ពីមួយអាណត្តិទៅមួយអាណត្តិ សន្ទុះនៃភាពសកម្មនិងចំនួនសកម្មជនដែលគាំទ្រនិងចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានកើនឡើងជាបន្តបន្ទាប់ ខណៈវិធានការបង្ក្រាបនិងរឹតត្បិតសំឡេងនិងសកម្មភាពនយោបាយរបស់គណបក្សប្រឆាំងក៏កើនឡើងផងដែរ។
លោក ប៊ិន សុក្រា គឺជាសកម្មជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជាដែលចុះជួយមូលដា្ឋនស្រុកក្រគរ ខេត្តពោធិ៍សាត់ អស់រយៈពេលប្រមាណ៧ឆ្នាំមកហើយ។ សកម្មជនវ័យ ៣៤ ឆ្នាំរូបនេះ បានសម្រេចធ្វើជាសមាជិកនៃគណបក្សនេះ ដោយសារតែលោកពេញចិត្តនឹងការដឹកនាំ និងគោលនយោបាយសំខាន់ៗដែលបានដាក់ចេញរបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «អ្វីដែលសំខាន់ហ្នឹងគឺគោលនយោបាយរបស់គណបក្សប្រជាជន គឺអាចទទួលយកគ្រប់រូប បងប្អូនគ្រប់គ្នា មិនប្រកាន់ពណ៌សម្បុរឡើយ គឺរួមរស់នៅជាមួយបាន ចូលរួមជួយបានតាមអ្វីដែលជាការយល់ដឹងរបស់យើង»។
នៅរាជធានីភ្នំពេញឯណោះវិញ លោក នៅ វណ្ណេត បានក្លាយជាអ្នកគាំទ្រគណបក្សកាន់អំណាចនេះ អស់រយៈពេលជិត២០ឆ្នាំមកហើយ។ មិនខុសពីលោក ប៊ិន សុក្រា អ្នកគាំទ្រវ័យ ២៦ ឆ្នាំរូបនេះ ពេញចិត្តនឹងយុទ្ធសាស្រ្តដឹកនាំ និងការអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជា។ លោក វណ្ណេត បានប្រាប់វីអូអេថា ការចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដោយផ្ទាល់ ពីព្រោះលោកបានមើលឃើញពីគុណសម្បត្តិជាច្រើនរបស់គណបក្សកាន់អំណាច ជាពិសេសក្នុងអំឡុងវិបត្តិកូវីដ១៩ និងឥទ្ធិពលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកថ្លែងថា៖ «ខ្ញុំមើលពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនហ្នឹង ហើយបើយើងមើលឱ្យស្រួល ឱ្យច្បាស់ ខ្ញុំឧទាហរណ៍ត្រឹមតែករណីសម័យកូវីដ ហើយមកឥឡូវយើងឃើញថា តើគាត់បានខិតខំយ៉ាងម៉េច យកចិត្តទុកដាក់យកម៉េចទៅលើប្រជាជន ដូចជារកវ៉ាក់សាំង រកថ្នាំអ៊ីចឹង ហើយទៀតសោត អ្នកដែលប៉ះពាល់ពីកូវីដ ឬក៏បញ្ហាផ្សេងៗដូចសង្រ្គាមអី រុស្សី និងអ៊ុយក្រែន គឺឃើញរដ្ឋផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកដែលរងគ្រោះ។ ហើយបើយើងមើលពីទំហំសេដ្ឋកិច្ចការជួយនេះគឺវាធំ បើប្រៀបធៀបនឹងប្រទេសយើងដែលមិនសូវមានបានដូចគេ»។
លោក នៅ វណ្ណេត និងលោក ប៊ិន សុក្រា ស្ថិតនៅក្នុងចំណោមសកម្មជននិងអ្នកគាំទ្រប្រមាណ ៦ លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដែលជាសមាជិកមានឈ្មោះបម្រើគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យរបស់គណបក្ស លោក សុខ ឥសាន។
គិតចាប់តាំងពីឆ្នាំ ១៩៩៨ ដែលជាការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ២ គណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈចំនួន ៦៤ ក្នុងរដ្ឋសភា។ ជាបន្តបន្ទាប់មក ទាំងការបោះឆ្នោតឃុំ-សង្កាត់ ឬការបោះឆ្នោតថ្នាក់ជាតិក្តី គេតែងឃើញថា គណបក្សប្រជាជនកម្ពុជាតែងទទួលជ័យជម្នះ បើទោះបីតែងតែរងការរិះគន់ពីការរឹតត្បិតសិទ្ធិសេរីភាព និងភាពមិនប្រក្រតីអំពីដំណើរការបោះឆ្នោតក្តី។ ជាក់ស្តែង នៅឆ្នាំ ២០១៨ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយក្នុងប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈទាំង ១២៥ នៅរដ្ឋសភាជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី ៦។
សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា សកម្មជននិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលវីអូអេបានសម្ភាសន៍ ដូចជាលោក នៅ វណ្ណេត និងលោក ប៊ិន សុក្រា រំពឹងថា គណបក្សកាន់អំណាចមួយនេះនឹងទទួលបានជ័យជម្នះដូចអាណត្តិមុនដែរ។
ក៏ប៉ុន្តែការរំពឹងនូវជ័យជម្នះនិងការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាច្រើនទសវត្សរ៍មកហើយនោះ កើតមាន ស្របពេលដែលគណបក្សកាន់អំណាចមួយនេះរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងស្ថានភាពធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ក្រោយពីមានការធ្វើទុក្ខបុកម្នេញលើក្រុមសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សប្រឆាំងជាបន្តបន្ទាប់ រួមមានការបិទស្ថាប័នសារព័ត៌មានក្នុងស្រុកចុងក្រោយគេ គឺវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី និងការសម្រេចមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងធំជាងគេមួយ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅខែកក្កដាជាដើម។
សកម្មជននិងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាដែលវីអូអេបានសម្ភាសន៍ បានឆ្លើយតបនឹងការរិះគន់ទាំងនោះថា ការចាត់វិធានការរបស់រដ្ឋាភិបាលធ្វើឡើងតាមការអនុវត្តច្បាប់។ ពាក់ព័ន្ធនឹងការរិះគន់អំពីលទ្ធិប្រជាធិបតេយ្យ លោក ប៊ិន សុក្រា យល់ថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សកាន់អំណាច មានលទ្ធិប្រជាធិបតេយ្យតាមបែបបទកម្ពុជា។
លោកថ្លែងថា៖ «ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បើយើងនិយាយពីដោយឡែករបស់កម្ពុជា គឺលទ្ធិប្រជាធិបតេយ្យតាមបែបកម្ពុជាសិ្ថតនៅក្រោមរដ្ឋធម្មនុញ្ញតាមការកំណត់។ អ៊ីចឹង ៥ ឆ្នាំប្រជាពលរដ្ឋមានសិទ្ធិទៅបោះឆ្នោត មិនអាចយកលទ្ធិប្រជាធិបតេយ្យនៅស្រុកដទៃមកប្រៀបធៀបថានេះគេធ្វើអ៊ីចេះបានអីចុះបានទេ»។
ចំណែកលោក នៅ វណ្ណេត វិញ យល់ថា ការរិះគន់ចំពោះការបិទប្រព័ន្ធផ្សព្វផ្សព្វផ្សាយមួយចំនួន និងការមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងចូលរួមការបោះឆ្នោត គឺជារឿងមិនត្រឹមត្រូវ។
លោកថ្លែងថា៖ «មូលហេតុដែលត្រូវបានបិទមួយចំនួនហ្នឹង គឺរាជរដ្ឋាភិបាលក៏បានប្រកាសដែរ គឺដោយសារតែគាត់រំលោភនូវចំណុចនេះ ចំណុចនោះ។ ហើយខ្ញុំមិនស៊ីជម្រៅលើរឿងហ្នឹងទេ។ ប៉ុន្តែបើយើងនិយាយមួយបែបទៀត យើងឃើញថា រាល់ថ្ងៃប្រព័ន្ធផ្សព្វផ្សាយយើងច្រើន យើងមិនមែនមានតែមួយពីរដែលត្រូវបានបិទនោះទេ យើងមានច្រើន។ អ៊ីចឹងខ្ញុំគិតថា ការដែលយករឿងភាគតិចមកសន្មតថាវាទាំងអស់ ខ្ញុំគិតថាដូចជាមិនទាន់ត្រឹមត្រូវទេ»។
ជាទូទៅ គេអាចសម្គាល់សកម្មជននិងអ្នកគាំទ្រគណបក្សកាន់អំណាចបាន តាមរយៈការជជែកដែលលើកឡើងអំពីការអភិវឌ្ឍ សន្តិភាព ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេស ដោយកម្រឮអំពីរឿងអវិជ្ជមាន ឬភាពអសកម្មណាមួយណាស់។ ការណ៍នេះផ្ទុយពីយុវជនគាំទ្រគណបក្សប្រឆាំង ឬយុវជនមួយចំនួនដែលមាននិន្នាការកណ្តាល ដែលតែងលើកយកបញ្ហាសង្គម អំពើពុករលួយ និងភាពអសកម្មនានាក្នុងប្រទេសមកជជែក។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លើកឡើងថា កត្តាដែលបានជំរុញឱ្យយុវជនគាំទ្រគណបក្សប្រជាជនកម្ពុជា គឺដោយសារតែកម្លាំង និងស្ថានភាពនយោបាយក្នុងពេលបច្ចុប្បន្ន មិនមានគណបក្សនយោបាយណាមួយមានសមត្ថភាពខ្លាំងដូចគណបក្សកាន់អំណាច។ លោកបន្តថា ឥទ្ធិពលនៃមនោគមវិទ្យាតាមរយៈការកសាង ឬសកម្មភាពផ្សេងៗ ក៏ជាផ្នែកមួយដែលបានជំរុញឱ្យយុវជនកាន់តែគាំទ្រគណបក្សនេះផងដែរ។
លោកថ្លែងថា៖ «ភាពខ្លំាង ភាពមានធនធាន និងធនធានមនុស្ស និងសម្ភារៈហរិញ្ញវត្ថុហ្នឹងគឺគណបក្សកាន់អំណាចមានប្រៀបជាងគេហើយ។ កាលណាចូលទៅក្នុងបក្សនេះ [គណបក្សប្រជាជនកម្ពុជា] ទៀតសោតក៏មានគេហៅថា ការជួយជ្រោមជ្រៀងច្រើនអំពីសកម្មជនគណបក្សដែលសុទ្ធតែដឹកនាំ កូនចៅថ្នាក់ដឹកនាំ។ អ៊ីចឹងធ្វើឱ្យគេមានមោទនភាព ហើយគេបាត់មិនរងដែលហៅថា ការរងទុក្ខទោស ឬការគំរាមគំហែងនៅក្នុងលក្ខណៈណាមួយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយដែលលម្អៀងទៅគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន ព្រមទាំងបណ្តាញសាធារណជននៅតាមមូលដ្ឋាន ជាមធ្យោបាយដ៏សំខាន់របស់គណបក្សកាន់អំណាចក្នុងការឃោសនានយោបាយរបស់ខ្លួនកាន់តែខ្លាំង។
លោកថ្លែងថា៖ «បណ្តាញសាធារណជន ឬក៏បណ្តាញសកម្មជននៅតាមមូលដ្ឋានពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺមានរចនាសម្ព័ន្ធគ្រឹះច្រើន ដល់អ៊ីចឹងធ្វើឱ្យយុវជនទទួលបានព័ត៌មានខាងហ្នឹងច្រើនជាងគេ។ អ៊ីចឹងធ្វើឱ្យអ្នកបោះឆ្នោតហ្នឹងងាក ឬក៏ហៅថាអ្នកដែលចូលរួមសកម្មភាពនយោបាយហ្នឹងងាកទៅធ្វើតាម ឬក៏ងាយចូលទៅឃោសនា ឬចូលរួមការឃោសនាបោះឆ្នោតហ្នឹង»។
យ៉ាងណាមិញ ទោះបីជាពេញចិត្តនឹងការអភិវឌ្ឍនិងភាពរីកចម្រើននៅក្នុងវិស័យជាច្រើន ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាក្តី ក៏អ្នកគាំទ្រគណបក្សកាន់អំណាចបានលើកឡើងស្រដៀងគ្នាថា ពួកគេចង់ឃើញគោលនយោបាយថ្មីរបស់គណបក្ស ដោយងាកមកពង្រឹងបន្ថែមលើវិស័យអប់រំ សេដ្ឋកិច្ច និងកសិកម្មជាដើម ដើម្បីអាចធ្វើឱ្យកម្ពុជាមានការរីកចម្រើនថែមមួយកម្រិតទៀត។
លោក នៅ វណ្ណេត ចង់ឃើញវិស័យអប់រំមានការអភិវឌ្ឍល្អប្រសើរជាងមុន ពីព្រោះលោកយល់ថា ពិភពលោកទាំងមូលកំពុងដើរតាមប្រព័ន្ធឌីជីថល ហើយការធ្វើបច្ចុប្បន្នភាពលើវិស័យអប់រំ គឺប្រៀបបាននឹងការធ្វើឱ្យប្រទេសជាតិរីកចម្រើនកាន់តែខ្លាំង។
លោកថ្លែងថា៖ «ធម្មតាមនុស្សរស់នៅជាសង្គម ហើយមនុស្សកើតមកគឺអត់ចេះទេ មានតែការអប់រំការប្រៀនប្រដៅ ទើបធ្វើឱ្យគាត់យល់ថា តើគាត់រស់នៅក្នុងសង្គមមួយគាត់មានតួនាទីធ្វើអី គាត់គួរតែធ្វើអីជួយអីដល់សង្គម។ ការអប់រំទៀតសោត ខ្ញុំស្រមៃថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ធ្វើម៉េចដាក់ចេញយុទ្ធសាស្ត្រអប់រំឱ្យសមទៅហ្នឹងបរិបទសកលឥឡូវ ខ្ញុំបានន័យថា យើងដឹងហើយថា ឥឡូវជាសម័យឌីជីថល សម័យបច្ចេកវិទ្យា»។
ចំណែកកញ្ញា លីន លីហ្សា អាយុ២១ឆ្នាំ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាម្នាក់ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា កញ្ញាចង់ឱ្យវិស័យកសិកម្មក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុន ដោយលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក។
កញ្ញាថ្លែងថា៖ «សម្រាប់ខ្ញុំវិញគោលនយោបាយដែលចង់ឱ្យអភិវឌ្ឍន៍ជាងគេគឺ សេដ្ឋកិច្ច [និង]កសិកម្ម។ គោលនយោបាយសេដ្ឋកិច្ច [និង]កសិកម្មហ្នឹងអាចនិយាយបានថាចង់ឱ្យ គឺចង់លើកកម្ពស់ផលិតផលកសិកម្ម តាមរយៈធ្វើឱ្យវិស័យកសិកម្មដើរតួរជាកម្លាំងជំរុញសម្រាប់កំណើនសេដ្ឋកិច្ច ហើយនិងកាត់បន្ថយភាពក្រីក្រជាងមុន»។
ក៏ប៉ុន្តែ សំណួរដ៏សំខាន់នៅតែចោទដដែលអំពីប្រសិទ្ធភាពនិងគុណភាពស្ថាប័នរបស់រដ្ឋាភិបាលឯកបក្ស ដែលគ្មានសំឡេងតស៊ូមតិនិងមតិ«តំណាងឱ្យក្រុមច្រើន» ក្នុងការបង្កើតគោលនយោបាយថ្មីដែលក្រុមអ្នកគាំទ្ររបស់គណបក្សប្រជាជនចង់ឃើញនោះ។
លោក នៅ វណ្ណេត ថ្លែងថា៖ «ព្រោះថាកាលណាបើយើងនិយាយពីលទ្ធិប្រជាធិបតេយ្យគឺយើងមានសំឡេងច្រើនចូលរួម យើងធ្វើអី គឺយើងផ្អែកទៅលើមតិភាគច្រើន បានន័យថា កាលណាយើងនិយាយពីមតិភាគច្រើន យើងមានធាតុចូលពីក្រុមផ្សេងៗគ្នា។ អ៊ីចឹងខ្ញុំគិតថា ការសម្រេចចិត្ត ឬការដាក់ចេញនូវអ្វីមួយ វាតំណាងឱ្យក្រុមច្រើន»៕