ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ថៃ ស្វះស្វែង​រក​ការពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​សន្តិសុខ​ជាតិ បន្ទាប់ពី​ការចាប់​ខ្លួន​ក្រុម​អ្នកប្រឆាំង​តវ៉ា


រូបឯកសារ៖ បាតុករគាំទ្រ​លទ្ធិប្រជាធិបតេយ្យ គ្រវី​ទង់ជាតិ​ថៃក្នុង​អំឡុង​ពេល​បាតុកម្ម​ទាមទារ​ឱ្យ​លោក Prayut Chan-O-Cha ចុះចេញ​ពី​ដំណែង ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​វិបត្តិ​កូវីដ១៩ របស់​រដ្ឋាភិបាល​ថៃ ដែល​បាតុកម្មនេះ បាន​ធ្វើឡើង​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​អំពាវ​នាវឲ្យ​សភា​ថៃ​ពិនិត្យ​មើលឡើង​វិញនូវ​ការ​ប្រើប្រាស់​ច្បាប់​សន្តិសុខរបស់ប្រទេស​នេះ ដែល​ក្នុង​នោះ ក៏​រួម​មាន​ច្បាប់ប្រមាថ​រាជវង្សានុវង្ស​ថៃ​ដ៏​តឹងរឹង​ផង​ដែរ​ បន្ទាប់​ពី​មាន​ការកើន​ឡើង​នូវ​ការចាប់​ក្រុម​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល​ថៃ។ នេះ ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។

គណបក្ស​ភឿថៃ បាន​លើក​ឡើង​ថា ការ​ប្រើ​ច្បាប់ដើម្បី​ចាប់ក្រុម​អ្នក​រិះគន់​នាយក​រដ្ឋមន្រ្តីថៃ​លោក​ Prayuth Chan-ocha ដែល​ធ្លាប់​ធ្វើ​ជា​អគ្គមេបញ្ជាការ​កង​ទ័ព​ និងបាន​ដឹកនាំរដ្ឋប្រហារ​យោធា​ ហើយ​បាន​កាន់កាប់​អំណាចចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​នោះ បាន​កាត់​បន្ថយ​នូវទំនុក​ចិត្តរបស់​សាធារណ​ជន​ថៃ​លើ​ប្រព័ន្ធ​យុត្តិធម៌​សង្គម។

គណបក្ស​ប្រឆាំង​នេះ កំពុង​ស្នើ​ដល់​សភា​ថៃ​ ឲ្យ​មាន​ការត្រួត​ពិនិត្យ​ឡើងវិញ​នូវ​វិធី​មួយ​ចំនួន​ ​ដែលច្បាប់​នោះ​ត្រូវ​បាន​ប្រើ​ ហើយ​នឹងកែសម្រួល​ឡើង​វិញដើម្បីឲ្យ«អ្នកទោស​មនសិការ» ត្រូវ​បាន​ដោះ​លែង​ និង​ជំនឿ​ចិត្តនៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌សង្គម​ អាចត្រូវ​បាន​ស្តារឡើង​វិញ​ផង​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភឿថៃ​ដែល​ត្រូវ​បានផ្សព្វ​ផ្សាយ​នៅយប់​ថ្ងៃ​អាទិត្យ​ បានលើក​ឡើង​ដោយ​យោង​ទៅ​លើច្បាប់ប្រមាថ​ព្រះ​មហាក្សត្រ​ថៃ​ ក្រោម​មាត្រា​១១២​ នៃ​ច្បាប់​ព្រហ្មទណ្ឌ​ថា ការប្រមាថ​ព្រះ​មហាក្សត្រ​ថៃ ព្រះ​មហាក្សត្រិយានី អ្នក​ស្នង​តំណែង​និង​រាជានុសិទ្ធិ​របស់​ព្រះអង្គ​ គឺ​ជា​បទឧក្រិដ្ឋ​មួយ​ដែល​អាច​ជាប់​ទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។

មនុស្ស​យ៉ាង​តិច​ចំនួន១.៦៣៤​នាក់​ ដែល​ក្នុង​នោះ​២៨​នាក់កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្នផងនោះ​ កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់នានា​ទាក់​ទងទៅ​នឹង​ការតវ៉ា​នៅ​ក្នុង​ប្រទេស​ថៃ​ប្រឆាំង​នឹង​លោក Prayuth ចាប់​តាំង​ពី​ឆ្នាំ​កន្លង​ទៅ។ នេះ​បើ​យោង​ទៅ​លើចំនួន​សរុប​ដែល​ត្រូវ​បាន​ចង​ក្រង​ឡើង​ ដោយមេធាវីនៃ​ក្រុម​ការពារ​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​ថៃ។

អ្នក​ជាប់​ឃុំ​ទាំង​នោះ​ ក៏​រួម​មាន​ផង​ដែរអ្នកធ្វើ​ការបះបោរ អ្នក​រំលោភ​បំពាន​លើឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​កំព្យូទ័រ​ និង​អ្នក​បំពាន​ទៅ​លើ​ការ​ជួប​ប្រជុំ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ជា​ដើម។

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រមាណ​១៥៥​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថរាជវង្ស​ថៃ ដែល​មាន​អាយុ​ក្នុង​ចន្លោះ​ពី​១២​ ដល់​១៨​ឆ្នាំ​ផង​ដែរ។ នេះ​បើតាមក្រុម​មេធាវី​ថៃ​ខាង​លើកដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters នោះ។

រដ្ឋាភិបាល​ថៃ​បាន​រក្សា​ជំហរ​របស់​ខ្លួន​ថា​ ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ សុទ្ធ​តែ​បាន​រំលោភ​បំពាន​ទៅ​លើ​ច្បាប់នៅ​ក្នុង​ប្រទេសថៃ៕

XS
SM
MD
LG