ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​បរម​រាជវាំង​ត្រៀម​បូជា​ព្រះ​បរម​រតនៈសព​សម្តេច​ឪ​នរោត្តម​សីហនុ​


រដ្ឋមន្ត្រី​ព្រះ​បរម​រាជវាំង​ លោក​គង់ ​សំអុល​
រដ្ឋមន្ត្រី​ព្រះ​បរម​រាជវាំង​ លោក​គង់ ​សំអុល​
ភ្នំពេញ​៖ លោក​គង់ ​សំអុល​ រដ្ឋមន្ត្រី​ព្រះ​បរម​រាជវាំង​បាន​ទទូល​ដល់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​រៀប​ចំឲ្យបាន​សមរម្យ​ក្នុង​ព្រះរាជ្យ​ពិធី​ដង្ហែរ​ព្រះបរម​រតនៈកោដិ​នៃ​សម្តេច​ឪ​នរោត្តម​សីហនុ។​
ព្រះបរម​រតនៈកោដិ​របស់​សម្តេច​ឪ​នរោត្តម​សីហនុ​គ្រោង​នឹង​ដង្ហែរ​ចេញពី​ព្រះ​បរម​រាជវាំងក្នុង​អំឡុង​ថ្ងៃទី១​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ហើយ​នឹង​តម្កល់​ទុក​ក្នុង​វាល​ព្រះមេរុ​ចំនួន​បី​ថ្ងៃ​មុន​ពេល​ធ្វើ​ព្រះរាជ​ពិធី​បូជា​នៅ​ថ្ងៃទី​៤​ខែ​កុម្ភៈ។​

នៅ​សល់​តែ​ជាងមួយ​ខែ​ទៀត​តែ​ប៉ុណ្ណោះ​ ព្រះ​បរម​រតនៈ​កោដិ​របស់​សម្តេច​ឪ​នឹង​ត្រូវ​ដង្ហែរ​ចេញ​ពីព្រះ​បរម​រាជវាំង។​

គណកម្មការ​រៀបចំព្រះរាជពិធី​បុណ្យព្របរម​សពសម្តេចឪ​បាន​បើក​កិច្ច​ប្រជុំមួយ​នៅថ្ងៃ​អង្គារ៍នេះដើម្បី​រៀប​ចំផែន​ការណ៍​ដង្ហែរ​ព្រះបរុ​មរតនះកោដិ។​

លោក​គង់ សំអុល​ រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង ​បាន​និយាយ​ថា​ យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៩០​នាក់​នឹង​ធ្វើ​ពិធី​កោរ​សក់​ដើម្បី​បួស​ថ្វាយ​មុខព្រះ​ភ្លើង​សម្តេច​ឪ។ ​អ្នកដែល​ត្រូវ​កោរ​សក់​មាន​ចំនួន​៦៩​រូប​មកពី​តាម​បណ្តា​ខេត្ត​ទាំង​២៣​ ១១​រូប​មក​ពីទីក្រុង​ភ្នំពេញ​និង​១០​អង្គជា​សមាជិក​រាជ​វង្សានុវង្ស។​

លោក​បាន​និយាយ​ថា​ អ្នកដែល​ត្រូវ​បួស​មុខព្រះ​ភ្លើង​គឺគ្រង​សម្លៀក​បំពាក់​សំពត់​សម្លុយ​អាវស​ និង​ពាក់​ស្បែកជើង​ផ្ទាត់​ធម្មតា​ ព្រម​ទាំង​ពាក់​មួក​លំផត​ដែល​មាន​ចុង​ស្រួច​ឡើង​ទៅលើ។​

«​អ្នកត្រូវ​ពាក់​ឯក​សណ្ឋាន​ត្រូវមាន​រូប​សញ្ញា​នៅ​ពេល​ដែល​យើង​ហែរ​សាក​ស្បង»។​

សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សោយ​ទិវង្គត់​កាល​ពីថ្ងៃទី​១៥​ខែ​តុលា​ នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ទីក្រុង​ប៉េកាំង​ ប្រទេសចិន​ប្រជាមានិត ​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ក្នុង​ព្រះ​ជន្ម៩០​ព្រះ​វស្សា។​
ព្រះ​បរមសព​សម្តេច​ឪ​បាន​តម្កល់​ទុក​ក្នុង​ព្រះ​បរម​រាជវាំង​ចំនួន​បីខែ​មុន​នឹង​ធ្វើ​ព្រះ​រាជ​ពិធី​ដង្ហែរ​ព្រះ​បរម​រតនៈ​កោដិ​យក​ទៅ​បូជា​នៅ​វាល​ព្រះ​មេរុ។​

លោក​គង់ សំអុល​បាន​មាន​ប្រសាសន៍​ថា​ ក្បួន​ដង្ហែរ​ព្រះបរម​សព​សម្តេចឪ​មានចម្ងាយ​ផ្លូវ​ប្រមាណ​៦​គីឡូម៉ែត្រ​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​យោធា​ មន្រ្តី​ប៉ូលិស ​កងរាជ​អាវុធហត្ថ​ និង​កង​ការ​រិទ្ឋ។​
ក្បួនដង្ហែរ​ព្រះ​បរម​រតនៈ​កោដិ​មាន​ប្រគុំ​ភ្លេង​តាម​របៀប​ប្រពៃណី​ខ្មែរ​និង​អនុញ្ញាត​ឲ្យ​មានការចូលរួម​និង​ប្រគុំ​ភ្លេង​តាម​របៀប​ខ្មែរ​ឥស្លាម​ ជនជាតិចិន​ និង​វៀតណាម​ផង​ដែរ។​

លោក​គង់ សំអុល​បាន​និយាយ​ថា​ ក្បួន​ដង្ហែរ​នឹង​ត្រូវ​រៀបចំ​ជាផែនៗ​ ដោយ​មាន​ទង់​ជាតិ​ធំ​នាំមុខ​ ទង់ជាតិ​៩ ​ទង់សាសនា​៩ ​និង​ទង់​ព្រះ​បរម​រាជវាំង​ចំនួន​៩​ ដោយមាន​ស្គរ​ធំ​ចំនួន​បីនិង​គង​ជ័យ​ចំនួន​បី។​
លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្បួនដង្ហែរ​ក៏​បាន​បង្ហាញនូវ​សក្ដានុពល​កម្លាំង​ទ័ព​ផង​ដែរ ​ដែល​រួម​មាន​កង​ត្រែ​ទ័ព​មួយក្រុម​ កង​ព្រះរាជ​អង្គរក្ស​ចំនួន​៩០​រូប​កងទ័ព​ជើងទឹក​ ​ កងទ័ព​ជើងគោក ​និង​កងទ័ព​ជើង​អាកាស​ មន្ត្រី​ប៉ូលិស​ កងរាជ​អាវុធហត្ថ​ ក្នុង​មួយ​អង្គភាពៗ​ចំនួន​៩០​រូប​ ហើយ​ឯក​សណ្ឋាន​ទៅ​តាម​អង្គភាព​និមួយៗ។​
លោក​បាន​បញ្ជាក់​ទៀត​ថា ​អ្នកចូល​រួម​ក្នុង​ព្រះ​រាជពិធី​ព្រះបរម​រតនៈ​កោដិ​នឹង​មាន​កាន់​ផ្កាឈូក​ព្រមទាំង​ត្រូវប្រុង​ប្រយ័ត្ន​គ្រប់​វិនាទី​ទាំង​អស់​ដើម្បី​ចៀសវាង​នូវ​កំហុស​ ពីព្រោះ​មាន​ស្ថានីយ៍​ទូរទស្សន៍​ជាច្រើន​បាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​សកម្មភាព​ដង្ហែរ​ព្រះ​បរមរតនៈកោដិ៕​
XS
SM
MD
LG