ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំងឺ​ម្នាក់​ទៀត​​នៅ​កម្ពុជា​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ អ្នក​មក​ព្យាបាល​ជំងឺ​​​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)
រូបឯកសារ៖ អ្នក​មក​ព្យាបាល​ជំងឺ​​​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាតដ្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​មន្ទីរពេទ្យ​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

ស្រ្តី​ខ្មែរ​ម្នាក់​នៅ​ថ្ងៃ​សុក្រ​នេះបាន​ស្លាប់​ ដោយ​សារ​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​សុខាភិបាល​នា​ថ្ងៃ​សុក្រ​ ដែលមិន​បញ្ជាក់​ឈ្មោះ​ ដោយ​ទំនង​ជាយោង​ទៅលើ​ការរក្សា​សិទ្ធិ​ឯកជន។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រសួង​សុខាភិ​បាល​បានឲ្យ​ដឹង​ថា ​អ្នក​ជំងឺ​ម្នាក់ អាយុ​ ៦២ ​ឆ្នាំ​ បាន​ស្លាប់​នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ​សូវៀត រាជ​ធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​ ១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​ ១៩ ខែ​មីនា ដោយ​សារ​ជំងឺ​កូវីដ​១៩។ ជំងឺ​នេះ​បាន​ប៉ះពាល់​សួត​ទាំង​សង​ខាង​ធ្ងន់​ធ្ងរ​របស់​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​ធាត់​ខ្លាំង។

បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​បាន​ចូល​សម្រាក​នៅមជ្ឈមណ្ឌល​ជាតិ​កំចាត់​របេង កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​មីនា ក្រោយ​រក​ឃើញ​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩​ នៅ​ថ្ងៃ​ដដែល។ ប៉ុន្តែ​ដោយសារ​ស្រ្តី​ខាង​លើ​មាន​ស្ថានភាព​ហត់​ខ្លាំង គួប​ផ្សំ​ទៅ​នឹង​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​ជំងឺ​ធាត់​ផង​នោះ អ្នក​ជំងឺត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត​ កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​មីនា។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ ក្រុម​គ្រូពេទ្យ​បាន​ដាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ដល់​អ្នក​ជំងឺ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​សង្រ្គោះ​ជីវិត​បាន។

គួរ​បញ្ជាក់​ថា​ នេះ​ជា​ករណី​ស្លាប់​ទីពីរ បន្ទាប់​ពី​បុរស​ខ្មែរ​ម្នាក់ ​អាយុ​ ៥០ ​ឆ្នាំ​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ​ ២០២១។ អ្នក​ស្លាប់​ទាំង​ពីរ​នាក់ ស្ថិត​ក្នុង​ករណីឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ ដែល​រក​ឃើញ​មនុស្ស​ជាង ​១ ពាន់​នាក់​ហើយ​ឆ្លង​ជំងឺ​នេះ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ៕

XS
SM
MD
LG