ភ្នំពេញ៖ ក្រុមសមត្ថកិច្ចប្រដាប់ដោយអាវុធ ខែល និងដំបងឆក់នៅថ្ងៃចន្ទនេះបានរាំងខ្ទប់ការប៉ុនប៉ងដាក់ញត្តិរបស់អ្នកភូមិបឹងកក់ និងបូរីកីឡាទៅក្រសួងយុត្តិធម៌ដើម្បីជួយអន្តរាគមន៍ដល់តុលាការក្រុងភ្នំពេញដោះលែងតំណាងពលរដ្ឋពីរនាក់ដែលកំពុងជាប់ឃុំ។
ស្របពេល និងកម្លាំងសមត្ថកិច្ចរាំងខ្ទប់ប្រជាពលរដ្ឋបូរីកីឡា និងតំបន់បឹងកក់មិនឲ្យដាក់ញត្តិនោះសមត្ថកិច្ចបែរជាអនុញាតឲ្យប្រជាពលរដ្ឋមួយក្រុមទៀតដែលអះអាងថាជាអ្នករត់ម៉ូតូឌុបធ្វើបាតុកម្មនៅពីមុខតុលាការដើម្បីគាំទ្រដល់តុលាការបន្តឃុំខ្លួនអ្នកស្រី យោម បុប្ជានិងអ្នកស្រី ទឹម សាក់មុន្នីទៅវិញ។
ការរាំងខ្ទប់របស់កម្លាំងសមត្ថកិច្ចមិនបណ្តាលឲ្យមានពលរដ្ឋណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ តែតែមានកុមារតូចៗមួយចំនួនបានរងរបួសតិចតួចតែប៉ុណ្ណោះដោយសារការរុញច្រានគ្នាទៅវិញទៅមករវាងសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរ។
សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា មានកុមារាម្នាក់ឈ្មោះណាំ ទីវ័ន្តអាយុប្រមាណ១៤ឆ្នាំត្រូវបានមន្ត្រីកងរាជអាវុធហត្ថទាត់តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ ចំណែកកុមារតូចៗខ្លះបានត្រឹមតែស្រែកយំនៅចំពោះមុខសមត្ថកិច្ចតែប៉ុណ្ណោះហើយមានមួយចំនួនទៀតបានតបតទៅវិញដោយគប់ផ្លាឈូក។
«ពូឯងដែលជួយខ្ញុំ ម៉េចវ៉ៃខ្ញុំអញ្ចឹង? ចាប់ម៉ែខ្ញុំមួយ ចាប់ម៉ីងខ្ញុំមួយហើយឥឡូវចង់យ៉ាងម៉េចទៀត ចាប់ក្មេងៗហ្នឹងឲ្យអស់ទៅ។ ចាប់ទៅៗ»។
ក្រុមអ្នកតវ៉ាបានពាក់រូបអ្នកស្រីយោម បុប្ជានិងអ្នកស្រីទឹម សាក់មុន្នីនៅលើមុខរបស់ពួកគេព្រមទាំងមានសរសេរពាក្យស្លោកថា «ទឹកភ្នែកឈាមត្រូវការយុត្តិធម៌ និងមានកាន់រូបថតព្រះពុទ្ឋ ព្រមទាំងមានរូបសញ្ញាជញ្ជីងយុត្តិធម៌ដែលមានរូបអ្នកស្រីទឹម សាក់មុន្នីនៅលើជញ្ជីងម្ខាងហើបឡើងលើនិងម្ខាងទៀតដាក់រូបសញ្ញាប្រាក់ដុលា្លរបានធ្លាក់ចុះក្រោម។
ពួកគេបានត្រឹមតែអង្គុយមុខសម្ថកិច្ចដោយមានអ្នកខ្លះបានសូត្រធម៌របស់ព្រះពុទ្ឋក្រោយពីសម្ថកិច្ចបានឈររាំងខ្ទប់មិនឲ្យចេញពីតំបន់បឹងកក់។
អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់បាននិយាយថាពូកគេមានការខកចិត្តដែលសម្ថកិច្ចបានរាំងខ្ទប់ដល់ការដាក់ញត្តិនេះ។
អ្នកស្រីបាននិយាយថា គម្រោងដាក់ញត្តិជូនក្រសួងយុត្តិធម៌នេះគឺដើម្បីទាមទារឲ្យមានការដោះលែងអ្នកស្រីយោម បុប្ជាចេញពីពន្ខនាគារពីព្រោះអ្នកស្រីមិនមានកំហុសទេ។
«ថ្ងៃនេះពួកខ្ញុំដាក់លិខិតទៅក្រសួងយុត្តិធម៌ដើម្បីទាមទារឲ្យផ្តល់យុត្តិធម៌ដល់អ្នកស្រីយោម បុប្ជាដែលគាត់ត្រូវបានចាប់ឃុំខ្លួនដោយបង្ខំ ដោយគ្មានដិការកោះហៅឲ្យទៅបំភ្លឺក្នុងតុលាការទេគឺគាត់ចេញដិការមកចាប់តែម្តង»។
ក្រុមអ្នកភូមិបឹងកក់ និងបូរីកីឡាកាលពីចុងសប្តាហ៍មុនបានដាក់ញត្តិទៅទីស្តីការគណរដ្ឋមន្ត្រីដើម្បីសុំឲ្យដោះលែងសកម្មជនទាមទារដីធ្លីឲ្យរួចផុតពីការចោទប្រកាន់។ មន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានមកទទួលញត្តិនោះ និងបានសន្យាថា នឹងឆ្លងយោបល់នេះពីលោកសុខ អានរដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីសិន។
ក្រុមមន្ត្រីសមត្ថកិច្ចនៅថ្ងៃចន្ទនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលអ្នកយកព័ត៌មានព្យាយាមសម្ភាស។
ជម្លោះដីធ្លីនៅតំបន់បឹងកក់ និងបូរីកីឡាបានអូសបន្លាយអស់ជាច្រើនឆ្នាំ។ រហូតដល់មានការចាប់ខ្លួនពលរដ្ឋប្រមាណជិត២០នាក់ដាក់ឃុំឃាំង ក៏ប៉ុន្តែពួកគេក្រោយមកត្រូវបានដោះលែងមកវិញ។
ការអូសបន្លាយជម្លោះដីធ្លីនេះបានប្រែក្លាយរូបភាពថ្មីផ្សេងទៀតមកដល់ពេលនេះដោយសារមានក្រុមបាតុកម្មប្រឆាំងនិងក្រុមអ្នកគាំទ្រ។
លោក អំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សរបស់អង្កការលីកាដូបានដាក់ការព្រួយបារម្ភថា ការប៉ះទង្គិចដោយអំពើហិង្សាអាចនឹងផ្ទុះឡើងប្រសិនណាបើមានចលនាបាតុកម្មពីររវាងអ្នកគាំទ្រ និងអ្នកប្រឆាំងពេលពួកគេជូបមុខគ្នានាពេលអនាគត៕