាស់​កាណុង​បាញ់​ទឹក​ប្រឆាំង​នឹង​ទូក​របស់​ខ្លួន​នៅ​ក្នុង​ការ​ប៉ុន​ប៉ង ដើម្បី​ឆាឆៅ​បេសកកម្ម​ផ្គត់​ផ្គង់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។ ហ្វីលីពីន​និយាយ​ថា​សកម្មភាព​របស់​ចិន​មិន​ត្រឹម​តែ​បង្កហានិភ័យ​ដល់​អាយុ​ជីវិត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​«ចោទ​ជាសំណួរ​និង​ការមន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​ពី​ភាព​ស្មោះ​ត្រង់​នៃ​ការ​អំពាវ​នាវ​របស់​ចិន​ឱ្យ​មាន​ការ​សន្ទនា​ដោយ​សន្តិវិធី»។

កាសែត​ Global Times សារព័ត៌មាន​រដ្ឋចិន​ បាន​ស្រង់​សម្តី​អ្នក​ជំនាញ​យោធា​ចិន​ថា​ប្រទេស​មួយ​ចំនួន​ដែល​ចូលរួម​នៅ​ក្នុង​សម​យុទ្ធ​យោធា​ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​នេះ ក៏​មាន​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូងជាមួយ​ចិន​ដែរ ដូច​ជា​ប្រទេស​វៀត​ណាម និងម៉ាឡេស៊ី ប៉ុន្តែ​ពួក​គេ​ជ្រើស​រើស​«ផ្លូវ​ដ៏​ត្រឹមត្រូវ»នោះ​គឺ​ការ​មិន​ឱ្យ​ជម្លោះ​ប៉ះ​ពាល់​ដល់​មិត្ត​ភាព​និង​កិច្ច​សហ​ប្រ​តិបត្តិ​ការ ហើ​យ​រួមគ្នា​ការ​ពារ​សន្តិ​ភាព​តំបន់​និង​ស្ថិរ​ភាព។

លោក គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ប្រាប់​វីអូអេ​ថា​សម​យុទ្ធ​យោធា​នេះ​គឺជា​សម​យុទ្ធ​ពហុ​ភាគី​និយម។ លោក​បន្ថែម​ថា​កម្ពុជា​មិន​គួរ​ក្លាយ​ជា​កា​រស្តី​បន្ទោស​របស់​ប្រទេស​ដទៃ​ឡើយ ខណៈ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ក៏​ចូលរួម​សមយុទ្ធ​នេះ​ដែរ។

អ្នក​វិភាគ​រូប​នេះ​អះអាង​ថា​កម្ពុជា​កន្លង​មក​ព្យាយាម​រក្សា​តុល្យភាព​នៃ​ទំនាក់ទំនង​ជា​មួយ​បណ្តា​ប្រទេស​មហា​អំណាច និង​ថា​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ប្រកួត​ប្រជែង​គ្នា​របស់​មហា​អំណាច​ មិន​គួរ​ទាញ​ប្រទេស​តូច​ៗ​ចូល​ឡើយ។

លោក​បញ្ជាក់​ថា៖ «មហា​អំណាច​ពួក​គាត់​ខ្លួន​ឯ​ង​ហ្នឹង ប្រកួត​ប្រជែង​គ្នា​ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​មាន​ដៃ​គូ​ប្រកួត​ប្រជែង គាត់​តែង​តែ​អូស​ប្រទេស​តូចៗ​ឱ្យ​នៅ​ខាង​ខ្លួន។ នេះ​គឺ​ជា​គេ​ហៅ​ថា​ទ្វេ​គ្រោះ​របស់​ប្រទេស​តូច​ៗ​។ សម្រាប់​កម្ពុជា​ ខ្ញុំ​គិត​ថា​យើង​នៅ​តែ​រក្សា​នូវ​គោល​ជំហរ​គោល​នយោ​បាយ​ការ​បរទេស​ឯក​រាជ្យ ដែល​ពឹង​ផ្អែក​លើ​ច្បាប់​ ឈរ​លើ​មូលដ្ឋាន​ពហុ​ភាគី​និយម»។

គួរ​បញ្ជាក់​ថា​ចិន​បាន​ទាម​ទារ​សើ្ទរ​តែ​ទាំង​ស្រុង​នៃ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ជម្លោះ​ជាមួយ​ចិន ដូច​ជា​ម៉ាឡេស៊ី វៀត​ណាម ហ្វីលីពីន និង​ព្រុយណេ៕

XS
SM
MD
LG