ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​​​អតីត​សកម្ម​ជនគណ​​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​តុលាការ​កំពូល​ដោះ​លែង​សាច់​ញតិ​ពួក​គេ


ក្រុមស្ត្រីថ្ងៃសុក្រ ស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ នៅមុខតុលាការកំពូល រាជធានីភ្នំពេញ ស្របពេលតុលាការបើកសវនាការលើសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់» របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ក្រុមស្ត្រីថ្ងៃសុក្រ ស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ នៅមុខតុលាការកំពូល រាជធានីភ្នំពេញ ស្របពេលតុលាការបើកសវនាការលើសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់» របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ តុលាការ​កំពូល​បាន​បើក​សវនា​ការលើ​សំណុំ​រឿងអតីតសកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិចំនួន ​១៣ ​នាក់ ដែល​បាន​ប្តឹង​ទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ក្រោយ​ពេល​ សាលា​ឧទ្ធរណ៍​បា​ន​តម្កល់​សាលក្រមរបស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​ទុក​ជា​បានការ​ កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០​២២។​

​ក្រោយសវនាការបាន​បញ្ចប់នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រុម​គ្រួសាររបស់​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ ដែល​តុលាការ​បាន​ចោទ​ប្រកាន់ពីបទ «រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់» បានទាម​ទារ​ឱ្យ​ទម្លាក់​ចោលបទចោទ​ប្រកាន់​សាច់​ញាតិ​របស់​ពួក​គេ​។ ពួកគេបាន​អះអាងថា សាច់ញាតិ​របស់​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី ឬញុះ​ញង់ និង​រួម​គំនិត​ក្បត់ ​ដូច​ការ​ចោទ​ប្រកាន់នោះទេ​។ ​

អ្នក​ស្រី សេង ចាន់​ថន អាយុ​៥០ឆ្នាំ ជាភរិយា​របស់​លោក ស៊ុន ធន់ ​អតីត​សមា​ជិក​ក្រុម​ប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ ដែល​បាន​មក​តាម​ដាន​សវនាការ​នេះ ​អ្នកស្រី​បានចាត់​ទុក​ការ​ចាប់​ខ្លួន​និង​ការ​ចោទ​ប្រកាន់​ស្វាមី​របស់​អ្នកស្រី ថាជា​រឿង​ «​អយុត្តិ​ធម៌​»​ ​ហើយមិន​គួរណា​អាជ្ញាធរ​ឃុំខ្លួន​ស្វាមី​របស់​អ្នកស្រី​អស់​រយៈ​ពេល​ជាង​ពីរឆ្នាំ​នេះ​ ​នោះ​ទេ​។​

អ្នក​ស្រី​ថ្លែង​ថា៖​ «បើសិន​ជា​អ្នកខាង​ក្រៅ​ធ្វើចលនា​សង្គ្រោះជាតិ​ ចលនា​អី​មួយ អ៊ីចឹង​អ្នក​ខាង​ក្រៅ មាន​ពាក់​ព័ន្ធ​អី​ជាមួ​យ​ពួក​គាត់ មាន​ភ័ស្តុ​តាង​ដែល​គាត់​ទំនាក់​ទំ​នង​គ្នា និយាយគ្នា​ចាប់​ភ័ស្តុ​តាង​បាន ​ថា​គាត់​ទៅ​ប្រមូល​អ្នកក្នុង​ស្រុក​ទៅនេះ ទៅ​នេះ​គឺ​អត់​មាន​។ គឺ​ចោទ​ប្រកាន់​ដោយ​អយុត្តិ​ធម៌ សម្រាប់​គាត់​»។

​លោក ស៊ុន ធន់ គឺជា​អតីត​សកម្មជន​បក្ស​សង្គ្រោះជាតិ​ម្នាក់​ក្នុង​ចំណោម​១៣នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​កម្ពុជា​ ​ហើយ​អ្នក​ផ្សេង​រួម​មាន ​លោក ​ឆុន ប៊ុនឆាត​ លោក ​យឹម សារ៉េត ​លោក ជុំ​ ចាន់ ​លោក​ កែវ ថៃ​ លោក​ ឡុង ផារី​ លោក​ ពៀត​ ម៉ាប់​ លោក​ សុខ ចាន់ថា ​លោក​ ឃឹម ភាណា​ លោក ​ឃុត ច្រឹក ​លោក ​ញ៉ែម វ៉ាន​ លោក ​ថៃ គន្ធា​ និង​លោក ងិន ឃាន។ ​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​តាំងពី​ឆ្នាំ ​២០​២០​ ហើយត្រូវបានសាលា​ដំបូង​រាជ​ធានីភ្នំពេញចោទ​ប្រកាន់​ពី​បទ​ «រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ កាល​ពី​ខែ​មីនា ​ឆ្នាំ ​២០​២២​។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន លើកដៃលា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន លើកដៃលា អតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី សេង ចាន់ថន អាយុ៥០ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេ នៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី សេង ចាន់ថន អាយុ៥០ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេ នៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នក​ស្រី សេង ចាន់​ថន បាន​ឱ្យដឹង​ទៀត​ថា លោក ស៊ុន ធន់ អាយុ​៥៨​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅថ្ងៃទី​១ ​ខែ​មិថុនា ឆ្នាំ ​២០​២០​។ អ្នកស្រី​ស្នើឱ្យ​តុលាការ​កំពូល​សម្រេច​ដោះ​លែង​ស្វាមី​របស់​អ្នក​ស្រី ​និង​អ្នក​ផ្សេងទៀត​ឱ្យ​មាន​សេរី​ភាពឡើង​វិញ​។

​អ្នកស្រី​ថ្លែង​ថា៖ ​«តុលាការ​កំពូល​គាត់​គួរ​តែ​យក​ភាព​យុត្តិធម៌ ​យកច្បាប់​ជាធំ​ ដើម្បីកាត់​ទោសឱ្យ​ពួក​គាត់​សុក្រឹត ហើយ​ឱ្យពួកគាត់​ដោះលែង​ឱ្យមាន​សេរីភាព​មក ព្រោះ​ពួក​គាត់​ចាស់​ៗអស់​ហើយ មិ​នអាច​ទៅធ្វើអី​បានទៀត​ទេ។ ​អាយុ​ហុកសិប​ស្អែកៗហើយ​ ខ្លះក៏ចូល​ហុក​ជាង​ហើយ​ អ៊ីចឹងសូម​ឱ្យតុលាការ​ដោះ​លែង​ពួក​គាត់​មក មិនត្រូវ​បន្តឃុំ​គាត់​ទៀត​នោះទេ»។ ​

អ្នក​ស្រី សេង ចាន់​ថន​ យល់ថា ​បើ​សិនតុលាការ​បន្តឃុំ​ស្វាមី​របស់​អ្នកស្រី និង​អ្នក​ផ្សេង​ទៀត​ដែល​មានវ័យ​ចាស់ៗ​ក្នុង​វ័យ​ ៦០ជាង ​វា​នឹង​អាច​ធ្វើ​ឱ្យអ្នក​ទាំង​នោះ​ធ្លាក់​ខ្លួនឈឺ​កាន់​តែ​ខ្លាំង។ អ្នកស្រី​បាន​បញ្ជាក់​ថា ក្នុង​ចំណោមជាង១០​នាក់នេះ​ កំពុង​ចាប់​ផ្តើមមាន​ជំងឺលើស​ឈាម​ លើស​ជាតិ​ខ្លាច ​ឈឺឆ្អឹងឆ្អែង និងឈឺ​ក្រពះ​ពោះ​វៀន​ជាដើម​។

​ចំណែក​អ្នកស្រី សុខ ប៊ូ​លី​ម៉ា​ អាយុ​៥៣ ​ឆ្នាំ ត្រូវជា​ភរិយា​របស់​លោក​ ឃឹម ភាណា​ អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ ៣ រាជធានី​ភ្នំពេញ​មកពីគណ​បក្ស​សង្គ្រោះ​ជាតិ​។ អ្នក​ស្រី​បាន​ឱ្យ​ដឹង​ថា ​ស្វាមី​របស់​អ្នកស្រី​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២​ ខែ​មេសា ​ឆ្នាំ​២០​២០​។ អ្នកស្រី​បាន​ការពារ​ស្វាមីថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ដូចការ​ចោទប្រកាន់នេះទេ​។ ក៏ប៉ុន្តែ​អ្នក​ស្រី​មិន​រំពឹង​ថា ​តុលាការ​កំពូលនឹងទម្លាក់​បទ​ចោទ​ប្រកាន់​លើ​ស្វាមី​របស់​អ្នកស្រី និង​អតីត​សកម្មជន​ផ្សេង​ទៀត​នោះ​ទេ​។

អ្នកស្រីថ្លែងថា៖ ​«​របៀប​ថា​ចេះ​តែ​កាត់​ពន្យា​ៗ​ ព្រោះ​ ចិត្ត​គាត់​ប្រុង​ដោះលែង​តាំង​ពី​២០២១​។ ​គាត់ចេះ​ពន្យារៗ​ ឱ្យប្រពន្ធកូន​ពិបាក​អ៊ីចឹង​ទៅណា»។

អ្នកស្រី សុខ ប៊ូលីម៉ា អាយុ៥៣ឆ្នាំផ្តល់ បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេនៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។(លាស់ លីបលីប/វីអូអេ)
អ្នកស្រី សុខ ប៊ូលីម៉ា អាយុ៥៣ឆ្នាំផ្តល់ បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេនៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។(លាស់ លីបលីប/វីអូអេ)

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញបាន​ចោទអតីត​សកម្មជនគណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ​១៣ ​នាក់​នេះ ថា​បាន​ចូល​រួមក្នុង «ច​លនា​សង្គ្រោះ​ជាតិ»​ ​ ដែល​បង្កើត​ឡើងនៅក្រៅ​ប្រទេស​ ​ដោយ​អតីត​មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​តាំង​ពីឆ្នាំ​ ២០​១៨​មក។ ​ពួក​គេក៏ត្រូវ​បាន​ចោទ​ប្រកាន់ពាក់ព័ន្ធ​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ​សម​ រង្ស៊ី​ កាល​ពី​ឆ្នាំ​ ២០១៩។

​តុលាការ​ក្រុងភ្នំពេញបានកាត់​ទោសពួកគេឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​ ៥ ​ឆ្នាំ ក្នុង​សំណុំ​រឿង​តែ​មួយគឺ ​«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប៉ុន្តែក្នុង​នោះ​ទោស​ត្រូវ​អនុវត្ត​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ​៣ ​ឆ្នាំ​ ៨​ ខែសល់​ពីនោះ​ត្រូវ​ព្យួរ​។ ​

​បច្ចុប្បន្នពួកគេកំពុង​ជាប់​ឃុំ​ ក្នុង​មណ្ឌល​ឃុំ​ឃាំង​ត្រពាំង​ផ្លុង ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ក្រោយពី​ផ្ទេរ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​ ២១​ ខែ​សីហា​ ឆ្នាំ ​២០២២។

ក្នុង​សវនាការតុលាការ​កំពូល លោកមេធាវី សំ សុគង់​ ដែល​ការពារ​ក្តីឱ្យ​អតីត​សកម្មជ​ន​ទាំង​ ១៣ ​នាក់ បាន​បញ្ជាក់​ថា​ ​ការ​ចាប់​ខ្លួន​អតីត​សកម្មជ​ន​សង្គ្រោះ​ជាតិ​ទាំង​អស់​នេះ​ «អនុវត្ត​ខុស​នីតិ​វិធី​ច្បាប់​»​ ដោយ​ពួកគេ​មិន​ដែល​បាន​ទទួលដីកាចូល​ខ្លួន​បំភ្លឺ ​និង​ដីកា​នាំ​ខ្លួន​ទេ ប៉ុន្តែ​បែរ​ជា​ឈាន​ដល់​ដីកាចាប់​ខ្លួន​តែម្តង ​កាលពី​ឆ្នាំ២០​២០​នោះ​។

​មេធាវី​រូប​នេះ​បាន​ការពារ​កូន​ក្តី​ខ្លួន​នៅ​ក្នុង​អង្គសវនា​ការ​ថា​ ​អង្គ​ហេតុ​នៃ​ការ​ចោ​ទ​ប្រកាន់​មិន​មាន​ទំនាក់​ទំនង​គ្នា​ជា​មួយ​ថ្នាក់ដឹក​នាំគណបក្សសង្គ្រោះ​ជាតិ​ទាក់​ទង​ «​ចលនា​សង្រ្គោះ​ជាតិ​» ​ទេ។​ ​លោក​ថា «​ចលនា​សង្រ្គោះ​ជាតិ​»​ ត្រូវ​បាន​បង្កើត​ឆ្នាំ២០១៨ ប៉ុន្តែ​បែរ​ជា​ចោទ​កូនក្តី​លោក​នៅ​ឆ្នាំ២០២០ ដែល​ខុស​គ្នា​និង​មាន​រយៈ​ពេល​យូរ។ លោក​អះអាង​បន្ថែម​ថា កូន​ក្តីទាំង​អស់​របស់​លោក​ឈប់ធ្វើ​សកម្ម​ភាព​នយោ​បាយ​អ្វី​ទៀត​ហើយ ​ក្រោយ​ពេល​តុលាការ​កំពូល​រំលាយ​បានគណ​បក្ស​សង្គ្រោះ​ជាតិ​មក​។

​លោក​មេធាវី ​សំ​ សុគង់ បាន​សន្និ​ដ្ឋាន​ការពារ​នៅ​ចំពោះ​មុខ​ចៅក្រម​ថា ​សាល​ដីកា​ដែល​ចោទ​ប្រកាន់​កូន​ក្តី​របស់​លោក​ទាំង​១៣នាក់ ​មាន​កំហុស​៣ ​គឺ​៖ ​«ទី១ ​បំភ្លៃ​អង្គ​ហេតុ ទី២​ ការ​អនុវត្ត​ច្បាប់​ខុស និង​ទី៣ ​សំអាង​ហេតុ ​និង​សេចក្តី​សម្រេច​ផ្ទុយ​គ្នា​»។

ដូច្នេះ​លោក​ស្នើចៅ​ក្រម​តុលាការ​កំពូល​បដិ​សេធលើ​សាល​ដីកា​របស់​ឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​ ២០២២ ឱ្យ​ទុក្ខ​ជា​អាសារ​បង់​។

​លោក​ថ្លែងថា​៖​ ​«ជា​នីតិ​វិធី ​តុលាការ​កំពូល​ បើ​សិន​ជា​យល់​ឃើញ​ថា ​វា​មាន​កំហុស​ដូច​ខ្ញុំ​បាន​លើក​ឡើង​ [ក្នុង​អង្គសវនាការ​៣​ចំនុច​] ត្រូវ​បង្វិល​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ពិនិត្យ​ និង​ពិចារណា​ឡើង​វិញ ទាក់​ទង​ការ​ផ្តន្ទាទោស​ហ្នឹង​»។

នៅពេល​សួរ​ថាតើ​តុលាការ​កំពូល​នឹង​សម្រេច​ទម្លាក់​បទចោទ​លើកូនក្តី​របស់​លោក​ឬយ៉ាងណា ​លោក​មេធាវី​ សំ សុគង់​ ថ្លែងថា ​លោក​មាន​ក្តី​សង្ឃឹម​។

ទាក់​ទង​សវនាការ​នា​ថ្ងៃនេះ គេក៏ឃើញ​មាន​វត្តមាន​របស់​លោក ​រ៉ុង ឈុន​ អនុ​ប្រធាន​មួយ​រូប​នៃ​គណបក្ស​ភ្លើងទៀន ​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ទាក់ទងការ​លើកឡើង​អំពី​បញ្ហា​ព្រំដែន ​ដោយ​លោក​បានមក​ឃ្លាំមើល​សវនាការ​នេះ ​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​។

លោក​បាន​ប្រាប់​អ្នកសារ​ព័ត៌​មាន​ថា ការ​ចោទ​ប្រកាន់នេះ​មិន​មាន​អង្គ​ហេតុ​អ្វី​រឹង​មាំ​ ​និង​មិនមូលដ្ឋាន​ណា​ដែល​ត្រូវ​ធ្វើ​ការ​ឃុំ​ខ្លួន​នោះ​ទេ។​ លោក​បន្ត​ថា ភ័ស្តុតាង​ដែល​ដាក់​បន្ទុក​លើ​អតីត​សកម្មជន​ទាំង​អស់​នេះ គ្រាន់​តែទាញ​តែយក​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ យក​មក​ដាក់​បន្ទុក​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​រឿងនេះ តុ​លាការ​ត្រូវ​តែទម្លាក់​បទចោទ​ប្រកាន់​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​សេរីភាព​ឡើង​វិញ​។​

លោកថ្លែងថា៖ ​«តាម​ការ​ពិត​រឿង​ពួកគាត់ អ្នកខ្លះ​គ្រាន់ជាការ​ទំនាក់ទំនង​តាម​ទូរសព្ទ សម្តែងកង្វល់​អំពី​បញ្ហា​កូវីដ​ អ្នកខ្លះ​សម្តែង​កង្វល់​អំពីរឿង​សង្គម​ ហើយ​អ្នកខ្លះ​ជជែកគ្នា​រឿង​បង្រៀន។ ដូច្នេះ​វាអត់​មាន​អង្គហេតុ អង្គច្បាប់ណា​ដែលត្រូវ​ចោទ​ប្រកាន់​ផ្តន្ទា​ទោស​ពួកគាត់​រហូត​ទៅដល់ ​៥ [ឬ] ៦ ឆ្នាំ​នោះទេ ​វាជារឿង​មួយ​អយុត្តិធម៌​សម្រាប់​ពួកគាត់»។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌ នៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌ នៅខាងក្រៅតុលាការកំពូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ រ៉ុន ឈុន ក៏បាន​បញ្ជាក់​ថា ​អង្គ​ការ​ជាតិ​ អង្គការ​អន្តរ​ជាតិ និង​បណ្តាអង្គ​ទូត មើល​ឃើញ​ថា ​សំណុំរឿង​នេះ​ពាក់​ព័ន្ធ​នយោ​បាយ​ច្រើន​ជាង ដូច្នេះ​គួរ​តែ​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោ​បាយទើប​ប្រសើរ​ ជាជាង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការមក​ដាក់​សម្ពាធ។

លោក ​យី សុខសាន្ត​ ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចូលស្តាប់​ក្នុង​សវនាការ​ យល់​ឃើញ​ថា ​តុលាការ​គួរតែទម្លា​ក់​ចោលកា​រចោទ​ប្រកាន់​លើ​អតីត​សកម្មជន​នយោបាយ​ទាំង​នេះ​ ព្រោះ​ចំណាត់​ការ​នេះអាច​នឹង​ជួយ​ស្តារកេរ្តិ៍​ឈ្មោះ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ឱ្យប្រសើរ​ ដើម្បី​ទទួល​បាន​ការ​គាំទ្រពី​សហ​គមន៍​ជាតិ និង​អន្តរជាតិ​ឡើង​វិញផងដែរ។

​លោក​ថ្លែង​ថា៖​ ​«​លោក​ចៅ​ក្រម លោក​គួរ​តែ​មាន​ឆន្ទា​នុ​សិទ្ធិ​ក្នុង​ការ​សម្រេច​ឱ្យ​ពួក​គាត់​រួច​ពី​បទ​ចោទ​។ ហើយ​ខ្ញុំ​គិត​ថា ពួក​គាត់​ជា​ពល​រដ្ឋ ហើយ​គ្មា​នអំណាច​អី គាប​សង្កត់​មក​លើ​រាជ​រដ្ឋាភិបាល​ទេ»​។​

មុនពេល​បិទ​បញ្ចប់​សវនាការ​ ​លោក​ ស៊ឹង បញ្ញាវុធ​ ប្រធាន​អង្គ​ប្រឹក្សា​ជំនុំ​ជម្រះ និង​ជា​ចៅក្រមតុលាការ​កំពូល​ បាន​ប្រកាស​ថា ​តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​របស់​អតីត​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១៣នាក់​ ​នៅ​ថ្ងៃ​ទី៣០ ​ខែ​មីនា ឆ្នាំ​២០​២៣​៕

XS
SM
MD
LG