ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតចំនួនពីរច្បាប់ដាច់ដោយឡែកពីគ្នានៅថ្ងៃព្រហស្បតិ៍ទី១៨ ខែតុលានេះ ទៅថ្វាយព្រះមហាក្សត្រ និងជូនលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនដើម្បីសុំព្រះរាជអន្តរាគមន៍ និងអន្តរាគមន៍ដើម្បីឲ្យលោកអាចចូលក្នុងប្រទេសកម្ពុជាវិញបាន។
លិខិតដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែតុលា ត្រូវបានផ្ញើថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅថ្ងៃនេះ។ ក្នុងលិខិតដែលវីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាទទួលបាន លោកសម រង្ស៊ីសរសេរថា លោកចង់វិលត្រឡប់ចូលកម្ពុជាវិញដើម្បីគោរពវិញ្ញាណខន្ធអតីតព្រះមហាក្សត្រសម្តេចឪនរោត្តម សីហនុ។
អតីតព្រះមហាក្សត្របានយាងចូលទិវង្គតកាលពីថ្ងៃចន្ទ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយព្រះសពត្រូវបានយាងចូលកម្ពុជាកាលពីរសៀលថ្ងៃពុធ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានសរសេរទៅកាន់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ថា៖
«ខ្ញុំសូមសម្តេចមេត្តាជួយធ្វើអន្តរាគមន៍ដោយទឹកចិត្តយោគយល់ដ៏ខ្ពង់ខ្ពស់ដើម្បីឲ្យរូបខ្ញុំបានទៅគោរពព្រះវិញ្ញាណខន្ធព្រះសព និងបានឃើញព្រះភក្ត្រព្រះអង្គជាចុងក្រោយនៅរាជធានីភ្នំពេញ»។
លោក សម រង្ស៊ី បានបន្ថែមក្នុងលិខិតនោះថា ក្នុងឱកាសនៃអវត្តមាន «ជារៀងរហូត» នៃអតីតព្រះមហាក្សត្រ លោកយល់ឃើញថា វាជាការចាំបាច់ដែលលោកត្រូវជួយពង្រឹងការផ្សះផ្សា រូបរួម និងឯកភាពជាតិ «ដើម្បីជួយដោះស្រាយបញ្ហាខ្មែរដោយខ្មែរគ្នាឯង» តាមព្រះតម្រិះរបស់អតីតព្រះមហាក្សត្រ។
ប្រមុខដឹកនាំគណបក្សជំទាស់សរសេរក្នុងន័យនេះដែរទៅថ្វាយព្រះមហាក្សត្រ។
លោកសម រង្ស៊ី អតីតប្រធានគណបក្សសម រង្ស៊ី ត្រូវតុលាការខ្មែរផ្តន្ទាទោសពីបទដកតម្រុយបង្គោលព្រំដែនជាមួយប្រទេសវៀតណាមហើយបាននិរទេសខ្លួនទៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ។
លោកយឹម សុវណ្ណ តំណាងរាស្ត្រមណ្ឌលក្រុងភ្នំពេញ និងជាអ្នកនាំពាក្យមួយរូបរបស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាលិខិតដែលលោកសម រង្ស៊ីផ្ញើថ្វាយព្រះមហាក្សត្រ និងជូនលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនត្រូវបានទទួលដោយខុទ្ទកាល័យរបស់ព្រះអង្គ និងខុទ្ទកាល័យប្រមុខរដ្ឋាភិបាលរួចហើយ។
លោកយឹម សុវណ្ណ បញ្ជាក់ថា លោកសម រង្ស៊ី មានបំណងត្រឡប់ចូលកម្ពុជាវិញជាយូរណាស់មកហើយ។
«ជាការពិតលោកមានបំណងជាយូរយារណាស់មកហើយ។ គឺមានបំណងចូលមកបម្រើប្រទេសជាតិ»។
លោក ខៀវ កញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍នៅអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកាលពីថ្ងៃពុធម្សិលមិញនេះថា ករណីលោកសម រង្ស៊ីនៅតែស្ថិតលើការសម្រេចរបស់តុលាការដដែល។
«គាត់ចង់ចូល(ស្រុក)ជារឿងរបស់គាត់។ គាត់មកក៏បានដែរ ប៉ុន្តែរឿងនេះជារឿងរបស់តុលាការហើយតុលាការសម្រេចអ្វីផ្សេងទៀតយើងមិនអាចបញ្ជាតុលាការនោះទេ»។
ថ្វីបើក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សសង្គ្រោះជាតិដែលជាគណបក្សកើតឡើងពីការច្របាច់បញ្ចូលគ្នារវាងគណបក្សជំទាស់ពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ហើយលោកសម រង្ស៊ី ដែលជាប់ពិរុទ្ធត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះជាប្រធានគណបក្សថ្មីនេះក៏ប៉ុន្តែលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ជាច្រើនដងថា លោកសម រង្ស៊ីមិនអាចចូលរួមការបោះឆ្នោតបានទេដោយយោងតាមច្បាប់បោះឆ្នោតនៃប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអះអាងថា គណបក្សនេះកំពុងបន្តរៀបចំការពង្រីកបណ្តាញនិងស្លាកសញ្ញារបស់ខ្លួននៅតាមខេត្តក្រុងថ្វីបើអវត្តមានមេដឹកនាំរបស់ខ្លួនក៏ដោយ៕