ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការរៀបចំ​តិចតួច​នៅឡើយ​សម្រាប់​ពេល​ព្រះមហាក្សត្រ​សីហនុ​សោយ​ទីវង្គត


សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សា​នុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។
សម្តេចឪ​ នរោត្តម​ សីហនុ​ និង​សម្តេច​ម៉ែ​ នរោត្តម​ មុនីនាថ​ សីហនុ​ ស្វាគមន៍​សិស្សា​នុសិស្ស​ ដែល​ឈរ​អម​នៅ​លើ​ផ្លូវ​ ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ទី​ ៥០​ ក្នុង​រាជធានី​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០០៣។

សមាជិក​រាជវង្សានុវង្ស​មួយ​អង្គ​បាន​ឲ្យ​ដឹង​ថា​ ព្រះបរមរាជវាំង​បាន​រៀបចំ​ត្រៀម​ទុក​ជា​មុន​សម្រាប់​ការសោយ​ទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ នរោត្តម ​សីហនុ ​ខណៈដែល​ព្រះអង្គ​មាន​ព្រះជន្ម​ឈាន​ដល់​៩០​ ព្រះវស្សា​ហើយ​នោះ។

ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ ​មាន​បន្ទូល​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​កាល​ពី​សប្ដាហ៍​មុន​ថា​ មាន​ការរៀបចំ​ទុក​សម្រាប់​ថ្ងៃ​ចុងក្រោយ​ណា​មួយ​របស់​អតីត​ព្រះមហាក្សត្រ ​ក៏ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​បង្ហាញ​ថា​ ការរៀបចំ​នោះ​មាន​អ្វីខ្លះ​នោះ​ទេ។

«ត្រៀមទុក​អស់​ហើយ។ ​ដូច្នេះ​ពេល​នោះ​ទើប​ខាង​ព្រះបរម​រាជវាំង​នឹង​ផ្សាយ​ជា​ផ្លូវការ»។

ជាទូទៅ​នៅ​ក្នុង​ប្រទេស​រាជានិយម​ ការប្រុងប្រៀប​សម្រាប់​ការសោយ​ទីវង្គត​របស់​អង្គក្សត្រ​ តែងតែ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្សត្រអង្គ​នោះ​យាងចូល​ព្រះជន្ម​កាន់តែ​ច្រើន​ ត្បិត​ការ​ប្រតិបត្តិ​តាម​តំណ​រាជវង្សមាន​ភាព​ស្មុគស្មាញ​ជាង​ប្រជានុរាស្ដ្រ​ធម្មតា។ ​ក៏ប៉ុន្ដែ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ មាន​បន្ទូល​ថា ​ វា​មិនមែន​ជា​ហេតុផល​សមស្រប​ទេ​ក្នុង​ពេល​នេះ​ក្នុង​ការគិត​គូរ​ទុក​ជា​មុន​ពី​ការសោយ​ទីវង្គត​របស់​ព្រះមហាវីរក្សត្រ​នោះ។ ​ត្បិត​អតីត​ព្រះមហាក្សត្រ​នៅ​មាន​ព្រះរាជ​សុខភាព​មាំទាំ​នៅ​ឡើយ ​ពុំ​មាន​សញ្ញា​ណា​គួរ​ឲ្យ​បារម្ភ​ពី​ព្រះអង្គ​ឡើយ។

ព្រះអង្គម្ចាស់​ធម្មិកោ ​ដែល​ត្រូវ​ជា​ក្មួយ​របស់​អតីត​ព្រះមហាក្សត្រ ​និង​ត្រូវ​ជា​លេខា​របស់​ព្រះអង្គ​ផ្ទាល់​ផងដែរ ​មាន​បន្ទូល​បន្ថែម​ថា ​សម្ដេច​ឪ ​នរោត្តម ​សីហនុ ​អាច​នឹង​មាន​ព្រះជន្ម​រហូត​ដល់​៩៦​ ព្រះ​វស្សា។

«ប្រសិន​បើ​យើង​គិត​អំពី​ប្រវត្តិខ្មែរ ​គ្មាន​ព្រះមហាក្សត្រ​ខ្មែរ​ណា​មាន​ព្រះជន្ម​យឺនយូរ​ ដូច​ព្រះករុណា​ព្រះមហាវីរក្សត្រ ​ព្រះនរោត្តម ​សីហនុ​ ទេ។ ​ព្រះបាទ​ជ័យវរ្ម័ន​ សុគត ​នៅ​ព្រះជន្ម​៨០ ​ព្រះវស្សា។ ​ព្រះករុណា​ព្រះបាទ ​ស៊ីសុវត្ថិ​ ដែល​ត្រូវ​ចាត់ទុក​ថា ​លោក​មាន​ព្រះជន្ម​យឺនយូរ​ជាង​គេ ​គឺ​៨៤ ​ព្រះវស្សា។​ រីឯ​ព្រះបាទ​សីហនុ ​ព្រះជន្ម​៩០​ហើយ​។ ​បើ​សិន​ជា​យើង​ជឿ​លើ​ហោរាសាស្ដ្រ​ឥណ្ឌា ​គឺ​ថា ​ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រហូតដល់​៩៦ ​ព្រះវស្សា»។

អតីត​ព្រះមហាក្សត្រ ​បាន​យាង​ចូល​ព្រះជន្ម​៩០​ ព្រះវស្សា​ កាល​ពី​ចុង​ខែ​តុលា ​ឆ្នាំ​២០១១​នេះ។​ ពីធី​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម​ក្នុង​ទីក្រុង​ភ្នំពេញ។ ​ហើយ​ព្រះអង្គ​បាន​មាន​ព្រះរាជឱង្កា​យ៉ាងវែង​មួយ​ទៅ​កាន់​សាធារណជនដោយ​ថ្លែង​ថា ​ព្រះអង្គ​នឹង​មិនយាង​ចេញ​ទៅ​ព្យាបាល​ព្រះរោគ ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ទៀត​ទេ ​គឺ​ព្រះអង្គ​នឹង​បន្ដ​គង់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​រៀង​រហូត។ ​ក៏ប៉ុន្ដែ​ព្រះអង្គម្ចាស់​ធម្មិកោ ​មាន​បន្ទូល​ថា ​ព្រះមហាវីរក្សត្រ​ទំនង​ជា​នឹង​នៅ​តែ​បន្ដ​យាង​ទៅ​ពិនិត្យ​ព្រះរោគ​ នៅ​ក្រុង​ប៉េកាំង​ទៀត​ ដោយ​មាន​ការទាមទារ​ពី​ក្រុម​គ្រូពេទ្យ​ចិន។​ សម្តេច​ឪ ​នរោត្តម​ សីហនុ ​ទទួល​រងទុក្ខ​ដោយ​ព្រះរោគ​មហារីក​អស់រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ម្យ៉ាង​វិញ​ទៀត​ព្រះអង្គ​ត្រូវ​យាង​ទៅ​ពិនិត្យ​ និង​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​ចិន​ជា​ទៀងទាត់​រាល់​បី​ខែ​ម្ដង​ ឬ​យឺត​ជាង​នេះ​បន្ដិច។

លោក​ ជា ​គាន ​អនុប្រធាន​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​មាន​ប្រសាសន៍​ថា​ មិន​ទាន់​មាន​ការដាក់​ផែនការ​ណាមួយ​ឲ្យ​មាន​ការរៀបចំ​ទុក​សម្រាប់​ការយាង​ចូល​ទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ទេ។

គង់​ក្នុង​វត្ត​បុទមវតី ​ក្នុង​ទីក្រុង​ភ្នំពេញ ​សម្តេច​ព្រះសង្ឃរាជ​គណៈធម្មយុត្ត ​បួរ ​គ្រី ​មាន​សង្ឃដីកា​ថា ​ព្រះអង្គ​ក៏​មិន​ទាន់​បាន​ទទួល​ដំណឹង​ណាមួយ​ពី​ការរៀបចំ​ទុក​សម្រាប់​ការចូល​ទីវង្គត​ជាយថាហេតុ​របស់​អតីត​ព្រះមហាក្សត្រ​នោះ​ទេ។

«មិន​ទាន់​មាន​ដំណឹង​ណា​ដែល​ព្រះករុណា​សម្តេច​ព្រះមហាវីរក្សត្រ​មាន​ព្រះ​បន្ទូល​ផ្ដាំផ្ញើ​ ឬ​ក៏​មាន​ការចាត់​វិធានការ​យ៉ាង​ណា​មិនទាន់​បាន​ទទួល​ដំណឹង​អ្វី​ទេ។ ​ព្រះជន្ម​៨៩ ​យាង​ចូល​៩០​ ព្រះវស្សាក៏​(ព្រះអង្គ) ​មាន​ព្រះរាជ​សុខភាព​មាំទាំ ​មិនមែន​ដូច​ជា​ផ្ទុំ​លើគ្រែ ​ងើប​មិន​រួច​ ឬ​ក៏​យាង​មិន​កើត​ទេ»។

ព្រះជន្ម​កាន់​តែ​ច្រើន​ ប៉ុន្ដែ​អតីត​ព្រះមហាក្សត្រ ​នរោត្តម ​សីហនុ ​នៅ​បន្ត​កាតព្វកិច្ច​មួយ​ចំនួន​នៅ​ឡើយ​ ដូច​ជា​ការ​ប្រគល់​អំណោយ​សប្បុរស​ដល់​ប្រជាជាតិ ​ការទទួល​ការ​ចូល​គាល់​ពី​មន្ដ្រី​ជាតិ ​និង​អន្ដរជាតិ​ក្នុង​ព្រះបរមរាជវាំង​ជា​ដើម។ ​នេះ​បើ​តាម​ការអះអាង​របស់​លេខា​ផ្ទាល់​របស់​ព្រះអង្គ ​គឺ​ព្រះ​អង្គម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ ​និង​ការកត់សម្គាល់​របស់​សម្ដេច​ព្រះសង្ឃរាជ​គណៈធម្មយុត្ត ​បួរ​ គ្រី។

បើទោះ​ជា​ព្រះអង្គ​យល់​ថា ​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​និយាយ​ពី​ការត្រៀមទុក​សម្រាប់​ថ្ងៃ​ដែល​អតីត​ព្រះមហាក្សត្រ​សោយទីវង្គត​ជា​យថាហេតុ​នោះ​ក៏ដោយ​ ប៉ុន្ដែ​ព្រះអង្គ​ម្ចាស់​ធម្មិកោ ​បាន​រំលឹក​ពី​ស្នាព្រះហស្ថ​ជា​ច្រើន​របស់​សម្តេច​ឪ ​នរោត្តម ​សីហនុ ​ក្នុង​ការ​កសាង​សាលារៀន ​រោងចក្រ​ និង​កសាង​សង្គម​មួយ​ដែល​មាន​ការរីកចម្រើន ​នោះ​គឺ​របប​សង្គមរាស្ដ្រ​និយម៕

XS
SM
MD
LG