ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​រារាំង​បាតុករ​ដាក់​ញត្តិ​នៅ​គណៈរដ្ឋមន្ត្រី​


អ្នក​តវ៉ាម្នាក់​លើកបដាតវ៉ា​ដែល​សរសេរ​ថា៖ «ជួយ​ប្រជាជន​បឹងកក់​ផង ជួយផង!!!»។
អ្នក​តវ៉ាម្នាក់​លើកបដាតវ៉ា​ដែល​សរសេរ​ថា៖ «ជួយ​ប្រជាជន​បឹងកក់​ផង ជួយផង!!!»។
ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ចជា​ច្រើន​រាប់​សិប​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រាំង​ខ្ទប់​ដល់​ក្បួន​ដង្ហែរ​មួយ​របស់​អ្នក​ភូមិ​បឹង​កក់​និង​បូរី​កីឡា​ដែលចង់​ដាក់​ញត្តិ​ជូន​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន​ រដ្ឋ​មន្ត្រី​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ក្នុង​គោល​បំណង​សុំ​ការ​អន្តរាគមន៍​ឲ្យ​ដោះ​លែង​សកម្ម​ជន​តវ៉ា​ឬរឿ​ង​វិវាទ​ដី​ធ្លី​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស។​

ក្រុម​អ្នក​តវ៉ា​បាន​យក​ក្រណាត់​ក្រម៉ា​មក​ចង​លើ​ក្បាល​ កាន់​ពាក្យ​ស្លោក​ ផ្កា​ឈូក​និង​កាន់​រូប​ថត​អ្នក​ស្រី យោម​ បុប្ជា​និង​អ្នក​ស្រី​ទឹម សាក់​មុន្នី​ ហើយ​ដើរ​ស្រែក​និង​ច្រៀង​បទ​ចម្រៀងពី​តំបន់​បឹង​កក់​មក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​
«​ដោះលែង ​ដោះលែង.....ដោះលែង»។​

ក្រុម​សមត្ថកិច្ចប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់​ ព្រម​ទាំង​អាវុធ​ស្វ័យ​ប្រវត្តិ​បាន​រាំង​ខ្ទប់ការ​ប៉ុន​ប៉ង​ដាក់​ញត្តិ​របស់​ប្រជា​ពល​រដ្ឋ​ ក៏ប៉ុន្តែ​បន្តិច​ក្រោយ​មក​ ប្រជា​ពលរដ្ឋ​បី​នាក់​តំណាង​ឲ្យ​អ្នក​ភូមិ​បឹង​កក់​និង​បូរី​កីឡា​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មួយ​រូប​នៅ​ខាង​ក្រៅ​បរិវេណ​នៃ​ទី​ស្តី​ការ។

គ្មាន​ការ​ប៉ះ​ទង្គិច​និង​វាយ​បំ​បែក​ពី​កម្លាំង​សមត្ថកិច្ចដូច​សព្វ​មួយ​ដង​ទេ​ក្នុង​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​នោះ​បាន​មក​ដាក់​ញត្តិ​ជាលើក​ដំបូង​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​

លោក​ប៊ុន អ៊ុយ​ រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​បាន​មក​ទទួល​ញត្តិ​ពី​ប្រជា​ពលរដ្ឋ​ ហើយ​លោក​បាន​សន្យា​ថា​ ទុក​ពេល​ឲ្យ​លោក​មាន​ឱកាស​និង​ឆ្លង​យោបល់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន។​

«ទុក​ពេល​ឲ្យ​លោក​ពូ​មាន​ឱកាស​និង​ឆ្លង​គាត់​សិន​ ហើយ​ចាំ​បាន​លទ្ធផល​យ៉ាង​ណា​នោះ​លោក​ពូ​នឹង​ជម្រាប​ក្មួយ​តាម​រយៈ​ទូរស័ព្ទ​នេះ»។​

អ្នក​ស្រី​ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ ប្រាប់​រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ថា​ ពួកគេ​ពិបាក​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នេះ​ណាស់ ​ពាក់​ព័ន្ធ​នឹង​ដី​ទំហំ​ជាង​១២​ហិចតា​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ប្រទាន​កម្ម​ឲ្យ​ហើយ​ តែ​ពុំ​មាន​ព្រំ​ប្រទល់​ពិត​បា្រកដ​នៅ​ទី​ណា។​ អ្នក​ស្រី​បាន​និយាយ​ថា​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អ្នក​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ទៀត។​

«​ខ្ញុំ​ពិបាក​ទ្រាំ​ខ្ញុំ​ឈឺចាប់​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ពួក​ខ្ញុំ​រស់​នៅ​ឯកោ​អត់​មាន​អ្នក​ជួយ​ពួក​ខ្ញុំ​ទេ។​ ពេល​ដែល​ខ្ញុំ​ដាក់​កិច្ច​សុំ​អន្តរាគមន៍​ទៅ ​តែង​តែ​មាន​កម្លាំង​សមត្ថកិច្ចមក​វាយ​និង​ចាប់​ខ្លួន​ពួក​ខ្ញុំ​រហូត​ ហើយ​ឥឡូវ​នេះ​គេ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​មក​ចាប់​ពួក​ខ្ញុំ​ទៀត​ហើយ។ ​តើ​ឲ្យ​ពួក​ខ្ញុំ​រស់​យ៉ាង​ម៉េច​ទៅ? សូម្បី​តែ​កូនៗ​ក៏​លែង​ចង់​ទៅ​រៀន​ដែរ»។​

អ្នក​ស្រី​អ៊ូ ប៊ុនឡា​ តំណាងសហ​គម​បូរី​កីឡា​ បាន​ប្រាប់​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ អ្នក​ស្រី​ទឹម​ សាក់​មុន្នី​មិន​មាន​កំហុស​ទេ ​ដូច្នេះ​តុលាការ​ត្រូវ​តែ​ដោះ​លែង​អ្នក​ស្រី​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។ ​ចំណែក​ឯ​កូន​ប្រុស​របស់​អ្នក​ស្រី​ទឹម ​សាក់​មុន្នី​និយាយ​មិន​ចេញ​ដោយ​សារ​តែ​លោក​ជា​ជន​ពិការ ​បាន​ត្រឹម​តែ​ឈរ​យំ​សម្រក់​ទឹក​ភ្នែក​ នៅ​ពេល​ដែល​លោក​កាន់​រូបថត​ម្តាយ​របស់​លោក​នៅ​កណ្តាល​ហ្វូង​បាតុករ។​

«សុំ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ជួយ​ដោះ។ ​បាន​ន័យ​ថា​ គាត់​និយាយ​មិន​ចេញ ​ដោយ​សារ​គាត់​រន្ធត់​ពេក។ ​ម្តាយ​គាត់​មិន​ដែល​បែក​ចេញ​ពី​គាត់​សោះ​ឡើយ។ ​សព្វ​ថ្ងៃ​ដោយ​សារ​ម្តាយ​ហ្នឹង​ហើយ​ ទើប​គាត់​បាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់។​ នៅ​ពេល​គេ​ចាប់​ម្តាយ​ គាត់​គ្មាន​អ្វី​ជាទី​ពឹង។ ​ខ្ញុំ​អាណិត​គាត់​ណាស់។​ ដោយ​សារ​ភាព​ក្រី​ក្រ​ដូច​គ្នា​ ហេតុ​អ្វី​បាន​ជា​តុលាការ​ដាក់​សម្ពាធ​ខ្លាំង​ម៉្លេះ?»​

អ្នក​ស្រី​យោ បុប្ជា​ អាយុ​៣១​ឆ្នាំ​ សកម្ម​ជន​តវ៉ា​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ថា ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា។​ចំណែក​អ្នក​ស្រី​ទឹម សាក់​មុន្នី​ សកម្មជន​ដី​ធ្លី​នៅ​តំបន់​បូរី​កីឡា​ ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ។​

លោក​អំ សំអាត ​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្កការ​លីកាដូ​បាន​និយាយ​ថា​ តុលាការ​មាន​បំណង​បំបាក់​ស្មារតី​ប្រជា​ពល​រដ្ឋ​មិន​ឲ្យ​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​រឿង​វិវាទ​ដី​ធ្លី​ ទើប​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់៕
XS
SM
MD
LG