ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សុំ​ឱ្យ​ចិន​មក​វិនិយោគ​បន្ថែម​ទៀត


ចិន​ប្ដេជ្ញា​ថា​នឹង​ជំរុញ​ការផ្លាស់​ប្តូ​ពាណិជ្ជកម្ម​ឲ្យ​កើន​ពី​ជាង ​២.៣០០​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០១១ ​ដល់​ចំនួន ​៥.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០១៧។ (AP Photo/Heng Sinith)
ចិន​ប្ដេជ្ញា​ថា​នឹង​ជំរុញ​ការផ្លាស់​ប្តូ​ពាណិជ្ជកម្ម​ឲ្យ​កើន​ពី​ជាង ​២.៣០០​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០១១ ​ដល់​ចំនួន ​៥.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

មន្ដ្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កម្ពុជា​មាន​ជំហរ​យ៉ាង​ «រឹងមាំ​ច្បាស់លាស់» ​សម្រាប់​កសាង​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន។

លោក ​ចម ​ប្រសិទ្ធ ​ទេសរដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​ជំហរ​យ៉ាង​ដូច្នេះ​ ក្នុង​សិក្ខា​សាលា​ក្នុង​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​សេដុ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ខេត្ត​យន់ណាន់​និង​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖

«កម្ពុជា​ សូម​អះអាង​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ចិន​ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​ពិត​ប្រាកដ​មួយ​ ជា​ពិសេស​ខាង​ផ្នែក​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគទុន ​នយោបាយ​ និង​សន្ដិសុខ​ ក្នុង​បណ្ដា​ទសវត្សរ៍​ខាង​មុខ»។

លោក ​ចម ​ប្រសិទ្ធ ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​មក​ពី​ខេត្ត​យន់ណាន​ ភាគនិរតី​ប្រទេស​ចិន​ដែល​មាន​សមាជិក​សរុប​ជាង ​២០០ ​នាក់​ ភាគច្រើន​គឺ​ជា​ក្រុម​អ្នក​ជំនួញ។ ​សមាជិក​ទាំង​នេះ​ ដែល​ដឹកនាំ​ដោយ​លោក ​លី ​ជីហ៊ឹង ​អភិបាល​ខេត្ត​យន់ណាន់​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​បួន​ថ្ងៃ​ តាម​យន្ដហោះ​ពិសេស​ចំនួន​បី​គ្រឿង។

ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រធានាធិបតី​ចិន ​លោក​ ហ៊ូ ​ជិនតាវ​ បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ប្រទេស​កម្ពុជា​និង​ចិន​បាន​ប្ដេជ្ញា​រួម​គ្នា​ថា​នឹង​ជំរុញ​ការផ្លាស់​ប្តូ​ពាណិជ្ជកម្ម​ឲ្យ​កើន​ពី​ជាង ​២.៣០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ ​២០១១ ​ដល់​ចំនួន ​៥.០០០ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ​២០១៧។

លោក ​លី ​ជីហ៊ឹង ​បាន​និយាយ​តាមរយៈ​អ្នក​បកប្រែ​ផ្តោត​លើ​ទំនាក់​ទំនង​ទ្វេភាគី​នេះ​ដែរ។

«ចិន​ និង​កម្ពុជា​ គឺ​ជា​ប្រទេស​ជិត​ខាង​យ៉ាង​ល្អ ​ដែល​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​ជា​ដៃគូ​ដ៏​ល្អ ​ជា​មិត្ត​ដ៏ល្អ។ ​ប្រវត្តិ​ទំនាក់​ទំនង​ដ៏​យូរលង់ ​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ​ជា​ទ្រព្យសម្បត្តិ​រតនៈ​រួម​គ្នា​របស់​យើង»។

ក្នុង​ពេល​នោះ​លោក​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ជំរុញ​ឲ្យ​ប្រតិភូ​ពី​ប្រទេស​ចិន​នេះ​សម្រេច​ចិត្ត​បណ្ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បាន​លើក​ឡើង​ថា​កម្ពុជា​មាន​សក្ដានុពល​ផ្នែក​កសិកម្ម ​កសិឧស្សាហកម្ម ​ហេដ្ឋារចនាសម្ព័ន្ធ ​ឧស្សាហកម្ម​សម្រាប់​នាំចេញ ​ឧស្ម័ន ​រ៉ែ​ និង​ទេសចរណ៍។

លោក ​ចម ​ប្រសិទ្ធ ​បញ្ជាក់​ថា ​ផ្នែក​ទាំង​អស់​នេះ​ មិន​ទាន់​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ពេញលេញ​នៅ​ឡើយ​ទេ។

លោក ​លី ​ជីហ៊ឹង ​អភិបាល​ខេត្ត​យន់ណាន់ ​ក៏​បាន​ស្នើ​ផងដែរ​ឲ្យ​ប្រទេស​ទាំង​ពីរ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ​ផ្នែក​សេដ្ឋកិច្ច ​បច្ចេកទេស ​វិស័យ​កសិកម្ម ​និង​ទេសចរណ៍​«ឲ្យ​បាន​ស៊ីជម្រៅ​ពិត​ប្រាកដ» ហើយ​លោក​ប្រាថ្នា​ចង់​ជំរុញ​កិច្ចសហការ​ផ្នែក​កែច្នៃ​ដំណាំ​ហូបផ្លែ ​កៅស៊ូ ​ការ​ភ្ជាប់​ការ​ហោះហើរ​ផ្លូវ​អាកាស​ពី​ខេត្ត​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា។

ប្រទេស​កម្ពុជា​និង​ចិន​មាន​ការ​ចុះហត្ថលេខា​សហ​ប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​កម្ពុជា​លើ​វិស័យ​ចំនួន​បី ​ក្នុង​សិក្ខាសិលា​នេះ។ ​កិច្ច​ចុះហត្ថលេខា​នេះ​ផ្តោត​លើ​ការ​សហការ​វិនិយោគ​ផ្នែក​វារី​អគ្គិសនី​ ផ្នែក​ស៊ីម៉ង់ត៍​ជាមួយ​ក្រុមហ៊ុន​ ស៊ីម៉ង់ត៍​កម្ពុជា​ចក្រីទីង ​និង​ កិច្ចសហការ​វិនិយោគ​លើ​ម៉ាស៊ីន​ស្រូវ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG