ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមអ្នកសង្កេតការណ៍៖​ បញ្ជីឈ្មោះ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន​

  • ហេង រស្មី

ភ្នំពេញ​
អង្គការ​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជាគឺអង្គការ​នីចហ្វិច​ វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ដែល​ហៅកាត់​ថា​ NID​ នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១២​នេះ​ថា​ បាន​ធ្លាក់ចុះ​នៃ​គុណភាព​ មិន​ពេញ​លេញ​ ភាព​ត្រឹមត្រូវ​ និង​សុពល​ភាព​ចាប់​តាំង​ពីឆ្នាំ​២០០៨​មក។​

ការ​ធ្លាក់​ចុះនៃ​គុណភាព​បញ្ជី​អ្នក​បោះឆ្នោត​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្មណ៍​ថា​ ​ដំណើរ​ការណ៍​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខនេះ​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌ទេ។​

នៅ​ក្នុង​របាយ​ការណ៍​សង្ខេប​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​រក​ឃើញ​ថា​ ការ​ធ្លាក់​ចុះ​នូវ​អត្រា​ចុះ​ឈ្មោះ​ចាប់​ពីឆ្នាំ​២០០៨​ គឺ​មាន​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មានត្រឹមតែ​៨២,៩%​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​កាលពី​ឆ្នាំ​២០០៨​មាន​រហូត​ដល់​៨៧,៩%។​
ការ​រក​ឃើញនេះ​បាន​បង្ហាញ​នូវភាព​ខុសគ្នា​ជាមួយ​នឹង​ស្ថិតិ​ដែល​បាន​ផ្តល់​ដោយ​គ.ជ.ប.​ដែល​ថា ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ​១០១,៧%​នៃ​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សរុប។​

បន្ថែម​ពីនេះ​ទៅទៀត​ អង្គការ​ឃ្លាំមើល​ដំណើរ​ការបោះ​ឆ្នោតទាំង​នោះ​បាន​រក​ឃើញ​ថា​ មាន​ចំនួន​ប្រមាន​១០,៨%​នៃ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ដែល​គេ​ជឿ​ថា​ ខ្លួន​បាន​ចុះ​ឈ្មោះ​មិន​អាច​រក​ឃើញ​នូវ​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទេ​ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ពួក​គេ​ មិន​អាចបោះ​ឆ្នោត​បាន​នៅ​ថ្ងៃ​បោះ​ឆ្នោត។​

មាន​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​តែ​៦៣,៦%​ភាគរយ​តែ​ប៉ុណ្ណោះ​ដែល​រស់​នៅ​ទីកន្លែង​ដែល​ពួកគេ​បាន​ចុះឈ្មោះ​ ខណៈពេល​ដែល​១៧,៩%​នៃអ្នក​ឆ្លើយ​តប​រក​ឃើញ​ ប៉ុន្តែភាគ​រយ​នៃ​អ្នក​រស់​នៅ​កន្លែង​ផ្សេង​និង​១០,៤​%​គឺមិន​អាច​រក​ឃើញ​ទេ។​

លោក​ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច​ បាន​និយាយ​ថា​ អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​៩,៤%​ក្នុង​បញ្ជី​លុប​ឈ្មោះ​គឺត្រូវ​បាន​លុបចេញ​មិន​ត្រឹមត្រូវ ​ហើយ​ទិន្នន័យ​បញ្ជីឈ្មោះ​បច្ចុប្បន្ន​គឺមិន​ត្រឹមត្រូវ​ដូច​ឆ្នាំ​២០០៨​ទេ។ ​ទិន្នន័យ​ទាក់ទង​នឹង​ថ្ងៃខែ​ឆ្នាំ​កំណើត​ដែល​ស៊ីគ្នា​នឹង​និន្នន័យ​គឺមាន​តែ​៦៣%​តែ​ប៉ុណ្ណោះ​ រីឯឆ្នាំ​២០០៨​មាន​៧៨,​៨៨%។​

លោក​បាន​និយាយ​ថា​ មាន​ចំនួន​១០,៤%​គឺ​មាន​តែ​ឈ្មោះ​ ប៉ុន្តែ​គ្មាន​មនុស្ស​ពិត​ប្រាកដ។​

«១០,៤%ដែល​ក្រុម​ការងារ​សវនកម្ម​បាន​រក​ឃើញ​នេះ​ ប្រសិន​បើ​មាន​តែ​ឈ្មោះ​ក្នុងបញ្ជី​បាន​ន័យថា ​បញ្ជី​ហ្នឹង​ខ្ពស់​ បញ្ជីហ្នឹង​ច្រើន ​ហើយ​អ្នក​បោះឆ្នោត​ពិត​ប្រាកដ​នឹង​ធ្វើ​ឲ្យ​ក្រាហ្វិច​នៃតួលេខ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ឃើញ​មាន​ភាគ​រយ​ច្រើន»។​

អ្នក​ស្រី​ឡូរ៉ា ថនថុន​ នាយិកាជាន់​ខ្ពស់​NDI​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ ការ​មាន​តែ​ឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​ តែគ្មាន​មនុស្ស​អាច​ជាការ​ព្រួយ​បារម្ភ​មួយ​នៅ​ពេល​បោះឆ្នោត​ដែល​គណបក្ស​ណាមួយ​អាច​នឹង​បញ្ជួន​មនុស្ស​ពី​កន្លែង​ផ្សេង​មក​បោះឆ្នោត​បាន។​

លោក​គួយ ប៊ុនរឿន​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​ បាន​និយាយ​ថា​ បញ្ជីឈ្មោះ​បោះឆ្នោត​សម្រាប់​ជ្រើស​តាង​អ្នក​តំណាង​រាស្ត្រ​អណត្តិ​ទី​៥​នេះ​មាន​បញ្ហា​ធំៗជាច្រើន​គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាន​១៧%​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ តែ​មិន​បាន​ទទួល​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​បាន។​

លោក​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០០៨​និង​២០១២​ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣​បាន​បាត់​ឈ្មោះ​រហូត​ដល់​ជិត​៨%​ថែម​ទៀត។​

«ការរៀប​ចំការបោះ​ឆ្នោត​ឆ្នាំ​២០១៣​នេះ​គឺមិន​ធានា​យុត្តិធម៌​ដល់​គណបក្ស​នយោបាយ​ទេ​ ដោយ​សារប្រព័ន្ធ​និង​យន្តការ​នៃ​ការ​រៀបចំ​ដំណើរ​ការ​នៃ​ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​អត់​តម្លាភាព​ អត់សុក្រិតភាព​ ហើយនិង​បញ្ជី​គ្មាន​គុណភាព»។​

លោក​ទេព​ នីថា​ អគ្គលេខា​នៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា​ គ.ជ.ប.​បាន​និយាយ​ថា​ ការ​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​សវនកម្ម​នេះ​មិន​ត្រឹម​ត្រូវ​ទេ។​លោក​បាន​និយាយ​ថា​ គ.ជ.ប.​និង​ទាមទារ​ឲ្យ​អង្គការ​ទាំង​នោះ​ផ្តល់​បញ្ជី​ឈ្មោះ​ដល់​យើង។​
«មាន​ការ​សង្ស័យច្រើន​ដែល​ករណី​នេះ​គ.ជ.ប.​បាន​ធ្វើ​លិខិត​ទៅ​NDI ​ដើម្បី​ឲ្យ​គាត់​ផ្តល់​បញ្ជី​ឈ្មោះ​ឲ្យ​យើង។​ ទីមួយ​គាត់ថា​ មាន​ឈ្មោះ​បោះឆ្នោត​តែ​ឈ្មោះ​ត្រូវ​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ យើង​ចង់​ដឹង​ថា​ ឈ្មោះ​ហ្នឹង​គេ​រាយ​ការណ៍​ត្រឹម​ត្រូវ​ទេ។ គាត់​មាន​ឈ្មោះ​បោះឆ្នោត​ពីឆ្នាំណា?»​
លោក​ទេព នីថា​បាន​បញ្ជាក់​ទៀត​ថា​ ប្រធាន​ភូមិមិន​អាច​ស្គាល់​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទាំងអស់​បាន​ទេ​ ពីព្រោះ​ថា ​បញ្ជីបោះ​ឆ្នោត​មិន​មែន​បញ្ជី​ក្នុង​ភូមិ​ទេ៕
XS
SM
MD
LG