ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិធីបូជា​ព្រះរាជ​សព​សម្តេច​ឪនរោត្តម​សីហនុ​មាន​ការ​តុបតែង​ទាក់ទាញ​ភ្នែក​


ពីមុខ​ទី​លាន​បូជា​ព្រះរាជ​សព។ ថត⁣ដោយ៖ ស៊ុយ ហ៊ាមខេមរា

ព្រះ​មេរុ​ កន្លែង​សម្រាប់​បូជា​ព្រះរាជ​សព​ព្រះបាទ​នរោត្តម​សីហនុ ​មាន​សណ្ឋាន​ដូច​ជា​ប្រាសាទ​មួយ​ដែល​មាន​ភ្ជាប់​ដោយ​ក្បូរក្បាច់​ភ្ញីភ្លើង​ពណ៌​ លាប​ពណ៌​មាស​នៅ​គែម​នៃ​ប្រាសាទ។

ភ្នំពេញ​៖ នៅ​ម៉ោង​ប្រហែល​២​រសៀល​ មនុស្សម្នារ​ចាប់ផ្តើម​កក​កុញ។​ អ្នក​ខ្លះ​ឈរ​នៅ​តាម​ចញ្ចើម​ផ្លូវ ​និង​អ្នក​ខ្លះ​សំចត​យានយន្ត​របស់ខ្លួន​នៅ​ពីមុខ​ខ្លោង​ទ្វារ​ដើម្បី​មើល​ព្រះ​មេរុ​ព្រះ​បាទ​នរោត្តម​សីហនុ។​
ក្រុម​មនុស្ស​ដែល​មាន​ទាំង​ចាស់​ ក្មេង​ និង​ជន​បរទេស​មួយចំនួន​ផង​ដែរ​នោះ​ ​ហាក់ដូច​ជា​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ការ​សាងសង់នេះ។ ​ម្នាក់ៗ​បាន​ចំណាយ​ពេល​ប្រហែល​១០​នាទី​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។​
នៅ​ចំ​ពីមុខ​ទី​លាន​បូជា​ព្រះរាជ​សព ​គេ​អាច​មើលឃើញ​របង​និង​ខ្លោង​ទ្វារ​ធំ​កម្ពស់​ប្រហែល​៤​ទៅ​៥ម៉ែត្រ​ និង​មាន​កំពូល​ស្រួច​ចំនួន​៩​ ពណ៌​លឿង​រំលេច​ដោយ​ផ្កា​ពណ៌​ស​រាប់​រយ។​ មើល​ពី​ខាងក្រៅ​ទៅ​ ការ​សាង​សាង​ហាក់​ស្ទើរតែ​រួចរាល់​ទាំង​ស្រុង​ទៅ​ហើយ។ ​មានតែ​កម្មករ​៥​ទៅ​៦​នាក់​ប៉ុណ្ណោះ។​
ឈរ​ក្នុង​កន្រ្តក​យួរ​នៃ​ដង​សន្ទូច​របស់រថយន្ត​ពណ៌​ខៀវ​ កម្មករ​ពីរ​នាក់​មើលទៅ​ហាក់ដូច​ជា​មមារ​ញឹក​ខ្លាំង​ជាង​គេ​ក្នុង​ការ​ពិនិត្យ​មើល​ក្បូរ​ក្បាច់​តុបតែង​នៅ​ជាប់​នឹង​ប្រាសាទ ​ខណៈដែល​កម្មករ​ដទៃ​ទៀត​កំពុង​បង្ហើយ​ការងារ​ដែល​នៅ​សេស​សល់​របស់​នៅ​ជាប់​ផ្តាល់​នឹង​ដី។
ព្រះ​មេរុ​ កន្លែង​សម្រាប់​បូជា​ព្រះរាជ​សព​ព្រះបាទ​នរោត្តម​សីហនុ ​មាន​សណ្ឋាន​ដូច​ជា​ប្រាសាទ​មួយ​ដែល​មាន​ភ្ជាប់​ដោយ​ក្បូរក្បាច់​ភ្ញីភ្លើង​ពណ៌​ លាប​ពណ៌​មាស​នៅ​គែម​នៃ​ប្រាសាទ។​ តួ​ប្រាសាទ​ទាំងមូល​មាន​រំលេច​ដោយ​ពណ៌ចំនួន​បួន​ផ្សេង​គ្នា​គឺ​ពណ៌​មាស ​ក្រហម ​ក្រហម​ក្រ​ម៉ៅ​ និង​វាំង​នន​ពណ៌​ស។
ទល់មុខជណ្តើរ​ចុះ​ មាន​ដាក់​រូប​ចម្លាក់​យក្ស​២​កាន់​ដំបង​ពណ៌​ក្រហម​ក្រម៉ៅ​២។​
បង្គោល​ពណ៌​មាស​៤ដា​ក់​នៅ​អម​បួន​ទិស​នៃ​ប្រាសាទ។ ​ខាង​ចុង​នៃ​កំពូល​បង្គោល គេ​សង្កេត​ឃើញ​មាន​ហង្ស​ផង​ដែរ។​ ក្រៅពីនេះ ​នៅតាម​បរិវេណ​ជិត​ប្រាសាទ ​គេ​ឃើញ​មាន​ការ​ដាក់​តាំង​នូវ​ផ្កា​ពណ៌​ស​ជា​ច្រើន​ផើង។​
មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស ទី​ព្រះ​មេរុ​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​សាង​សង់​នៅ​លើ​វាល​ព្រះ​មេរុ ​ដែល​នៅ​ចំ​ពីមុខ​សារ​មន្ទីរ​ជាតិ។​
អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លង​កាត់​តាម​បណ្តោយ​ផ្លូវត្រង់​ម្តុំ​បរិវេណ​ព្រះ​បរមរាជ​វាំង​ ប្រាកដ​ជា​អាច​មើល​ឃើញ​យ៉ាងច្បាស់​នូវ​កំពូល​ដែល​រំលេច​ដោយ​ពណ៌​មាស​ និង​ក្បាច់​រចនា​យ៉ាង​ប្រណិត​ ពី​ចម្ងាយ។​
មនុស្សម្នារ​កាន់តែ​ច្រើន​ឡើង​នៅ​ពេល​ល្ងាច។ ​ការ​ឈរ​សំចតរបស់​អ្នក​ដំណើរ ពេល​ខ្លះ​បាន​ធ្វើឲ្យ​ចរាចរ​កក​ស្ទះ​ម្តងម្កាល​ដែរ។​
ស្ត្រី​វ័យ​ចំណាស់​មួយ​ក្រុម​មកពី​ខេត្តតាកែវកំពុង​អង្គុយ​ជជែក​គ្នា​ពី​គម្រោង​ចូលរួម​ដង្ហែ​ព្រះរាជ​សព​ព្រះ​បាទ​នរោត្តម​សីហនុ​ដែល​នឹង​ចាប់ផ្តើម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។​
ពាក់អាវ​ប៉ាក់​ពណ៌​ស ​ អ្នកស្រី​ងួន ​មួយ​គា ​អាយុ​៦៣​ឆ្នាំ​មក​ពី​ស្រុក​បាទី។ ​អ្នកស្រី​និយាយ​ថា ​គាត់​និង​អ្នក​ដទៃ​ទៀត​មក​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​មុខ​ដើម្បី​ឆ្លៀត​ឱកាស​អាច​មក​មើល​កន្លែង​បូជា​ព្រះរាជ​សព​របស់​ព្រះ​បាទ​នរោត្តម​សីហនុ។ ​
គាត់​បន្ត​ថា​ ការ​សាងសង់​និង​តុបតែង​កន្លែង​បូជា​ព្រះរាជ​សពរបស់​សម្តេច​តា​ស្អាត​ខ្លាំង​ណាស់។​
«មកជា​មួយ​បងប្អូន​៧​នាក់​ មក​មើល​កន្លែង​របស់​ព្រះអង្គ។ ​ចាប់​អារម្មណ៍​ជាង​គេ។​មាន​ចិត្ត​ថា ​វា​សមរម្យ​នឹង​កិត្តិយស​របស់​ព្រះអង្គ។ ​ចាប់​អារម្មណ៍​ជាង​គេ​កន្លែង​វាល​មេរុ​ហ្នឹង​តែ​ម្តង។ ​ក្បាច់​ស្អាត​មែន​ទែន ​សាក​សម»។
ជឹម ផារ៉ែម ​អាយុ​៥៣​ឆ្នាំ​ជា​អ្នករត់ម៉ូតូឌុប​នៅ​ផ្សារ​កណ្តាល។ ​កំពុង​អង្គុយ​លើ​ម៉ូតូ​ដែល​គាត់​ចត​នៅ​ពីមុខ​ខ្លោងទ្វារ​នៃ​ព្រះ​មេរុ​ គាត់​ប្រាប់​ថា ​គាត់​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​សោជ​ទិវង្គត​របស់​ព្រះ​តា។​ អ្នក​រត់​ម៉ូតូឌុប​ដដែល​បាន​សម្តែង​ការ​ពេញ​ចិត្តនឹង​ការ​សាងសង់​ព្រះ​មេរុ​សម្រាប់​បូជា​ព្រះរាជ​សព​សម្តេច​តា។ គាត់​និយាយដូច្នេះ​ថា៖​
«គឺ​ខ្ញុំ​មើលទៅ​គឺថា​ស្អាត។ ស្អាត​រក​អ្វី​ប្រៀប​មិន​បានទេ។​ ប្រទេស​ណា​ក៏​មិនអាច​ធ្វើ​បាន​ដូច​ប្រទេស​យើង​ដែរ។ ​បាទ ​គឺ​សក្តិសម ​ហើយ​មើលទៅ​អស្ចារ្យ​ណាស់​សម​ទៅ​នឹង​ព្រះ​បរម​កោដ្ឋ​របស់​សម្តេច​តា​យើង​នេះ។ ​ចាប់​អារម្មណ៍​ក្បាច់​ក្បូរ​ហ្នឹង​ស្អាត​តែ​ម្តង ​ពណ៌​ហ្នឹង​ក៏​សម​ដែរ»។​
ឈរ​នៅ​ខ្លោងទ្វារ​ចូល​ព្រះ​មេរុ ​អ្នកស្រី​អ៊ុយ យេន​ អាយុ​៦៥​ឆ្នាំ ​ជា​អ្នកស្រុក​មកពី​ខេត្ត​កំពង់ចាម។ ​អ្នកស្រី​និង​អ្នកភូមិ​ផ្សេងទៀត​ធ្វើដំណើរ​មក​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​គម្រោង​ចូលរួម​ពិធី​ដង្ហែ​ព្រះរាជ​សព​ព្រះ​បាទ​នរោត្តម​សីហនុ។ ​គាត់​និយាយ​ថា ​ការសាងសង់ព្រះ​មេរុ​របស់​សម្តេច​ឪ​ស្អាត។​
លោក​ញ៉ឹក ប៊ុនឆៃ ​អនុ​ប្រធាន​គណៈ​កម្មកា​រ​ព្រះ​បរម​សព​ បាន​ឲ្យ​ដឹង​ថា​ ការ​សាង​សង់​ព្រះ​មេរុបាន​បញ្ចប់​ហើយ​ ​ហើយ​គិត​ជា​ទឹកប្រាក់​សរុប​មាន​ប្រហែល​១,២​លាន​ដុល្លារអាមេរិក។​
លោកញ៉ឹក ប៊ុនឆៃបន្ត​ថា ​រចនាបទ​នៃ​ការ​សាង​សង់ព្រះ​មេរុគឺ​យក​លំនាំ​តាម​ព្រះ​មេរុ​រ​បស់​ស្តេច​ពី​មុន។​
«តាម​ពីមុនៗ​ហ្នឹង​ ដែល​យើង​មាន​ឯកសារ​អញ្ចឹង​គឺដូច​ពេល​ព្រះ​ករុណា​នរោត្តម​ ព្រះករុណា​សុរាម្រឹត​អញ្ចឹង។ ​យើង​ចង់​ធ្វើឲ្យ​ដូច​អញ្ចឹង។ ​យើង​ចង់​ធ្វើឲ្យ​ដូច​ពីមុន​ដើម្បី​ចៀស​វាង​ការ​ទិតៀន»។​
មន្ត្រី​ដដែល​បន្ត​ថា​ ដោយសារ​ពេល​វេលា​ខ្លី​ ការជ្រើសរើស​ក្រុម​ហ៊ុន​សម្រាប់​សាងសង់​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ច្រើន។ ​ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ទទួល​បន្ទុក​ធំ​ជាង​គឺកូនស្រី​របស់លោក​គង់ សំអុល ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រះ​បរម​រាជវាំង។​
វីអូអេបានព្យាតាមទាក់ទង​តំណាង​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ក្នុង​ការ​សាង​សង់​ព្រះ​មេរុដើម្បីសុំសេចក្តីពន្យល់​ តែ​មិន​អាច​ធ្វើ​ទំនាក់​ទំនង​បាន​ឡើយ។​
ព្រះ​បាទ​នរោត្តម​សីហនុ​បាន​ចូល​ព្រះ​ទិវង្គត​នៃ​ថ្ងៃ​១៥ ​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។ ​ក្នុង​ជន្មាយុ​៨៩​ឆ្នាំ​ ដោយ​សារ​ជំងឺ​គាំង​បេះដូង។​
កេរ​តំណែល​របស់​ព្រះ​អង្គ​គឺ​បាន​ទាមទារ​ឯករាជ្យ​ឲ្យប្រទេស​កម្ពុជា​ពី​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៥៤។ ​ហើយក៏​បានទទួល​ជ័យ​ជំនះ​ទាមទារ​មក​វិញ​នូវ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​១៩៦២៕​
ព័ត៌មានចុងក្រោយជា​រូបភាព​តាម Storify៖
XS
SM
MD
LG