ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​អាច​នឹង​ធ្វើនៅ​ក្នុង​ដំណាក់​កាល​ចុងក្រោយ ​ដូចសព្វដង​​​​

  • សុខ ខេមរា

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​អាច​នឹង​ ទុក​បញ្ហា​ឲ្យមាន​ការ​ជាប់គាំង​នយោបាយ​ ដោយ​មិន​ចូល​រួម​ការបោះ​ឆ្នោត។​

វ៉ាស៊ីនតោន៖ ក្រោយ​ពេល​គណបក្ស​ជំទាស់​ខកខាន​ក្នុងការ​ទាមទារ​ឲ្យ​មានការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ ហើយ​និងការ​ខកខាន​ក្នុង​ការ​រក​ដំណោះស្រាយ​សម្រាប់​លោក​ សម រង្ស៉ី​ចូល​មក​កាន់​ប្រទេស​កម្ពុជា​បាន​នោះ​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​អាច​នឹង​ ទុក​បញ្ហា​ឲ្យមាន​ការ​ជាប់គាំង​នយោបាយ​ ដោយ​មិន​ចូល​រួម​ការបោះ​ឆ្នោត។​

ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​អះអាង​ថា ​ទំនោរ​នយោបាយ​ចុង​ក្រោយ​នេះ​ទំនង​ជា​អាច​ឲ្យ​មាន​ការ​គិតគូរ​រួមគ្នា​ឡើង​វិញ​ ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​អន្តរជាតិ​ចំពោះ​ដើម្បី​ឲ្យលោក​សម រង្ស៊ី​វិល​ត្រឡប់​ចូលរួម​ការ​បោះឆ្នោត​ផង​ ការ​គិត​គូរ​ពីការ​ពង្រឹង​លទ្ធិ​ប្រជាធិតេយ្យ​ផង​និង​ការ​អវិវឌ្ឍផង។​

លោក​ស្រី​ ជា វណ្ណាត​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ អះអាង​ថា៖
«អញ្ចឹង​តាម​ខ្ញុំ​ស្មាន​មើល​ទៅ​ច្បាស់​ជា​មាន​ការ​ថ្លឹងថ្លែង​ទាំង​សងខាង​ ទាំង​សហ គមន៍​អន្តរជាតិ​ ទាំង​ប្រទេស​កម្ពុជា​ធ្វើយ៉ាង​ណា​អាច​ទទួល​យក​បាន​ទាំងអស់​ គ្នា។​ ​ហើយ​ខ្ញុំ​មើល​ទៅ​មិន​ទាន់​រក​បាន​អ្នកណា​ជា​អ្នក​ផ្លូវចៅ​មហា​ដើម្បី​នឹង​ដោះ​ ស្រាយ​បញ្ហា​ឯក​ឧត្តម​សម រង្ស៉ី​ឲ្យមក​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ទេ»។​

លោក​បណ្ឌិត​ សុខ ទូច​បាន​ទទួល​ស្គាល់​ដែរ​ថា​ ស្ថានការណ៍​ទល់ច្រក​ចុង​ក្រោយ ​នឹង​ធ្វើឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចាប់ផ្តើម​សម្រម​សម្រួល​គ្នា។​

«ខ្ញុំយល់​ថា​ អ្នក​នយោបាយ ​ទឹក​ចុងក្រោយ​ អ្នក​នយោបាយ​ស្អី​ក៏ដោយ​ ​គេ​តថ្លៃ​គ្នា​ ហើយ​ការ​ដែល​តថ្លៃ​វាទាល់​តែ​មាន​សម្ពាធ​អីធ្ងន់ធ្ងរ​ណាស់​បាន​តថ្លៃ​គ្នា​បាន។​ ហើយ​កាលណា​ចេះតែ​ដោះដូរ​បញ្ហា​ហ្នឹង ​វាលឿន​ពេក​ ធ្វើឲ្យ​គណបក្ស​ប្រឆាំង​ចេះ​តែ​ត​ទៅ​ទៀត។​ អញ្ចឹង​គេទុក​ឲ្យ​តឹក​ចុងក្រោយ​ Final ​ឃើញ​ថា​ ភាព​តានតឹង​មក​រក​ដំណោះ​ស្រាយ​ ហើយ​បាន​គេ​ដោះ​ស្រាយ»។​

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​រួមទាំង​លោក​ស្រី​ ជា វណ្ណាត​បាន​ចោទ​សួរ​ថា ​ការ​សម្រេច​ចិត្ត​មិន​ចូលរួម​របស់​គណ​បក្ស​ជំទាស់​ទាំងពីរ​ក្នុង​ពេល​បោះឆ្នោត​នេះ​ តើ​គណបក្ស​ជំទាស់​ទាំង​ពីរ​មាន​ភាព​រឹងមាំ​ផ្ទៃក្នុង​របស់​ខ្លួន​ប៉ុណ្ណា? ​លោក​ស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​ទំនង​ជា​សំដៅ​ថា ​ក្នុង​គណបក្ស​ជំទាស់​អាច​មាន​មន្ត្រីខ្លះ​ប្រទាញ​ចូល​រួម​ការ​បោះឆ្នោត​ ជាពិសេស​ នៅពេល​មេដឹក​នាំ​គណបក្ស​ទាំងពីរ​លាឈប់​ពី​គណបក្ស​ ហើយ​ទៅ​បង្កើត​គណបក្ស​ថ្មី​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​ក្រុម​ជំទាស់​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ គណបក្ស​ជំទាស់​កំពុង​ពិចារណា​មិន​ចូលរួម​ការ​បោះឆ្នោត​ ក្រោយ​ពេល​គ្មាន​ដំណោះ​ស្រាយ​ឲ្យ​មាន​គ.ជ.ប.​មួយ​ដែល​ក្រុម​ជំទាស់​អះអាង​ថា​ គួរឲ្យ​ជឿ​ទុកចិត្ត​ និង​ដោយសារ​គ្មាន​ដំណោះស្រាយ​នយោបាយ​ណា​មួយ​កើតឡើង​នៅឡើយ​ចំពោះ​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក​សម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស។​

ថ្លែង​ប្រាប់​វីអូអេ​យ៉ាងខ្លី​តាម​រយៈការ​ផ្ញើសារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ​លោក​ ខៀវ​ កាញ៉ារិទ្ធ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​អះអាង​ថា​ លោក​គ្មាន​ជំនឿ​ថា​ គណបក្ស​ជំទាស់​បោះ​បង់ចោល​ការ​បោះឆ្នោត​ទេ។​

«គណបក្ស​ជំទាស់​នឹង​មិនធ្វើ​ពហិការ​ចំពោះ​ការ​បោះឆ្នោត​ទេ។​ ហើយ​ប្រសិន​ បើគេ​ធ្វើ​ពហិការ​វិញ​ នោះ​គណបក្ស​ដទៃ​នឹង​ទទួល​ផល​ប្រយោជន៍​ពី​ដំណើរ​ការ​វិវត្តន៍​នេះ»។​

លោក​ខៀវ កាញ៉ា​រិទ្ធ​បាន​បញ្ជាក់​ជាថ្មី​ថា​ ករណី​លោក​សម រង្ស៉ី​ជាការ​សម្រេច​របស់​តុលាការ ​មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។​

លោក​សម រង្ស៉ី​ ដែលជា​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏ធំជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ​កំពុង​បន្ត​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ជាង​២ឆ្នាំ​ហើយ​ ដោយសារ​ជាប់​ទោស​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កាល​ពីឆ្នាំ​២០០៩។​ លោក​សម រង្ស៉ីបានរួម​គ្នាជាមួយលោក​កឹមសុខាបង្កើត​ជា គណ​បក្ស​ថ្មីមួយ​គឺ​គណបក្ស​សង្រ្គោះ​ជាតិ។ ​

លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ប្រទេស​ជាច្រើន​រួមទាំង​សហគមន៍​អឺរ៉ុប ​អាស៊ី​និង​ ស.រ.អា.​ផង​ដើម្បី​ស្វះស្វែង​រក​ការ​គាំទ្រ​នយោបាយ​ពី​បណ្តា​ប្រទេស​ទាំង​នោះ​ក្នុង​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​លោក​បាន​វិលត្រឡប់​ទៅ​កម្ពុជា​វិញ។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ​បាន​បង្ហាញ​ជំហរ​ពី​ការ​ជជែក​គ្នា​រវាង​ខ្មែរ​នឹងខ្មែរ​លើ​បញ្ហា​ខ្មែរដែរ​ តែ​ក្រោយ​មក​បិទ​ទ្វារ​ទៅវិញ ​នៅ​ពេល​មាន​ការ​រិះគន់​ខ្លាំង​ពី​លោក​សម រង្ស៉ី​ មេ​ដឹកនាំ​ក្រុម​ជំទាស់​ទៅ​លើ​គោល​នយោបាយ​ព្រំដែន​របស់​លោក​ជាមួយ​ប្រទេស​វៀតណាម​ ដោយ​មិន​ខ្វល់​នឹង​ការ​ទទូច​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ ​ដែល​ចង់ឃើញ​លោក​សម រង្ស៉ី​ចូល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជា​សកល។​

មេដឹកនាំ​នយោបាយ​កំពូល​របស់​ប្រទេស​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​លោក​ប្រធាន​រដ្ឋ​សភា​ហេង សំរិន ​និង​លោក​សម រង្ស៉ី​បាន​ស្ថិត​នៅ​លើកោះ​បាលី​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ កាលពីដើម​សប្តាហ៍​ នៅ​ពេល​មាន​កិច្ចប្រជុំ​សភា​អាស៊ាន​ «អៃបា» ។​ តែ​គ្មាន​ព័ត៌មាន​ថា ​ក្រុម​មេដឹកនាំ​នយោបាយ​ ដែល​មាន​ភាព​តានតឹង​ជាមួយ​គ្នានេះ​ បាន​ជួបគ្នា​ក្រោម​ការ​សម្រប​សម្រួល​ ណា​មួយ​របស់​ឥណ្ឌូនេស៊ី​នោះ​ទេ។​

លោក​សម រង្ស៉ី​បានថ្លែង​ប្រាប់​វីអូអេ​ថា ​ប្រទេស​ឥណ្ធូនេស៊ី​និង​ប្រទេស​ហ្វ៊ីលីពីន​បាន​គាំទ្រ​របាយ​ការណ៍​ចុង​ក្រោយ​របស់​អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​គឺ​លោក​ ស៊ូយ៉ា ស៊ូ បេឌី​ដែល​ចង់​ឃើញ​មាន​ការ​កែ​ទម្រង់​យន្តការ​បោះឆ្នោត​សេរី ​យុត្តិធម៌​ ត្រឹមត្រូវ​ពិត​ប្រាកដ។​ ប្រទេស​ទាំង​ពីរ​ក៏​បាន​គាំទ្រឲ្យ​លោក​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ផង​ដែរ ​ដែលលោក​សម រង្ស៉ី​ចាត់​ទុក​ថា​ជា​ការ​លើក​ទឹកចិត្ត​ដ៏ធំ​សម្រាប់​ក្រុម​អ្នក​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

តំណាង​ប្រទេស​ជា​ច្រើន​រួមទាំង​ស.រ.អា​.និង​សហគមន៍​អឺរ៉ុប​ផង ​ធ្លាប់បាន​ប្រកាស​ត្រួសៗ​ហើយ​ថា​ ពួកគេ​ចង់​ឃើញ​ការ​បើក​ទូលាយ​ឲ្យមានការ​ចូល​រួមពីលោក​សម រង្ស៉ី​ ដែលជា​មេ​ដឹកនាំ​ជំទាស់​ដែល​អាច​ប្រកួត​ប្រជែង​ស្មើ​ភាព​ជាមួយ​គណបក្ស ​កាន់អំណាច​ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​គ្រប់គ្រង​ប្រទេស​ជាង​៣០​ឆ្នាំ​នោះ។​

ដោយ​ឃើញប្រទេស​ហ្វ៊ីលីពីនចូលរួម​យ៉ាង​សកម្ម​ជាមួយ​មេដឹកនាំជំទាស់​គឺ​លោកសម រង្ស៉ី ​ លោកស្រី​ជា វណ្ណាត​បាន​ថ្លែង​បន្ថែម​ថា ប្រសិន​បើ​មេដឹក​នាំ​សម រង្ស៉ី ​មិន​បាន​ចូល​រួមការ​បោះឆ្នោត​នោះ​នឹង​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរ​ជាតិ។​

«ពីព្រោះ​អ្វី​ដែល​គេ​ចង់​ឃើញ​គឺ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​មាន​និរន្តរភាព​ ព្រោះ​គេ​ចង់បាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ហ្នឹង​ឲ្យ​មាន​និរន្តរ​ភាព​ដែរ។​ ទាំងពីរ​ហ្នឹង​ត្រូវទៅ​ជាមួយគ្នា​ មិនអាច​ថា​ សេដ្ឋកិច្ច​ត្រូវ​មាន​និរន្តរភាព​ដោយ​មិនមាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ទៅ​ជាមួយ​ទេ។​ អាហ្នឹង​ជា​គោល​ការណ៍សំខាន់​សម្រាប់​បស្ចឹម​ប្រទេស​ ដើម្បីឲ្យ​គេ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។​

ចំណែក​លោកសុខ ទូច​បាន​កត់​សម្គាល់​ថា ​វិបត្តិ​នយោបាយ​ឬ​ការ​មិន​ចូលរួម​របស់​លោក​សម រង្ស៉ី​នឹង​ធ្វើ​ឲ្យ​មាន​សម្ពាធ​ពី​បស្ចឹម​ប្រទេស​ ហើយ​ត្រូវ​ប៉ះទង្គិច​ដល់អ្នក​វិនិយោគ​ទុន ​បញ្ហា​កាត់ដេរ​ដែល​មាន​ទីផ្សារ​នៅ​អឺរ៉ុប​និង​ស.រ.អា.​ដែល​ជា​សរសរទ្រូង​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស។​

«ហើយ​បើមាន​វិបត្តិ​កាត់ដេរ ​យើង​ឃើញ​ថា​ កម្មករ​ហ្នឹង​ទៅ​ណា?​ ទីផ្សារ​កាត់​ដេរ​ហ្នឹង។​ អាហ្នឹង​ដែល​ជារឿង​សំខាន់​ដែល​យើង​សំឡឹង​ទៅមើល​ប្រសិន​បើគណ​បក្សប្រឆាំង​មិន​ចូលរួម​ ហើយ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ការ​ហ៊ុំព័ទ្ធ​ដូចភូមា​ទៀត​ហើយ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​នៅតែ​ជឿថា​ គណបក្ស​ជំទាស់​នឹង​មិន​បោះបង់​ការ​បោះឆ្នោត​ទេ​ ដើម្បី​ភាព​រីកចម្រើន​ផ្នែក​ប្រជា​ធិបតេយ្យ។​

ចំណែក​លោក​ កែវ ផល្លា​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់​ និងវិវាទ​កម្ម​នៃ គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ បាន​អះអាង​ថា​ ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅតាម​ការ​គ្រោងទុក​គឺថ្ងៃ២៨​កក្កដា​ឆ្នាំ២០១៣​ ហើយ​ការ​មិន​ចូលរួម​របស់​គណបក្ស​ណា​មួយ​មិនមែន​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់ការ​បោះ​ឆ្នោត​ទេ។​

«ហើយ​ការ​ចូលរួម​ ឬមិន​ចូលរួម​របស់​គណបក្ស​ណា​មួយ​នោះ​ គ.ជ.ប. ​អត់​បាន​គិត​អំពី​បញ្ហា​ហ្នឹង​ទេ។​ ការ​រៀបចំ​របស់​គ.ជ.ប.​មិន​តម្រូវ​ថា​គណបក្ស​នេះ​មិន​ចូល​រួមរៀបចំមិនកើត ​គណបក្ស​នោះ​ចូលរៀប​ចំ​មិន​កើត​នោះ​ទេ​ គឺ​ថា​យើង​រៀប​ចំ​តែ​ទៅ​តាម​ច្បាប់»។​

លោកបណ្ឌិត​ ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​និចហ្វិច​ បាន​អះអាង​ថា​ ការ​ចូលរួម​ទាំងអស់​គ្នា​ ទាំង​គណបក្ស​ជំទាស់​ ទាំង​គណបក្ស​កាន់​អំណាច​គឺ​ជារឿង​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ និង​សង្គម​ប្រជា​ធិបតេយ្យ។​

«បើសិន​មាន​គណបក្ស​ជំទាស់​សំខាន់​មួយ​ដែល​មិន​ចូលរួម​ក្នុងការ​បោះ​ឆ្នោត​ហ្នឹង ​គឺដូច​ជា​ការ​បង្ហាញ​ថា​ ការ​បើក​ទូលាយ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ហ្នឹង​មិនទូលំ​ទូលាយ​ដែរ»។​

ប្រទេស​កម្ពុជា​ធ្លាប់​ជាប់គាំង​នយោបាយ​ជាច្រើន​លើក​ ហើយ​មេ​ដឹកនាំ​នយោ​បាយ​ រួមទាំង​លោក​សម រង្ស៉ី​ផង​ធ្លាប់​ត្រូវ​កាត់ទោស​ និង​និរទេស​ខ្លួន​ជា​ច្រើន​លើក​នៅក្រៅ​ប្រទេស។ ​

តែនៅ​ពេល​ដែល​ការ​គាំង​ដំណើរ​ផ្នែក​នយោបាយ​ដល់​ទីខ្ពស់​បំផុត​ ពលរដ្ឋ​ស្តី​បន្ទោស​អ្នក​នយោបាយ​ថា​ មិនបាន​ទទួល​ខុសត្រូវ​ពី​ការរីក​ចម្រើន​របស់​ប្រទេស​ ពេល​នោះ​ភាគី​ជម្លោះ​បាន​ចាប់ផ្តើម​ចរចា ​មាន​សម្បទាន​នយោបាយ​ទៅវិញ​ទៅមក ​ហើយ​ភាគី​ម្ខាង​ត្រូវ​បាន​រួចខ្លួន​ពី​ការចោទ​ប្រកាន់​ផ្លូវច្បាប់​តាម​រយៈការ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ​ ហើយ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​បន្ត​អាជីព​នយោបាយ​ជា​ធម្មតា៕​
XS
SM
MD
LG