ភ្នំពេញ៖ មន្ត្រីគណបក្សប្រឆាំងបាននិយាយនៅថ្ងៃច័ន្ទនេះថាសវនាការនៅសាលាឧទ្ធរណ៍ចំពោះករណីលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសប្តឹងលោកសម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំងអាចនឹងត្រូវពន្យាពេលក៏ប៉ុន្តែករណីលោកម៉ម សូណង់ដូប្រធានស្ថានីយវិទ្យុសំបុកឃ្មុំនិងដំណើរការទៅជាធម្មតាដោយមិនមានការប្រែប្រួលទេ។
លោក យឹម សុវណ្ណអ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ីបាននិយាយថាសវនាការសាលាឧទ្ធរណ៍ដែលគ្រោងធ្វើនៅថ្ងៃទី១២ខែមិនាខាងមុខនេះអាចនឹងត្រូវពន្យាពេលដោយសារតែមេធាវីជាប់រវល់។
លោកយឹម សុវណ្ណបាននិយាយថាគណបក្សប្រឆាំងមិនបានយកចិត្តទុកដាក់ចំពោះករណីនេះទេដោយសារតែរឿងនេះជារឿងនយោបាយសុទ្ធសាធ។
«ធម្មតាការចោទប្រកាន់ទាំងពីរករណី ការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត បរិហាកេរ្តិ៍ទាំងរឿងព្រំដែនហ្នឹងសុទ្ធតែជាការបូកបញ្ចូលជាករណីនយោបាយដែលទប់ស្កាត់មិនឱ្យលោកប្រធានសម រង្ស៊ីចូលរួមការបោះឆ្នោតពីព្រោះគេបារម្ភពីប្រជាប្រីយ៍ភាពរបស់លោកខ្លាំងណាស់។ក៏ប៉ុន្តែរឿងនេះអត់មានប្រសិទ្ធភាពទេ»។
លោកជូង ជូងីដែលធ្លាប់ជាមេធាវីការពារក្តីលោកសម រង្ស៊ី នៅសាលាដំបូងក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយទេដោយលោកមិនទាន់ទទួលបានលិខិតពឹងពាក់ជាមេធាវីការពារក្តីឱ្យលោកសម រង្ស៊ីនៅឡើយទេ។
«ខ្ញុំអត់ច្បាស់ដែរពីព្រោះខ្ញុំអត់មានបានទទួលដីការអ្វីទេពីព្រោះខ្ញុំអត់ទាន់ទៅជាមេធាវីក្នុងករណីនេះក៏ប៉ុន្តែខ្ញុំទទួលការជូនដំណឹងពីគណបក្សមក»។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានដាក់ពាក្យបណ្តឹងមួយទៅតុលាការក្រុងភ្នំពេញ ប្តឹងលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ពីបទបរិហាកេរ្តិ៍និងផ្សព្វផ្សាយព័ត៌មានមិនពិតបន្ទាប់ពីលោកសម រង្ស៊ី បានធ្វើអត្ថាធិប្បាយមួយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នៅឯវាលពិឃាតបឹងជើងឯកដោយបានចោទប្រកាន់ថា លោកហោ ណំាហុង ជាប្រធានគុកបឹងត្របែកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយពាក្យសំដីរបស់លោកសម រង្ស៊ី ត្រូវ បានកាសែតក្នុងស្រុកមួយដែលគាំទ្រគណបក្សប្រឆាំងឈ្មោះ«មនសិការខ្មែរ» បានដកស្រង់សំដីយកទៅចុះផ្សាយ។
តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល (ប្រហាក់ប្រហែលនឹង២ពាន់ដុល្លារអាមេរិក) អំពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងលោកហោ ណាំហុង។
កាលពីដើមឆ្នាំ២០១១តុលាការកំពូលប្រទេសបារាំងបានសម្រេចក្តីឲ្យលោក សម រង្ស៊ី ឈ្នះក្តីលើបណ្តឹងរបស់លោក ហោ ណាំហុងពីបទបរិហាកេរ្តិ៍ថាលោកជាប្រធានមន្ទីរឃុំឃាំងបឹងត្របែក។
ចំណែកឯករណីលោកម៉ម សូណង់ដូប្រធានស្ថានីយវិទ្យុសំបុកឃ្មុំគឺសាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការនៅថ្ងៃទី៥ខែមិនាខាងមុខនេះ។
មេធាវីការពារក្តីលោកម៉ម សូណង់ដូបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្ទាប់ពីតុលាការក្រុងភ្នំពេញបានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំ។
លោកស្រីឌីន ផាន់ណារ៉ាភរិយាលោកម៉ម សូណង់ដូបាននិយាយថាស្វាមីរបស់លោកស្រីនឹងបង្ហាញមុខក្នុងសវនាការ។
លោកស្រីបាននិយាយថាតុលាការសាលាឧទ្ទរណ៍អាចនឹងផ្តល់យុត្តិធម៌ដល់ស្វាមីរបស់លោកស្រីដោយសារលោកម៉ម សូណង់ដូមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ៕