ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល៖ ការ​ផ្តន្ទាទោស​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៣០​នាក់​ពី​«បទក្បត់​ជាតិ»​ជា​ការ​បំបិទ​មាត់​ក្រុម​ប្រឆាំង


រូបឯកសារ៖ លោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ មេដឹកនាំគណបក្សប្រឆាំងដែលបាននិរទេសខ្លួនទៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការ​ផ្ដន្ទា​ទោស​អតីត​សកម្ម​ជន​ និង​មេដឹកនាំ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាង​ ៣០ ​នាក់​ ឲ្យ​ជាប់​ពន្ធនាគារ​ «យ៉ាង​តិច​ ៥​ ឆ្នាំ» ​គឺ​ជា​ទម្រង់​នៃ​ការ​បំបិទ​មាត់​ និង​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ក្រុម​ជំទាស់​ក្នុង​ឆាក​នយោបាយ​កម្ពុជា។ ​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​ ៣៦ ​នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​ ៥ ​ឆ្នាំ ​ទៅ​ ៧ ​ឆ្នាំ​ ពី​បទ​«រួម​គំនិត​ក្បត់»​ ដែល​ជាប់​ទាក់​ទិន​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់​អ្នកស្រី ​មូរ សុខហួរ។ ​នេះ​បើ​តាម​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ហៅកាត់​ថា លីកាដូ​ (Licadho)។​

ក្នុង​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ តុលាការ​ក៏​បាន​ហាម​អ្នក​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​មួយ​ចំនួន​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ​ឆ្នាំ​ផង​ដែរ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​នេះ​ជា​លើក​ទី ២ ដែល​តុលាការ​បាន​ចោទ​ប្រកាន់​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ច្រើន​បែប​នេះ ​ដែល​មាន​ចំនួន​ដល់​ទៅ​ ៣៦​ នាក់​ ពាក់​ព័ន្ធ​នឹង​មាតុភូមិ​និវត្តន៍​មិន​ជោគជ័យ​របស់​អ្នកស្រី​ មូរ សុខហួរ។ ក្នុង​សេចក្តី​សម្រេច​លើក​ទី១ របស់​ខ្លួន ​តុលាការ​បាន​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ជា​ច្រើន​រូប​ផង​ដែរ​ ពាក់​ព័ន្ធ​នឹង​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​លោក​ សម រង្ស៊ី។​

បើ​តាម​លោក ​អំ សំអាត មិន​មែន​តែ​អង្គការ​សិទ្ធិ​មនុស្ស​ទេ​ដែល​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក​ António Guterres ​សហគមន៍​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ជា​ដើម​ ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​លម្ហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​ដែរ​ ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់ ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​គណ​បក្ស​ប្រឆាំង។ ​

លោក​ថ្លែង​ថា៖​ «សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ជាច្រើន ​ត្រូវ​បាន​ធ្វើការ​កាត់​ទោស​ម្សិលមិញ​ដែរ​ [ថ្ងៃ​ទី​ ២២ ​ខែធ្នូ​ ឆ្នាំ​ ២០២២​ ចំនួន]​ ៣៦ ​នាក់​ហ្នឹង បាទ។​ បើ​យើង​មើល​ទិដ្ឋភាព​ទូទៅ​ ដែល​មិន​មែន​តែ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ទេ ​[គឺ]​ អង្គការ​អន្តរ​ជាតិ​ និង​សហគមន៍​អន្តរ​ជាតិ​ គេ​មើល​ឃើញ​ថា ​ករណី​ទាំង​អស់​នេះ​ វា​ជា​រឿង​នយោ​បាយ​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ ហើយ​ការ​ចោទ​ប្រកាន់​ ការ​ផ្តន្ទាទោស​ជា​បន្ត​បន្ទាប់​នេះ​ វា​ប៉ះ​ពាល់​ទៅ​ដល់​សេរីភាព​ជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ ជាពិសេស​គឺ​លម្ហ​សេរីភាព​នយោបាយ»។​

លោក​បន្ថែម​ថា រដ្ឋ​អំណាច​កម្ពុជា​គួរ​បើក​លម្ហ​នយោបាយ​នេះ​ឡើង​វិញ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុម​អ្នក​នយោបាយ​ជំទាស់​មាន​លទ្ធភាព​ប្រលូក​ក្នុង​សកម្មភាព​នយោបាយ ដោយ​ឥត​មាន​ការ​គំរាម​កំហែង​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដោយ​សេរី​ ត្រឹម​ត្រូវ ​និង​យុត្តិ​ធម៌ និង​ដើម្បី​កុំ​ឱ្យ​កម្ពុជា​រង​នូវ​ផល​ប៉ះ​ពាល់ ​ទាក់​ទង​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ ២០%​ ពី​សហ​ភាព​អឺរ៉ុប​ និង​ GSP​ ដែល​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​របស់​សហរដ្ឋ​អាមេរិក​ និង​ដែល​មិន​ទាន់​ផ្តល់​មក​កម្ពុជា​វិញ​នៅ​ឡើយ​នោះ។​

អង្គការ​លីកាដូ​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា អតីត​សកម្មជន​នយោបាយ​ខាង​លើ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ផ្អែក​លើ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ និង​ការ​ថត​សំឡេង​សន្ទនា​តាម​ទូរសព្ទ​ជា​លក្ខណៈ​ឯកជន​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អ្នកស្រី​ មូរ សុខហួរ​ និង​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០២១​ ដើម្បី​ចូលរួម​តតាំង​ក្នុង​សវនាការ​ដ៏​ធំ​មួយ​ទៀត។​ ​អ្នកស្រី​មូរ សុខហួរ​ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ​ ​ដោយសារ​អាជ្ញាធរ​កម្ពុជា​បាន​លុបចោល​លិខិត​ឆ្លង​ដែន​របស់​អ្នកស្រី ព្រម​ទាំង​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នកស្រី​បាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​របស់​អ្នក​ស្រី​ផង​ដែរ។​

រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក ​នី សុខា​ ប្រាប់​វីអូអេ​ថា ការ​ផ្តន្ទាទោស​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេរីភាព​ចូល​រួម​ធ្វើ​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​រួញ​តូច​ទៅ​ និង​បាន​ដើរ​ប្រាស​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ​ ព្រោះ​រដ្ឋាភិបាល​មិន​គួរ​កាត់​ទោស​អ្នក​ដែល​មាន​និន្នាការ​មិន​ស្រប​រដ្ឋាភិបាល​នោះ​ទេ​ ព្រោះ​វា​ប៉ះ​ពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រទេស​កម្ពុជា​ប្រកាន់​យក​ និង​ប៉ះ​ពាល់​ដំណើរ​ការ​បោះ​ឆ្នោត​ថា្នក់​ជាតិ​ឆ្នាំ​ ២០២៣​ ផង​ដែរ។​

លោក​កត់​សម្គាល់​ថា ​អង្គ​ហេតុ​ដែល​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​ប្រឆាំង​ទាក់​ទង​ អំពើ​ក្បត់​ជាតិ​នេះ ​គឺ​មិន​ឃើញ​មាន​រូបភាព​ ឬ​សកម្ម​ភាព​ណា​មួយ​ដែល​គួរ​រង​ការ​ចោទ​ប្រកាន់​នោះ​ទេ​ ព្រោះ​លោក​ថា លុះ​ត្រា​តែ​មាន​ការ​កៀរ​គរ​បង្កើត​ជា​កម្លាំង​ផ្តួល​រំលំ​រដ្ឋាភិបាល​ ឬ​លក់​ជាតិ ​ទើប​ត្រូវ​ចោទ​ពី​បទ​ក្បត់​ជាតិ។​

លោក​ថ្លែង​ថា៖ ​«ហើយ​បើ​ខ្ញុំ​មើល​នៅ​ក្នុង​រឿង​ ដែល​សកម្ម​ភាព​ទាំង​អស់​ហ្នឹង​ គឺ​ថា​ វាអត់​មាន​ឃើញ​សកម្ម​ភាព​ណា ​រូប​ភាព​ណា​បង្ហាញ​អំពី​ អំពើ​ក្បត់​ជាតិ​ទេ ព្រោះ​ថា​ អំពើ​ក្បត់ជាតិ ​លុះ​ត្រា​តែ​អ្នក​ហ្នឹង​លក់​ជាតិ​ ឬ​អ្នក​ហ្នឹង​កៀរ​គរ​បង្កើត​ជា​កម្លាំង​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ តាម​រយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា ​ប៉ុន្តែ​បើ​សិន​ជា​គ្រាន់តែ​មាន​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល​ មាន​ទស្សនៈ​មួយ​ចង់​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ ផ្លាស់​ប្តូរ​រដ្ឋាភិបាល​តាម​រយៈ​ការ​បោះ​ឆ្នោត​ អាហ្នឹង​មិន​មែន​ជា​អំពើ​ក្បត់​ជាតិ​ អី​ទេ។​ វា​គឺ​ជា​សេរីភាព​នៅ​ក្នុង​ការ​ធ្វើ​នយោបាយ​ ព្រោះ​យើង​និយាយ​ពី​សេរីភាព​នយោបាយ​ ប្រជា​ធិបតេយ្យ​ពហុបក្ស»។​

លោក​បន្ថែម​ថា​ មិន​មែន​មាន​ន័យ​ថា​ ទាល់​តែ​គណបក្ស​បង្កើត​ឡើង​រណប​រដ្ឋាភិបាល ​ឬ​រណប​ជាមួយ​គណបក្ស​កាន់​អំណាច​ ទើប​ហៅ​ថា​ ពហុបក្ស​នោះ​ទេ ​គឺ​គណបក្ស​ប្រឆាំង​ ដែល​ជា​គូ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ​ទើប​សំខាន់​ និង​អាច​បញ្ជាក់​បាន​ភាព​ចម្រុះ​នៃ​គណបក្ស​នយោបាយ។​

ក្រៅ​ពី​នេះ​ លោក​ថា​ រដ្ឋា​ភិបាល ​គួរ​កុំ​យក​លេស​ ប្រើប្រាស់​នីតិ​រដ្ឋ ​ដែល​មិន​សម​ហេតុផល ​ដើម្បី​បំបិទ​សំឡេង​ឬ​សេរីភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង។​

លោក​ថ្លែង​ថា៖​ «មិន​មែន​គេ​មិន​ដឹង​ថា នីតិរដ្ឋ​មាន​ន័យ​យ៉ាង​ម៉េច ការ​អនុវត្ត​ច្បាប់​មាន​ន័យយ៉ាង​ម៉េច​ទេ។​ ខ្ញុំ​គិត​ថា ​ម្នាក់ៗ អ្នក​ជំនាញ​ឯកទេស​ ទាំង​បរទេស​ ទាំង​ជាតិ​ ទាំង​អន្តរជាតិ​ អ្នក​ច្បាប់​មួយ​ចំនួន​មិន​មែន​គេ​មិន​ដឹង​ នីតិរដ្ឋ​មាន​ន័យ​យ៉ាង​ម៉េច​ទេ។​ ដូច្នេះ​ រដ្ឋាភិបាល ​គួរ​កុំ​ប្រើប្រាស់​នូវ​បញ្ហា​នីតិរដ្ឋ​ដែល​មិន​មាន​ភាព​ត្រឹមត្រូវ​ ដើម្បី​យក​មក​ធ្វើ​ជា​លេស​ក្នុង​ការ​បំបិទ​មាត់​ ឬ​បំបិទ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ ឬ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​ ក៏​ដូច​ជា​នយោបាយ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ហ្នឹង​ដែរ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ​បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។​

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន​ យល់​ថា ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ភាព​លម្អៀង​ខាង​នយោ​បាយ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ ​«តាំង​ពីដើម​មក​ រាជ​រដ្ឋាភិបាល​ ដែល​ធ្វើ​អី​ត្រូវ​ចិត្ត​គាត់? តាំង​ពី​ដើម​មក​មិន​ដែល​ត្រូវ​ចិត្ត​គាត់​ទេ ធ្វើ​ឆ្វេង​គាត់​ថា​ស្តាំ ​ធ្វើ​ស្តាំ​គាត់​ថា​ឆ្វេង។ អ៊ីចឹង​ទេ​ វា​ជា​ចេតនា​មួយ​ ជា​និន្នាការ​នយោបាយ​មួយ​ ដែល​កាន់​ជើង​អ្នក​ប្រឆាំង ឲ្យតែ​ប្រឆាំង​ធ្វើ​ សុទ្ធ​តែ​ប្រជា​ធិបតេយ្យ​ សុទ្ធ​តែត្រូវ ​[ហើយ] ​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ អាហ្នឹង​មិន​ដែល​ត្រូវ​ទេ ដល់​ពេល​ធ្វើ​ [អ្វីមួយ]​ មិន​យក​ច្បាប់​ មក​អនុវត្ត​ថា ហ្អេ! ​ប្រទេស​អត់​មាន​ច្បាប់។ ដល់​ធ្វើ​ច្បាប់ ​ហើយ​អនុវត្ត​ច្បាប់ ​ថា​ប្រទេស​ហ្នឹង​មិន​គួរ​យក​នីតិរដ្ឋ​មក​ពង្រឹង​ទេ។​ តើ​ឲ្យ​ធ្វើ​ម៉េច​ឲ្យ​ត្រូវ​ចិត្ត​គាត់?»​

លោក​ សុខ ឥសាន បន្ថែម​ថា អ្នក​ដែល​ចូល​ដៃ​ចូល​ជើង​ ឬ​កាន់​ជើង ​ឬ​ធ្វើ​សកម្មភាព​បម្រើ​ឲ្យ​ឧបាយកល​ ឬ​នយោបាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​លោក​សំដៅ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺ​សុទ្ធ​តែ​ខុស​ច្បាប់​ទាំង​អស់ ព្រោះ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ និង​បាន​បិទ​ផ្លូវ​តវ៉ា។​

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ក្នុង​ចំណោម​មនុស្ស​ ៣៦ ​នាក់​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ គឺ​មាន​ចំនួន​ ១១​ នាក់​ ជា​មេ​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលរួម​មាន​លោក​ សម រង្ស៊ី ​លោក​ អេង ឆៃអ៊ាង​ ​អ្នកស្រី​ មូរ សុខហួរ​ លោក​ ហូរ វ៉ាន់​ ​លោក​ ហេង ដាណារ៉ូ ​លោក​ ឡុង រី​ ​លោក​ ម៉ែន​ សុថាវរិន្ទ្រ ​លោក​ នុត រំដួល​ ​លោក ​អ៊ូ ចាន់ឫទ្ធិ​ ​អ្នកស្រី​ ជូឡុង សូមូរ៉ា ​និង​លោក​ វ៉ាន ណារិទ្ធ​ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៧ ​ឆ្នាំ ហើយ​តុលាការ​ក៏​បាន​ដាក់​ទោស​បន្ថែម​តាម​ការ​ស្នើ​សុំ​របស់​តំណាង​អយ្យការ​ដោយ​បង្គាប់​ថា ពួកគេ​មិន​អាច​ចូលរួម​បោះឆ្នោត​ឬ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​រយៈពេល​ ៥ ​ឆ្នាំ។​

ចំណែក​អតីត​សកម្ម​ជន​គណបក្ស​ប្រឆាំង​នេះ​ ចំនួន​ ២២ ​នាក់​ទៀត​ ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ​៥ ​ឆ្នាំ​ ហើយ​ចំនួន​ ៣ ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ ​ប៉ុន្តែ​ទោស​ត្រូវ​បាន​ព្យូរ។ ជន​ជាប់​ចោទ​ខ្លះ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​ ដោយ​សារ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស។​ នេះ​បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។​

អង្គការ​លីកាដូ​ លើក​ឡើង​ទៀត​ថា សាល​ក្រម​ប្រកាស​ដោយ​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​នោះ​គឺ​ជា​សាល​ក្រម​ទី​ ៤ ​នៃ​សវនាការ​ដ៏​ធំ​ទាំង​ ៥ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ប្រឆាំង​អ្នក​គាំទ្រ​និង​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន​ ១៥៨ នាក់​ ​ចាប់​តាំង​ពី​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០២០​ មក។​ ​អតីត​សកម្ម​ជន​ជា​ច្រើន​នាក់​ បាន​ក្លាយ​ជា​ជន​ជាប់​ចោទ​ក្នុង​សវនាការ​ផ្សេងៗ​គ្នា។

អង្គការ​សិទ្ធិ​មនុស្ស​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ​មុន​ពេល​ចេញ​សាលក្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ ​អតីត​សកម្មជន​ចំនួន​ ៦៦ ​នាក់​ ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​ការ​ជំនុំ​ជម្រះ​មុនៗ​ចំនួន​បី​លើក​លើ​បទ​ឧក្រិដ្ឋ​ និង​បទ​មជ្ឈិម​ផ្សេងៗ​គ្នា រួម​មាន​បទ​ញុះញង់​ ​បទ​រួម​គំនិត​ក្បត់​ និង​បទ​ប៉ុនប៉ង​ធ្វើ​ឧបឃាត​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕

XS
SM
MD
LG