ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​និង​ប្រឆាំង​រៀប​ចំ​យុទ្ធសាស្រ្ត​ឈ្នះឆ្នោត​២០១៣


ភ្នំពេញ៖ បើ​គេ​គ្រវាស​មួយ​ក្រឡេក​ភ្នែក​គេ​នឹង​ឃើញ​ថា​ព្រឹត្តិការណ៍​ថ្មីៗ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្នុង​ប្រទេស​កម្ពុជា​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​សង្គម​និង​ព្រឹត្តិការណ៍​នយោបាយ​ធម្មតា​តែ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ​នៅ​ក្នុង​កែវភ្នែក​តាម​ឃ្លាំមើល​របស់​ក្រុម​អ្នក​វិភាគ​យល់​ថា​ព្រឹតិ្តការណ៍​ទាំង​នោះ​គឺ​ជា​ការ​រៀបចំ​ក្នុង​ការ​ប្រជែង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ដំណាល​គ្នា​នឹង​ក្រុម​ដែល​អះអាង​ថា​ជា​អ្នក​ប្រជាធិបតេយ្យ​បានប្រមូល​ផ្តុំ​គ្នា​បង្កើត​គណបក្ស​រួម​ដើម្បី​ដណ្តើម​ជ័យជម្នះ។

ការបង្រ្កាប​ក្រុម​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​កំពង់ដំរី ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ ​កាល​ពី​ខែ​ឧសភា​បាននាំ​ឲ្យមានការចាប់​ខ្លួន​លោក ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ អេហ្វអិម ១០៥ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។

ការចេញ​មុខ​មក​បកស្រាយ​បញ្ហា​ដ៏​រសើប​ខ្លាំង​បំផុត​ស្តីពី​ទំនាស់​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ​បាន​កើត​ឡើង​ស្របពេល​ជាមួយ​នឹង​ការបង្ក​កំណើត​រួមគ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​នឹង​បង្កើត​ជា​គណបក្ស​ថ្មី​មួយ​ឈ្មោះ​ថា «គណបក្ស​សង្គ្រោះ​ជាតិ»។ គណបក្ស​ថ្មី​ដែល​អាច​ជា​ការគំរាម​កំហែង​ជា​ចាំបាច់​ដល់​គណបក្ស​ប្រជាជន​ដែល​កាន់អំណាច​ជាង​៣០ ​ឆ្នាំ​មក​ហើយ​នេះ។ ស្របពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ដែល​ធ្លាប់ឈ្នះ​លើ​គណបក្ស​ប្រជាជន​បានស្ថិត​ក្នុង​សភាព​ដុនដាប​ក្នុង​ការទទួល​បាន​សំឡេង​គាំទ្រ​ហើយ​កម្លាំង​នយោបាយ​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ ​ស្ថិត​ក្នុង​សភាព​បែកបាក់​ផ្ទៃក្នុង​យ៉ាង​ធ្ងន់ធ្ងរ។

ដូច្នេះ​គូប្រកួត​យ៉ាង​សក្តិសម​នៅ​លើ​សង្វៀន​នយោបាយ​ខ្មែរ​នឹង​នៅ​សល់​ត្រឹមតែ​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​ដែល​ប្រមូលផ្តុំគ្នា​តែ​ប៉ុណ្ណោះ។

ទាំង​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​និង​លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សុទ្ធតែ​យល់ឃើញ​ដូច​ៗ​គ្នា​ថា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​បាន​និង​កំពុង​រៀបចំ​សេណារីយោ​សម្រាប់​ទប់ស្កាត់​ឥទ្ធិពល​ដៃគូ​ប្រជែង​នយោបាយ​របស់​ខ្លួន​ខាង​លើ​នេះ។ ក្នុង​នោះ​ដូច​ជា​ការរៀបចំ​ឲ្យ​ក្រុម​យុវជន​ចុះជួយ​វាស់វែង​ និង​ធ្វើ​ការបែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា ​ការចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ការពន្យល់​ពី​បញ្ហា​ព្រំដែន ​និង​ការបង្កើន​សន្ទុះ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ជា​ដើម។
លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​សរុប​បញ្ហា​ទាំង​នេះ​ថា៖
«គឺ​ជា​យុទ្ធនាការ​ពីរ​បែប​ដែល​ទៅ​រក​គោលដៅ​តែ​មួយ​ឲ្យ​ទទួល​បាន​នូវ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​ការពារ​អំណាច​របស់​គណបក្ស​ប្រជាជន។ គឺ​មួយ​ការ​បង្រ្កាប ទី​ពីរ​រក​ការពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​យល់​ហើយ​ជឿតាម​និង​គាំទ្រ»។

លោក អ៊ូ វីរៈ បកស្រាយ​ស្រដៀង​គ្នា​នេះ​ដែរ។

«ពី​ដើម​មក​គឺ​ចាប់​សកម្មជន​ដាក់​ពន្ធនាគារ ​ប៉ុន្តែ​យើង​ដឹង​ថា ​ការចាប់​នោះ​មិនមាន​ផលប្រយោជន៍​សម្រាប់​គណបក្ស​កាន់អំណាច​ហើយ​ដោយសារ​ដូច្នេះ​ហើយ​បាន​ជា​សម្តេច​ហ៊ុន សែន បាន​ព្យាយាម​ចូល​ទៅ​សភា​ក្នុង​ការ​បកស្រាយ​ទាក់ទាញ​យក​អ្នកគាំទ្រ​វិញ។

និស្សិត​វាស់​ដីធ្លី​ក៏​ជា​រឿង​មួយ​ទាក់ទង​នឹងការ​បោះឆ្នោត​២០១៣ ​ដែរ ​ហើយ​គណបក្ស​ប្រជាជន​បានឃើញ​ថា ​នៅ​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការធ្លាក់ចុះ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១២ ​ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​យកចិត្ត​ទុកដាក់​លើ​បញ្ហា​ដីធ្លី​ដែរ ​អញ្ចឹង​ទាំងអស់​នេះ​គឺ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣»។

វិទ្យុ​សំបុកឃ្មុំ​គឺជា​វិទ្យុ​ដែល​មាន​ប្រជាប្រិយភាព​និង​ឯករាជ្យ​មួយ​។ រដ្ឋាភិបាល​ចាប់​នាយក​វិទ្យុ​នេះ​ទៅ​ឃុំឃាំង​ដោយ​ភ្ជាប់​ជាមួយ​នឹងការបង្រ្កាប​ដោយ​ចោទ​ថា លោក ម៉ម សុណង់ដូ ​បានដាក់​បញ្ជា​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ត្រូវជឿ​ថា​ជា​ក្រុម​អបគមន៍​ចង់​បំបែក​ទឹក​ដី​ដែល​ក្រុម​មន្ដ្រី​អង្គការ​សិទ្ធិ​មនុស្ស​រាយការណ៍​ថា​ពួកគេ​មិនមាន​សព្វាវុធ​ទេ។

ហេតុការណ៍​នេះ​ត្រូវ​ក្រុម​អ្នក​តាមដាន​នយោបាយ​កម្ពុជា​ហៅ​ថា ​ជា​ការវះកាត់​ជា​មុន​ជាជាង​ការព្យាបាល​យឺត​ពេល ​ដោយ​មើល​ឃើញ​ថា​ចលនា​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម សុណង់ដូ​ អាច​ជា​គ្រឹះមួយ​គាំទ្រ​ដល់​សំឡេង​ឆ្នោត​ក្រុម​អ្នក​បង្កើត​គណបក្ស​ថ្មី។
ចលនា​នេះ​ប្រមូលផ្តុំ​ដោយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​និង​ភាគច្រើន​គឺ​ជា​អ្នក​ជួបប្រទះ​វិបត្តិ​ក្នុង​ការរស់​នៅ។

លោក ជា បំរុង ​អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​ដឹង​ថា​ការចាប់ខ្លួន​លោក​ម៉ម សុណង់ដូ ធ្វើឡើង​នៅពេល​ដែល​សមាជិក​របស់​សមាគម​កើន​ដល់​ ១៣០,០០០​នាក់។ សមាជិក​ទាំងនោះ​មាន​នៅក្នុង​ក្រុង​ភ្នំពេញ ​ខេត្ត​កណ្តាល ​កំពង់ធំ ​ព្រៃវែង ​ក្រចេះ ​កំពង់ចាម ​តាកែវ ​កំពង់ស្ពឺ ​កំពង់ឆ្នាំង និង​ខេត្ត​កំពត។

ដូច្នេះ​បើសិន​ជា​កម្លាំង​សមាជិក​នេះ ​រីក​ធំធាត់​វា​ពិត​ជា​ការគំរាម​កំហែង​ដល់​គណបក្ស​កាន់អំណាច​ហើយ​ពិត​ជា​នឹង​នាំឲ្យ​មាន​បម្រែបម្រួល​មួយ​ក្នុង​ការបោះឆ្នោត​ក្នុង​រយៈពេល​១១​ខែ​ទៀត​នេះ។

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ​នៅ​កម្ពុជា​ហៅ​ថា ​ខុមហ្វ្រែល ​លើកឡើង​ថា​ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​លោក ម៉ម សុណង់ដូ បានបង្ហាញ​ជំហរ​គាំទ្រ​ឲ្យ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា​ រួបរួម​គ្នា ​និង​បានព្យាយាម​ជំរុញ​ឲ្យមាន​ការរួបរួម​គ្នា​ទៀត​ផង។

ដំណាល​គ្នា​នេះ​ទំនាស់​ព្រំដែន ​បញ្ហា​ដីធ្លី​ ការប្រឆាំង​អំពើ​ពុករលួយ​នៅតែ​ស្ថិត​ក្នុង​បញ្ជី​នយោបាយ​របស់​គណបក្ស​ប្រជែង​អំណាច​ហើយ​វា​បានស្រូប​យក​ការគាំទ្រ​មួយ​ចំនួន​ធំ​ផង​ដែរ។ គណបក្ស​កាន់​អំណាច​បានបង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការបង្រ្កាប​ជន​ពុករលួយ​ជា​បន្តបន្ទាប់​ក្នុង​មជ្ឈដ្ឋាន​មន្ដ្រី​ជាន់ខ្ពស់​ដែល​ជា​សមាជិក​របស់​ខ្លួន ​គឺ​ជា​ការចាប់ផ្តើម​លាង​សម្អាត​នូវ​ការស្អប់​ខ្ពើម​របស់​ម្ចាស់​ឆ្នោត។

ហើយ​ការចំណាយ​ពេល​ជាង​ប្រាំម៉ោង​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​ក្នុង​ការបកស្រាយ​បំភ្លឺ​ពី​ចំណោទ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការចោទ​សួរ​ក៏​ជា​វិធី​មួយ​ដើម្បី​បង្កើត​ឡើងវិញ​នូវ​លំនឹង​ផ្លូវចិត្ត​របស់​អ្នក​បោះឆ្នោត​ដែល​មាននិន្នាការ​ជាតិ​និយម។

សម្រាប់​លោក​អ៊ូ វីរៈ ​យុទ្ធសាស្ត្រ​នេះ​ទំនង​ជា​មិនមែន​ជា​ស្នៀត​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ទេ។
ប៉ុន្តែ​សម្រាប់​លោក ជាម យៀប ​តំណាងរាស្ត្រ​ជើងចាស់​មួយ​រូប ​និង​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​យល់ស្រប​នឹង​ការបកស្រាយ​ខាង​លើ​នោះ​ទេ។
លោក​ជាម យៀប​បាន​បញ្ជាក់​ថា៖

«សម្តេច​ហ៊ុន សែន ​មិន​ធ្វើ​ប្រជាភិថុត​អី​ទេ ​ប៉ុន្តែ​យក​ភស្តុតាង​ជាក់ស្តែង​រាយការណ៍​ជូន​ដល់​ជនរួមជាតិ​ឲ្យ​បានជ្រាប​ហើយ​ពិសេស​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​លោក​សុន ឆ័យ។ ដីធ្លី​ដូច​ជា​នៅ​ខេត្ត​ក្រចេះ​កន្លង​ទៅ ​យើង​ឃើញ​ថា​មាន​ការពាក់ព័ន្ធ​ជាមួយ​ម៉ម សុណង់ដូ ​ដោយសារ​តែ​សាក្សី​ប្រាំ​នាក់ ​ឬ​ប្រាំពីរ​នាក់​ឆ្លើយ​ដាក់​នេះ​ជា​តួនាទី​របស់​តុលាការ»។
ក៏ប៉ុន្តែ​លោក​ជាម យៀប ​ហាក់ដូច​ជា​បានលាតត្រដាង​ថា ​ការដោះស្រាយ​វិបត្តិ​ដីធ្លី ​គឺជា​គន្លឹះ​សម្រាប់​សន្លឹកឆ្នោត​ដែរ។

«ក្រុម​យុវជន​ដែល​បានចុះ​ទៅ​បោះបង្គោល​ខណ្ឌ​សីមា​ និង​រៀបចំ​ប្លង់ដី​ជូន​ប្រជាពលរដ្ឋ​គឺ​ជា​តួនាទី​របស់​រាជរដ្ឋាភិបាល ​ជា​តួនាទី​ស្នូល​របស់​សម្តេច​តេជោ​ហ៊ុន សែន ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រដ្ឋសភា ​ចំពោះ​មុខ​ប្រវិត្តសាស្ដ្រ​របស់​កម្ពុជា​និង​ចំពោះ​មុខ​ប្រជាជន​កម្ពុជា។ លោក​ចង់​ធ្វើ​យ៉ាងណា​ដើម្បី​កុំឲ្យ​មាន​ទំនាស់ដី​តទៅទៀត​ពីព្រោះ​ថា ​ដី​ដែល​មាន​ទំនាស់​ជួនកាល​ជា​ដីអត់​មាន​ប្លង់​ទេ។ អ្នក​មានអំណាច​មួយ​ចំនួន​បាន​ទៅ​ដណ្តើម​ដី​ពី​គេ​នៅ​ពេល​ដែល​អត់​មាន​ប្លង់។ ឥឡូវ​ប្រជាពលរដ្ឋ​អបអរ​សាទរ​គ្រប់កន្លែង​ដែល​មាន​ទំនាស់។ ធ្វើ​យ៉ាងណា​កាលណា​ប្រជាជន​ជឿជាក់ ​លោក​នឹង​អាច​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត»។

គណបក្ស​ចុងក្រោយ​គឺ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ​នឹង​ក្លាយ​ជា​គណបក្ស​ធំ​លំដាប់​ទី​ពីរ ​បន្ទាប់​ពី​គណបក្ស​កាន់អំណាច​ហើយ​គឺជា​គូប្រជែង​តែ​មួយ​គត់​ដែល​នឹង​បង្ក​កង្វល់​ដល់​គណបក្ស​គ្រប់គ្រង​អំណាច។

ប្រសិន​បើ​គេ​បូក​សំឡេង​គាំទ្រ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​កាល​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ខែ​មិថុនា ​កន្លងទៅ​នេះ​ឃើញ​ថា ​អ្នក​គាំទ្រ​គណបក្ស​ទាំងពីរ​សរុប​ប្រមាណ​ពីរលាន​នាក់ ​រីឯ​គណបក្ស​ប្រជាជន​ទទួលបាន​សំឡេង​គាំទ្រ​ជាង​បី​លាន​នាក់។

ប៉ុន្តែ​គណបក្ស​ជំទាស់​ទាំង​ពីរ​បានស្តី​បន្ទោស​លើ​ការរៀបចំ​ការបោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ គ.ជ.ប ​ដែល​លំអៀង​ទៅរក​គណបក្ស​កាន់អំណាច​និង​ភាព​មិនប្រក្រតី​ក្នុងការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ហើយ​រំពឹង​ថា ​អ្នក​ដែល​មិនបាន​បោះឆ្នោត​ជាង​បី​លាន​នាក់​គឺ​ជា​អ្នក​មាន​ភក្តីភាព​សម្រាប់​ពួកខ្លួន។

ទំនង​ជា​ឈរ​លើ​អំណះអំណាង​នេះ​ការបង្កើត​គណបក្ស​ថ្មី​គឺជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ប្រមូល​កំណើន​អ្នក​គាំទ្រ​ដើម្បី​ឈាន​ទៅ​ផ្តួល​គណបក្ស​ដឹកនាំ​ប្រទេស។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​យល់​ថា​ការបង្កើត​គណបក្ស​រួម​គ្នា​របស់​ក្រុម​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នឹង​អាច​ចំណេញ​សំឡេង​ឆ្នោត​បានច្រើន​ជាង​មុន​ក៏​ប៉ុន្តែ​គណបក្ស​នេះ​មាន​ការខ្វះខាត​ស្ទើរ​គ្រប់​ទីតាំង​ប្រកួត​ជាមួយ​គណបក្ស​ក្តោបក្តាប់​អំណាច។
ជាមួយ​គ្នា​នេះ​លោក អ៊ូ វីរៈ​មើល​ឃើញ​ថា ​គណបក្ស​ជំទាស់​មាន​មធ្យោបាយ​តិចតួច​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហើយ​ក្រសោប​បានតែប្រជាពលរដ្ឋ​ដែល​ទទួល​រង​បញ្ហា​ក្នុង​សង្គម។
លោក​បញ្ជាក់​ថា៖

«គាត់​យក​រូបភាព​បង្រួប​បង្រួម​អ្នក​ប្រជាធិបតេយ្យ​គឺ​ជា​រូបភាព​ដើម្បី​ទាក់ទាញ​អ្នក​ដែល​មាន​បញ្ហា​ក្នុង​សង្គម»។

ក៏ប៉ុន្តែ​សម្រាប់​លោក​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​គោលការណ៍​នេះ នឹងមិន​ផ្តល់​លទ្ធភាព​ធំធេង​ដល់​គណបក្ស​ជំទាស់​ទាំង​ពីរ​ទេ។

«ចំពោះ​ខ្ញុំ​គឺ​យុទ្ធសាស្ដ្រ​នេះ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០១៣​ទេ ដូច្នេះ​បើ​ចង់​ឈ្នះឆ្នោត​គណបក្ស​ប្រឆាំង​ត្រូវតែ​ទាក់ទាញ​អ្នក​កណ្តាល​។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣ អ្នក​បោះឆ្នោត​ភាគច្រើន​នឹង​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ។ ដូច្នេះ​បើ​សិន​ជា​អាច​ទាក់ទាញ​អ្នក​បោះឆ្នោត​ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ឆ្នាំ​ទៅ​៣៥ ឆ្នាំ​បានគឺ​ឈ្នះឆ្នោត​ហើយ។ បើ​យើង​មើល​ទៅ​អ្នក​រកស៊ី​ខ្នាតតូច​និង​អ្នក​រកស៊ី​ថ្នាក់​កណ្តាល​នៅតែ​ប្រឈម​នឹង​បញ្ហា​ពុករលួយ​និង​ការិយាធិបតេយ្យ​មួយ​ចំនួន​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ហាក់ដូច​ជា​មិន​បាន​ជោគជ័យ​ក្នុង​ការទាក់ទាញ​ពួកគាត់​ទាល់តែ​សោះ​ពី​អតីតកាល»។

ថ្វីបើ​មាន​ការមើលឃើញ​ដូច្នេះក្តី​លោក ប៉ុល ហំម​ និង​លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​ចលនា​អ្នក​ប្រជាធិបតេយ្យ​សម្រាប់​គណបក្ស​ដែល​នឹង​បង្កើត​ថ្មី​របស់​ក្រុម​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ត្អូញត្អែរ​ពី​ការប្រកួត​លើ​សង្វៀន​មួយ​ដែល​គណបក្ស​កាន់អំណាច​មិន​បានផ្តល់​ទម្ងន់​ឲ្យ​បាន​ស្នើគ្នា​សម្រាប់​គូ​ប្រកួត។ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​ដែល​ជួយ​ផ្តល់​អំណោយ​ផល​ជ័យជម្នះ​ដល់​គណបក្ស​នេះ។
ប៉ុន្តែ​លោក​យឹម សុវណ្ណ នៅ​មាន​សង្ឃឹម​បន្ថែមទៀត​នៅ​ឡើយ។

«បើ​ពិនិត្យ​មើល​ចំនួន​អ្នក​បោះឆ្នោត​និង​ចំនួន​អ្នក​មិន​បាន​ទៅ​បោះឆ្នោត​ឃើញ​ថា​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​អ្នក​ប្រជាធិបតេយ្យ​ប្រហែល​ពីរ​ភាគ​បី​ហើយ។ គណបក្ស​ប្រជាជន​ទទួល​បានសំឡេង​ប្រហែល​ជា​ជាង​បីលាន​កន្លះ​ ហើយ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ជិត​ពីរ​លាន ​ព្រមទាំង​អ្នក​ដែល​មិន​បានទៅបោះឆ្នោត​ជាង​បីលាន​នាក់»។
បើទោះ​ជា​មាន​ក្ដី​រំពឹង​បែប​នេះ លោក​ជាម យៀប ​តំណាងរាស្ដ្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ជឿ​ជាក់​ថា​ដោយសារ​តែ​គណបក្ស​នេះ​មាន​សមាជិក​ជាង​ប្រាំលាន​នាក់​គណបក្ស​នេះ​នឹង​ទទួល​ជ័យជម្នះ​ជា​ថ្មី​ទៀត​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ខែ​កក្កដា​ឆ្នាំ​ក្រោយ​នេះ។

លោក អ៊ូ វីរៈ ក៏​បានប្រមើល​មើល​ឃើញ​ដូច​គ្នា​ដែរ​ថា ​គណបក្ស​កាន់អំណាច​មាន​ចំណុច​ឈ្នះ​ច្រើន​ដូច​ជា​ប្រសិន​បើ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ជឿ​ថា​គណបក្ស​កាន់អំណាច​ទទួល​បានជោគជ័យ​ក្នុង​ដំណោះស្រាយ​ដីធ្លី​និង​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​ប្រសិទ្ធភាព​នោះ​។ ក៏ប៉ុន្តែ​លោក​សង្ស័យ​ថា យន្តការ​ទាំងនេះ​អាចត្រូវ​បាន​អនុវត្ត​សម្រាប់​តែ​ប្រជាភិថុត​ក្នុង​ការបោះឆ្នោត​តែ​ប៉ុណ្ណោះ​ហើយ​វា​នឹង​ត្រូវ​រលាយ​ទៅវិញ​ក្រោយ​ពី​ការប្រកាស​លទ្ធផល​ឆ្នោត។
យ៉ាងណា​ក៏​ដោយ​គណបក្ស​ថ្មី​គឺ​គណបក្ស​សង្រ្គោះជាតិ​នឹង​ស្ថិត​ក្នុង​សភាព​បាក់ស្លាប​ម្ខាង​ប្រសិន​បើ​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយ​របស់​ខ្លួន​គឺ​លោក​សម រង្ស៊ី ​នឹង​ត្រូវ​រារាំង​មិន​ឲ្យ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​និង​ត្រូវ​រារាំង​មិន​ឲ្យ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ៕
XS
SM
MD
LG