ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ពីរ​ទៀត​នៅ​ខេត្ត​សៀមរាប


កន្លែង​ដើរលេងកម្សាន្ត ផាប់​ ស្ទ្រីត​ នៅខេត្តសៀមរាប ថ្ងៃទី​១៧​​​ ខែមីនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA) ​

ក្រសួង​សុខាភិបាលកម្ពុជា​បាន​ប្រកាសនៅ​ថ្ងៃ​អង្គារ​នេះ​ថា​មានករណី​ថ្មី​ពីរ​ទៀត​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ខេត្ត​សៀមរាប ដែល​ជា​ម្តាយ​កូន​ពីរ​នាក់។

បន្ថែម​ករណី​ថ្មី​ពីរ​នេះ សរុប​ទាំង​អស់​ករណីឆ្លង​វីរុស​នេះ​នៅ​កម្ពុជា​មាន​ចំនួន​១០៩​ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ករណី​ថ្មី​នេះ មាន​ម្តាយ​អាយុ​៣៩​ឆ្នាំ និង​កូនប្រុស​អាយុ​១២​ឆ្នាំ នៅ​ក្រុង​សៀមរាប ហើយ​ស្វាមី​របស់​ស្រ្តី​នោះ គឺ​ជា​បុរស​អាយុ​៤០​ឆ្នាំ ដែល​មាន​ផ្ទុក​វីរុស​នេះ ពេល​ត្រឡប់​មក​ពី​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ដើម​ខែមីនា។

ពិធី​សាសនា​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ចុង​ខែកុម្ភៈ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជិត​៣០​នាក់​ដែល​ទៅ​ចូលរួម​បាន​ឆ្លង និង​បាន​រាល​ដាល​ទៅ​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។

បើ​តាម​ក្រសួង​សុខាភិបាល កូន​២នាក់​ផ្សេង​ទៀត និង​ឪពុក​ក្មេក​របស់​ស្រ្តី​ដែល​ឆ្លង​ខាង​លើ​នេះ ត្រូវ​បាន​បាន​ធ្វើ​តេស្ត និង​លទ្ធផល​អវិជ្ជមាន គឺ​មិន​មាន​ផ្ទុក​មេរោគ​នេះទេ។

​ក្រសួង​សុខាភិបាល​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ មាន​ករណី​ជាសះស្បើយ​ចំនួន​២៣​នាក់ ដែល​ក្នុង​នោះ​ក៏​មាន​បុរស​ខ្មែរ​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ដំបូង​បង្អស់​នៅ​ខេត្ត​សៀមរាប​ផង​ដែរ។

លោក លី សូវណ្ណ អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ករណី​ឆ្លង​ទៅ​ដល់​សហគមន៍​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក​បញ្ជាក់​ថា​លទ្ធភាព​អាច​មាន។

លោក​មាន​ប្រសាសន៍​ថា៖ «​ពុំទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ឡើយ​ទេ​តែ​លទ្ធភាព​នឹង​អាច​កើត​មាន​ឡើង»។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​មួយ​សម្រាប់​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដែល​នឹង​ត្រៀម​នៅ​ពេល​ណា​មួយ​ដែល​រដ្ឋាភិបាល​យល់​ថា​ ត្រូវ​ប្រើ​កម្លាំង​សន្តិសុខ​ដើម្បី​បង្ការ​ការ​រាត​ត្បាតវីរុស​កូរ៉ូណា។

រដ្ឋាភិបាល​ក៏​បាន​ប្រកាស​បិទ​បណ្តោះអាសន្ន​កាស៊ីណូ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១ ខែមេសា និង​បិទ​កុំ​ឲ្យ​មាន​ការ​នាំ​ចេញអង្ករស និង​ស្រូវ​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក្សា​ទុក​ស្បៀង​ក្នុង​ប្រទេស ប្រសិន​បើ​ជំងឺ​កូវីដ​នេះ​រាល​ដាល​កាន់​តែ​ខ្លាំង៕​

XS
SM
MD
LG