ខណៈរដ្ឋាភិបាលបន្តតែងតាំងសែស្រឡាយ ដែលជាកូនចៅមន្ត្រីរដ្ឋាភិបាលឱ្យឡើងកាន់តំណែងធំៗក្នុងស្ថាប័នរដ្ឋ អ្នកតាមដានមួយចំនួនយល់ឃើញថា កម្ពុជាបានដើរបញ្ច្រាសពីអភិបាលកិច្ចល្អ និងគោលការណ៍ប្រជាធិបតេយ្យ។
កូនមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំងជាបន្តបន្ទាប់ ក្រោយលោក ហ៊ុន ម៉ាណែត បានកាន់តំណែងជានាយករដ្ឋមន្រ្តី។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានតែងតាំងលោក សៀ ទីន ជាមេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ លោក សៀ ទីន គឺជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ចំណែកកូនប្រុសរបស់លោក សេង ទៀង ជំនួយការរបស់លោក ហ៊ុន សែន គឺលោក សេង វណ្ណៈ ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ កូនប្រុសរបស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ គឺលោក ចៅ ភិរិទ្ធ ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ជំនួសតំណែងឪពុករបស់លោក ដែលត្រូវផ្ទេរតំណែងទៅជារដ្ឋលេខាធិការនៃក្រសួងការពារជាតិវិញ។
លោក តារា រតនៈ កូនប្រុសលោកវរសេនីយ៍ទោ ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាក្មួយប្រុសរបស់លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ចំណែកលោក ប្រាំង ជលសា កូនប្រុសរបស់លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។ លោក គង់ សន្យា កូនប្រុសរបស់លោក គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក្លាយជាប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកលោក កែវ សុទ្ធិ ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នរដ្ឋាភិបាលដឹកនាំដោយឪពុករបស់លោក គឺលោក កែវ រ៉េមី ជាប្រធានស្ថាប័ននោះ។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកនិងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការតែងតាំងកូនរបស់មន្ត្រីធំៗឱ្យកាន់តួនាទីធំៗបណ្តាលឱ្យប្រជាពលរដ្ឋដែលមានសមត្ថភាពបាត់បង់ឱកាសក្នុងការបញ្ចេញសមត្ថភាព ដើម្បីជួយប្រទេសជាតិ។ លោកបន្ថែមថា ការតែងតាំងសែស្រឡាយក៏ធ្វើឱ្យការអនុវត្តច្បាប់មិនមានភាពស្មើគ្នា។
លោកប្រាប់វីអូអេថា៖ «កាលណាតែងតាំងបន្តពូជពង្សវង្សត្រកូលអ្នកធំបែបហ្នឹងធ្វើឱ្យការអនុវត្តច្បាប់ហ្នឹងអត់បានទូលំទូលាយទេ ហើយអត់បានស្មើភាពគ្នានៅក្នុងសង្គមទេ។ ហើយការអនុវត្តច្បាប់ហ្នឹង វាបានទៅលើអ្នកទន់ខ្សោយ អត់មានអំណាច ព្រោះកាលណាអនុវត្តច្បាប់ទៅលើមន្ត្រីធំៗ សុទ្ធតែមានបក្ខពួក ហើយសុទ្ធតែជាអ្នកកាន់អំណាច។ ម្លោះហើយ ការអនុវត្តច្បាប់ច្បាស់ជាមានលម្អៀងហើយ បើសិនជាបន្តបែបហ្នឹងបន្តទៅទៀត»។
អ្នកនយោបាយជើងចាស់រូបនោះអះអាងថា ការតែងតាំងបក្ខពួកនិយមបែបនេះបង្ហាញអំពីអំពើពុករលួយ ហើយវាជះឥទ្ធិពលដល់ស្ថិរភាពនយោបាយផងដែរ ព្រោះកាលណាមានអស្ថិរភាពនយោបាយ គឺថ្នាក់ដឹកនាំដែលមានអំណាចច្រើនតែប្រើប្រាស់អំណាច ដើម្បីគ្រប់គ្រង គាបសង្កត់ និងបំបិទសំឡេងជាដើម។ ដូច្នេះលោកថា ដើម្បីឱ្យមានស្ថិរភាពនយោបាយយូរអង្វែង គឺទាល់តែដើរតាមគោលការណ៍ប្រជាធិបតេយ្យច្បាស់លាស់។
លោកបន្ថែមថា៖ «កាលណាឡើងតាមរយៈបក្ខពួក ឡើងតាមរយៈក្រុមគ្រួសារ អំពើពុករលួយនៅតែជាបញ្ហា អ៊ីចឹងហើយអាចជាន់ឈ្លីសង្គមហ្នឹងកាន់តែខ្លាំងឡើង។ ហើយបាត់បង់ទំនុកចិត្តពីវិនិយោគទុនក្រៅប្រទេស ដើម្បីចូលមកក្នុងស្រុកកាន់តែខ្លាំង។ អាហ្នឹងជាការមួយ ដែលមិនមែនខ្ញុំអ្នកថាទេ វាជាទ្រឹស្តីវិទ្យាសាស្ត្រនយោបាយ ហើយជាការណ៍ពិត យើងសង្កេតឃើញសង្គមផ្សេងៗ កាលណាមានបញ្ហាបែបនេះ មានអស្ថិរភាពនយោបាយខ្លាំង»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន ក៏មើលឃើញដែរថា កម្ពុជាកំពុងដើរបញ្ច្រាសនឹងអភិបាលកិច្ចល្អ ក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យ ដែលការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋដែលមានសមត្ថភាព បាត់បង់ឱកាស និងជាការខាតបង់មួយរបស់ប្រទេស។
លោកថ្លែងថា៖ «វាធ្វើឱ្យពលរដ្ឋដទៃទៀតដែលមានសមត្ថភាពដែលមានចំណេះជំនាញមានឧត្តមគតិមនសិការចង់ជួយជាតិហ្នឹង មិនមានឱកាសនៅក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន។ នេះជាការខាតបង់មួយដែរសម្រាប់សង្គមមួយទាំងមូល»។
លោក ប៉ា ច័ន្ទរឿន កត់សម្គាល់ថា ការតែងតាំងសែស្រឡាយបែបនេះគឺដោយសារកម្ពុជានៅតែប្រើវប្បធម៌នយោបាយបែបបុរាណនៅឡើយ ខណៈលោកកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរដែលមានសមត្ថភាព និងចំណេះដឹងខ្ពស់ដែលអាចដឹកនាំស្ថាប័នធំៗបាន មិនមានឱកាស ដោយសារពួកគេមិនមែនជាកូនរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «វប្បធម៌នយោបាយរបស់យើងនៅបែបបុរាណនៅឡើយ។ យើងនៅតែគិតថា ឈាមវាខាប់ជាងទឹក។ ហើយការជ្រើសរើសសាច់ញាតិ សែស្រឡាយចូលធ្វើកិច្ចការងារបន្តតំណែងគឺជាមាគ៌ាឆ្ពោះទៅមុខ ដើម្បីធានានូវទាំងនិរន្តភាព ក៏ដូចជាសុខសុវត្ថិភាពសម្រាប់មន្ត្រីខ្លួនឯង និងសង្គមទាំងមូល។ ប៉ុន្តែធាតុពិតទៅ នៅក្នុងសង្គមជឿនលឿន ការផ្តល់ឱកាសឱ្យមនុស្សពិតប្រាកដ ធនធានពិតប្រាកដធ្វើកិច្ចការទេ ទើបធានាបាននូវនិរន្តរភាព ធានាបាននូវវឌ្ឍនភាព និងសន្តិភាពពិតប្រាកដ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថាការតែងតាំងមន្រ្តីដើម្បីកាន់មុខតំណែងធំៗគឺផ្អែកតាមសំណូមពរ ភារកិច្ចចាំបាច់ និងលក្ខណៈសម្បត្តិដូចជាសមត្ថភាព គុណភាព គោលជំហរ និងសុខភាពជាដើម។
លោកថ្លែងថា៖ «ការតែងតាំងមន្រ្តីនីមួយៗ គេសុទ្ធតែជ្រើសរើសសម្រិតសម្រាំងពីក្នុងចំណោមមន្រ្តីជាច្រើន ហើយគេSelect [ជ្រើសរើស]យកមន្ត្រីណាដែលមានលក្ខណៈសម្បត្តិល្អប្រពៃជាងគេយកមកធ្វើការតែងតាំង មិនមែនចេះតែធ្វើលេងៗទេ។ ដូច្នេះហើយការតែងតាំងមន្រ្តីមិនមែនសម្រាប់ឱ្យការងារស្ទះ ឬទ្រឹងទេ។ គេតែងតាំងដើម្បីយកមកធ្វើការ ដើម្បីរីកចម្រើនដល់ប្រទេសជាតិ»។
នៅគ្រាដែលលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលាលែងពីតំណែង ហើយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងជំនួស កូនរបស់មន្រ្តីកំពូលៗរបស់គណបក្សកាន់អំណាចផ្សេងទៀតក៏ទទួលតំណែងពីឪពុកដែរ ដូចជាលោក ស សុខា កូនប្រុសលោក ស ខេង ក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ សីហា កូនប្រុសរបស់លោក ទៀ បាញ់ ក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិ។ លោក ហ៊ុន ម៉ានី ប្អូនប្រុសរបស់ លោក ហ៊ុន ម៉ាណែត ក្លាយជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
អ្នកស្រី ចម និម្មល កូនស្រីរបស់លោក ចម ប្រសិទ្ធ ក្លាយជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ អ្នកស្រី ជា សិរី កូនស្រីរបស់លោក ជា ចាន់តូ ក្លាយជាអគ្គទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជាជំនួសឪពុករបស់អ្នកស្រី។ លោក ជា សុមេធី កូនរបស់លោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា ក្លាយជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។ លោក សុខ សូកេន កូនប្រុសរបស់លោក សុខ អាន ក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោក សាយ សំអាល់ កូនប្រុសរបស់លោក សាយ ឈុំ អតីតប្រធានព្រឹទ្ធសភា ក្លាយជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។
នៅតាមបណ្តាខេត្តវិញ លោក គីម រិទ្ធី កូនប្រុសរបស់លោក គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ។ កូនប្រុសលោក ប្រាក់ សុខុន អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជានិងជាសមាជិកព្រឹទ្ធសភា គឺលោក ប្រាក់ សោភ័ណ ក្លាយជាអភិបាលខេត្តសៀមរាប។ លោក ប៉េង ពោធិ៍សា កូនរបស់អ្នកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង។
ចំណែកនៅក្រសួងមហាផ្ទៃវិញ លោក សុខ វាសនា កូនប្រុសរបស់លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
វេទិកាបញ្ចេញមតិ