វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញនិងមន្ត្រីស.រ.អាបានជួបប្រជុំគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីជជែកពិភាក្សាគ្នាអំពីសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដែលត្រូវបានរិះគន់ជាអន្តរជាតិ។ ពួកគេយល់ឃើញថាសេចក្តីប្រកាសសិទ្ធិមនុស្សនេះផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលអាស៊ាន ដែលរំលោភសិទ្ធិមនុស្សជាជាងការពារសិទ្ធិពលរដ្ឋ៦០០រយលាននាក់ក្នុងតំបន់អាស៊ាន។
កិច្ចពិភាក្សាស៊ីជម្រៅជាបន្តរបន្ទាប់ពីរលើកក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះមានការចូលរួម ជាវាគ្មិនពីលោក ដានីញែល ប៊ែ ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អាទទួលបន្ទុកផ្នែកប្រជាធិបតេយ្យ ពលកម្ម និង សិទ្ធិមនុស្ស មន្ត្រីសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងក្រុមអ្នកតាក់ តែងគោលនយោបាយក្នុងប្រទេសអាមេរិកមួយចំនួនដែលចូលរួមជាវាគ្មិន។ ក្រុមតំណាងអង្គការសង្គមស៊ីវិលមកពីតំបន់អាស៊ានក៍បានចូលរួមដែរតែការ ពិភាក្សាទាំងពីរលើក មិនត្រូវគេអនុញ្ញាតិឲ្យមានការថតសំឡេងនិងដកស្រង់សម្តីមកផ្សាយនោះទេ។
ក្រុមវាគ្មិនបានលើកឡើងចំៗពីបញ្ហាសិទ្ធិជាច្រើនដែលនាំឲ្យសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានមិនស្របនឹងស្តង់ដាអន្តរជាតិដូចជាបញ្ហាកម្រិតសិទ្ធិពលរដ្ឋ បញ្ហាតុល្យភាពរវាងសិទ្ធិនិងការទទួលខុសត្រូវ បញ្ហាសិទ្ធិនិងសន្តិសុខជាតិរបស់ប្រទេសអាស៊ាននីមួយៗ បញ្ហាសិទ្ធិនិងវប្បធម៌និងសាសនា និងសីលធម៌សាធាណៈរបស់ប្រទេសនីមួយៗ ដែលគេបាននិយាយស្រដៀងគ្នាថាសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះនឹងធ្វើឲ្យរដ្ឋាភិបាលអាស៊ានយកទៅប្រើប្រាស់ដើម្បីកៀបសង្កត់សិទ្ធិសេរីភាពពលរដ្ឋរបស់ខ្លួន។
លោក យ៉ាប់ យ៉ី សេង (Yap Swee Seng) នាយកប្រតិបត្តិនៃវេទិកាអាស៊ីសម្រាប់សិទ្ធិមនុស្សនិងការអភិវឌ្ឍ (Asian Forum for Human Rights and Development) ដែលជាអង្គការសិទ្ធិមនុស្សក្នុងតំបន់មួយបានថ្លែងប្រាប់វីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា សេចក្តីប្រកាសសិទ្ធិមនុស្សនេះនឹងក្លាយជា«គ្រោះថ្នាក់» ហើយនឹង «ផ្តល់ភាពស្របច្បាប់»ដល់វិធានការណ៍របស់រដ្ឋាភិបាល។
«ដូច្នេះ ឥឡូវនេះរដ្ឋាភិបាលអាស៊ានអាចមានសំអាងថាពួកគេចាត់វិធានការស្របទៅនឹងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននៅពេលដែលរដ្ឋាភិបាលទាំងនោះ ពិតជាប្រព្រឹត្តការរំលោភសិទ្ធិមនុស្សនានា។ ដូច្នេះ ខ្ញុំគិតថាការប៉ះទង្គិចដ៏អវិជ្ជមាននឹងកើតឡើង»។
លោកបានផ្តល់ឧទាហរណ៍មួយថាពលរដ្ឋមានកាតព្វកិច្ចរក្សាសន្តិភាពនិងសុវត្ថិភាពសាធារណៈ ហើយពួកគេមិនអាចធ្វើបាតុកម្មបានទេឥឡូវនេះ។
ប្រទេសអាស៊ានភាគច្រើនក្នុងចំណោម១០ប្រទេសត្រូវគេចាត់ទុកថាមានប្រវត្តិសិទ្ធិមនុស្សមិនល្អ ហើយគ្មានសេរីភាពដែលក្រុមមន្ត្រីសង្គមស៊ីវិលក្នុងតំបន់ រួមទាំងស.រ.អា អ.ស.ប និងសហភាពអ៊ឺរ៉ុប។ ពួកគេព្រួយបារម្ភថាសេចក្តីប្រកាសនេះអាច ត្រូវគេប្រើប្រាស់ដើម្បីរំលោភសិទ្ធិមនុស្ស រឹតត្បិតសេរីភាពពលរដ្ឋ ប៉ុន្តែមិនមែនដើម្បីការពារនិងគោរពសិទ្ធិមនុស្សនោះទេ។
លោកស៊ូណៃ ផាស៊ុក (Sunai Phasuk) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) របស់ស.រ.អា បានចាត់ទុកសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានថាជាសោកនាដកម្មមួយ។ លោកបានព្រមានថាអាស៊ាន អាចរក្សាបានអធិបតេយ្យភាពថាជាអង្គការគោរពសិទ្ធិមនុស្ស គិតពីផលប្រយោជន៍ពលរដ្ឋជាធំ ល្កឹកណាសេចក្តីប្រកាសសិទ្ធិមនុស្សត្រូវគេកែទម្រង់ឲ្យប្រសើរ។
«សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានមិនមែនជាឯកសារដែលលើកកម្ពស់ការគោរពសិទ្ធិមនុស្សបន្ថែមទេ តែវាជាឯកសារដែលអនុញ្ញាតិឲ្យសមាជិកអាស៊ានមិនគោរពសិទ្ធិមនុស្ស។ ដូច្នេះមានតែផ្លូវម្យ៉ាងគត់ដែលធ្វើឲ្យអាស៊ានមានកេរ្តិ៍ឈ្មោះ ហើយបើចង់ឲ្យគេហៅខ្លួនថាជាក្រុមគោរពសិទ្ធិមនុស្សក្នុងតំបន់ នោះគឺ ត្រូវការសរសេរឡើងវិញនូវសេចក្តីប្រកាសសិទ្ធិមនុស្សរបស់ខ្លួន»។
នៅក្នុងសុន្ទរកថាមួយមុននឹងបើកការជជែកពិភាក្សាអំពីសេចក្តីប្រកាសសិទ្ធិមនុស្សក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលលោកអញ្ជើញចូលរួម លោកឧបការីរងរដ្ឋមន្ត្រី ដានីញែល ប៊ែ នៃក្រសួងការបរទេសស.រ.អាបានបង្ហាញឲ្យឃើញនូវការខកចិត្តនិងបារម្ភអំពីការតាក់តែងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សដែលបានអនុម័តកាលពីថ្ងៃទី១៨វិច្ឆិកា។ លោកថ្លែងយ៉ាងដូច្នេះដោយសម្អាងថាសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះ អាចធ្វើឲ្យអន្តរាយដល់សិទ្ធិនិងសេរីភាពជាសកល។ លោកមានប្រសាសន៍ដែរថា៖
«សមាគមអាស៊ាន ក្នុងថានៈជាសមាគមរួមគ្នាដ៍ខ្លាំងមួយ ជារដ្ឋាភិបាលប្រកបដោយការជឿទុកចិត្តនោះ គ្មានអ្វីត្រូវភ័យខ្លាចពីការអនុញ្ញាត្តិឲ្យពលរដ្ឋរបស់ខ្លួនក្នុងការអនុវត្តសេរីភាពនិងសិទ្ធិមនុស្សជាមូលដ្ឋាន របស់ពួកគេដោយសេរីនោះទេ។ អាស៊ានអាចធ្វើបាននិងត្រូវតែធ្វើឲ្យបានប្រសើរជាងនេះ»។
ដោយបានការពារសេចក្តីប្រកាសសិទ្ធិមនុស្ស លោក រ៉ាហ្វែនឌី ឌីចាម៉ីន (Rafendi Djamin) អ្នកតំណាងប្រទេសឥណ្ឌូនេស៊ីដែលបានចូលរួមតាក់តែងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានក្នុងគណៈកម្មការអន្តររដ្ឋាភិបាលនៃសិទ្ធិមនុស្សអាស៊ាន(អៃចា)ថ្លែងថា៖
«នេះគឺជាសេចក្តីប្រកាសសិទ្ធិមនុស្ស។ ដោយសារតែជាសេចក្តីប្រកាសសិទ្ធិមនុស្ស វាជារឿងសាមញ្ញពេកក្នុងការនិយាយថាសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន គ្រាន់តែការពាររដ្ឋាភិបាលអាស៊ាន។ ការពិតគឺថាបញ្ហាវិបត្តិសង្គមសេដ្ឋកិច្ច សឹងតែគ្រប់រឿងរ៉ាវ រួមទាំងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ កំពុងក្លាយជាការប្តេជ្ញាចិត្តរបស់អាស៊ានរួចទៅហើយ ដែលឆ្លុះបញ្ចាំងឲ្យឃើញក្នុងសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន។ រឿងនេះគួរតែត្រូវបានអនុវត្ត»។
ស្រដៀងគ្នានេះដែរ ថ្លែងប្រាប់វីអូអេក្រោយពីកិច្ចពិភាក្សាចុងក្រោយមួយ លោកស្រី គ្រីស្ទីណា សឺណា (Christina Cerna) សាស្ត្រាចារ្យមួយរូបនៃសកលវិទ្យាល័យ ចចថោន ( Georgetown) បានគាំទ្រចំពោះសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដោយចាត់ ទុកថាសេចក្តីប្រកាសនេះគឺជាឧបករណ៍រួមមួយដែលផ្តល់សិទ្ធិជាច្រើន ដល់ពលរដ្ឋ អាស៊ានរួមទាំងសិទ្ធិជនស៊ីវិលនិងនយោបាយ សិទ្ធិវប្បធម៍និង សេដ្ឋកិច្ចសង្គម សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិមានសុខសន្តិភាពជាដើម។
«ដូច្នេះសេចក្តីប្រកាសនេះ បានក្លាយជាមូលដ្ឋានក្នុងការពិភាក្សា។ ហើយខ្ញុំគិតថា សម្រាប់មនុស្សជាច្រើន កិច្ចការឥតខ្ចោះគឺជាសត្រូវនៃកិច្ចការដ៍ល្អ ទោះជាសេចក្តីប្រកាសនេះមិនមានភាពឥតខ្ចោះក៏ដោយ ក៏វាជារឿងរំភើបណាស់ហើយៗវាជាជំហ៊ានទៅមុខដ៍អស្ចារ្យដែរ»។
លោកស្រី គ្រីស្ទីណា សឺណា បានផ្តល់ទំនុកចិត្តដល់សង្គមស៊ីវិលក្នុងការធ្វើយ៉ាងណាឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស និងរដ្ឋាភិបាលអាស៊ានចាប់អារម្មណ៍ ហើយកែលំអសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះ។
«ដូចខ្ញុំបាននិយាយគឺខ្ញុំគិតថាក្តីបារម្ភចម្បងនៃសង្គមស៊ីវិលឥឡូវនេះគួរតែដឹងពី វិធីដាក់ពាក្យប្តឹងទៅអៃចា ធ្វើអ្វីមួយអំពីរឿងទាំងនេះ ហើយបង្កើតឲ្យមានយន្ត ការណ៍ការពារ។ សេចក្តីប្រកាសនេះគឺគ្រាន់តែជាក្រដាសទេ ល្កឹកណាគ្មាន យន្តការការពារ វាគ្មានន័យទេ។ ហើយវាស្រេចតែអង្គការសង្គមស៊ីវិលនិង ជនរងគ្រោះដែលត្រូវរំលោភបំពានក្នុងការនាំបទល្មើសឲ្យមានការចាប់អារម្មណ៍ ពីអៃចាតែប៉ុណ្ណោះ»។
ក្រុមមន្ត្រីអាស៊ានបានអះអាងថាសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានជាសេចក្តីប្រកាសដែលមានបទដ្ឋានអន្តរជាតិស្របទៅនឹងច្បាប់សិទ្ធិមនុស្សជាសាកល។
ទោះជាយ៉ាងណាក៍ដោយលោករ៉ូប៊ឺត ហឺមែន (Robert Herman) នាយករងនៃកម្មវិធីតំបន់ របស់អង្គការហ្វ្រីដឹមហៅស៍ (Freedom House) ជាអង្គការសិទ្ធិមនុស្សមួយមានមូលដ្ឋាននៅស.រ.អា បានថ្លែងប្រាប់វីអូអេថាសេចក្តីប្រកាសនេះមិនស្របនឹងបទដ្ឋានអន្តរជាតិទេដែលអាចឲ្យរដ្ឋាភិបាលអាស៊ានបកស្រាយដើម្បីរឹតត្បិតអ្នកនយោបាយ សង្គមស៊ីវិល និងពលរដ្ឋរបស់ខ្លួននៅពេលសម្តែងមតិជំទាស់។
«ដូច្នេះ ខ្ញុំគិតថា នេះជាផ្លូវគ្រោះថ្នាក់ណាស់។ ដូចអស់លោកដឹងហើយថា សេចក្តីប្រកាសសិទ្ធិមនុស្សនេះជាឯកសារមានជីវិតមួយ។ដូច្នេះខ្ញុំគិតថានឹងមានការបន្តជំរុញ និងយកចិត្តទុកដាក់ពីសង្គមស៊ីវិលនានាក្នុងការពង្រឹង ប្រើប្រាស់និងធ្វើឲ្យឯកសារកាន់តែប្រសើរឡើង»។
មានសិទ្ធិមួយចំនួនដែលក្រុមប្រទេសអាស៊ានមិនបានដាក់បញ្ចូលក្នុងសេចក្តីប្រកាសសិទ្ធិមនុស្ស ដូចជាសិទ្ធិជួបប្រជុំ សិទ្ធិជនជាតិដើមភាគតិច នឹងសិទ្ធិខាងផ្នែកយែនឌ័រជាដើម។ ក្រៅពីទទូចដល់ពលរដ្ឋអាស៊ានផងនោះ ក្រុមអ្នកសិទ្ធិមនុស្សក្នុងតំបន់នឹងអន្តរជាតិថ្លែងថាពួកគេនឹងប្រើប្រាស់សេចក្តីប្រកាសសិទ្ធិមនុស្សជាសាកល និងច្បាប់សិទ្ធិមនុស្សអន្តរជាតិជំនួសវិញ។
ក្នុងចំណោមប្រទេសអាស៊ានទាំង១០ មានតែប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះដែលត្រូវបានអង្គការ ហ្វ្រីដឹម ហៅស៍ ចាត់ទុកថាជាប្រទេសដែលមានសេរីភាពនៅឆ្នាំ២០១២៕