របាយការណ៍ថ្មីមួយរបស់អង្គការតម្លាភាពអន្តរជាតិបង្ហាញថា សន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយឆ្នាំ២០២១ នៅទាបនៅឡើយ បើទោះមានសញ្ញាណវិជ្ជមាន។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារបង្ហាញថា កម្ពុជាទទួលបានពិន្ទុ២៣ លើពិន្ទុអតិបរមា១០០ ដែលជាការកើនឡើងចំនួនពីរពិន្ទុ ពីពិន្ទុ២១ នៅឆ្នាំ២០២០។តាមរយៈពិន្ទុនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោម១៨០ ប្រទេសនិងដែនដីដែលត្រូវបានបញ្ចូលក្នុងការសិក្សា។ នេះ បើយោងតាមសេចក្តីថ្លែងការណ៍ចុះកាលពីថ្ងៃទី២៥ ខែមករា របស់លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
សេចក្តីថ្លែងការណ៍ឲ្យដឹងថា ខណៈពិន្ទុឆ្នាំនេះ អាចត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមាន ប៉ុន្តែពិន្ទុនេះ នៅតែមានកម្រិតទាប ដែលបង្ហាញថា កម្ពុជា បន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។
សេចក្តីថ្លែងការណ៍បន្តថា នៅកម្រិតតំបន់ កម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយស្ថិតនៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ។
សន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយឆ្នាំ ២០២១ ផ្តល់ចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុប ១៨០ ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិរហូតដល់១៣ទិន្នន័យ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃ និងទស្សនៈនៃការយល់ដឹងរបស់ធុរជន និងអ្នកជំនាញនានា។
ពិន្ទុពី០មានន័យថា «ពុករលួយបំផុត» និងពិន្ទុ១០០ មានន័យថា «ស្អាតស្អំបំផុត»។ ការវាយតម្លៃនេះ ធ្វើឡើងទៅលើប្រទេសចំនួន១៨០ នៅក្នុងពិភពលោក។
អង្គការតម្លាភាពអន្តរជាតិឱ្យដឹងថា សម្រាប់កម្ពុជាលទ្ធផលសន្ទស្សន៍ការយល់ដឹងប្រសើរជាងមុនអំពីអំពើពុករលួយនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសតម្លាភាពសារពើពន្ធ និងការកៀរគរធនធាន កំណែទម្រង់រដ្ឋបាលសាធារណៈ ការលើកកម្ពស់រដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក និងការគ្រប់គ្រង និងឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ១៩ជាដើម។
យ៉ាងណាក្តី អង្គការតម្លាភាពអន្តរជាតិបានលើកឡើងថា កម្ពុជា មិនទាន់មានភាពប្រសើរឡើងនោះទេ ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ នីតិរដ្ឋ និងគុណភាពនៃគោលនយោបាយ និងក្របខណ្ឌស្ថាប័នដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
សេចក្តីថ្លែងការណ៍របស់អង្គការតម្លាភាពកម្ពុជាក៏បានបញ្ជាក់ថា ប្រទេសដែលជាប់ចំណាត់ថ្នាក់ទាបនៅក្នុងសន្ទស្សន៍ការយល់ដឹងអំពីអំពើពុករលួយ ក៏ជាប់ចំណាត់ថ្នាក់ទាបក្នុងសន្ទស្សន៍ប្រជាធិបតេយ្យទាក់ទងនឹងសិទ្ធិសេរីភាពពលរដ្ឋផងដែរ។ ហើយភាពអសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ធ្វើឲ្យមានបញ្ហារំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែចុះខ្សោយ ហើយការរឹតត្បិតកាន់តែខ្លាំងឡើង។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ពិន្ទុសន្ទស្សន៍យល់ដឹងអំពីអំពើពុករលួយរបស់កម្ពុជាល្អ ឬមិនល្អ គឺអាស្រ័យលើការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយ ការជំរុញការអនុវត្តកំណែទម្រង់ដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព និងការលើកកម្ពស់ធុរកិច្ច និងការវិនិយោគស្អាតស្អំជាដើម។
លោកថ្លែងថា៖ «ហើយលទ្ធផលនេះ យើងបានពិនិត្យលើព័ត៌មានលម្អិតឃើញថា មូលហេតុដែលកម្ពុជា មានពិន្ទុល្អ គឺដោយសារដំណើរវិជ្ជមាន ឬការវិវត្តវិជ្ជមានរបស់កម្ពុជាក្នុងការជួយពង្រឹងវិស័យធុរកិច្ច គឺអាចមានសេវាប្រសើរជាងមុន ទោះបីជាមានឧបសគ្គទាក់ទងនឹងអំពើពុករលួយ ទាក់ទងទៅនឹងការិយាធិបតេយ្យ ជាពិសេស គឺបរិយាកាសប្រកួតប្រជែងហ្នឹងនៅមិនទាន់ស្មើភាពគ្នាទេ ក៏ប៉ុន្តែ យើងបានឃើញដំណើរជាវិជ្ជមានទៅហើយ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ប៉ិច ពិសី ថ្លែងក្នុងសម្តីដើមថា៖ «ចំណាត់ថ្នាក់ទាបរបស់កម្ពុជានៅក្នុងសន្ទស្សន៍ការយល់ដឹងអំពីអំពើពុករលួយ មានន័យថា កម្ពុជា ត្រូវប្រឹងប្រែងទ្វេដង ដើម្បីធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ពង្រឹង នីតិរដ្ឋ និងបង្កើនបរិយាកាសនយោបាយសេរី ក៏ដូចជា សេរីភាពនៃការបញ្ចេញមតិ ស្របតាមជំពូក៣ មាត្រា៤១ និង៤២ នៃរដ្ឋធម្មនុញ្ញកម្ពុជា»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានច្រានចោលរបាយការណ៍ដែលបង្ហាញពីសន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ដោយលើកឡើងអំពីមន្ទិលពាក់ព័ន្ធនឹងវិធីសាស្រ្តស្រាវជ្រាវ ហើយថា អង្គការតម្លាភាពអន្តរជាតិមិនយល់ច្បាស់ពីគោលនយោបាយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់កម្ពុជា។
លោកថ្លែងថា៖ «ទីមួយ យើងមិនដែលឲ្យតម្លៃទៅលើចំណាត់ថ្នាក់ហ្នឹងទេ។ ត្បិតទីមួយ យើងអត់យល់អំពីវិទ្យាសាស្រ្តនៃការគិតគូរពីរឿងចំណាត់ថ្នាក់ហ្នឹង។ ចំណាត់ថ្នាក់ហ្នឹងគឺ វាមិនឆ្លើយតបនឹងភាពជាក់ស្តែង។ អាស្រ័យដោយអង្គការហ្នឹង អត់យល់ អំពីយុទ្ធសាស្រ្តនៃការប្រយុទ្ធប្រឆាំងជាមួយនឹងអំពើពុករលួយអាហ្នឹង យើងមើល ហើយយើងយកទៅប្រៀបធៀបជាមួយនឹងប្រទេសណាផ្សេងទៀត ដែលគេនៅលើយើងនោះ ក៏ប៉ុន្តែ ប្រទេសនោះ អត់មានប្រព័ន្ធនោះទេ»។
វីអូអេមិនអាចសុំការអធិប្បាយពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទេ នៅថ្ងៃពុធនេះ។
ប្រធានមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អំពើពុករលួយក្រោមរូបភាពផ្សេងៗតាមវិស័យនានានៅកម្ពុជា នៅតែជាបញ្ហាចោទដែលមិនបានជួយឲ្យកម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងសន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយ។
លោកថ្លែងថា៖ «ចំពោះបញ្ហានេះ ខ្ញុំសង្កេតឃើញថា ដោយសារតែបញ្ហាអំពើពុករលួយ ហើយនឹងការប្រើប្រាស់លុយក្រោមតុ ប្រហែលជានៅតែកើតមាន ដែលធ្វើឲ្យមានការព្រួយបារម្ភ ធ្វើឲ្យប្រជាពលរដ្ឋបានបង្ហាញនូវការយល់ឃើញដូច្នេះ។ហើយម្យ៉ាងវិញទៀត យើងដឹងហើយថា នៅក្នុងប្រព័ន្ធយុត្តិធម៌ពេលខ្លះក៏មានការលើកឡើងអំពីបញ្ហារឿងពុករលួយ រឿងលុយសំណូកអីជាដើម។ហើយនៅក្នុងវិស័យផ្សេងទៀតក៏មានការលើកឡើងអំពីបញ្ហានេះផងដែរ»។
ស្របពេលដូចគ្នានេះដែរ ដើម្បីបញ្ចៀសការធ្លាក់ពិន្ទុវិញសម្រាប់កម្ពុជា លោក យង់ គិមអេង ជំរុញឲ្យរដ្ឋាភិបាលពង្រឹងតម្លាភាពនៅក្នុងវិស័យសេវាកម្មសាធារណៈ និងការតម្រែតម្រង់ឥរិយាបថរបស់មន្រ្តីរាជការក្នុងការប្រឆាំងនឹងអំពើពុករលួយ ដូចជាការមិនទទួលសំណូក ឬទាមទារប្រាក់កម្រៃក្រៅផ្លូវការជាដើម៕