ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាពលរដ្ឋ​នៅ​តែ​មក​គោរព​ព្រះបរម​សព​នៅ​ព្រះ​បរម​រាជវាំង

  • ធីតា វីន

ដោយសារ​នេះ​ជា​រដូវ​វស្សា នៅ​រៀង​រាល់​យប់​ភាគច្រើន​មាន​ភ្លៀង​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ពិបាក​ក្នុង​ការ​រក​កន្លែង​ជ្រក​និង​សម្រាក។
ភ្នំពេញ៖ ក្តី​គោរព​ស្រលាញ់​របស់​ប្រជាពលរដ្ឋ​ចំពោះ​សម្តេច​ឪ​បាន​ស្ថិត​នៅក្នុង​ក្រអៅ​បេះដូង​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុខចិត្ត​ចំណាយ​ថវិកា​ដែល​ខ្លួន​មាន​បន្តិច​បន្តួច​ដើម្បី​ធ្វើ​ដំណើរ​ពី​ខេត្ត​ឆ្ងាយៗមក​គោរព​ព្រះ​បរមសព​សម្តេច​ឪ​នៅ​រាជធានីភ្នំពេញ។
អ្នកស្រី ស រិន អាយុ​៧៩ឆ្នាំ​រស់​នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។ អ្នកស្រី​កំពុង​អង្គុយ​លើ​កម្រាល​តង់​នៅ​មុខ​ព្រះបរមរាជវាំង។ គាត់​បាន​ឲ្យ​ដឹងថា​គាត់​មាន​លុយ​ចំនួន​២៥.០០០រៀល​គឺ​ស្មើរ​ជាង​៦​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ដែល​កូន​និង​អ្នក​ជិត​ខាង​នាំគ្នា​ប្រមូល​ឲ្យ​គាត់។ ចំនួន​ទឹក​ប្រាក់​នេះ​គ្រប់​គ្រាន់​សម្រាប់​តែ​អ្នក​ស្រី​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់​ដែល​មាន​ចម្ងាយ​ជាង​២០០​គីឡូ​មក​ទីក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​អ្នកស្រី​នៅ​តែ​សម្រេច​ចិត្ត​មក​ដែរ​ហើយ​គាត់​ពោល​ថា បើ​សិន​ជា​មិន​បាន​មក​គោរព​ព្រះ​បរមសព​សម្តេច​ឪ​ទេ​នោះ​អ្នកស្រី​ប្រាកដ​ជា​សោក​ស្តាយ​អស់​មួយ​ជីវិត។ ចំណែក​ឯ​ការ​ហូប​ចុក និង​សោហ៊ុយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​គឺ​បាន​ពី​ការជួយ​ឧបត្តម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​មក​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​នៅ​មុខ​ព្រះ បរម​រាជវាំង។
អ្នកស្រី​ដែល​មាន​រាង្គកាយ​មិន​សូវ​មាំទាំ​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​ចំនួន​បួន​ថ្ងៃ​ហើយ។
«ខ្ញុំ​មក​កាន់​ទុក្ខ​សម្តេច​ឪ។ មក​ហើយ​ត្រូវ​ដេក​ឲ្យ​យូរ​តប​ស្នង​សង​គុណ​ឪ។ខ្ ញុំ​មក​នេះ ​ខ្ញុំ​អត់​លុយ​ទេ តែ​ខ្ញុំ​សុំ​កូន​សុំ​ចៅ។ កូន​ចៅ​គេ​ឲ្យ​មក​ក៏​មក។ អត់​មាន​អី​សម្រាប់​ហូប​ទេ។ មក​មាន​តែសោហ៊ុយ​តែ​ប៉ុណ្ណោះ។ គេ​ស្នាក់​បែបណា ​ខ្ញុំ​ស្នាក់​ដូច​គេ​ដែរ​ទៅ។ ដេក​អញ្ចឹង តង់​អញ្ចឹង កាលណា​ភ្លៀង​បងប្អូន​ពូ​ប៉ូលីស​គាត់​ធ្វើ​រោង​ឲ្យ​ទៅ។ ធ្វើ​ដូចម្តេច​បើ​ចិត្ត​យើង​ចង់​ទៅ​ហើយ។ យើង​អត់​មាន​ស្តាយ​ស្រណោះ​តូចចិត្ត​អី​បន្តិច​អត់​ទេ។ អត់​បាន​មក​ដូច​អត់​អស់​ចិត្ត។ ចង់​តែ​មក​ទោះបីជា​អត់​លុយ​យ៉ាង​ណា​ក៏​ដោយ»។
អ្នក​ស្រី ស រិន សន្យា​ថា​នឹង​ព្យាយាម​រក​លុយ​ឲ្យ​បាន​សម្រាប់​មក​ម្តង​ទៀត​នៅ​ថ្ងៃ​បូជា​ព្រះ​បរមសព។ ព្រះមហាវីរៈក្សត្រ​បាន​យាង​ចូល​ទិវង្គត​នៅ​ព្រះជន្ម​៩០​ព្រះវស្សា​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​តុលា ក្នុង​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន។
ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ដែល​មក​គោរព​វិញ្ញាណក្ខន្ត​ព្រះ​បរមសព​សម្តេច​ព្រះ​នរោត្តម សីហនុ​នៅ​មុខ​ព្រះបរម​រាជ​វាំង អ្នកស្រី​ម៉ៃ បូ អាយុ​៧១ឆ្នាំ​មក​ពី​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ដែល​មាន​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ អ្នកស្រី​កំពុង​អង្គុយ​លើ​តង់​មុខ​ព្រះ​បរម​រាជ​វាំង។

អ្នកស្រី​មិន​សូវ​ធ្វើការ​ផ្លាស់​ទី​កន្លែង​ប៉ុន្មានទេ​ពីព្រោះ​គាត់​ពិការ​ជើង​ឆ្វេង​ម្ខាង។ គាត់​មក​ទីនេះ​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ធ្វើ​ដំណើរ​អស់​ប្រហែល​៥០.០០០រៀល​គឺ​ស្មើរ​ជាង​១២​ដុល្លារ​អាមេរិក​ដែល​ជា​លុយ​សន្សំ​របស់​គាត់​ជា​យូរ​មកហើយ។ ទោះ​បី​ជា​លុយ​ដែល​ត្រូវ​ចំណាយ​សម្រាប់​ធ្វើដំណើរ និង​ចំណាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ជា​ចំនួន​មួយ​យ៉ាង​ច្រើន​សម្រាប់​គាត់​ក៏ដោយ ក៏​គាត់​នៅ​តែ​មិន​ស្តាយ​ដែរ​ឲ្យ​តែ​គាត់​បាន​មក​គោរព​ព្រះ​បរមសព​សម្តេច​ឪ។
«ធ្វើ​បុណ្យ​បង្សុកូល​ឲ្យ​គាត់។ បង្សុកូល​ដូច​លោក​ទេស លោក​សូត្រមន្ត​អញ្ចឹង ហើយ​បន់​ឲ្យ​គាត់​ទៅ​រក​កន្លែង​សុខ។ ត្រូវ​តែ​តស៊ូ​មក។ មិន​អស់ចិត្ត​បើ​មិន​បាន​ឃើញ​គេ​ធ្វើ​បុណ្យ»។
ចាប់​ពី​ម៉ោង​១០​យប់​អ្នក​នៅ​រាជធានី​ភ្នំពេញ​នឹង​មក​ពី​ខេត្ត​ជាយ​ក្រុង​ភ្នំពេញ ដែល​ចូល​រួម​អុជធូក ថ្វាយ​ផ្កា គោរព​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរម​សព​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅផ្ទះ​វិញ ។ ដោយឡែក​អ្នក​ដែល​មក​ពី​ខេត្ត​ឆ្ងាយៗ​តែង​តែ​សម្រាក​តម្រៀប​គ្នា​នៅ​លើ​តង់​ខៀវ​ក្រាល​លើ​ថ្នល់​មុខ​ព្រះ​បរម​រាជ​វាំង។
ដោយសារ​នេះ​ជា​រដូវ​វស្សា នៅ​រៀង​រាល់​យប់​ភាគច្រើន​មាន​ភ្លៀង​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ពិបាក​ក្នុង​ការ​រក​កន្លែង​ជ្រក​និង​សម្រាក។
គ្រឹះស្ថាន​ឯកជន និង​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ធូរធារ​តែង​តែ​ធ្វើ​ការ​បរិចាក​ដូច​ជា​បាយ ម្ហូប អាហារ ទឹក និង​ថវិកា​ខ្លះ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ។ ចំណែក​ឯ​អាវ​យឺត​មាន​រូប​សម្តេច​ឪ បូ​កាន់​ទុក្ខ ផ្កា​និង​រូបថត​សម្តេច​ឪ​នៅ​តែ​មាន​ការ​ទិញ​លក់​យ៉ាង​ផុលផុស​ដដែល។ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​ពាក់អាវ​ស និង​ខ្ទាស់​បូ​កាន់​ទុក្ខ​នៅ​លើ​អាវ​ផ្នែក​ខាង​ឆ្វេង។
នៅ​តាម​សារព័ត៌មាន​ក្នុងស្រុក​នៅ​តែ​មាន​ការ​ចុះ​ផ្សាយ​សារ​រំលែក​ទុក្ខ​ពី​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​មួយ​ចំនួន​ផង​ដែរ។ ចំណែក​ឯ​វិទ្យុ និង​ទូរទស្សន៍​ក្នុងស្រុក​ក៏​នៅមាន​ការផ្សាយ​ពី​ស្នា​ព្រះហស្ថ​សម្តេច​ឪ​និង​សកម្មភាព​ការ​ចូល​គោរព​ព្រះ​បរមសព​ក្នុង​ព្រះបរមរាជវាំង​ពី​សំណាក់​មន្ត្រី​រាជការ​ក៏​ប៉ុន្តែ​ការ​ផ្សព្វ​ផ្សាយ​ពី​សកម្មភាព​ទាំងនោះ​មិន​សូវ​មាន​ច្រើន​ដូចកាល​ពី​ក្នុង​អំឡុង​ពេល​កាន់ទុក្ខ​នោះ​ទេ។
XS
SM
MD
LG