អណ្តើកហ្លួងជា អណ្តើកមួយប្រភេទក្នុងចំណោមប្រភេទសត្វកម្រដែលជិតផុតពូជដែលគេបានស្គាល់តិចតួចដូចជា ប្រភេទសត្វខ្លាឃ្មុំខ្មៅអាស៊ី ដំរីអាស៊ី និងប្រភេទខ្លាដំបងឥណ្ឌូចិនជាដើម។
សត្វល្មូននេះត្រូវបានគេស្គាល់ថា ជាអណ្តើកហ្លួង ហើយវាត្រូវបានគេជឿថា បានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ឆ្នាំ២០០០ នៅពេលដែលក្រុមអ្នកជំនាញអាមេរិកមួយក្រុមមកពីអង្គការ Wildlife Conservation Society (WCS) ដែលមានមូលដ្ឋាននៅស.រ.អា និងរដ្ឋបាលជលផលកម្ពុជាបានរកឃើញពពួកសត្វអណ្តើកនោះឡើងវិញនៅស្ទឹងស្រែអំបិលនៅខេត្តកោះកុង។
នៅឆ្នាំដដែលនេះ អង្គការ WCS បានផ្តួចផ្ដើមគម្រោងដើម្បីការពារប្រភេទសត្វដែលជិតផុតពូជនេះ ដែលត្រូវបានមើលឃើញថា ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការជួយស្ដារឡើងវិញនូវចំនួនអណ្តើក ដែលត្រូវបានជឿថា ធ្លាក់មកត្រឹមតែ ៣៣ក្បាលប៉ុណ្ណោះនៅប្រទេសកម្ពុជា ដែលនេះជាចំនួនដ៏គ្រោះថ្នាក់មួយ។
លោក ហេង សុវណ្ណារ៉ា ប្រធានគម្រោងការពារអណ្តើកហ្លួងរបស់អង្គការ WCS បាននិយាយថាគម្រោងបង្កាត់ពូជបានបង្កើនចំនួនអណ្តើកនោះរហូតដល់២៤៨ក្បាល។
គាត់មានប្រសាសន៍ថា៖ «វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការពារអណ្តើកទាំងនេះ ព្រោះតែពួកវានឹងផុតពូជ ប្រសិនណាបើគ្មានការការពារត្រឹមត្រូវ»។ គាត់បានបន្ថែមទៀតថា អណ្តើកទាំងនេះក៏មានផងដែរនៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និងបង់ក្លាដេស។
អណ្តើកប្រភេទនេះបង្កកំណើតនៅព្រៃកោងកាង ហើយក្រាបពងរបស់ពួកវានៅតាមឆ្នេរខ្សាច់មាត់ស្ទឹងដោយប្រើរយៈពេលប្រហែល១០០ថ្ងៃ។
លោកសុវណ្ណារាបានបន្តថា៖ « ជារៀងរាល់ឆ្នាំមានអណ្តើកញីប្រហែល១០ប៉ុណ្ណោះ ដែលអាចពងកូនបាន»។ សត្វប្រភេទនេះអាចបង្កកំណើតបាននៅពេលដែលពួកវាមានអាយុ២៥ឆ្នាំ ហើយមានទម្ងន់ចន្លោះពី៣០ ទៅ៤០គីឡូក្រាម។
ចាប់តាំងពីឆ្នាំ២០០០ មក កម្មវិធីបង្កាត់ពូជរបស់អង្គការ WCS បានចិញ្ចឹម និងព្រលែងសត្វអណ្ដើកចំនួន១៤៦ក្បាលហើយ ដែលនេះរាប់បញ្ចូលទាំងអណ្តើក ២៤ក្បាល ដែលទើបតែត្រូវបានព្រលែងកាលពីខែមុន។
អណ្តើកដែលត្រូវបានព្រលែងថ្មីៗនេះ ត្រូវបានបំពាក់ឧបករណ៍វិទ្យុបញ្ជូនសារដើម្បីតាមដានទីកន្លែងដែលពួកវានៅ និងការចល័តរបស់ពួកវា ដើម្បីជួយការពារពួកវា។ ការការពារក៏ត្រូវមានការចូលរួមពីប្រជាជនមូលដ្ឋានផងដែរ ដែលពីមុនធ្លាប់ជាអ្នកប្រមូលសំបុកពងអណ្តើកជាមូលហេតុចំបង ដែលបណ្ដាលឲ្យពួកវាជិតផុតពូជ ប៉ុន្តែឥលូវនេះពួកគេត្រូវបានគេជួលឲ្យរុករកសំបុកអណ្តើក និងការពារសំបុកពួកវាវិញ។
បើតាមអង្គការ WCS តាំងពីឆ្នាំ២០០១មកការប្រើប្រាស់វិធីនេះបានការពារសំបុកអណ្តើកបានចំនួន៣៩សំបុកដែលមានពងសរុបចំនួន៥៦៤ ដែលនេះបានជួយឲ្យកូនអណ្តើកចំនួន៣៨២ក្បាលបានញាស់ដោយជោគជ័យ។
ប៉ុន្តែនៅពេលដែលពួកវាញាស់ កូនអណ្តើកទាំងនោះងាយរងការយារយីដោយមំសាសីមួយចំនួនដូចជាបក្សីទឹក និងសត្វក្រពារ។ ហើយដោយសារតែពួកវាងាយស្រួលចាប់ដោយឧបករណ៍នេសាទ អង្គការ WCS និងមន្ទីររដ្ឋបាលជលផលនៅឆ្នាំ២០០៦ បានផ្តួចផ្តើមកម្មវិធីថ្មីមួយដែលមានឈ្មោះថា «Head Start» ដើម្បីការពារកូនអណ្តើកដែលទើបតែនឹងកើតនេះ។
យោងតាមការចុះផ្សាយព័ត៌មានរបស់អង្គការWCSអំពីអណ្តើក២៤ក្បាលដែលត្រូវបានព្រលែងកាលពីខែកក្កដាកន្លងទៅ «បន្ទាប់ពីអណ្តើកទាំងនោះបានញាស់ពីតំបន់ការពារនៅតាមឆ្នេរខ្សាច់ ពួកវាត្រូវបានគេបញ្ជូនទៅកន្លែងការពារ ហើយត្រូវបានចិញ្ចឹមនៅកន្លែងនោះក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង។ ការធ្វើដូចនេះអាចជួយពួកវាធំល្មម ដែលអាចឲ្យពួកវាទទួលការគម្រាមកំហែងតិចជាងមុនពីប្រភេទសត្វផ្សេងៗដែលតាមយារយីពួកវា»។
អង្គការ WCS កំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាល និងក្រុមគាំពារបរិស្ថានមួយចំនួនទៀតដូចជា អង្គការTurtle Survival Alliance អង្គការ Wildlife Reserves Singapore និងអង្គការ Building Trust Internationalក្នុងការអភិវឌ្ឍបរិក្ខារដែលនឹងផ្ដល់ជាជម្រកដល់ប្រភេទសត្វជាច្រើន និងជួយជំរុញឲ្យសត្វអណ្តើកទាំងនេះ និងប្រភេទសត្វជិតផុតពូជដទៃទៀតមានការបង្កកំណើតតាមធម្មជាតិទៀតផង។
ឈ្មោះថា អណ្តើកហ្លួង(អណ្តើកសរសៃ) ដោយសារតែអណ្តើកទាំងនោះត្រូវបានការពារដោយព្រះរាជក្រឹត្យ។ កាលពីមុនស៊ុតរបស់អណ្តើកទាំងនេះត្រួវបានគេគិតថា ជាម្ហូបដ៏វិសេសដែលគេទុកសម្រាប់់តែថ្វាយស្តេចប៉ុណ្ណោះ។
យោងតាមព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥ ស្តីពីសត្វនិងរុក្ខជាតិដែលជានិមិត្តរូបតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា អណ្តើកហ្លួងត្រូវបានគេចាត់ទុកថា ជានិមិត្តរូបក្នុងចំណោមនិមិត្តរូបទាំង៧ ហើយអណ្តើកហ្លួងតំណាងឲ្យថនិកសត្វជាតិ។
លោកសុវណ្ណារាបានឲ្យដឹងថា «ពួកវា(អណ្តើកហ្លួង) ខុសពីប្រភេទអណ្តើកដទៃទៀតដោយសារពួកវាអាចរស់នៅបានទាំងក្នុងទឹកសាប និងក្នុងទឹកប្រៃ»។
លោកអ៊ាង សុផល្លែត ដែលជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជំរុញឲ្យប្រជាជនថែរក្សាឲ្យបាននូវថនិកសត្វជាតិនេះ ក៏ដូចជាជំរុញឲ្យមានភាពសកម្មជួយការពារពពួកអណ្តើកនេះ។
គាត់បានមានប្រសាសន៏ថា៖ « ការចូលរួមពីប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាញផ្នែកការពារប្រភេទសត្វដែលជិតផុតពូជគឺត្រូវការចាំបាច់។ ប្រសិនបើយើងធ្វើការរួមគ្នា យើងនឹងទទួលបានលទ្ធផលល្អ»៕