ភ្នំពេញ៖ ក្រោយពីមហាសន្និបាតរយៈពេល២ថ្ងៃរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានបិទបញ្ចប់ គណបក្សនេះបានបញ្ជាក់សារជាថ្មីនូវគោលជំហររបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រសិនបើគណបក្សខ្លួនឈ្នះឆ្នោតនៅអាណត្តិក្រោយ។
តំណាងកំពូលៗគណបក្សប្រជាជនមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោក ជា ស៊ីម លោក ហេង សំរិន និងតំណាងគណបក្សមកពីគ្រប់បណ្តាខេត្តក្រុងប្រមាណជាង២០០០នាក់ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣នេះ បានមកជួបជុំគ្នានៅសាលសន្និសីទកោះពេជ្រ ដើម្បីចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនេះដែលមានរយៈពេលពីរថ្ងៃ។
នៅក្នុងសេចក្តីសម្រេចរបស់មហាសន្និបាតរយៈពេលពីរថ្ងៃ ដែលវីអូអេ ខេមរភាសា ទទួលបានតាមទូរសារ គណបក្សប្រជាជនកម្ពុជាបានប្រកាសជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយពីមានការច្របាច់បញ្ចូលគ្នារវាងគណបក្សប្រឆាំងធំពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា។
ដូចដែលត្រូវបានរំពឹងទុក លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបោះឆ្នោះគាំទ្រជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សនេះសារជាថ្មីនៅអាណត្តិក្រោយផងដែរ។
តាមសុន្ទរកថារបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជន បញ្ជាក់ថាកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះផ្តោតកិច្ចពិភាក្សាទៅលើការវាយតម្លៃលទ្ធផលការងារកន្លងមក ការអនុម័តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរបស់ខ្លួន ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨ និងចុងក្រោយការងារត្រៀមរៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅពេលបោះឆ្នោតថ្នាក់ជាតិ។ ប៉ុន្តែក្នុងសេចក្តីសម្រេចរបស់គណបក្សនេះមិនបានបញ្ជាក់លម្អិតពីការពិភាក្សាទាំងអស់នេះទេ។
ទាំងលោក ជៀម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
ការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ។
រីឯការចុះឈ្មោះគណបក្សនយោបាយបោះឆ្នោតវិញនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា រហូតដល់ ថ្ងៃទី១៣ ខែឧសភា ដែលមានគណបក្សចំនួន១០ត្រូវបានរំពឹងថានឹងចុះបញ្ជីប្រកួតប្រជែងបោះឆ្នោត។ នេះបើយោងតាមលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។
លោក ទេព នីថា បានបញ្ជាក់បន្ថែមថាគ.ជ.បបានរៀបចំកិច្ចការសំខាន់ៗត្រៀមសម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខរួចរាល់ហើយ។
«ការងារសំខាន់យើងបានពិនិត្យមើលបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត កសាងបញ្ជីបោះឆ្នោតសម្រាប់បោះឆ្នោតឆ្នាំ២០១៣។ ក្នុងបញ្ជីបោះឆ្នោតហ្នឹងមានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណជា៩.៦លាននាក់។ ហើយក្រៅពីហ្នឹងយើងបានកសាងប្រតិទិនសម្រាប់ការបោះឆ្នោត ហើយរៀបចំផែនការសម្រាប់ការបោះឆ្នោតទាំងមូលនេះតែម្តង»។
គ.ជ.ប គ្រោងនឹងជ្រើសរើសបុគ្គលិកប្រមាណ១២ម៉ឺននាក់ ទូទាំងប្រទេស ដើម្បីបម្រើការរៀបចំការបោះឆ្នោតនៅថ្នាក់ជាតិ ថ្នាក់ខេត្តក្រុង និងថ្នាក់មូលដ្ឋាន។
រីឯគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ដែលជាអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមួយ ក៏បានត្រៀមបំពេញតួនាទីរបស់ខ្លួនរួចរាល់ដែរ។ នេះបើតាមការឱ្យដឹងពី លោក គល់ បញ្ញា នាយកគណៈកម្មាធិការនេះ។
«យើងមានការងារច្រើន ការងារទីមួយហ្នឹងរឿងតស៊ូមតិខាងបទបញ្ជាគ.ជ.ប ធ្វើម៉េចឱ្យនីតិវិធីហ្នឹងវាល្អយើងមើលការប្រើប្រាស់ធនធានរដ្ឋហ្នឹងត្រឹមត្រូវ ទីពីរយើងធ្វើការអប់រំអ្នកបោះឆ្នោតមានកម្មវិធីវិទ្យុ មានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទីបីយើងដាក់អ្នកសង្កេតការណ៍ ឥឡូវយើងដាក់អ្នកសង្កេតការណ៍២០០នាក់ នៅសង្កេតមើលការងារនៅមូលដ្ឋាន នៅថ្ងៃបោះឆ្នោតយើងដាក់អ្នកសង្កេតការណ៍ប្រហែល៦.០០០នាក់»។
ប៉ុន្តែលោក គល់ បញ្ញា មិនរំពឹងថានៅថ្ងៃបោះឆ្នោតខាងមុខនេះនឹងប្រព្រឹត្តទៅដោយយុត្តិធម៌នោះទេ ដោយសារប្រព័ន្ធផ្សព្វផ្សាយច្រើនលើសលប់ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចនិងអវត្តមានមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់គឺលោកសម រង្ស៊ី៕