ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របៀប​វារៈ​កិច្ចប្រជុំ​គណៈ​កម្មការទន្ល​មេគង្គ​មិន​លើក​ពី​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​ទេ​​​


ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​
ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​
ភ្នំពេញ​៖ ប្រទេស​កម្ពុជា​នឹង​មិន​ទទូច​ឲ្យ​ដាក់​របៀបវារៈ​នៃ​ការ​ពិភាក្សា​លើ​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​ទន្លេ​មេគង្គ​នៅ​សប្តាហ៍​ក្រោយ​នេះ​ទេ។ ​នេះ​បើយោង​តាម​មន្ដ្រី​ជាន់ខ្ពស់​កម្ពុជា។​
គណៈកម្មការ​ទន្ល​មេគង្គ​ដែល​មាន​ប្រទេសសមាជិក​ចំនួន​បួន​គឺ​កម្ពុជា​ វៀតណាម​ ឡាវ ​និង​ប្រទេស​ថៃ​នឹង​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១៩ ​នៅ​ទីក្រុង​វៀងចាន់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែ​មករា​ ដោយ​មិន​បាន​ដាក់​បញ្ហា​ទំនប់​វារីអគ្គិសនីសាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស​ចូលក្នុង​របៀប​វារៈ​សម្រាប់​ជជែក​គ្នា​នោះ​ទេ។​
លោក​ស៊ិន នីនី​ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ បាន​ថ្លែង​ថា​ កម្ពុជា​មិន​ស្នើ​ឲ្យ​ដាក់​បញ្ហា​នេះ​ចូល​ក្នុង​របៀប​វារៈ​ដោយសារ​តែ​មិនមាន​ការ​ឯកភាព​គ្នា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក។​

«ការងារ​អ្វី​ទាំង​អស់​ក្នុង​ក្រប​ខណ្ឌ​MRC​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ជា​ឯកភាព​ ហើយ​ប្រសិន​បើ​គម្រោង​សាយ៉ាបូរី​ដាក់​ក្នុង​របៀប​វារៈ​ ហើយ​មាន​ប្រទេស​ណា​មួយ​មិន​ឯកភាព ​ក៏​មិន​អាច​ដាក់​ក្នុង​របៀប​វារៈ​បាន​ដែរ។ ​ហើយ​ទី​ពីរ​ដែល​យើង​មិន​លើក​ឱ្យ​ចំ​សាយ៉ាបូរី​តែ​ម្តង​គឺ​ដោយ​សារ​យើង​កំពុង​ធ្វើ​ការ​សិក្សាទៅ​លើ​ទន្លេ​មេគង្គមេ​តែ​ម្តង​ ហើយ​សាយ៉ាបូរី​ជា​មួយ​គ្នា​ហ្នឹង»។​

ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​ ដែលវិនិយោគ​ដោយ​ក្រុមហ៊ុន​ឆកានឆាង​របស់​ប្រទេស​ថៃ​ក្នុង​តម្លៃ​៣.៥០០​លានដុល្លារ​អាមេរិក​ ហើយ​ទំនប់​វារី​អគ្គិសនី​នេះ​នឹង​មាន​កម្លាំង​១.២៨៥​មេ​ហ្គាវ៉ាត់។ ​ក៏ប៉ុន្តែ​ប្រទេសកម្ពុជា​ និង​វៀតណាម​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​សាងសង់​ទំនប់​នេះ​ បើ​សិន​ជា​គ្មាន​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ជាមុន​នោះ​ទេ។​

ក៏ប៉ុន្តែ​រហូត​មក​ទល់ពេល​នេះ​ របាយ​ការណ៍​ជាច្រើន​បាន​បញ្ជាក់​ថា​ការ​សាងសង់​ទំនប់វារី​អគ្គិសនី​នៅតែ​បន្ត​នៅ​ឡើយ។​

មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​ព័ត៌មាន​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​វៀតណាម​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​លើ​បញ្ហា​នេះ​ មុន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ប្រទេស​ទាំង​បួន​បាន​បញ្ចប់​នោះ​ទេ។​

លោក​ស៊ូរ៉ាសាក់ ក្លាហាន​ (Surasak Glahan) ​មន្ត្រី​ទំនាក់ទំនង​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​បាន​ប្រាប់​វីអូអេ​ខេមរភាសា​ពី​ប្រទេស​ឡាវ​មក​ថា ​ ​ទោះ​បី​មិន​មាន​ប្រធាន​បទទំនប់​សាយ៉ាបូរី​នេះ​ក្នុង​របៀប​វារៈ​ក៏​ដោយ​ ក៏​តំណាង​ប្រទេស​ជាប់​ពាក់ព័ន្ធ​អាច​លើក​បញ្ហា​ចោទ​ដទៃ​ទៀតមក​ពិភាក្សា​បាន​ដែរ។​

«ទោះ​បី​ជា​យ៉ាង​ណា ​នៅ​តែ​មាន​ឱកាស​សម្រាប់​ប្រទេស​ ឬ​អ្នក​ចូលរួម​ទាំង​អស់​ដើម្បី​លើក​ពី​ប្រធាន​បទ​ ឬ​បញ្ហា​ជាក់លាក់​ណា​មួយ​មក​ពិភាក្សា​ ប្រសិន​បើ​ពួក​គេ​មាន​បំណង»។​

អ្នកស្រី​អាវីវ៉ា អ៊ីមហប​ (Aviva Imhof) ​ប្រធាន​យុទ្ធនាការ​នៃ​អង្គការ​ទន្លេ​អន្តរ​ជាតិ​ បារម្ភ​ថា​ ការ​អាកខាន​មិន​បាន​លើក​បញ្ហា​ទំនប់​សាយ៉ាបូរី​ដ៏​ចម្រូង​ចម្រាស​នេះមក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​នេះ ​អាច​ជា​ប្រផ្នូល​ដ៏​អាក្រក់​មួយ។​

«ខ្ញុំ​គិត​ថា ​វា​គឺ​ជា​ការ​បារម្ភ​ដ៏​ធំ​មួយ​ ពីព្រោះ​តាំង​ពី​មុន​មក​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ថ្នាក់​តំបន់​ណា​មួយធ្វើ​ឡើង​នៅ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទេ ហើយ​នេះ​គឺ​ជា​កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុម​ប្រឹក្សា​នេះ​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១១​ ដែល​គម្រោង​នេះ​ត្រូវ​បាន​ព្រមព្រាង​ថា​ នឹង​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​មាន​ការ​សិក្សា​បន្ថែម។ ​ការដែល​ទំនប់​សាយ៉ាបូរី​នៅ​តែ​ដំណើរ​ការ​សាងសង់ ​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ពិភាក្សា​នៅ​ថ្នាក់​ MRC​ គឺជា​គំរូ​ដ៏​អាក្រក់​មួយ​ទៅ​អនាគត»។​

ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​បាន​ប្រគល់​សិទ្ធិ​ដល់​ប្រទេស​ជប៉ុន​ក្នុង​ការ​សិក្សា​ពីផល​ប៉ះ​ពាល់នៃ​ទំនប់​សាយ៉ាបូរី​ ហើយ​រហូតមក​ទល់​ពេល​នេះ​ការសិក្សា​មិនទាន់​បាន​ចាប់​ផ្តើម​នៅ​ឡើយ​ ខណៈ​ដែល​ការ​សាងសង់​នៅតែ​បន្ត​នោះ។​

ទោះជា​យ៉ាងណា ​លោក​ស៊ូរ៉ាសាក់ ​ក្លាហាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​នេះ​នឹង​ពិភាក្សា​អំពី​គម្រោង​សិក្សា​លើ​បញ្ហា​បរិស្ថាន​របស់​ប្រទេស​ជប៉ុន​ជុំវិញ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ។​

យោង​តាម​ការ​ស្រាវជ្រាវ​ដាច់​ដោយ​ឡែក​មួយរបស់​អង្គការ​ទន្លេ​អន្តរជាតិ​ ទំនប់​សាយ៉ាបូរី​នឹងនាំ​ឱ្យ​មាន​ការ​ផ្លាស់​ទី​លំនៅ​ប្រជាជន​២.១០០នាក់ ហើយ​ប៉ះពាល់​ដោយ​ដល់​មនុស្ស​២០២.០០០​នាក់​ដែល​នៅ​ជិត​នោះ​ និង​ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជីវចម្រុះ ​ពូជ​ត្រីហើយ​នឹង​ប៉ះពាល់​ដល់​សុវត្ថិ​ភាព​ស្បៀង​និង​ជីវភាព​ប្រជាជន​តាម​ដង​ទន្លេ​មេគង្គ​រាប់​លាន​គ្រួសារ។​

រដ្ឋាភិបាល​ប្រទេស​ហ្វាំងឡង់​បាន​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​មួយ​ទៅ​លើ​ក្រុម​ហ៊ុនហ្វាំងឡង់​មួយ​ឈ្មោះ​ថា ​ផយរី (Poyri) ​ដែលជាប់​ទាក់ទង​នឹង​វាយ​តម្លៃពី​ផល​ប៉ះពាល់​បរិស្ថាន​ដោយសារទំនប់​សាយ៉ាបូរី​នេះ​ ដាក់ឲ្យ​រដ្ឋាភិបាល​ឡាវ ​ហើយការ​វាយតម្លៃនេះ​មិន​ស្រប​តាម​ស្តង់ដារអន្តរជាតិ។​

លោក​ចន ស៊ីមមុន​ (John Simmons) ​អ្នក​នាំ​ពាក្យ​ស.រ.អា​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិច​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះថា​ «យើង​មាន​ការ​ព្រួយ​បារម្ភ​ដែលការ​សាងសង់​ទំនប់​សាយ៉ាបូរី​នេះ​កំពុង​ដំណើរ​ការ ​មុន​ពេល​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ត្រូវ​បាន​បញ្ចប់។ ​យើង​សង្ឃឹម​ថា​ រដ្ឋាភិបាល​ឡាវ​នឹង​រក្សា​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ការជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ដោះស្រាយ​ចម្ងល់​ដែល​នៅ​សេស​សល់​ពាក់ព័ន្ធ​នឹង​ទំនប់​សាយ៉ាបូរី។ ​យើង​លើក​ទឹក​ចិត្ត​ឱ្យ​បណ្តា​ប្រទេស​សមាជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ទទួល​បាន​ទស្សនៈ​រួម​មួយនៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ​យុត្តិធម៌​សង្គម ​និង​បរិស្ថានតាម​ដី​សណ្ត​ទន្លេ​មេគង្គ»។​
កញ្ញា រស់ សុធា ​អ្នក​នាំ​ពាក្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា ​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជឿជាក់​ថា ​ការ​សិក្សា​លម្អិត​បន្ថែម​គឺ​ចាំបាច់​ដើម្បីយល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​នេះ​ មុន​នឹង​ចាប់​ផ្តើម​សាងសង់៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG