ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ចំណេះដឹង​ភាសា​អង់គ្លេស​របស់​និស្សិត​ក្លាយ​ជា​ក្តីបារម្ភ​នៅ​កម្រិត​ឧត្តម​សិក្សា


រូបឯកសារ៖ និស្សិតពាក់ម៉ាស់​​ដើរ​តាម​សួន​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​ ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ និស្សិតពាក់ម៉ាស់​​ដើរ​តាម​សួន​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​ ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ក្លាយ​ជា​កង្វល់​របស់​និស្សិត​មួយ​ចំនួន​នៅ​ថ្នាក់​ឧត្តម​សិក្សា​ដូច​ជាកញ្ញា ​ទន់ ម៉េងលី​ ដែល​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​២​ ផ្នែក​សុខាភិបាល​ នៅ​ក្នុង​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

កញ្ញា ​ម៉េងលី​ ប្រាប់​វីអូអេ​ថា​ នាង​មាន​ការ​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ ដោយ​សារ​ការ​យល់​ដឹង​របស់​នាង​ក្នុង​ការ​ប្រើប្រាស់​ភាសា​អន្តរជាតិ​មួយ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ទាំង​ក្នុង​ការ​និយាយ​ និង​ការ​សរសេរ។​ ការ​នេះ​នាំ​ឱ្យ​ការ​សិក្សា​ស្រាវជ្រាវ​របស់​នាង​ជួប​បញ្ហា​ច្រើន​ ព្រោះ​ឯក​សារ​ពាក់ព័ន្ធ​ជាច្រើន​សម្រាប់​មុខ​វិជ្ជា​ពេទ្យ​របស់​នាង​ ភាគ​ច្រើន​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស។​

កញ្ញា​ថ្លែង​ថា៖​ «ពេល​ខ្លះ ​លោក​គ្រូ​អ្នក​គ្រូ​គាត់​ដាក់​កិច្ចការ​ (assignment) ​ឱ្យ​យើង​ធ្វើ​ដូច​ជា​ការ​ស្រាវជ្រាវ​ឬ​ជា​កិច្ចការ​នៅ​ផ្ទះ​ (homework)​ អ៊ីចឹង​យើង​ធ្វើ​ទាំង​អត់​យល់​ហើយ​អត់​ចេះ​អាន ​ពេល​ខ្លះ​វា​ខាត​ពេល​ទៀត​ដូច​គេ​ធ្វើ​មួយ​ភ្លែត​ អ៊ីចឹង​យើង​ធ្វើ​យូរ​ដោយ​សារ​តែ​យើង​នៅ​បកប្រែ​(google translate)។​ ពេល​ខ្លះ​យើង​បក​មួយ​ពាក្យៗ​ ពេល​ខ្លះ​ទៅ​យើង​ត្រូវ​ឱ្យ​មិត្តភ័ក្តិដែល​ចេះ​អង់គ្លេស​ជួយ​យើង​ទៀត។​ អ៊ីចឹង​វា​ខាត​ពេល​វេលា​ហើយ​វា​ពិបាក»។​

កញ្ញា​ ទន់​ ម៉េងលី ​ធ្លាប់​ចុះ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​ម្តង​ នៅ​ឯ​ប្រទេស​វៀតណាម​ កាល​ពីឆ្នាំ ​២០២៣។ ​នាង​មាន​ផល​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដែល​ចូល​រួម​កម្ម​វិធី​នោះ​ ព្រោះ​អ្នក​ចូលរួម​ផ្សេង​ទៀត​ ​និយាយ​តែ​ភាសា​អង់គ្លេស​ប៉ុណ្ណោះ។​

កញ្ញា​បន្ថែម​ថា៖​ «ប្រទេស​ដែល​ចូល​រួម​មាន​តែ​ប្រទេស​កម្ពុជា​ ហើយ​នឹង​ប្រទេស​វៀតណាម​ទេ​ ហើយ​កត្តា​ដែល​ពិបាក​នោះ​គឺ​ ទី ១​ ពិបាក​ក្នុង​ការ​និយាយ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រទេស​វៀតណាម​ ទី ២​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ឆ្ងល់​ពី​អី​មួយ​ អ៊ីចឹង​គឺ​យើង​ពិបាក​និយាយ​ជាមួយ​គេ»។​

ស្រដៀង​គ្នា​នេះ​ដែរ​ កញ្ញា​ អូ ច័ន្ទ​បុស្បា​ និស្សិត​ឆ្នាំ​ទី ៣ ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា​ នៅ​ពេល​ដែល​នាង​ចាប់​ផ្តើម​រៀន​ជំនាញ​នេះ​ដំបូង​ នាង​ប្រឈម​បញ្ហា​ច្រើន​ ជា​ពិសេស​លើ​ពាក្យ​បច្ចេកទេស​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​មេរៀន ​ដែល​តម្រូវ​ឱ្យ​នាង ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​យល់​ពី​ខ្លឹម​សារ​ក្នុង​មេរៀន​ទាំង​អស់​នោះ។​

កញ្ញា​ បុស្បា​ ថ្លែង​ថា៖​ «នៅ​ក្នុង​មុខ​វិជ្ជា​ហ្នឹង ​(IT)​ យើង​ត្រូវ​រៀន​ពី​បច្ចេកទេស​ពី​កំព្យូទ័រ​ច្រើន ​អ៊ីចឹង​នៅ​ពេល​ដែល​គ្រូ​និយាយ​ពី​កំព្យូទ័រ​ពី​ពាក្យ​បច្ចេកទេស​ពី​អក្សរ​កាត់​អី​ទៅ​ ខ្ញុំ​អត់​ចេះ​សោះ​ហ្មង។ ពេល​ខ្លះ​អត់ដឹង​គ្រូ​និយាយ​ពី​អី​ទេ​ ហើយ​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន​ទៅ​ស្រាវជ្រាវ​ក្នុង​(google)​ បន្ថែម​ដើម្បី​ដឹង​ថា ​ពាក្យ​នឹង​មាន​ន័យ​យ៉ាង​ម៉េចៗ»។

ប្រទេស​កម្ពុជា​មាន​កំណើន​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន​ ដែល​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ជាច្រើន ​រួម​មាន​សុខាភិបាល​ សង្គម​សាស្ត្រ​ អក្សរ​សាស្ត្រ ​វិទ្យាសាស្ត្រ​នយោបាយ​ ច្បាប់​សេដ្ឋកិច្ច​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​ទូរ​គមនាគមន៍ ​និង​ បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ជាដើម។​

អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​ថា​ ការ​សិក្សា​ត្រូវ​បាន​បែង​ចែក​ជា​ការ​សិក្សា​ផ្អែក​លើ​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស ​ប៉ុន្តែ​ជំនាញ​ខ្លះ​ និស្សិត​ត្រូវ​ការ​ឯកសារ​ភាគច្រើន​ជា​ភាសា​អង់គ្លេស ​ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​និស្សិត​ដែល​មិន​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​គ្រប់​គ្រាន់​នៅ​ពេល​ពួក​គេ​រៀន​នៅ​ថ្នាក់​សិក្សា​អប់រំ​ទូទៅ។​

លោក​ រិទ្ធ ពេជ្យពន្លឺ ​និស្សិត​ឆ្នាំ​ទី​ ១ ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មាន​នៃ​សាកល​វិទ្យាល័យ​ប៊ែលធី​អន្តរ​ជាតិ​ ប្រាប់​វីអូអេ​ថា​ លោក​បាន​រៀន​ភាសា​អង់គ្លេស​តាំង​តែ​ពី​លោក​នៅ​ក្មេង​ក៏​ ប៉ុន្តែ​មិន​សូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​និយាយ​ច្រើន​ឡើយ​ ពេល​លោក​ឈាន​ដល់​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យា​ល័យ។​

ដោយ​មាន​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ចំពោះ​ផល​លំបាក​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ លោក​ ពេជ្យពន្លឺ ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​សិស្សានុសិស្ស​ក្រោម​ថ្នាក់​ឧត្តម​សិក្សា​ព្យាយាម​សិក្សា​រៀន​សូត្រ​ និង​អនុវត្ត​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ដែល​ជា​ភាសា​ទី​ ២ ​នេះ​ឱ្យ​បាន​ស្ទាត់​ ដើម្បី​កុំ​ឱ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់​ពេល​បន្ត​ការ​សិក្សា​លើ​ជំនាញ​ដែល​ពួកគេ​នឹង​រៀន​នៅ​សាកល​វិទ្យា​ល័យ។​

លោក​ថ្លែង​ថា៖ ​«កាល​នៅ​វិទ្យាល័យ​ភាសា​អង់គ្លេស​ យើង​នៅ​មាន​កម្រិត​ អ៊ីចឹង​នៅ​ពេល​ដែល​យើង​ឈាន​ចូល​ដល់​សាកល​វិទ្យាល័យ​ គ្រូ​អាច​នឹង​ដាក់​ការងារ​ឱ្យ​យើង​ធ្វើ​ មានជា​ភាសា​អង់គ្លេស។ ​អ៊ីចឹង​ក្នុង​នាម​យើង​ជា​សិស្ស​ យើង​គួរ​ណាស់​តែ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា​អង់គ្លេស​ផង​ដែរ​កាល​នៅ​វិទ្យាល័យ»។​

បើ​តាម​លោក ​រិទ្ធ ពេជ្យពន្លឺ ​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​សិស្ស​គួរតែ​ជំរុញ​ និង​បញ្ជូន​កូនៗ​ទៅ​រៀន​ភាសា​អង់គ្លេស​តាំង​ពី​វ័យ​ក្មេង​ ​ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ដល់​កូន​របស់​ពួក​គាត់​នៅ​ពេល​ក្រោយ។​

លោក​ មាស​ នី​ អ្នក​វិភាគ​នយោបាយ​ និង​ជា​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ការ​បង្រៀន​នៅ​ក្នុង​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​មើល​ឃើញ​ថា​ និស្សិត​មួយ​ចំនួន​នៅ​មាន​កង្វះ​ខាត​ច្រើន​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ទី ​២ ​ឬ​ភាសា​អង់គ្លេស។​

លោក​ថ្លែង​ថា៖​ «នេះ​ជា​ការ​សង្កេត​របស់​ខ្ញុំ​ ព្រោះ​អី​នៅ​ក្នុង​ថ្នាក់​ឧត្តម​សិក្សា​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​នៅ​សាកល​គឺ​ខ្ញុំ​ឃើញ​ថា​ និស្សិត​មាន​ការ​លំបាក​ច្រើន​ពិសេស​ក្នុង​ការ​ទាញ​យក​ឯក​សារ​ដែល​ភាគ​ច្រើន​ជា​ភាសា​អង់គ្លេស»។​

លោក​យល់​ឃើញ​ថា​ គោល​នយោបាយ​ភាសា​ទី​ ២ ​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ភាព​ពេញ​លេញ​នៅ​ឡើយ​ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​សិស្ស​ដែល​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​នៅ​មាន​កង្វះ​ខាត​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ទី ​២​នេះ ​ដែល​អាច​មាន​ផល​លំបាក​ច្រើន​ បើ​សិន​ជា​និស្សិត​ចង់​សរសេរ​សារណា​បញ្ចប់​ការ​សិក្សា​ ឬ ​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។​

លោក​បន្ថែម​ថា៖​ «យើង​ដឹង​ហើយ​ថា​ ការ​រៀន​សូត្រ​នៅ​បរទេស​ បើ​សិន​ជា​មិន​មាន​ភាសា​ទី​២​ច្បាស់​លាស់​នោះ​ទេ​ ពិសេស​គឺ​ភាសា​អង់គ្លេស​ គឺ​យើង​ពិបាក​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ទៅ​ប្រទេស​ក្រៅ​ ហើយ​ខ្ញុំ​គិត​ថា​ នេះ​ជា​បញ្ហា​មួយ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​របាយ​ការណ៍​ចុង​ក្រោយ​ដែល​ថា​ កម្ពុជា​មាន​សមត្ថ​ភាព​ទាប​ជាង​គេ​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​ក្នុង​ការ​បញ្ជូន​និស្សិត​របស់​ខ្លួន​ទៅ​រៀន​នៅ​ឯ​បរទេស»។​

លោក​ ដេត សុខឧត្តម​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ ផារ៉ាហ្កន​ ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិច​តេឡេក្រាម​ថា​ និស្សិត​ដែល​មិន​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្នែក​ភាសា​អង់គ្លេស​បន្ថែម​នៅ​ក្រៅ​សាលា​ អាច​នឹង​ជួប​បញ្ហា​ខ្វះ​ខាត​ខាង​ភាសា​នៅ​ពេល​គាត់​ចង់​បន្ត​ការ​សិក្សា​ក្រោយ​ថ្នាក់​ឧត្តម​សិក្សា​នៅ​ក្រៅ​ប្រទេស ​ឬ​ចង់​បំពេញ​ការងារ​ដែល​ទាម​ទារ​ការ​យល់​ដឹង​ភាសា​បរទេស​កម្រិត​ខ្ពស់។​

លោក​លើក​ឡើង​ជា​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា៖​ «ក្រៅតែពី​សាកល​វិទ្យាល័យ​អន្តរជាតិ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ សាកល​វិទ្យាល័យ​ភាគ​ច្រើន​មិនមាន​គោល​ការណ៍​តម្រូវ​ឲ្យ​និស្សិត​ចេះ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឬ​ភាសា​ទី ២ ជា​ផ្លូវ​ការ​ទេ​ដោយ​ភាគ​ច្រើន​គ្រូ​ឧទ្ទេស​ប្រើ​ប្រាស់​ឯកសារ​បង្រៀន​ជា​ភាសា​បរទេស ​តែ​កម្រិត​និស្សិត​មិន​ប្រាកដ​ថា​ ចេះ​ឬ​យល់​ខ្លឹមសារ​ទាំងអស់​ឡើយ»។​

លោក​បន្ថែម​ថា បើ​សិន​ជា​និស្សិត​នៅ​ថ្នាក់​ឧត្តម​សិក្សា​នៅ​តែ​មាន​កង្វះ​ខាត​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ទី ​២​ នោះ​ជា​ការ​ព្រួយ​បារម្ភ​មួយ​ បើ​សិន​ពួក​គេ​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ពីព្រោះ​វា​តម្រូវ​ឱ្យ​មាន​ការ​អាន​និង​សរសេរ​អត្ថបទ​ស្រាវជ្រាវ​បែប​វិទ្យា​សាស្ត្រ​ច្រើន។​

អ្នក​ស្រី​ សាយ​ ពុទ្ធី ​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជាប្រាប់​វីអូអេ​ថា ​នេះ​ជា​វិបត្តិ​ធំ ​បើ​សិន​ជា​និស្សិត​មាន​កង្វះ​ខាត​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ ព្រោះ​អ្នកស្រី​យល់​ថា​ សម័យ​នេះ​ជា​សម័យ​ឌីជីថល​ ហើយ​តម្រូវ​ការ​ប្រើ​ប្រាស់​ភាសា​នេះ​ក៏​មាន​ច្រើន​ដែរ។​

អ្នក​ស្រី​ថា៖​ «យុវជន​ត្រូវ​តែ​រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​ ២​ ពីព្រោះ​អ្វីៗ​សុទ្ធ​តែ​ជា​ភាសា​អង់គ្លេស​ច្រើន​ដែល​គេ​ប្រើ​ប្រាស់​ទូទាំង​ពិភព​លោក។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ ជា​យន្តការ​មួយ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ជំរុញ​ឱ្យ​យុវជន​ មិន​មែន​បំភ្លេច​ភាសា​ខ្មែរ​ទេ​ ប៉ុន្តែ​ត្រូវ​តែ​យល់​ថា​ ភាសា​អង់គ្លេស​ហ្នឹង​ហើយ​ជា​ទិស​ដៅ​ដែល​យើង​អាច​បើក​ចំហ​ខួរ​ក្បាល​យើង​ឱ្យ​ឃើញ​នូវ​គំនិត​ថ្មី​ កាលានុវត្ត​ភាព​ថ្មី​ ស្អីៗ​ច្រើន»។​

យ៉ាងណាក៏​ដោយ ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​អ្នក​ស្រី​ ឃួន​ វិច្ឆិកា​ ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​អប់រំ​ភាសា​បរទេស​ក្នុង​កម្ម​វិធី​សិក្សា​បាន​ដាក់​បញ្ចូល​ភាសា​បារាំង​ និង​ភាសា​អង់គ្លេស​ ជា​ភាសា​ទី ២​ ចាប់​ពី​ថ្នាក់​ទី ​៤ ​មក​ម្ល៉េះ។​ រី​ឯ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុប​ ក៏​បន្ថែម​នូវ​មុខ​វិជ្ជា​ភាសា​បរទេស​ជា​ពិន្ទុ​បន្ថែម​ក្នុង​ករណី​លើស​មធ្យម​ភាគ​ផង​ដែរ។​

អ្នក​ស្រី​បន្ថែម​ថា​ សាកល​វិទ្យាល័យ​នានា​ទាំង​រដ្ឋ​ និង​ឯកជន​ ក៏​កំពុង​ពង្រីក​វិសាល​ភាព​នៃ​កម្ម​វិធី​អន្តរ​ជាតិ​ជា​ភាសា​បារាំង​ ឬ​អង់គ្លេស​ និង​មាន​កម្ម​វិធី​ផ្លាស់​ប្តូរ​និស្សិត​ ឬ​កម្ម​វិធី ​double diploma ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​និស្សិត​ខ្មែរ​ប្រឹងប្រែង​បង្កើន​សមត្ថ​ភាព​ភាសា​បរទេស​របស់​ខ្លួន។​

ដោយសារ​តែ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ កញ្ញា​ ទន់​ ម៉េងលី ​បាន​ផ្តាំ​ឱ្យ​និសិ្សត​ជំនាន់​ក្រោយ​ ខិតខំ​សិក្សា​រៀន​សូត្រ​ភាសា​អង់គ្លេស​នៅ​ថ្នាក់​ក្រោម​ឱ្យ​បាន​ច្បាស់លាស់ ដូច​នេះ​នៅ​ពេល​ដែល​ពួកគេ​ចូល​រៀន​សាកល​វិទ្យាល័យ ​វា​នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ពួក​គេ​នៅ​ពេល​ក្រោយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG