ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សប្រឆាំងទាមទារឲ្យកែទម្រង់គ.ជ.ប.​


ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណា​ត្តិ​ទី៥គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣។​
ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណា​ត្តិ​ទី៥គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣។​
ដោយ៖ ស៊ុយ ហ៊ាមខេមរា​
ភ្នំពេញ​៖ គណបក្ស​សម​ រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទទូច​ឲ្យ​មាន​ការ​កែទម្រង់​រចនាសម្ព័ន្ធ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប.)​ ដោយ​ចង់​ពិភាក្សា​បញ្ហា​នេះ​ដោយផ្ទាល់​តទល់​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។​

ជំហ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ស ខេង​ ឧបនាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បាន​ច្រានចោល​សំណើ​របស់​គណបក្ស​ជំទាស់​ទាំងពីរ​កាលពី​មួយ​សប្តាហ៍​មុន។​

ក្នុង​លិខិត​កាលពី​ថ្ងៃទី​១៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១២ ​ជូន​លោក​ស ខេង​ លោក​គង់​ គាំ​ ប្រធាន​គណបក្ស​សម រង្ស៊ី​ស្តីទី ​និង​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទទូច​ស្នើ​ឲ្យ​មាន​ជំនួប​ត្រីភាគី​នេះ​ ដើម្បី​ពិភាក្សា​លើ​លទ្ធភាព​កែប្រែ​ការ​រៀបចំ​សមាស​ភាព ​គ.ជ.ប. ​និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណា​ត្តិ​ទី៥ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣។​

គួរ​បញ្ជាក់​ដែរ​ថា​ កាលពី​ថ្ងៃទី៣០​ ខែសីហា​ គណបក្ស​សម ​ង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​បានស្នើ​ដល់​លោក​ស ខេង​ ឲ្យ​ធ្វើការ​កែទម្រង់​ដូចគ្នា​នេះ ​ក៏ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បាន​
ច្រានចោល​សំណើ​នេះ​ដោយ​លើកឡើង​ថា ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ណាមួយ​របស់​គ.ជ.ប.​នឹងធ្វើ​ឲ្យ​«ប៉ះពាល់​ដល់​ឯករាជ្យភាព​ និង​អព្យា​ក្រិត្យភាព»​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។​

លោក​គង់ គាំ ​ប្រធាន​គណបក្ស​សម រង្ស៊ី​ស្តីទី​ បញ្ជាក់​ថា ​សំណើ​សុំ​ជួប​លោក​ ស ខេង​លើក​នេះ​គឺ​ដើម្បី​ព្យាយាម​ពន្យល់​អំពី​ជំហរ​ពិតប្រាកដ​របស់​គណបក្ស​ជំទាស់​គឺ​និយាយ​ពិភា​ក្សា​គ្នា​ផ្ទាល់ ​«ពីមុន​យើង​ស្នើសុំ​ជា​លិខិត​ដើម្បី​សុំឲ្យ​មាន​ការ​កែប្រែ​សមភាពគ.ជ.ប. ​ដោយ​យើង​បានរៀបចំ​ជា​រូបមន្ត​មួយ​ចំនួន។ ​ប៉ុន្តែ​ចម្លើយ​របស់គាត់​មក​ ហេតុផល​ហាក់ដូចជា​មិនសូវ​យល់​ពី​បំណង​របស់​យើង​ ដូច្នោះ​យើង​ទៅ​ពិភាក្សា ​ជជែក​គ្នា​ផ្ទាល់ ​និង​មាន​ការ​យល់​គ្នា​ច្បាស់លាស់​ជាង»។

ជាមួយ​នឹង​គ្នា​នេះ​ដែរ​ លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​លើក​ពី​ហេតុផល​ដូចគ្នា​នេះ​ដែរ។​

«យើង​ស្នើ​គេ​ផ្លាស់ប្តូរ​អី​ តែ​គេ​អត់​ផ្លាស់។ ​ឥឡូវ​យើង​គ្រាន់តែ​ស្នើ​សុំ​ជួប​ទេ​តើ​ ដើម្បី​ជជែក ​ពន្យល់​គេ ​ថា​ដូចម្តេច​បាន​យើង​ចង់​ផ្លាស់។ ​កុំឲ្យ​គេ​យល់​ច្រឡំ។​ ក្រសួង​មហាផ្ទៃ​គេ​ថា ​គណៈកម្មាធិការ​របស់​គេ​ហ្នឹង​ឯករាជ្យ​ ហើយ​ចង់​ថា គេ​ចង់​បាន​ឯករាជ្យ​ដែរ​ ដូច្នោះ​យើង​ក៏​ចង់​បាន​ឯករាជ្យ​ដែរ​។ រឿង​អ្វី​យើង​មិនអាច​រក​កន្លែង​រួមគ្នា​មួយបាន? ​យើង​ត្រូវ​រក​កន្លែង​រួមគ្នា​មួយ​ឲ្យ​ឃើញ»។​

លោក​ឧត្តមសេនីយ៍​ឯក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​ ប្រាប់​ថា​លោក​បាន​ទទួល​លិខិត​ស្មើ​សុំ​ជួប​របស់​គណបក្ស​ប្រឆាំង​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​
«មាន​អី​គ្រាន់តែ​ស្នើ​សុំ​ជួប​គ្នា​ មាន​បញ្ហា​អី។​ ប៉ុន្តែ​ប្រសិនបើ​មាន​សំណើដូច​កាល​មុន​ អញ្ចឹង​យើង​បាន​ប្រាប់​ទៅ​គាត់​រួច​ហើយ។​ ចង់​ជួប​ដែរ​ តើ​គាត់​មាន​អ្វី​ថ្មី?​ការជួបគ្នា​មាន​បញ្ហា​អី»។​

គណបក្ស​សម រង្ស៊ី​របស់លោក​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា​ ថ្មីៗនេះ ​បាន​សម្រេច​បង្កើត​គណបក្ស​ថ្មី​មួយ​រួមគ្នា​ដែល​មាន​ឈ្មោះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ ​គោលដៅ​គឺ​ដើម្បី​ប្រមូល​កម្លាំង​ប្រជែង​យកជ័យ​ជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​លោ​ក​សម រង្ស៊ី និង​លោក​កឹម សុខា​ ដែល​នឹងត្រូវ​ធ្វើជា​ប្រធាន​និង​អនុប្រធាន​គណបក្ស​ថ្មី​នេះ ​បាន​អំពាវនាវ​ជាច្រើន​លើក​ច្រើនសារ​ឲ្យ​មាន​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សំអាង​ថា ​ស្ថាប័ន​នេះ​មិន​ឯករាជ្យ ​និង​ទាមទារ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG