ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ច្រាន​ចោល​ការ​រិះ​គន់​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​រឿង​ការ​ជនុំជម្រះ​ក្តី​លោក ​កឹម សុខា


លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
លោក កឹម សុខា ​មេដឹកនាំ​បក្សជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី​សវនាការថ្ងៃទីពីរ លើសំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស»​បាន​បញ្ចប់កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង ហ្សឺណែវ ​បាន​ច្រាន​ចោល​ការ​រិះគន់​ឥតសំចៃ​លើ​ដំណើរការ​កាត់ក្តី​លោក ​កឹម សុខា មេដឹកនាំ​មេដឹកនាំ​ក្រុម​ជំទាស់​ពី​បទក្បត់​ជាតិ ​ដែល​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ​៣រូប​បាន​ចាត់ទុក​ថា ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​មិន ប្រក្រតី ​និង​ «គ្មាន​សគុណភាព»។

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ភ្លាមៗ​កាល​ពី​ថ្ងៃសុក្រ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ ក្រសួងការ​បរទេស​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ហ្សឺណែវ ​បាន​វាយ​បក​ទៅ​កាន់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ៗ​ថា​ បាន​ចេញ ផ្សាយ​ព័ត៌មាន​ក្រោម​ហេតុផល​នយោបាយ​និង​បំភ័ន្ត​សាធារណជន​អំពី​ដំណើរ​ការ សវនាការ​លើ​ជន​ជាប់​ចោទ​លោក​ កឹម សុខា។

«ដូច​ពេល​កន្លង​មកដែរ​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​សូម​សម្តែង​នូវ​ការ​សោក ស្តាយ ​ជា​ពន់​ពេក​ចំពោះ​ការ​ប្រព្រឹត្តិ​មិន​ស្រប​តាម​វិជ្ជាជីវៈ​របស់​អ្នក​ជំនាញ​ខាង​លើ ដែល​មិន​មែន​ជា​មន្ត្រី​អង្កការ​សហប្រជាជាតិ​ និង ​គ្រាន់​តែ​បំពេញ​ការងារ​ក្នុង​ឋានៈ ផ្ទាល់​ខ្លួន ​ប៉ុន្តែ​តាំង​ខ្លួន​ជា​ចៅក្រម​នៅ​ក្នុង​កិច្ចការ​តុលាការ​និង​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​មួយ»។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​បន្ថែម​ដោយ​យោង​ថា​អ្នក​នយោបាយ​ក្រុម​ប្រឆាំង​ឬ​អត់​ពុំ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​សកម្មភាព​ដោយ​រួចទោស ​ហើយ​ការ​ឃុំខ្លួន​លោក ​កឹម សុខា​ មិន​បាន​លើស​ពី​១៨ ​ខែ​តាម​ច្បាប់​កំណត់​ទេ​ ដោយសារ​ថា​លោក​កឹម សុខា​ត្រូវដោះ​លែង​កាល​ពី​ថ្ងៃ​ទី​៩ ​ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ហើយ​ការ​ចោទ​ប្រកាន់​ថា​សវនាការ មាន​ភាព​កង្វះ​ការ​ចូលរួម​ជា​សារធារណៈ ​នោះ​គឺ​ជាឆន្ទានុសិទ្ធិ​របស់​ចៅក្រម។

ក្រុមអ្នក​ជំនាញ​ អ.ស.ប ​ដែលមាន​លោកស្រី ​សាស្ត្រាចារ្យ​ រ៉ូណា ស្មីត ​(Ms Rhona Smith)​ អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ផង​នោះ ​បាន បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​មួយ​ដែល ​VOA ​បាន​ទទួល​បាន​កាល​ពីថ្ងៃ​សុក្រ​នេះ​ពី ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្សឺណែវថា ​ដំណើរការ​កាត់​ក្តី​លោក​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​រំលាយ​ បាន​ប្រព្រឹត្ត​ទៅប្រកប​ដោយ​ភាព​មិន​ប្រក្រតី​ និង​ «គ្មានគុណភាព»​ ហើយនឹង​ជាហេតុផល​នយោបាយ ​ហើយការ ចោទ​ប្រកាន់​នេះវា​ក៏ជា​ផ្នែក​នៃ​លំនាំ​មួយ​កាន់តែ​ធំជាង​នេះ​នៃការ​ប្រើប្រាស់​ច្បាប់​មិន ត្រឹមត្រូវ ​ដើម្បី​ដាក់គោល​ដៅ​ទៅលើ​គូប្រជែង​នយោបាយ ​និងអ្នក​រិះគន់​រដ្ឋាភិបាល ។

លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣​ខែ​កញ្ញា​នៅ​ឆ្នាំ​២០១៧​ភ្លាមៗ​ក្រោយ​ពេល​វីដេអូ​របស់​លោក​ជាង​១ម៉ោង​ដែល​លោក​បាន​ថ្លែង​នៅឆ្នាំ២០១៣​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ​គឺ​គណបក្ស​កាន់​អំណាច​នោះ ​ត្រូវ​ប្រទះ​ឃើញ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ឡើងវិញ។​

សវនាការ​កាត់ក្តី​លោក​កឹម សុខា ​ពីបទ​សន្ទិដ្ឋិភាព​ឬរួម​គំនិត​ជាមួយ​បរទេស​ប៉ុនប៉ង ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី១៥ ​ខែមករា​ ឆ្នាំ​២០២០ ដោយ​ទំនង​បន្ត​រហូត​ដល់​៣ខែ៕

XS
SM
MD
LG