ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី និង​សាច់ញាតិ៖ សេរីភាព​លោក រ៉ុង ឈុន ពឹង​លើ​ជំហរ​មិន​លម្អៀង​របស់​សាលាឧទ្ធរណ៍


រូបឯកសារ៖ អ្នកតវ៉ា ​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកតវ៉ា ​លើក​បង្ហាញ​រូប​លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ដែល​ត្រូវ​ចាប់ខ្លួន ក្រោយ​និយាយ​រិះគន់​ពីបញ្ហា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ (ហ៊ុល រស្មី/វីអូអេ)

សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​ នឹង​ធ្វើការ​ជំនុំជម្រះបណ្តឹង​សារទុក្ខ​របស់លោក ​រ៉ុង ឈុន និង​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន​ពីរ​រូប​ទៀតដែលត្រូវ​សាលាដំបូង​ កាត់​ទោស​ឲ្យជាប់​ពន្ធនាគារពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្នុង​សំណុំរឿង​ព្រំដែនកម្ពុជា​ វៀតណាម​។

​ក្រុមមេធាវី​ និង​សាច់​ញាតិ​ អំពាវនាវ​ឲ្យ​តុលាការ​រក្សា​ឯករាជ្យ​ភាព នៅ​ពេលបើក​សវនាការ​ជម្រះ​ក្តី​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ២រសៀល​ ថ្ងៃ​ទី២៥ ខែ​តុលា​ខាង​មុខ​នេះ​។

មេធាវី​ការពារ​ក្តី​លោក ​សំ សុគង់​ បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធនេះ​ថា ក្រុម​មេធាវី​ការពារ​ក្តី​កំពុង​ត្រៀម​ខ្លួន​ចូលរួម​ការពារក្តី​នៅសាលា​ឧទ្ធរណ៍​ ដែល​ជាក្តី​សង្ឃឹម​មួយ ​ដើម្បី​ជួយឲ្យ​លោក ​រ៉ុង ឈុន​ និង​កូនក្តី​ពីរនាក់​ បាន​ទទួល​សេរីភាព​វិញ​។

លោកថ្លែងថា​៖ «ការ​សង្ឃឹម​របស់​ក្រុម​មេធាវី​ ក៏ដូចជាកូនក្តី​ សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​ពិនិត្យ​ឡើង​វិញ​ ហើយ​ផ្តល់​ភាព​យុត្តិធម៌ ហើយ​ជា​លទ្ធផល​ គឺ​ថា កូនក្តី​ទទួល​បាន​យុត្តិធម៌ និង​មាន​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ពេល​សវនាការ​ឧទ្ធរណ៍​ខាង​មុខ»។

កាល​ពី​ខែ​សីហា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទា​ទោស​លោក ​រ៉ុង ឈុន មេដឹកនាំ​សហជីព​មួយ​រូប​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ចូលថវិការដ្ឋ​ចំនួន​២លាន​រៀល​ពី​«បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

រូបឯកសារ៖ អ្នកតវ៉ានៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​លោក តុន និមល អាយុ​៣៨ឆ្នាំ និង​អ្នកស្រី យ៉យ ស្រីមុំ អាយុ​៥០ នៅពេល​តុលាការ​ក្រុង​ភ្នំពេញជំនុំជម្រះ​ អ្នកចូលរួម​តវ៉ា​ក្នុង​ព្រឹត្តការណ៍​២៣តុលា ឆ្នាំ២០២០ នៅ​មុខ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អ្នកតវ៉ានៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ កាន់​រូបថត​លោក តុន និមល អាយុ​៣៨ឆ្នាំ និង​អ្នកស្រី យ៉យ ស្រីមុំ អាយុ​៥០ នៅពេល​តុលាការ​ក្រុង​ភ្នំពេញជំនុំជម្រះ​ អ្នកចូលរួម​តវ៉ា​ក្នុង​ព្រឹត្តការណ៍​២៣តុលា ឆ្នាំ២០២០ នៅ​មុខ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា។ (ហ៊ុល រស្មី/វីអូអេ)

​ចំណែក​ឯអតីត​សកម្មជន​បក្ស​ប្រឆាំង គឺ​កញ្ញា​ ស កន្និកា និង​លោក​ តុន និមលដែល​ស្ថិត​ក្នុង​សំណុំ​រឿង​នេះដែរ​ ​ក៏ត្រូវ​បានតុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ​ក្នុង​ម្នាក់ៗ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ ២លាន​រៀល​ចូល​រដ្ឋ​ផង​ដែរ។ អ្នក​ទាំង​បី ក៏​ត្រូវ​សង​ការ​ខូចខាត​ទៅ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ក្នុង​ទឹក​ប្រាក់​សរុប ​៤០០​លាន​រៀល ​(ឬជិត​១០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក)​។ នេះ​បើ​តាម​សាលក្រម​របស់​សាលាដំបូង​រាជធានីភ្នំពេញ​។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី​ អ៊ុក​ ឆាយ៉ាវី បន្ត​ប្រកាន់​ជំហរ​ថា​ លោក ​រ៉ុង ឈុន និង​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ខាង​លើ​ មិនមាន​កំហុស​នោះ​ទេ និង​គួរ​តែ​ត្រូវ​បាន​ដោះលែង​។ លើស​ពី​នោះ​ អ្នក​ស្រី​ស្នើឲ្យតុលាការ​ប្រកាន់​យក​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ ដោយ​មិនមាន​ភាព​លម្អៀង​ផ្នែក​នយោបាយ​ នៅពេល​ធ្វើ​ការ​ជំនុំ​ជម្រះ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ​រ៉ុង ឈុន។

អ្នកស្រី​បានប្រាប់វីអូអេថា៖ «សំណូម​ពរ​ទៅ​ដល់​តុលាការ​ សូម​កុំ​ឲ្យ​យក​ជីវិត​មនុស្ស​ទៅ​ធ្វើ​ជា​ល្បែង​នយោបាយ​។ បើ​កំហុស​របស់​លោក​ រ៉ុង ឈុន​ ប្រព្រឹត្ត​ហ្នឹង​ មិនមែន​គិត​ពី​បញ្ហា​សង្គម​ជាតិ​ គឺ​ជា​អ្នក​បំផ្លាញ​ប្រទេស​ជាតិ គាត់​សម​នឹង​ទទួល​ទោស។ តែ​គាត់​ធ្វើ​នេះ​ គ្រាន់​ចង់​ឲ្យ​ប្រទេស​ជាតិ​ ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ ហើយ​នឹង​បូរណភាព​នៅ​គង់វង្ស»។

​លោក រ៉ុង វិជ្ជា ក្មួយ​ប្រុស​របស់​លោក​ រ៉ុង ឈុន បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​បង្ហាញ​ក្តី​សង្ឃឹម​ថា លោក​ រ៉ុង ឈុន​ នឹង​ទទួល​បាន​ការ​ដោះលែង ប្រសិន​បើ​តុលាការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ឥតលម្អៀង​។

លោក​និយាយ​ថា៖​ «កន្លង​មក​ក៏​យើង​កត់សម្គាល់​ដែរ​ចំពោះ​តុលាការ​ យើង​ធ្វើ​ទៅ​តាម​នីតិវិធី​ ហើយ​អ្វី​ដែល​យើង​សង្ឃឹម​នៅ​តែ​មាន​។ ប៉ុន្តែ ​ប្រសិន​បើ​ជា​តុលាការ​មួយ​ឯករាជ្យ​ គឺប្រាកដ​ជា​ នឹង​មាន​ការ​លើកលែង​ទោស​ ទម្លាក់​ចោល​បទ​ចោទប្រកាន់​ចំពោះ​លោក​ពូ​របស់​ខ្ញុំ»។

បើតាម​លោក ​រ៉ុង វិជ្ជា ការបញ្ជូន​ខ្លួន​លោក ​រ៉ុង ឈុន​ ដែលបាន​ផ្តល់​ការអត្ថាធិប្បាយ​ ទាក់​ទងនឹង​បញ្ហា​ព្រំដែន​ មក​ទទួល​ការជំនុំជម្រះ​ទោស​នៅ​តុលាការនោះ​ ​ជា​ការ​គំរាមកំហែង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។ ​

នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ លោក អំ សំអាត បាន​លើកឡើង​ថា សហគមន៍​អន្តរជាតិ និង​សង្គមស៊ីវិល​ចាត់​ទុក​ករណី​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​លោក​ រ៉ុង ឈុន​ និង​អតីត​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ពីរ​រូប​ទៀតជា​រឿង​នយោបាយ​ជាជាង​ការ​អនុវត្ត​ច្បាប់។

លោកប្រាប់​វីអូអេ​បន្ថែមថា អ្នកទាំង​បី​អាចនឹង​ត្រូវបាន​តុលាការ​ដោះលែង​ ប្រសិន​បើមានដំណោះស្រាយ​ផ្នែក​នយោ​បាយ​ណា​មួយនោះ​។

លោកថ្លែង​ថា៖ «ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្តែង​ហ្នឹង​ គឺតែង​តែ​មាន​ការ​ផ្សារភ្ជាប់​។ គេ​ថា បើ​សិន​ជា​រឿង​ពាក់ព័ន្ធ​នឹង​សកម្ម​ជន​នៃ​គណ​បក្ស​នយោបាយ ដែល​ទាក់ទង​នឹងព្រឹត្តិការណ៍​នយោបាយ​ផ្សេងៗ គឺ​នៅ​ពេល​ដែល​មាន​ការ​ចរចា​ដំណោះស្រាយ​នយោបាយ​ណា​មួយ​ មាន​ភាព​ធូរស្រាល។ អីចឹង​ សកម្មជន​ទាំងអស់​ហ្នឹង​ អាច​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​ក៏​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ»។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អ.ស.ប.​ ដែល​រួមមាន​លោក វិទិត ម៉ុន​តារបន ​(Vitit Muntarbhorn)​ អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​និង​អ្នកស្រី​ ម៉ារី​ ឡល័រ​ (Mary Lawlor) អ្នករាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​ការពារសិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​ បាន​ហៅ​ការ​ផ្តន្ទាទោស​លោក​ រ៉ុង ឈុន​ និង​សកម្ម​ជន​ពីរនាក់​ទៀត ជា​«ការ​បង្រ្កាប​ជាប្រព័ន្ធ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​សីហា​។

អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​លោក ​រ៉ុង ឈុន​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​ បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ហើយ​បាន​ជួប​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ដែល​អះអាង​ថា​ ដី​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា​។

ក្រោយ​ការ​ចាប់​ខ្លួន​មេដឹក​នាំ​សហជីព​រូប​នោះ​ សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង​ជាង​១០​នាក់​ បាន​ចេញ​មុខ​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​លោក រ៉ុង ឈុន​។ ការ​តវ៉ា​នៅ​ភ្នំពេញ ជា​ពិសេស​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញនិង​ការប៉ុនប៉ង​ទៅ​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​ ក្នុង​ខណ្ឌ​ឬស្សី​កែវ ដើម្បី​ស្វែង​រក​យុត្តិ​ធម៌ជូន​លោក ​រ៉ុង​ ឈុន​នោះ នាំ​ឲ្យក្រុម​អ្នកតវ៉ា​វ័យ​ក្មេង​ទាំងនោះ ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។

​ការ​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា ​និង​វៀត​ណាម​ដែល​មាន​ប្រវែង​១.២៧០​គីឡូម៉ែត្រ​ គឺ​ជា​ចំណុច​រសើប​ក្នុង​នយោបាយ​កម្ពុជារាប់​ទសវត្សរ៍​មក​ហើយ។ ​អ្នក​តវ៉ា ​ឬ​រិះគន់​អំពី​បញ្ហា​ព្រំដែន​នេះ ​ជារឿយ​ៗទទួល​រង​ការ​ព្រមាន​ការ​គាប​សង្កត់ ឬ​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG