វ៉ាស៊ីនតោន៖ មេដឹកនាំគណបក្សជំទាស់ក្នុងប្រទេសកម្ពុជានិយាយថា សមិទ្ធិផលរបស់រដ្ឋាភិបាល រាប់ទាំងការដោះស្រាយបូរណភាពទឹកដី បញ្ហាដោះស្រាយដីធ្លី ជាដើមនោះ មានការរួមចំណែករបស់គណបក្សជំទាស់ដែរ។
គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចជាង៣០ឆ្នាំកំពុងបង្ហាញសកម្មភាពនយោបាយរបស់ខ្លួនរឿងបញ្ហាបូរណភាពទឹកដី និងការដោះសា្រយដីធ្លី និងបញ្ហាមួយចំនួនទៀតដើម្បីទាញយកប្រជាប្រិយភាពឲ្យបានច្រើនជាងដៃគូប្រជែងរបស់ខ្លួនគឺគណបក្សជំទាស់របស់លោកសម រង្ស៉ី និងលោកកឹម សុខា មុនការបោះឆ្នោតសភាឆ្នាំ២០១៣ខាងមុខ។ ក៏ប៉ុន្តែមេដឹកនាំគណបក្សជំទាស់លោក កឹម សុខា នៃគណបក្សសិទ្ធិមនុស្ស និងជាអនាគតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបបញ្ចូលគ្នាជាមួយ គណបក្សសម រង្ស៉ីនោះ បានអះអាងថា គណបក្សគ្រប់គ្រងប្រទេសមិនអាច យកចំណេញនយោបាយតែម្នាក់ឯងបានទេចំពោះបញ្ហាដោះស្រាយរឿងដីធ្លី និងបញ្ហាបូរណភាពដែនដី ដោយលោកបានអះអាងថា អ្វីដែលជាដំណើរការរីកចម្រើន និងកិច្ចការរបស់រដ្ឋាភិបាលគឺកើតឡើងដោយសារតែជំនួយ ការចូលរួមជំរុញ និងការរិះគន់របស់គណបក្សជំទាស់។
«បើសិនជាអត់មានគណបក្សជំទាស់ជំរុញ លើកឡើងទេ គណបក្សកាន់អំណាចប្រហែលជានៅដេកស្ងៀមអត់ធ្វើបញ្ហាហ្នឹងឲ្យយើងបានដឹងទេ។ ទី២ បើសិនណាជាលទ្ធផលនេះគាត់ធ្វើ គណបក្សកាន់អំណាចបកស្រាយទៅ ធ្វើសកម្មភាពទៅបានជោគជ័យ អាជោគជ័យហ្នឹងក៏ប្រជាពលរដ្ឋលោកយល់ថា ជាជោគជ័យដោយសារគណបក្សជំទាស់លើកឡើង»។
លោកថ្លែងថា ប្រសិនបើប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សជំទាស់មានសម្លេង ច្រើននោះ រដ្ឋាភិបាលនឹងមានការផ្ទៀងផ្ទាត់ច្រើន ហើយមិនអាចធ្វើអ្វីបានតាម ចិត្ត។
«ផ្ទុយទៅវិញ បើគណបក្សកាន់អំណាចយកការបកស្រាយ ឬក៏ដំណោះស្រាយ ដូចបញ្ហាព្រំដែនក្តី បញ្ហាដីធ្លីក្តី ដោយធ្វើទៅគ្មានប្រសិទ្ធិភាព រឿងហ្នឹងរិតតែ បង្ហាញឲ្យប្រជាពលរដ្ឋមើលឃើញថា ទោះបីគណបក្សកាន់អំណាចខំដោះសារ យ៉ាងណាក៏ដោយ ក៏គាត់អត់មានចេតនា អត់មានសមត្ថភាព អត់មានឆន្ទៈ ពិតប្រាកដដោះស្រាយបញ្ហាហ្នឹងដែរ។ អញ្ចឹងប្រជាពលរដ្ឋត្រូវតែផ្លាស់ប្តូរគណបក្សកាន់អំណាច ផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្នដើម្បីឲ្យមកគណបក្សប្រឆាំងកាន់ អំណាចម្តង»។
មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាន ព្យាយាមបកស្រាយបំភ្លឺពីបញ្ហាព្រំដែននៅក្នុងរដ្ឋសភាទប់ទល់ជាមួយនឹងការ ចោទប្រកាន់រាប់សិបឆ្នាំរបស់ក្រុមជំទាស់ពីការបាត់ទឹកដី ហើយបានបង្កើតយន្ត ការដោះស្រាយបញ្ហាដីធ្លីក្នុងទំហំទ្រង់ទ្រាយធំតាមរយៈក្រុមយុវជនដើម្បី វាស់វែងនិងប្រគល់ប្លង់ដីស្ថាពរជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា។
ថ្លែងជាសាធារណៈក្នុងពិធីប្រគល់សញ្ញាប័ត្រក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ដែលទូរទស្សន៍ជាតិកម្ពុជាចាក់ផ្សាយទាំងស្រុងនោះ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានទទួលស្គាល់អំពីការចំណេញនយោបាយ តែលោកវាយប្រហារ អ្នករិះគន់មិនបញ្ចេញឈ្មោះដែលបានបង្ហាញរឿងនេះជាសាធារណៈ។
«ថ្ងៃទី១ខែសីហាគេថា លោកហ៊ុន សែនធ្វើហ្នឹងដើម្បីតែចំណេញនយោបាយ។ អញ្ចឹងបានខ្ញុំថា អាឆ្កួត ភ្លើម៉េះអ៎ា! បើធ្វើគ្រាន់តែខាតធ្វើៗអីអ៎ា! បើធ្វើសម្រាប់ប្រជាជនជេរម្រ៉ាយ មិនចាំបាច់ធ្វើទេ។ ធ្វើទៅប្រជាជនគាត់ពេញចិត្ត គាត់បានផលប្រយោជន៍ គាត់គាំទ្រ អាហ្នឹងជាកិច្ចការដែលយើងត្រូវធ្វើ»។
ថ្លែងតាមរយៈទូរទស្សន៍ជាតិកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្តបំភ្លឺពី បញ្ហាដោះស្រាយបញ្ហាព្រំដែនគោកមួយបែបគឺការកំណត់ព្រំសីម៉ាទៅតាមការ ជាក់ស្តែងរបស់ពលរដ្ឋក្នុងពេលដោះដូរភូមិទៅវិញទៅមករវាងកម្ពុជានិង វៀតណាម។
«ព្រោះជម្រើសកាត់ភូមិខ្មែរឲ្យវៀតណាម កាត់ភូមិវៀតណាមឲ្យខ្មែរ អាហ្នឹង ជម្រើសហ្នឹងទៅមិនរួចទេ។ រើភូមិវៀតណាមចេញនិងរើភូមិខ្មែរចេញ អាជម្រើសហ្នឹងក៏ទៅអត់រួចដែរ។ នៅតាំងពីដូនតា ផ្នូរខ្មោច ផ្នូរអីនៅត្រង់ហ្នឹងទាំងអស់។ អញ្ចឹងសល់ជម្រើសតែមួយគត់ដែលងាយស្រួលជាងគេគឺជម្រើសខ្សែផែនទីស៊ីរ៉េទៅតាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ អញ្ចឹងបាន ថ្ងៃមុនគេមានហេឡូវីអូអេ។ គេសួរទៅអ្នកស្វាយរៀង ឥឡូវដីបងឯងបាត់ហើយឬនៅ? ថាអត់ទាន់បាត់ទេ តែដល់ពេលគេបោះបង្គោល មុខតែបាត់ហើយ ហ្អា៎!»។
លោកហ៊ុន សែនបានបន្ថែមថា ដោយឆ្លៀតឱកាសបន្តវាយប្រហារក្រុមអ្នក រិះគន់រឿងបាត់បង់ទឹកដីផង ហើយលោកបានអះអាងថា អនុសារណៈនៃការយោគយល់គ្នាថ្ងៃទី២៣មេសាឆ្នាំ២០១១គឺធានាពីការមិនបាត់បង់ទឹកដីទេ។
ក្រុមជំទាស់រួមទាំងលោកកឹម សុខាផងអះអាងថា ទាំងលោក និងប្រជាពលរដ្ឋកម្ពុជាមិនបានយល់ស្របជាមួយនឹងការអះអាងតែម្ខាងពីការមិនបាត់ទឹកដីតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ ដោយសារការបកស្រាយមិនឲ្យមានការចូលរួមសួរដេញដោល។ ក៏ដូចគ្នាដែររឿងវាស់វែងដីធ្លីក៏មិនធ្វើតាមស្ថាប័នជាតិត្រឹមត្រូវដែរ។
«វាមិនមានប្រទេសណាគេធ្វើអញ្ចឹងទេ។ គេមានស្ថាប័នសម្រាប់ធ្វើការងារហ្នឹង។ ហេតុម៉េចបានអត់ប្រើប្រាស់ស្ថាប័នហ្នឹង? ដូច្នេះហើយវាអាចជាការលាក់លៀមបញ្ហាបច្ចេកទេសមួយ។ ដូចជាបញ្ហារឿងនេះគឺថា ទៅវាស់ដីដូចថា គ្រាន់តែទៅ ប្រថាប់ត្រាឲ្យពួកម្ចាស់ដីធំៗនោះដើម្បីឲ្យស្របច្បាប់ទេ»។
លោកកឹម សុខាបានបន្ថែមដោយសម្តែងការព្រួយបារម្ភថា យុវជនអាចត្រូវគេប្រើប្រាស់។ ក្រោយពីវាស់ដីជូនប្រជាពលរដ្ឋតិចតួចហើយ យុវជននេះនឹងក្លាយទៅជាអ្នកជួយសម្រួលដល់ពួកអ្នកមាន អ្នកធំដែលបានកិបកេងដីប្រជាពលរដ្ឋ។
លោកបណ្ឌិតសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានកត់ សម្គាល់ឃើញថា បញ្ហាព្រំដែននិងបញ្ហាវិបត្តិដីធ្លីគឺជារលកនយោបាយសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខដែលគណបក្សនយោបាយត្រូវពន្យល់ប្រជាពលរដ្ឋ នៅពេលបញ្ហាសេដ្ឋកិច្ចមិនអាចជាការទាក់ទាញការគាំទ្របានសម្រាប់គណបក្សគ្រប់គ្រងប្រទេសនោះ។
«អញ្ចឹងអ្នកនយោបាយគេសិក្សាហើយថា បញ្ហាដីធ្លី បញ្ហាព្រំដែនគឺជាបញ្ហាសំខាន់សម្រាប់ប្រយុទ្ធនៅឆ្នាំ២០១៣ ពីព្រោះសេដ្ឋកិច្ចមិនអាចរុញបានទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកសុខ ទូចបានបន្ថែមសេចក្តីថា គណបក្សគ្រប់គ្រងប្រទេសមានឥទ្ធិពលនិងមានប្រជាប្រិយភាព ដោយសារការដោះសា្រយរឿងដីធ្លី និងការពន្យល់ពីបញ្ហាព្រំដែន ប្រសិនបើគណបក្សជំទាស់មិនអាចរកអ្វីមកពន្យល់ប្រជាពលរដ្ឋឲ្យបានប្រាកដប្រជា និងមិនមានឯកសារភស្តុតាងច្បាស់លាស់។
លោកបណ្ឌិតពុទ្ធា ហង្ស អ្នកឃ្លាំមើលដំណើរការបោះឆ្នោត និងការវិវត្តន៍ នយោបាយនៅកម្ពុជានៃអង្គការនិចហ្វិច បានកត់សម្គាល់ពីឥទ្ធិពលរបស់ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះរចនាសម្ព័ន្ធនៅមូលដ្ឋាន នៅពេលដែលគណបក្សជំទាស់មានសម្លេងរាយបាយនៅឡើយ។ លោកពុទ្ធា ហង្សបានធ្វើការសន្និដ្ឋានពីគោលការណ៍មួយចំនួនដែលគណបក្សកាន់អំណាចនិងគណបក្សជំទាស់ប្រើប្រាស់ដើម្បីកៀងគរអ្នកបោះឆ្នោតនៅពេលខាងមុខ។
«គណបក្សកាន់អំណាចលោកនឹងប្រើប្រាស់យុត្តិសាស្ត្រ៧មករា ហើយនិង ហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស សំណង់ធំៗដែលលេចធ្លោឡើងក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។ ប៉ុន្តែសម្រាប់គណបក្សជំទាស់វិញ ហាក់ដូចជាបានប្រើប្រាស់នូវបញ្ហាបូរណភាពដែនដី បញ្ហាពុករលួយ ហើយនិង បញ្ហាដីធ្លី គឺជារឿងយុត្តិសាស្ត្រដែលធ្វើការឃោសនាជំទាស់ទៅនឹងគណបក្ស កាន់អំណាច»។
ទោះជាយ៉ាងណាក៏ដោយ លោកកឹម សុខាបានអះអាងថា គណបក្សថ្មីគឺគណ បក្សសង្គ្រោះជាតិកំពុងតាក់តែងយុត្តិសាស្ត្រចុងក្រោយ ហើយនឹងបញ្ចេញនៅ មុនការបោះឆ្នោតខាងមុខ។ តែលោកនិងក្រុមអ្នកវិភាគអះអាងថា បញ្ហាបូរណភាពដែនដី បញ្ហាដីធ្លី បញ្ហាអន្តោប្រវេសន៍ បញ្ហាអត់ការងារធ្វើ បញ្ហាជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ បញ្ហាសុខាភិបាល បញ្ហាអប់រំ និងបញ្ហាសង្គមមួយចំនួនទៀតជារឿងដែលត្រូវលើកយកមកពន្យល់ដល់ប្រជាពលរដ្ឋ នៅពេលឃោសនាបោះឆ្នោតសភាថ្ងៃ២៨កក្កដាឆ្នាំ២០១៣ខាងមុខ៕