ភ្នំពេញ៖ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងធ្លន់ៗដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងទោសអ្នកទោសនយោបាយដែលកំពុងជាប់ឃុំរួចមក មេដឹកនាំគណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសិទ្ឋិមនុស្សនិងគណបក្សសម រង្ស៊ី បានសំដែងសុទិដ្ឋិនិយមថាលោកនិងបានវិលត្រឡប់ចូលមកកាន់ប្រទេសកម្ពុជានៅមុនការបោះឆ្នោតដែលគ្រោងធ្វើនៅក្នុងខែកក្កដាខាងមុខនេះ។
កាលពីថ្ងៃអង្គារ៍នេះលោកMichael Posnerឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងលោកម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងអនុញ្ញាត្តិឲ្យលោកសម រង្ស៊ីមេដឹកនាំគណបក្សសង្គ្រោះជាតិឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញនៅមុនការបោះឆ្នោតដើម្បីធានាថាការបោះឆ្នោតអាចប្រព្រិត្តិទៅដោយសេរីយុត្តិធម៌និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
ការលើកឡើងរបស់លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើឡើងប៉ុន្មានខែបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងភ្នំពេញកាលពីខែវិច្ឆិកា។
លោកអូបាម៉ាមានជំនួបក្រៅផ្លូវការមួយជាមួយមេដឹកនាំខ្មែរគឺលោកហ៊ុន សែនក្រៅកិច្ចប្រជុំកំពូលអាស៊ាន។ លោកប្រធានាធិបតីអាមេរិកបានទាមទារឲ្យដោះលែងលោកម៉ម សូណង់ដូ និងបានលើកឡើងពីករណីមេដឹកនាំគណបក្សប្រឆាំងដើម្បីពង្រឹងទំនាក់ទំនងអោយកាន់តែប្រសើរឡើងថែមទៀតរវាងប្រទេសទាំងពីរ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រាប់VOAតាមទូរស័ព្ទពីប្រទេសបារាំងមកថាក្រោមការជួយជ្រោមជ្រែងពីអន្តរជាតិដែលរួមមានប្រទេសបារាំងនិងសហរដ្ឋអាមេរិកលោករំពឹងថានិងវិលមកកាន់ប្រទេសកម្ពុជាវិញនៅមុនការបោះឆ្នោត។
លោកមានប្រសាសន៍ថាបើការបោះឆ្នោតនោះមិនមានការចូលរួមពីមេដឹកនាំគណបក្សប្រឆាំងទេការបោះឆ្នោតនោះនិងមិនអាចយកជាការបានទេ។
«ពេលណាមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃយល់ច្បាស់អំពីស្ថានការណ៍ពិតប្រាកដគឺពេលនោះខ្ញុំនិងមកដល់ប្រទេសកម្ពុជាវិញភ្លាម»។
លោកសម រង្ស៊ីអាយុ៦៣ឆ្នាំត្រូវបានតុលាការកម្ពុជាកាត់ទោសកំបាំងមុខឲ្យជាប់ពន្ឋនាគាររយៈពេល១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងនិងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ព្រមទាំងប្រើប្រាស់ផែនទីក្លែងក្លាយ។
លោកសម រង្ស៊ី បច្ចុប្បន្ននេះកំពុងរស់នៅនិរទេសខ្លួនឯងក្នុងប្រទេសបារាំងក្រោយពីតុលាការបានកាត់ទោស។
ចំណែកលោកម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ឋនាគារ២០ឆ្នាំពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនិងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលគ្រប់គ្រងប្រទេសអស់រយះពេលជាង៣០ឆ្នាំ។
តុលាការសាលាឧទ្ធរណ៍នៅថ្ងៃទី៥ខែមិនាខាងមុខនេះនិងបើកសវនាការពេញអង្គសេចក្តីលើបណ្តឹងសារទុករបស់មេធាវីការពារជនជាប់ចោទ។
លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យបានរំពឹងថាលោកម៉ម សូណង់ដូអាចនិងត្រូវបានដោះលែងនៅសាលាឧទ្ធរណ៍។
«គឺអាចសាលាឧទ្ធរណ៍កាត់តម្រឹមហើយដោះលែងអោយមានសេរីភាពវិញមក។នេះមានឧទាហរណ៍ហើយ។ហើយក៍ឧទាហរណ៍ដូចគ្នានេះដែរគឺពីរឿងអន្តរាគមន៍របស់សហរដ្ឋអាមេរិក»។
លោកអ៊ុច បូរិទ្ឋរដ្ឋលេខាធិការក្រសួងការបរទេសបានបដិសេធថាកម្ពុជាមិនអាចដោះលែងលោកសម រង្ស៊ីនិងលោកម៉ម សូណង់ដូបានទេពីព្រោះនេះជាកិច្ចការរបស់តុលាការ។
លោកបាននិយាយថាសហរដ្ឋអាមេរិកកំពុងបង្រៀនកម្ពុជាអោយក្លាយទៅជាប្រទេសអនាធិបតេយ្យ។
លោកបណ្ឌិតឡៅ ម៉ុងហែបានរិះគន់ថាការប្រកាសបដិសេធរបស់កម្ពុជាគ្រាន់តែដោះសារនូវភាពទាល់ច្រកតែប៉ុណ្ណោះ។
លោកបាននិយាយថាតុលាការកម្ពុជាត្រូវបានរិះគន់ថាជាតុលាការមិនឯករាជ្យដោយសារចៅក្រមនិងព្រះរាជអាជ្ញាភាគច្រើនបំរើការងារឲ្យគណបក្សប្រជាជនកម្ពុជា៕