ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកដឹកនាំ​បក្ស​កាន់​អំណាច​និង​ប្រឆាំង​ជួប​គ្នា​ពិភាក្សា​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​សភា

  • ម៉ែន គឹមសេង

លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA)

ការ​ជួបជុំ​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ​មិន​បាន​ពិភាក្សា​ពី​ការ​ដោះលែង​មន្ត្រី​និង​សកម្មជន​​គណបក្ស​ប្រឆាំង​ជាង​១០នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទេ។

ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​កាលពីថ្ងៃ​ព្រហស្បតិ៍ដើម្បីផ្តោត​ទៅ​លើ​ការ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​ដែល​គណបក្ស​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​នៅ​ខែ​កក្កដា​ឆ្នាំ​មុន​នៅ​ពេល​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ។​

អ្នកនាំពាក្យ​អង្គប្រជុំ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ថា​ការពិភាក្សា​បាន​ដំណើរការ​ល្អ​ប៉ុន្តែ​មិន​បញ្ជាក់​ថា​តើ​បាន​ពិភាក្សា​ផ្តោតលើ​ចំណុច​ណា​ហើយ​ចំណុច​ដែល​នៅ​សល់នោះ គឺ​ជា​អ្វី​ទេ​បើ​ទោះបី​ជា​មាន​ការ​ជជីក​សួរ​ក៏ដោយ។

លោក​ ប៉ែន បញ្ញា ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា៖

«តាមពិត​ទៅ​យើង​បាន​ខិតខំ​ក្នុង​ការងារ​នេះ​ប្រជុំ​ជាច្រើន​លើក​ហើយ​យើង​បាន​ស្រុះស្រួល​គ្នា​ធ្វើ​ការ​កែសម្រួល​១៤​ប្រការ​លើ​៨៣​ប្រការ​នៃ​បទបញ្ជា​ផ្ទៃក្នុង​ចាស់‍»។

ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA)
ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA)

លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មាការ​នីតិកម្ម​និងយុត្តិធម៌នៃរដ្ឋសភា ក្រោយ​ការ​ប្រជុំ​មួយ​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ០១ ខែតុលា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/ VOA)
លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មាការ​នីតិកម្ម​និងយុត្តិធម៌នៃរដ្ឋសភា ក្រោយ​ការ​ប្រជុំ​មួយ​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ០១ ខែតុលា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/ VOA)

លោក​ អេង ឆៃអៀង ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ថែម​ដែរ​ថា៖

«ហើយ​នៅសល់​ចំណុច​បន្តិច​បន្តួច​ដែល​ថ្នាក់​ដឹកនាំ​បាន​ប្រគល់​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​យក​ទៅ​កែសម្រួល​យក​ទៅ​ពិនិត្យ​ឡើងវិញ​នៅ​ក្នុង​អាទិត្យ​ក្រោយ​ហើយ​នឹង​ចុងក្រោយ​នឹង​លើក​យក​មក​ថ្នាក់​ដឹកនាំ​ដើម្បី​ពិនិត្យ​ជា​ចុង​ក្រោយ‍»។​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ក្រោយ​កិច្ច​ប្រជុំនៅវិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ០១ ខែតុលា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/ VOA)
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​ក្រោយ​កិច្ច​ប្រជុំនៅវិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ០១ ខែតុលា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/ VOA)

បើ​ទោះបី​ជា​មាន​ការ​បិទបាំង​ពី​ចំណុច​ដែល​នឹង​ត្រូវ​កែប្រែ​ប៉ុន្តែ​អ្នក​វិភាគ​ដូច​ជា​លោក​ អ៊ូ វីរៈ ប្រធាន​នៃ​វេទិកា​អនាគត​យល់​ថា​ដើម្បី​ទទួល​បាន​នូវ​បទបញ្ជាផ្ទៃក្នុង​សភាជាតិ​មួយ​ដែល​ល្អ​និងមាន​រយៈពេល​យូរ​គឺ​ក្រុម​ការងារ​ត្រូវ​ផ្តោត​លើ​ការ​បែងចែកតួនាទី​រវាង​ប្រធាន​ អនុប្រធាន​រដ្ឋសភា​និង​តួនាទី​របស់​គណៈកម្មការ​ទាំងអស់​ដើម្បី​ឱ្យ​មាន​តុល្យភាព​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា ​សិទ្ធិ​ក្នុង​ការ​សួរ​នាយករដ្ឋមន្ត្រី​ដោយ​បើក​ចំហ​ឱ្យ​សាធារណជន​បាន​ដឹងឮ តម្លាភាព​នៃ​សភា​រវាង​អគ្គលេខាធិការដ្ឋាន​និង​ប្រធាន​សភា​ដោយ​កុំ​ឱ្យ​បម្រើ​តែ​គណបក្ស​កាន់​អំណាច ​និង​ចុងក្រោយ​គឺ​សភា​ត្រូវ​មាន​នាទី​ក្នុង​ការ​ស្នើ​ច្បាប់​ផង​ដែរដោយ​មិន​មែន​បាន​ត្រឹម​តែ​លើកដៃ​អនុម័ត​ច្បាប់​ទេ។

លោក​បាន​បន្ថែម​ថា៖

«សភា​ប្រជាធិបតេយ្យ​គឺជា​សភា​មួយ​ដែល​ការ​ពារ​សិទ្ធិ​របស់​គណបក្ស​ប្រឆាំង​នៅ ​ក្នុង​ការ​ការពារ​គំនិត​និង​គោលនយោបាយ​។​ នេះ​បាន​ន័យ​ថា​គណបក្ស​កាន់​អំណាច​គាត់​អាច​យក​គោល​គំនិត​នយោបាយ​របស់​គាត់​ទៅ អនុម័ត ក៏ប៉ុន្តែ​ទោះបី​យ៉ាង​ម៉េច​ក៏​គណបក្ស​ប្រឆាំង​មាន​ឱកាស​ក្នុងការ​ប្រកួត​ប្រជែង ​មាន​ឱកាស​ក្នុង​ការ​ឈ្លេច​ មានឱកាស​ក្នុង​ការ​សួរ​ តវ៉ា​ បង្ហាញ​គោល​នយោបាយ​របស់​ខ្លួន‍»។​

ការ​ជួបជុំ​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ​មិន​បាន​ពិភាក្សា​ពី​ការ​ដោះលែង​មន្ត្រី​និង​សកម្មជនគណបក្ស​ប្រឆាំង​ជាង​១០នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទេ។ ប៉ុន្តែ​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​យ៉ាង​ខ្លី​ថា​វប្បធម៌​សន្ទនា​ដែល​អ្នក​តាមដាន​មើល​ឃើញ​ថា​ម្តង​ល្អ​ម្តង​អាក្រក់​គឺ​នៅ​មាន​ជីវិត​នៅឡើយ​ទេ។​

«អ្វី​ដែល​យើង​ជជែក​គ្នា ​ជួប​គ្នានេះ​គឺ​យើង​នៅ​តែ ​បន្ត​បង្ហាញ​ថា​វប្បធម៌​សន្ទនា​នៅ​រស់​រវើក‍»។

កាលពី​សប្តាហ៍​មុន​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​ក៏​បាន​ជួប​ពិភាក្សា​គ្នា​ពី​ការ​កែប្រែ​ច្បាប់​ស្តី ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ផង​ដែរ​ប៉ុន្តែ​នៅ​មិន​ទាន់​បាន​សម្រេច​ចុងក្រោយ​នៅឡើយ៕

XS
SM
MD
LG