ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីផ្សារ​ដី ​និង​ផ្ទះ​នៅ​ប្រទេស​កម្ពុជា​​បាន​ប្រសើរ​ឡើង​​


ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្តើម​កម្រើក​ឡើង​វិញ។​
ភ្នំពេញ​៖ វា​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​មាន​បំណងលក់​ ឬ​ទិញ​ដូរ​អចនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយសារ​តែតម្លៃ​នៃ​ទីផ្សារ​អចលន​ទ្រព្យ​នៅតែ​បន្ត​កើន​ឡើង​សន្សឹមៗ​រហូត​មកទល់​ដំណាច់​ឆ្នាំ​២០១២​នេះ។​
លោក​កឺក ​ណារិន​ ជា​នាយករង​របស់​ក្រុមហ៊ុន ​Asia Real Estate Cambodia។​ លោក​មាន​ប្រសាសន៍​ថា​ តម្លៃ​ដី​សម្រាប់​តំបន់​ពាណិជ្ជកម្ម​លក់​ដូរ​ផ្សេងៗ​តាម​បណ្តោយ​ផ្លូវ​នរោត្តម ​ឬ​មុនី្នវង្ស មួយ​ម៉ែត្រ​ការ៉េ​អាច​ថ្លៃ​ចាប់​ពី​៣​ពាន់​ឬ​៤ពាន់​ដុល្លារ​អាមេរិក។​ ពេល​ខ្លះ​អាច​ឈាន​ទៅ​ដល់​៥០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក៏​មាន។

«នៅក្នុង​ឆមាស​ទី២​ឆ្នាំ​២០១២​ហ្នឹង​គឺ​វា​មាន ​Transaction (ការដោះដូរ​ក្នុង​ជំនួញ)​ សម្រាប់​ជួល​និង​លក់។ វា​មាន​ការ​កើន​ឡើង ​កើនឡើង​ហ្នឹង​ យើង​និយាយ​ពី​តម្លៃ។​ គឺ​កើនឡើង ១៣%​សម្រាប់​តំបន់​លំនៅដ្ឋាន​ ហើយ១៦ %​សម្រាប់​តំបន់​ពាណិជ្ជ​កម្ម។ ហើយ​នៅក្នុង​ឆមាស​ទី​២​នេះ ​យើង​នៅតែ​ឃើញ​វា​បន្ត កើន​ឡើង»។​

ផ្ទះល្វែង​នៅ​បន្ត​ឈាន​មុខ​គេ​ក្នុង​លក់​ដូរ ​ហើយ​ជនជាតិ​កូរ៉េ​មាន​ច្រើន​ជាង​គេ​ក្នុង​ការ​ជួល​ផ្ទះ​របៀប​ជា​ខុន​ដូរ។ ​លោក​ណារិន​បន្ត​ថា ​បើ​តាម​ការ​សង្កេត​របស់​គាត់​ ភាគច្រើន​នៃ​អ្នក​ដែល​ទិញ​ដី​គឺ​ជា​ជនជាតិ​ខ្មែរ។​

តម្លៃ​ដី​សម្រាប់​លំនៅដ្ឋាន​គឺ​មាន​ការ​ប្រែប្រួល​តាម​តំបន់។​ សម្រាប់​តំបន់​ពេញ​និយម ​ដូច​ជា​នៅ​តាម​ខណ្ឌ​ចំការមន​ និង​ដូន​ពេញ​១​ម៉ែត្រការ៉េ​ដី​អាច​មាន​តម្លៃ​ចាប់​ពី​២៨០០​ដុល្លារ​ឡើង​ទៅ។​

«សឹងតែ​មួយរយ​ភាគរយ​ហើយ​ អ្នក​ដែល​ទិញ​ដី​គឺជា​ខ្មែរ​យើង។​ វា​មាន​មួយ​ចំនួន​ដែរ​ដែល​ក្រុមហ៊ុន​ធំៗ​ទិញ​ដែរ»។​

នាយករង​ក្រុមហ៊ុន​ដដែល​បាន​បញ្ជាក់​ថា​ ការ​បន្ត​កើន​ឡើង​របស់​វិស័យ​អ​ចនទ្រ​ព្យ​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ដោយសារ​ភាព​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា។​ មួយ​វិញទៀត​ប្រាក់​កម្ចី​ឥណទាន​ពី​ធនាគារ​ក៏​ជា​ផ្នែក​មួយ​ដែល​រួម​ចំណែក​ផង​ដែរ។​ ​

«ខាង​ធនាគារ​គាត់​ជួយ​ច្រើន​លើ​ផ្នែក​ហ្នឹង​ ដូច​ថា ​អ្នក​ខ្លះ​គាត់​មាន​លុយ​ត្រឹមតែ​៣០%​ អញ្ចឹង​គាត់​អាច​ទៅ​ខាង​ធនាគារ។ វា​ជួយ​បាន​ច្រើន​ ពេល​ឥឡូវ​ហ្នឹង»។​

លោក​នួន រិទ្ធី​គឺ​ជា​នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ប៉ុណ្ណា រៀល​ធី​គ្រុប។ ​លោក​យល់ស្រប​ដែរ​ថា ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ចាប់ផ្តើម​កម្រើក​ឡើង​វិញ។​

លោកនួន រិទ្ធី​ពន្យល់​ថា​ ការ​សាងសង់​ភាគ​ច្រើន ​ដូចជា​មណ្ឌល​ពាណិជ្ជ​កម្ម ​រោងចក្រ​ និង​លំនៅដ្ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ការ​វិនិយោគ​លើ​មណ្ឌល​ទេសចរណ៍​គឺជា​មូលដ្ឋាន​សំខាន់​ដែល​ជួយ​ជំរុញ​ទីផ្សារ​អចលន​ទ្រព្យ។​

លោក​នួន រិទ្ធី​មាន​ប្រសាសន៍​ថា​ បើ​ប្រៀបធៀប​តម្លៃ​ទីផ្សារ​អចលន​ទ្រព្យ​ក្នុង​ឆ្នាំ​២០១១ ​តម្លៃ​ដី​សម្រាប់​រស់នៅ​កើន​ពី​៥​ទៅ ១៥ %​ នៅ​ឆ្នាំ​២០១២​ ស្រប​ពេល​ដែល​តម្លៃ​ដី​សម្រាប់​ពាណិជ្ជ​កម្ម​បន្ត​កើន​ពី​១៥%​ទៅ​២៥%។​ ​

លោក​វិ​ទ្ធី​បន្ត​ថា ​តម្លៃ​អចលន​ទ្រព្យ​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​មាន​កំណើន​ខ្ពស់​ដែរ។ ​ខេត្ត​ទាំងនោះ​ មាន​ដូចជា​ សៀម​រាប ​ព្រះ​សីហនុ ​និង​បាត់ដំបង។ ​តម្លៃ​អចលន​ទ្រព្យ​បាន​កើន​ឡើង​ប្រហែល​២០%។​

«នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ហ្នឹង ​ខេត្ត​ធំៗ​ ដូចជា​សៀមរាប​ព្រះ​សីហនុ​ និង​បាត់ដំបង​ យើង​ឃើញ​ថា ​មាន​ការ​ដោះ​ដូរ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ​យើង​ឃើញ​ថា ​ការ​លក់​ក៏​កើន​ឡើងពី​១០​ទៅ​២០%​ដែរ។​ ឆ្នាំ២០១២ ​និង​២០១៣​ ប្រទេស​ជប៉ុន​គាត់​អញ្ជើញ​មក​ច្រើន​ មក​ធ្វើ​វិនិយោគ​ទុន​លើ​ផ្នែក​ខុនដូ។​

ការ​រីក​លូតលាស់​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​លើ​វិស័យ​សំខាន់ៗ​ចំនួន​បួន ​គឺ​ទេសចរណ៍ ​វិស័យ​កសិកម្ម​ ឧស្សាហ​កម្ម​និង​វិស័យ​សាងសង់។​ យោងតាម​ប្រភព​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ​កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​មាន​ប្រហែល​៧%​នៅ​ឆ្នាំ​២០១២។​

លោក​បេង ហុង​សុជាតិ ​ខេមរ៉ូ ​អ្នកនាំ​ពាក្យ​របស់​ក្រសួង​រៀប​ចំ​ ដែន​ដី​ នគរូបនីយកម្ម ​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ខែ​១១​ឆ្នាំ​២០១២​ ក្រសួង​បាន​សម្រេច​អនុម័ត​គម្រោង​សាងសង​បាន​១៥៩៩​ គម្រោង​ ​គិត​ជា​ទឹកប្រាក់​មាន​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​កើន​ឡើង​ប្រហែល​៦៥%​ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០១១។​

អ្នក​នាំ​ពាក្យ​ដដែល​បាន​ប្រាប់​ថា ​មាន​កត្តា​បួន​ធំៗ​ ដែល​ធ្វើ​ឲ្យ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កើន​ឡើង។​ គាត់​បាន​ពន្យល់​ដូច្នេះ​ថា៖​

«ទីមួយ​គឺ​ដោយសារ​តែ​អ្នក​វិនិយោគ​ គេ​ឃើញ​ថា ​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​ន​យោបាយ។ ​អាហ្នឹង​សំខាន់​ណាស់។ ​ទី២​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​នៅ​កម្ពុជា​មាន​ការ​ប្រសើរ។​ ទី៣​លក្ខណៈ​ខាង​ក្រៅ​ ការ​ងើបឡើង​វិញ​នៃ​វិស័យ​សេដ្ឋកិច្ច​ បន្ទាប់​ពី​វិបត្តិ​ហ្នឹង។​ហើយ​កម្ពុជា​ក៏​លូតលាស់​វិញ​ដែរ។​ ហើយ​ទី​បួន​គឺ​ការ​រីក​លូតលាស់​នៃ​វិស័យ​ទេសចរណ៍»។​
លោក​នៅ សីហា ​អ្នក​វិភាគ​សេដ្ឋ​កិច្ច​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ការ​កើនឡើង​វិញ​នៃ​ទីផ្សារ​អចលន​ទ្រព្យ​គឺ​មួយ​ផ្នែក​ធំ​ដោយសារ​តែ​កំណើននៃ​ការ​ចាប់​កកើត​ច្រើន​នៃ​ក្រុម​អ្នក​បើក​រក​ស៊ី​ផ្សេង។​ ដូច្នោះ​តម្រូវការ​នៃ​ការជួល​ឬ​ទិញ​ផ្ទះ​ក៏​មាន​សន្ទុះ​ច្រើន​ដូចគ្នា​នេះ​ដែរ៕​
XS
SM
MD
LG