ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖ មនុស្ស​១២​នាក់​​ទៀត​ស្លាប់ ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​បន្ត​កើន​ខ្ពស់


រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្ត​​រកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្ត​​រកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាលកម្ពុជាឲ្យ​ដឹង​ថាមនុស្ស​ចំនួន​១២​នាក់​ទៀត​បានស្លាប់ដោយ​សារ​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​ថ្មីនៅ​ថ្ងៃ​អង្គារ​នេះ មាន​ប្រមាណ ​៧០០​នាក់​ដែល​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​ដដែល។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​បាន​ឲ្យ​ដឹង​ថា​មនុស្ស​១២​នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ដែលនាំ​ឲ្យ​ករណី​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់​២៧៨​នាក់។

ចំណែក​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ​៦៧៨​នាក់ ដែល​ក្នុង​នោះ​មាន​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ​៤៩​នាក់។ ករណី​ឆ្លង​សរុប​ក្នុង​ប្រទេសកម្ពុជា​មាន​ចំនួន​ ៣៥.៥១១​នាក់។ ចំណែក​ករណី​ជា​សះ​ស្បើយ​ពី​ជំងឺ​នៅ​ថ្ងៃ​នេះ មាន​ចំនួន ៥៥៧​ នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

កម្ពុជាប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុងសហគមន៍​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ស្រប​ពេល​នឹង​ការ​ឆ្លង​ជំងឺ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ដល់​ប្រជាពលរដ្ឋ ដោយ​ទទួល​បាន​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​ចិន តាម​រយៈ​ការទិញ​ផង និង​ទទួល​ជំនួយ​ឥត​សំណង​ផង។

បើ​តាម​ក្រសួង​សុខាភិបាល កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ១៩​នៅកម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​មិថុនា​មាន​ប្រមាណ​២៧,៦៦%​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ១០​លាន​នាក់​ដែល​រដ្ឋាភិបាល​រំពឹង​នឹង​ចាក់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

ទោះ​ជា​យ៉ាងណា ក្នុង​ពិធី​ទទួលវ៉ាក់​សាំង​ចំនួន​១លាន​ដូស​ទៀត​ពី​ប្រទេស​ចិន​នាថ្ងៃ​អង្គារ​នេះ អ្នកស្រី យក់ សម្បត្តិ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា​ការ​ចាក់​វ៉ាក់សាំង​ហើយ មិន​អាច​ធានាថា​មិនឆ្លង​ជំងឺ​កូវីដ១៩​បាន​ទេ ដោយ​អ្នកស្រីបន្ត​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រក្សា​ការពារ​សុវត្ថិ​ភាព​របស់​ខ្លួន តាម​រយៈ​ការ​ពាក់​ម៉ាស់ រក្សា​គម្លាត និង​អនាម័យ​ខ្លួន​ជាប់​ជានិច្ច៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG