ភ្នំពេញ៖ នៅក្នុងរបាយការណ៍សង្ខេបមួយដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងគ្រប់គ្រងអំណាចបានគ្របដណ្តប់លើបណ្តាស្ថាប័នរបស់រដ្ឋដែលនាំឲ្យចុះខ្សោយដល់ការអនុវត្តច្បាប់ ដល់ដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានលើកពីកង្វះឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចូលរួមរបស់ស្ត្រីក្នុងនយោបាយនៅមានកម្រិតទាបដែលគួរតែមានយ៉ាងតិចបំផុត៣០ភាគរយ រីឯក្រុមយុវជនក៏នៅមិនទាន់បានចូលរួមសកម្មក្នុងវិស័យនយោបាយ និងមិនទាន់បានត្រៀមខ្លួនជាអ្នកដឹកនាំ និងជាអ្នកនយោបាយនោះដែរ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថារបាយការណ៍នេះមានបំណងទាក់ទាញការយកចិត្តទុកដាក់របស់អ្នកនយោបាយ និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
«ការបោះឆ្នោតបន្តបន្ទាប់មកនេះគឺមានការធ្លាក់ចុះច្រើន តាំងពីជិត៩០ភាគរយរហូតដល់ជាង៦០ភាគរយ ដោយសារគាត់យល់ថា ការបោះឆ្នោតរបស់គាត់មិនសំខាន់។ ដូច្នេះវានឹងប៉ះពាល់ដល់ឆន្ទៈរបស់គាត់ក្នុងការចូលរួមសម្រេចនូវជោគវាសនារបស់ប្រទេសជាតិ ហើយក៏វាអាចឆ្លុះបញ្ចាំងពីមតិរបស់ប្រជាពលរដ្ឋមួយចំនួនដែលយល់ថា ការបោះឆ្នោតហ្នឹងមិនសំខាន់ដោយសារលទ្ធផលមិនអព្យាក្រិត ឬមិនមានទំនុកចិត្ត»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) មានប្រសាសន៍ថា របាយការណ៍នេះមិនមានអ្វីថ្មីនោះទេ។ ហើយគ.ជ.ប.បានកែសម្រួលជាច្រើនមកហើយដែរ។
«ចំណុចខ្លះទៀតមិនស្ថិតក្នុងសមត្ថកិច្ចរបស់គ.ជ.ប. ដែលកំណត់ដោយច្បាប់នោះទេ។ ដូចជាចំនួនស្ត្រីដែលចូលរួមជាបេក្ខជន គ.ជ.ប.បានលើកទឹកចិត្តដល់គណបក្សនយោបាយឲ្យខិតខំដាក់បេក្ខនារីក្នុងបញ្ជីឈ្មោះបេក្ខជន»។
ជាមួយគ្នានេះដែរ លោកជាម យៀប តំណាងរាស្ដ្រប្រចាំមណ្ឌលព្រៃវែងនិងជាមន្ដ្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានបកស្រាយថា គណបក្សរបស់លោកមិនបានបំពានការអនុវត្តច្បាប់នោះទេ។
«គណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំអំណាចមែន ប៉ុន្តែគណបក្សនេះយកច្បាប់ធ្វើជាមូលដ្ឋានក្នុងការអនុវត្តការងារទាំងអស់។ របាយការណ៍ដែលគេលើកឡើងហ្នឹង ខ្ញុំដឹងហើយថា គេចង់បានអ្វី ឬគំនិតរបស់គេយ៉ាងណា។ ប៉ុន្តែសូមជម្រាបថា អ្វីៗក៏ដោយ យើងមានច្បាប់ធ្វើជាមូលដ្ឋានសម្រាប់អនុវត្តរាល់ការងារទាំងអស់»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដាឆ្នាំនេះ។ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់សរុបជាង៩លាននាក់៕