ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​ឃ្លាំមើល៖​​ ​ទោះ​ឡើង​ពិន្ទុ​បន្ដិច កម្ពុជា​នៅ​តែ​ពុក​រលួយ​ជាង​គេ​នៅ​អាស៊ាន


រូបឯកសារ៖ បាណូ​ផ្សព្វផ្សាយ​អំពី​អំពើ​ពុក​រលួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា​/វីអូអេ)

ក្នុងការ​វាយ​តម្លៃ​ថ្មី​បំផុត​សម្រាប់​ឆ្នាំ​ ២០២០ របស់​អង្គការ​តម្លាភាព​អន្តរជាតិ កម្ពុជានៅ​តែ​ជាប្រទេស​មាន​កម្រិតពុក​រលួយជាង​គេ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍។​

ទោះយ៉ាងណា ទិន្នន័យ​សន្ទស្សន៍​របស់​ក្រុម​ឃ្លាំ​មើល​សុចរិតភាព​សកល​នេះ​ ដែល​ចេញ​ផ្សាយ​វេលា​ម៉ោង ​១២ ​ថ្ងៃ​ត្រង់​ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បង្ហាញ​ពី​ការ​ឡើង​ពិន្ទុ​បន្ដិច​បន្ដួច​របស់​កម្ពុជា។

ក្នុង​ចំណោម​ប្រទេស​ ១៨០ ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​សរុប​ទិន្នន័យ​បាន​យក​មក​សិក្សា កម្ពុជា​ជាប់​លេខ ​១៦០ ទទួល​បាន​ពិន្ទុ​ ២១​ លើ​ពិន្ទុ​ពេញ​ ១០០។

កាល​ពីឆ្នាំ​ ២០១៩​ កម្ពុជា​ជាប់​លេខ​ ១៦២​ ទទួល​បាន​ ២០ ​ពិន្ទុ​ ក្នុង​សន្ទស្សន៍​ដដែល​នេះ។

តែ​ទោះ​ជា​យ៉ាង​ណា ​បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​បណ្តា​អាស៊ី​ប៉ាស៊ីហ្វិក​ កម្ពុជា​ឈរ​លេខ​រៀង​ចុង​ប៉ូច​គេ​ទី​៣​ ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើងនិង​អាហ្វហ្គានីស្ថាន។

បើ​អង្កេត​មើលនៅ​ក្នុង​រយៈ​ពេល​ ៨ ឆ្នាំ ​ចុងក្រោយ​បញ្ហា​អំពើ​ពុក​រលួយ​នៅ​កម្ពុជា តាម​រយៈ​ការ​វាយ​តម្លៃ​របស់​អង្គការ​នេះមិ ន​ប្រែប្រួល​ប៉ុន្មាន​ទេ​ ដោយ​បាន​ពិន្ទុ​ចន្លោះ​តែ​ពី​ ២០​ ទៅ​ ២២ ​ពិន្ទុ។​

ពិន្ទុ​ ០​ មាន​ន័យ​ថា​«ពុករលួយ​បំផុត‍» និង​ ១០០ មាន​ន័យ​ថា​«ស្អាតស្អំ​បំផុត‍»។​ សន្ទស្សន៍​ស្ដីពី​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​របស់​អង្គការ​នេះ ផ្អែក​លើ​ការ​ស្ទង់​មតិ​និង​ការ​វាយតម្លៃ​ពី​ក្រុម​អ្នក​ជំនាញ និង​អ្នក​ធ្វើ​ជំនួញ ដើម្បី​វាស់វែង​អំពីកម្រិត​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ។

ការ​ប្រសើរ​ឡើងពីរ​ចំណាត់ថ្នាក់នេះ​លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយសារ​មាន​ការ​កាត់​បន្ថយ​សកម្មភាព​អំពើ​ពុក​រលួយ​មួយ​ចំនួន​ដែល​ជា​អំពើ​ពុករលួយ «ខ្នាត​តូច»។​ ​

ទោះ​យ៉ាង​ណា លោក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា និយាយ​ប្រាប់​វីអូអេ​ថា អំពើ​ពុក​រលួយ «ខ្នាត​ធំ» នៅ​តែ​ជា​បញ្ហា​ចាក់​ស្រេះ​នៅ​ប្រទេស​នេះ៖

​«បាន​ន័យ​ថា​ ការ​ផ្តល់​លុយ​សេវា​ក្រោម​តុ លុយ​សគុណអីហ្នឹង​ មាន​ការ​ថយ​ចុះ​ហើយ​មន្ត្រី​សាធារណៈ​លែង​ហ៊ាន​ទារ​ ហើយ​ពិសេស​សេវា​ថ្នាក់​មូលដ្ឋាន​ទាំង​សុខាភិបាល ​ទាំង​អប់រំ និង​ឃុំ​សង្កាត់។ ប៉ុន្តែ​យើង​នៅ​គិត​ថា ​អំពើ​ពុក​រលួយ​ខ្នាត​ធំ​នៅ​បន្ត​យាយី​សេវា​សាធារណៈ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី (ឆ្វេង) និងសហការី នៅក្នុងវេទិការតាមកម្មវិធី Zoom បង្ហាញរបាយការណ៍ចុងក្រោយស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី (ឆ្វេង) និងសហការី នៅក្នុងវេទិការតាមកម្មវិធី Zoom បង្ហាញរបាយការណ៍ចុងក្រោយស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០។

លោក ពិសី បន្ត​ទៀត​ថា​ ការ​ឃុត​ឃិត​គ្នា​រវាង​ឈ្មួញ​រកស៊ី​និង​មន្ត្រី​សារធារណៈ​នៅ​ក្នុង​ការ​ផ្តល់​សិទ្ធិ​នៅ​ក្នុង​ការ​ឈ្នះ​លទ្ធកម្ម​ ឬ​ការ​ដេញ​ថ្លៃ​គម្រោង​អភិវឌ្ឍ​នានា​ ការ​ប្រើប្រាស់​អំណាច​នយោបាយបក្ស​ពួក​និយម និង​សែ​ស្រឡាយ​និយម​ជាដើម​ គឺ​ជា​អំពើ​ពុករលួយ«ខ្នាតធំ»​ ដែល​កម្ពុជាត្រូវ​ចំណាយ​ពេល​យូរ​ទៀត ឬ​ឆន្ទៈ​នយោបាយ​ខ្លាំងដើម្បី​កែប្រែ​វា។

«ហើយ​ការ​ធ្វើ​ការ​ជា​ប្រព័ន្ធ​នឹង​ គឺប៉ះពាល់​ធំធេង​ណាស់​ដល់​ចរន្ត​លូតលាស់​សេដ្ឋកិច្ច ជាពិសេស​ការទាក់ទាញ​វិនិយោគ​ហ្នឹង​ដោយសារ មាន​ន័យ​ថា​ បើ​ក្រុម​ហ៊ុន​មក​រកស៊ី​សុទ្ធចិត្តដោយ​មិន​ប្រើ​ប្រាស់​ខ្សែ​បណ្តាញ​ក្នុង​ការ​ចចារ​ ក្នុងការ​ធ្វើ​ការវិនិយោគ​របស់​គាត់​ធំៗ​ទេ​ គឺ​គាត់​ពិបាក​ចូល​មក​ណាស់។ [...]​អញ្ចឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ដែល​មាន​ការ​អនុលោម​ខ្ពស់​ (លើ​គោលការណ៍​តម្លាភាព)​ គាត់​អត់​ចូល​មក​បាន​ទេ។ អាហ្នឹង​គឺ​ប៉ះពាល់​ធំធេង​ណាស់។ ហើយ​ការប៉ះពាល់​នោះ​ទៀត​សោត ​គឺ​ដោយសារ​យើង​អត់​មាន​យន្តការ​ត្រួតពិនិត្យ»។

លោក​ ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មការ​ទី១០​នៃ​រដ្ឋសភា ទទួល​បន្ទុក​អង្កេត​បោស​សម្អាត ​និង​ប្រឆាំង​អំពើ​ពុករលួយ បដិសេធ​ មិន​ផ្តល់​ការអត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។

VOA មិន​ទាន់​អាច​ទាក់ទង​លោក ​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ។

លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា លោក​មិន​ឲ្យ​តម្លៃ​លើ​ការ​វាស់​វែង​របស់​ស្ថាប័ន​អង្គការ​ណា​មួយ​ទេ​ក្រៅ​តែ​អំពី​ការ​វាយ​តម្លៃ​ពី​រដ្ឋាភិបាល​ខ្លួន​ឯង ដែល​លោក​ថា ​បើផ្អែក​ទៅ​លើ​កំណែ​ទម្រង់​នានា ​កន្លង​មក​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ប្រសើរ​ជាងមុន។

រដ្ឋាភិបាល​កម្ពុជា​មាន​មោទនភាព​លើ​ការធ្វើ​ការ​កែទម្រង់​លើ​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​សាធារណៈ​មួយចំនួន​ ដែល​បាន​ផ្តល់​តម្លាភាព​និង​គណនេយ្យភាព​គ្រប់គ្រាន់​ជូន​ពលរដ្ឋ​និង​អ្នក​ជំនួញ។ នេះ​បើ​យោង​តាម​លោក ផៃ ស៊ីផាន។

«ដូច្នេះ​ មនុស្ស​មាន​ភាគ​តិច​ណាស់​ដែល​មាន​ឱកាស​កាន់​លុយ​ចុះ​ឡើង​ នៅ​ក្នុង​សាច់​រឿង​ហ្នឹង»។​

​ទោះ​ជាយ៉ាង​ណា​ លោក​មាន​ប្រសាសន៍​ថា​ លោក​ទទួល​ស្គាល់​ថា ​វិស័យ​មួយ​ចំនួន​ទៀត​ដូចជា​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​ ការ​ដោះស្រាយ​បញ្ហា​ពុក​រលួយ​នៅ​មាន​កម្រិត។

លោក ​ផៃ ស៊ីផាន​ មាន​ប្រសាសន៍​ថា៖ «យើង​ទទួល​ស្គាល់។ ដោយសារ​ការ​ទទួល​ស្គាល់​របស់​យើង​ក្នុង​[អំពើ​ពុករលួយ​] លើ​ប្រព័ន្ធ​យុត្តិធម៌ បាន​យើង​ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​យុត្តិធម៌។ ជា​ពិសេស ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​តុលាការ។ កាល​ពី​ដើម​គេ​តថ្លៃ​គ្នា​ដូច​ផ្សារ​ត្រី​អញ្ចឹង​ តែ​ឥឡូវ​ យើង​បាត់​បង់​រូបភាព​ហ្នឹង​ហើយ។ បើ​ធ្វើ​គឺ​វា​លួច​លាក់​លប​ធ្វើ»។​

របាយការណ៍​ស្តីពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​ ២០២០​ នេះ​បង្ហាញ​ដែរ​ថា​ ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជា​ប្រទេស​ដែល​ខ្សោយ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ និង​ជា​ប្រទេស​ដែល​រងផល​ប៉ះពាល់​ដោយ​សង្គ្រាម​ស៊ីវិល​ និង​អំពើ​ភេរវកម្ម​ជាដើម។ ២​ ភាគ​៣ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​នេះ។

ឯ​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ពោល ​គឺ​បាន​ពិន្ទុ​ខ្ពស់​ជាង​ ៤៣ សុទ្ធសឹង​ជា​ប្រទេសដែល​នៅ​ក្នុង​សហគម​អឺរ៉ុប​ និង​ប្រកាន់​ប្រជាធិបតេយ្យ​ខ្ជាប់ខ្ជួន ​ដែល​ដូចជា​ប្រទេស​ដាណាម៉ាក ​នូវែលសេឡង់​ និង​ហ្វាំងឡង់ជាដើម។​

នៅ​អាស៊ាន​ ប្រទេស​ពីរ​ដែល​គេ​កោត​សរសើរ​អំពី​ការ​ធ្វើ​ការងារ​បាន​ល្អ​ ក្នុងការ​កាត់​បន្ថយ​បញ្ហា​ពុករលួយ​ គឺ​ប្រទេស​សិង្ហបុរី ​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ ៣ ទូទាំង​ពិភពលោក និងប្រទេស​មីយ៉ាន់ម៉ា ដែល​ហក់​ឡើង​បាន​ប្រសើរ​ជាង​មុន​ ១៣ ​ពិន្ទុ​ ក្នុង​រយៈពេល​ ៨ ឆ្នាំ​ចុង​ក្រោយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG