ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ១៣៩ ក្នុង​ចំណោម ១៤០ ប្រទេស​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ​របស់​អង្គការ WJP


រូប​ឯកសារ៖ កម្លាំង​សមត្ថកិច្ច​ឈរ​យាម​នៅ​មុខ​តុលាការ​កំពូល​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (AP)
រូប​ឯកសារ៖ កម្លាំង​សមត្ថកិច្ច​ឈរ​យាម​នៅ​មុខ​តុលាការ​កំពូល​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ (AP)

ការ​គោរព​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ចំនួន ២% នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ ២០២២ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

សន្ទស្សន៍​នេះ​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក​គឺ​ទី ១៥ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៥ និង​ចំណាត់​ថ្នាក់​ជិត​ចុងក្រោយ​គេ​បំផុត​គឺ​ទី ១៣៩ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤០ នៅ​លើ​ពិភពលោក​ទាក់ទិន​នឹង​ការ​គោរព​នីតិរដ្ឋ។

ទិន្នន័យ​ដើម​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ​អំពី​ប្រទេស​ចំនួន ១៤០ ដែល​ស្ថិត​ក្នុង​គម្រោង​សន្ទស្សន៍​នីតិរដ្ឋ​របស់​អង្គការ​នេះ បាន​បង្ហាញ​ថា ការ​គោរព​នីតិរដ្ឋ​បាន​ធ្លាក់ចុះ​នៅ​ក្នុង​ប្រទេស​ចំនួន ៦១% ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​ជុំវិញ​ពិភពលោក មនុស្ស​ចំនួន ៤.៤០០ លាន​នាក់​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ការ​ធ្លាក់ចុះ​នីតិរដ្ឋ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។

អ្នកស្រី Elizabeth Andersen នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​នេះ​បាន​និយាយ​ថា៖ «យើង​កំពុង​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​នីតិរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​នៅតែ​បន្ត​មាន»។

បើ​យោង​តាម​សន្ទស្សន៍​នេះ នៅ​លើ​ពិភពលោក ប្រទេស​ដែល​មាន​ការ​គោរព​នីតិរដ្ឋ​ល្អ​ជាង​គេ​បំផុត​គឺ​ប្រទេស​ដាណឺម៉ាក ហើយ​បន្ទាប់មក​គឺ​ប្រទេស​ន័រវែស ហ្វាំងឡង់ ស៊ុយអែត និង​ហូឡង់។ រី​ឯ​ប្រទេស​ដែល​មាន​ការ​គោរព​នីតិរដ្ឋ​ទាប​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​គឺ​ប្រទេស​វ៉េណេស៊ុយអេឡា ហើយ​បន្ទាប់មក​គឺ​ប្រទេស​កម្ពុជា អាហ្វហ្គានីស្ថាន កុងហ្គោ និង​ហៃទី៕

XS
SM
MD
LG