ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បន្ត​ដល់​ថ្ងៃ​ទី​៦​ដោយ​ទាក់​ទាញ​បាន​អ្នក​ចូលរួម​មរណទុក្ខ​ជា​ច្រើន


ភ្នំពេញ៖​ ព្រះរាជពិធី​តាម​បែប​ព្រះ​ពុទ្ធសាសនា​បាន​បន្ត​នៅ​ថ្ងៃ​ទី​ប្រាំមួយ​នា​ថ្ងៃ​ពុធ​នេះ​សម្រាប់​ព្រះបាទ​នរោត្តម សីហនុ​ ដោយ​មាន​ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ចំនួន​៣២​អង្គ​ ដើម្បី​ឧទ្ទិស​មគ្គផល​កុសល​ផល​បុណ្យ​ទៅ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រ​ដែល​បាន​លះបង់​ព្រះ​កាយពល​ដើម្បីប្រទេស​កម្ពុជា។

​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ដែល​មាន​ដូច​ជា​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន លោក​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ និង​លោក​ហេង សំរិន ប្រធាន​សភាជាតិ​ក៏​បាន​ចូលរួម​ជាមួយ​ព្រះករុណា​ នរោត្តម សីហមុនី​ និង​ព្រះរាជវង្សានុវង្ស​នៅ​វាល​ព្រះ​មេរុ​ ដើម្បី​ស្តាប់​ធម្មទេសនា​សម្តែង​ដោយព្រះ​សង្ឃ​ចំនួន​៣​អង្គ​និង​ការ​សូត្រ​ធម៌​របស់ព្រះ​សង្ឃ​ចំនួន​៩០​អង្គ។

ដោយ​ឡែក​នៅ​ក្រៅ​បរិវេណ​នៃ​វាលព្រះ​មេរុ​វិញ​មាន​ពលរដ្ឋ​ប្រហែល​មួយ​ពាន់​នាក់​នៅ​បន្ត​សម្តែង​ការ​គោរព​របស់​ពួកគេ​ជា​ចុងក្រោយ​រហូត​ដល់​ពេល​យប់។

អ្នក​រាយការណ៍​ព័ត៌មាន​របស់​វីអូអេ​ឱ្យ​ដឹង​ថា​ ​ការ​លក់ដូរ​ផ្កា​ឈូក​និង​ទៀន​ធូប​បាន​កើន​ឡើង​ដោយ​ពលរដ្ឋ​ទិញ​យក​មក​ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបាទ​សីហនុ ហើយ​ក៏​មាន​អ្នក​លក់​ព្រះ​ឆាយាលក្ខណ៍​ព្រះ​បាទ​សីហនុ​និង​ព្រះករុណា​នរោត្តម​សីហមុនី​ផងដែរ៕

ព័ត៌មានចុងក្រោយជា​រូបភាព​តាម Storify៖

XS
SM
MD
LG