ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​សុំ​​​ឲ្យ​​​តុលាការ​​ទម្លាក់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​មន្ត្រី​​​អង្គការ​​​អាដហុក


លោក​អំ សំអាត ​មន្ត្រី​​​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​​​មនុស្ស​ លីកាដូ​ បាន​​​អះអាង​ថា ​​​កិច្ចការ​របស់​លោក​ ចាន់ សុវ៉េត​ ធ្វើ​​​គឺ​​​ស្រប​ទៅ​​​តាម​​​ច្បាប់​និង​​​គោលការណ៍​​​ សិទ្ធិ​​​មនុស្ស ​និង​​​ធ្វើ​​​កិច្ចការ​ក្នុង​​​នាម​ជា​​​សកម្មជន​ការពារ​សិទ្ធិ​​​មនុស្ស។
លោក​អំ សំអាត ​មន្ត្រី​​​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​​​មនុស្ស​ លីកាដូ​ បាន​​​អះអាង​ថា ​​​កិច្ចការ​របស់​លោក​ ចាន់ សុវ៉េត​ ធ្វើ​​​គឺ​​​ស្រប​ទៅ​​​តាម​​​ច្បាប់​និង​​​គោលការណ៍​​​ សិទ្ធិ​​​មនុស្ស ​និង​​​ធ្វើ​​​កិច្ចការ​ក្នុង​​​នាម​ជា​​​សកម្មជន​ការពារ​សិទ្ធិ​​​មនុស្ស។
វ៉ាស៊ីនតោន៖ ក្រុម​អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ទទូច​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ ចាន់ សុវ៉េត​ មន្ត្រីអង្គការ​សិទ្ធិ​មនុស្ស​អាដហុក។​ ការ​ទទូច​របស់​សង្គមស៊ីវិល​នេះ​កើតឡើង​បន្ទាប់​ពី​តុលាការ​កោះ​ហៅ​លោក​ ចាន់ សុវ៉េត​ជា​លើក​ទី​ពីរ ដើម្បី​បំភ្លឺ​អំពី​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​ជួយ​ដល់​ជនសង្ស័យ​ដែល​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្តក្រចេះ។​

លោក ​ចាន់ សុវ៉េត​ត្រូវ​ចៅក្រម​ស៊ើបអង្កេត​ ឆែ វីរៈ​ នៃ​តុលាការ​ក្រុង​ភ្នំពេញ​ កោះហៅ​ឲ្យ​ចូល​ខ្លួន​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​២៤​ខែ​ធ្នូ​ខាង​មុខ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា ​លោក​បាន​ជួយ​ដល់​ក្រុម​មួយ​ដែល​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ចាត់ទុក​ថា​ ការ​កោះ​ហៅ​នេះ​គឺ​ជា​ការ​គំរាមកំហែង​ដល់​ក្រុម​សង្គមស៊ីវិល​ ហើយ​ពួក​គេ​បាន​ទទូច​ថា​ តុលាការ​គួរ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​លោក ចាន់ ​សុវ៉េត ​ដែល​គ្មាន​កំហុស។

លោក ​ចាន់ សុវ៉េត​ អនុប្រធាន​ក្រុម​អ្នក​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ត្រូវ​ចោទប្រកាន់​កាល​ពី​ខែ​សីហា​ថា​ បាន​ជួយ​ក្រុម​លោក​ ប៊ុន រដ្ឋា​ឲ្យ​គេច​ខ្លួន​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​តវ៉ា​រឿង​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ​ដែល​អាជ្ញាធរ​បាន​បាញ់​សម្លាប់​ជនរងគ្រោះ​កុមារី​អាយុ​១៤ឆ្នាំ​ម្នាក់​ស្លាប់​នៅ​ពេល​តវ៉ា​កាល​ពី​ដើម​ឆ្នាំ ​និង​ចំ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ​ត្រូវ​គេ​រាយការណ៍​មក​ថា​ ខកខាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពេល​នោះ។​

តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ អង្គការ​សង្គម​ស៊ីវិល​ គ្រាន់តែ​បំពេញ​កាតព្វកិច្ច​ជួយ​ជន​រងគ្រោះ​ស្រ្តី​និង​កុមារ ​និង​ជន​រងគ្រោះ​ដោយសារ​ បញ្ហា​ដីធ្លី​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នានា​ទៅ​តាម​ច្បាប់។ ពួកគេ​អះអាង​ថា​ បើ​គេ​ដឹង​ថា​ជន​ណា​ មួយ​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​ក្តីក្តាំ​តុលាការ​ អង្គការ​សង្គម​ស៊ីវិល​នឹង​ផ្តល់​យោបល់​ផ្លូវ​ច្បាប់​ឲ្យ​ជន​ទាំង​នោះ​ទៅ​រក​មេធាវី​ លើក​ទឹកចិត្ត​ឲ្យ​ហ៊ាន​តតាំង​នៅ​តុលាការ ​គឺ​មិន​បាន​ជួយ​ដល់​ឧក្រិដ្ឋជន​ណា​មួយ​ទេ។​ នោះ​ជា​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​សាកល​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ប្រតិបត្តិ។

លោក​ Phil Robertson ​នាយក​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក​មក​ថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​នឹង​បារម្ភ​ប្រសិន​បើ​លោក​ ចាន់ សុវ៉េត​ ត្រូវ​ចោទ​ប្រកាន់​ដោយ​សារ​តែ​គ្មាន​កំហុស​អ្វី​ ក្រៅ​តែ​ពី​បំពេញ​កិច្ចការ​ការពារ​សិទ្ធិមនុស្ស​ គាំទ្រ​សេរីភាព​ជួបប្រជុំ ​សេរីភាព​បញ្ចេញ​មតិ​នោះ។

«អង្គការ Human Rights Watch ​មាន​ក្តី​បារម្ភ​ណាស់​ដែល​បទចោទ​ប្រកាន់​នេះ​មាន​លក្ខណៈ​នយោបាយ។​ ហើយ​ខ្ញុំ​គិត​ថា ​លោក ចាន់ សុវ៉េត​ គួរ​រង​ការ​ចោទ​ប្រកាន់​ និង​ត្រូវ​គេ​នាំ​ទៅ​តុលាការ​ដោយសា​រប្រភេទ​បទចោទ​ទាំង​នេះ​ទេ»។

លោក​អំ សំអាត ​មន្ត្រី​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​អះអាង​ថា ​កិច្ចការ​របស់​លោក​ ចាន់ សុវ៉េត​ ធ្វើ​គឺ​ស្រប​ទៅ​តាម​ច្បាប់​និង​គោលការណ៍​ សិទ្ធិ​មនុស្ស ​និង​ធ្វើ​កិច្ចការ​ក្នុង​នាម​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

«ការណ៍​ដែល​កោះហៅ​លោក ​ចាន់ សុវ៉េត ​ជា​លើក​ទី​ពីរ​នេះ​ ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ មួយ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​វិស័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ក៏​ដូចជា​ការ​គំរាមកំហែង​ បំភិតបំភ័យ​នូវ​សកម្មភាព​ការងារ​របស់​អង្គការ​សិទ្ធិមនុស្ស»។

លោក​ អំ សំអាត​បាន​អះអាង​ថា​ តុលាការ​និង​អាជ្ញាធរ​កម្ពុជា​ត្រូវ​ពិចារណា​អំពី​ករណី​លោក​ ចាន់ សុវ៉េត ​ដោយសារ​ថា​ ប្រទេស​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ​ ដែល​សូម្បី​តែ​មេដឹកនាំ​ពិភពលោក​ មន្ត្រី​អង្គការ​សហប្រជាជាតិ រួម​ទាំង​លោក​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​បារ៉ាក់ អូបាម៉ា​ ព្រួយ​បារម្ភ​អំពី​រឿង​នេះ​ ហើយ​ចង់​ឃើញ​ កំណែ​ទម្រង់។

ដោយឡែក ​លោក​ ចាន់ សុវ៉េត​វិញ​អះអាង​ថា​ លោក​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ តាម​នីតិវិធី​អំពី​ភាព​ស្អាតស្អំ​របស់​លោក​តាម​ការ​កោះ​ហៅ​របស់​តុលាការ ​បន្ទាប់​ពី​ខកខាន​ចូល​ខ្លួន​ម្តង​កាល​ពី​ថ្ងៃ​ទី​២៤ខែ​សីហា ​ដោយសារ​លោក​ជាប់​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ុយអែត​រយៈពេល​៣​ខែ។

«ជា​រួម ​បើ​យើង​មើល​ឃើញ​អំពី​ដីកា​បែប​នេះ​ហើយ ​គឺ​ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​បំពេញ​ កាតព្វកិច្ច​នេះ​ ជា​ពិសេស​ខ្ញុំ​ផ្ទាល់​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ត្រូវតែ​ទៅ​បង្ហាញ​ខ្លួន​ដើម្បី​បកស្រាយ​នូវ​អ្វី​ដែល​ជា​រឿង​យុត្តិធម៌​ រឿង​ដែល​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​ច្បាប់»។

លោក​បាន​អះអាង​ថា​ការ​កោះហៅ​លោក​ទៅ​សាកសួរ​នេះ​គឺ​ជា​ការ​គំរាមកំហែង​ ដោយសារ​ការ​ចោទ​ប្រកាន់​គឺ​គ្មានភស្តុតាង​ មិនមាន​ការ​ហៅ​ទៅ​សាកសួរ​មុន​ពេល​ចោទប្រកាន់​ ហើយ​បញ្ជូន​រឿង​ទៅ​ចៅក្រម​ស៊ើបអង្កេត។

លោក​ Phil Robertson ​ថ្លែងថា៖ «លោក ​ចាន់ សុវ៉េត​ គឺ​ជា​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា​តាម​រកអ្នក​ដែល​អាច​ទទួល​កំហុស​ជំនួស​បាន។​ រដ្ឋាភិបាល​រក​មើល​ការ​គំរាមកំហែង​ចំពោះ​ក្រុម​អង្គការ​សង្គមស៊ីវិល​ រដ្ឋាភិបាល​ធ្វើ​ការ​ចោទប្រកាន់​តាម​បែប​នយោបាយ​ប្រឆាំង​លោក​ ចាន់ សុវ៉េត ​ដែល​ការ​គំរាមកំហែង​ប្រភេទ​នេះ​គួរ​តែ​បញ្ឈប់»។

លោក ​Robertson ​បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​អង្គការ​សង្គមស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ​និង​អង្គការ​សិទ្ធិ​មនុស្ស​ ត្រូវតែ​តស៊ូ​ទៅ​មុខ​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ខ្លួន​និង​ដើម្បី​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា។

ក្នុង​រឿង​ដី​ធ្លី​នេះ​ដែរ​ លោក​ ម៉ម សូណង់ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុ​សំបុកឃ្មុំ​ ក៏​ត្រូវ​ជាប់​ចោទ​ពី​បទ​អបគមន៍​នេះ​ដែរ​ ហើយ​លោក​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ឃុំឃាំង​២០​ឆ្នាំ។​ ការ​កាត់ទោស​នេះ​រង​ការ​រិះគន់ថា​ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ ហើយ​ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង។

មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បដិសេធ​ពី​ការ​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ក្រៅ​ពី​បាន​ អះអាង​ថា​ ការ​កោះហៅ​ ការ​ឃុំខ្លួន​នេះ​ជា​ដំណើរការ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​នៅ​កម្ពុជា​ ដែល​ពលរដ្ឋ​ត្រូវ​តតាំង​គ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​តុលាការ។
ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា​ក្នុង​ឆ្នាំ២០១២​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ ដោយសារ​តែ​អ្នក​សារព័ត៌មាន​ត្រូវ​គេ​បាញ់​សម្លាប់​ ចាប់​ដាក់គុក គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​សង្ស័យ​ សកម្មជន​ព្រៃឈើ​ត្រូវ​គេ​បាញ់​សម្លាប់​ ការ​រំលោភ​បំពាន​ដីធ្លី​ ការ​បាញ់​កម្មករ​រោងចក្រ​និង​ការ​រារាំង​មេដឹកនាំ​គណបក្ស​ជំទាស់ ​លោក​ សម រង្ស៊ី ​មិន​ឲ្យ​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ជា​ដើម៕
XS
SM
MD
LG