សភាព្រះរាជាណាចក្រកម្ពុជាពុំបានផ្ដល់ការប្រសិទ្ធិពរសិរីសួស្ដីដល់ប្រជាពលរដ្ឋខ្មែរនាពេលឆ្លងចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៦នោះទេ ដោយសភាបានត្រឹមតែផ្ដល់ការជូនពរទៅដល់អង្គព្រះមហាក្សត្រខ្មែរ និងព្រះមាតារបស់ទ្រង់ ប្រមុខរដ្ឋាភិបាល និងមេដឹកនាំព្រឹទ្ធសភា ដែលជាអនុប្រធាននៃគណបក្សគ្រប់គ្រងប្រទេស។ នេះបើយោងតាមលិខិតបួនសន្លឹក ដែលចេញផ្សាយជាសាធារណៈ ដោយរដ្ឋសភាជាតិនៅព្រឹកថ្ងៃអង្គារនេះ។
ការចេញលិខិតជូនពរនេះត្រូវបានសកម្មជនសិទ្ធិមនុស្ស និងដីធ្លីរិះគន់ថា សភាដែលជាតំណាងប្រជាពលរដ្ឋខ្មែរបានមើលរំលងអ្នកបោះឆ្នោតជូនដល់តំណាងរាស្ត្រទាំង១២៣រូប ឲ្យអង្គុយក្នុងរដ្ឋសភា ដើម្បីធ្វើច្បាប់សម្រាប់ប្រទេសកម្ពុជា។
លិខិតទាំងបួន ដែលចុះហត្ថលេខាដោយលោក ហេង សំរិន ប្រធានសភាជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ បានផ្ដល់ការជូនពរក្នុងខ្លឹមសារផ្សេងៗគ្នាទៅដល់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថនរោត្តម សីហមុនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។
នៅក្នុងលិខិតផ្ញើជូនព្រះមហាក្សត្រខ្មែរ និងព្រះមាតារបស់ទ្រង់ សភាបានផ្ដើមការជូនពរឲ្យព្រះមហាក្សត្រខ្មែរ និងមាតាទ្រង់នូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាដើម ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្ត្រទូទាំងប្រទេស។
លិខិតនោះបានលើកឡើងពីការលះបង់របស់ព្រះអង្គទាំងពីរដល់ការកសាងប្រទេស។
សភាបានផ្ដល់ការជូនពរទៅដល់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ។ នេះបើយោងតាមលិខិតរបស់លោក ហេង សំរិន ផ្ញើជូនលោក សាយ ឈុំ។
លិខិតរបស់លោក ហេង សំរិន ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែជូនពរលោក ហ៊ុន សែន ឲ្យមានសុខភាពបរិបូរណ៍ និងបញ្ញាញាណវាងវៃ អាយុយឺនយូរដើម្បីបន្តដឹកនាំប្រទេសតែប៉ុណ្ណោះទេ លិខិតនោះថែមទាំងបានកោតសរសើរដល់ការដឹកនាំរបស់លោក ហ៊ុន សែន ដែលនាំមកនូវការអភិវឌ្ឍដល់ប្រទេស និងការធ្វើឲ្យប្រទេសទទួលបាននូវកិត្តិសព្ទល្បីល្បាញទាំងក្នុងតំបន់ ទាំងលើឆាកអន្តរជាតិ។
យ៉ាងណាមិញ សកម្មជនសិទ្ធិមនុស្ស និងដីធ្លី យល់ឃើញថា ការជូនពរនេះជាទម្លាប់នៃអ្នកនយោបាយរបស់កម្ពុជា។ ប៉ុន្តែ ពួកគេនិយាយថា រដ្ឋសភាត្រូវសម្លឹងមើលដល់ក្ដីលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រឈមនឹងការរំលោភសិទ្ធិមនុស្ស និងដីធ្លី។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ ថ្លែងប្រាប់ VOA ថា ការផ្ញើសារជូនពររបស់សភាដល់ថ្នាក់ដឹកនាំប្រទេសជាទម្លាប់របស់អ្នកនយោបាយខ្មែរតែងតែធ្វើនៅក្នុងឱកាសបុណ្យធំៗ។ ប៉ុន្តែ លោកថ្លែងថា សភាគួរគិតទៅដល់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកបង្កើតសភាតាមរយៈសន្លឹកឆ្នោតរបស់ពួកគេផង។
«សភាកើតចេញអំពីពលរដ្ឋ ដែលពលរដ្ឋបោះឆ្នោតជូនអញ្ចឹង រដ្ឋសភាគួរតែមានការផ្ញើសារជូនទៅប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតក្នុងឱកាសចូលឆ្នាំថ្មីដូចគ្នាដែរ ដើម្បីឲ្យគិតគូថា រដ្ឋសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋបោះឆ្នោតឲ្យហ្នឹងនៅតែគិតគូរដល់ប្រជាពលរដ្ឋហ្នឹង»។
លោក អំ សំអាត មានប្រសាសន៍បន្តថា ការផ្ញើសារជូនពររបស់សភាទៅអង្គព្រះមហាក្សត្រ និងមេដឹកនាំផ្សេងទៀតគឺជាការសម្រេចចិត្តដោយមេដឹកនាំសភា ក៏ប៉ុន្តែសភាត្រូវផ្ដោតការពិនិត្យទៅលើស្ថានភាពអវិជ្ជមាន ដែលកំពុងកើតមាននៅក្នុងប្រទេស។
«ខ្ញុំចែកឲ្យដាច់ជាពីរថា ការផ្ញើសារជូនពរទៅថ្នាក់ដឹកនាំ អាហ្នឹងវាជាអំណាច ឬក៏ការគិតឃើញរបស់រដ្ឋសភា ដែលមើលឃើញ។ ប៉ុន្តែក្នុងនាមអង្គការសង្គមស៊ីវិល យើងមើលឃើញថា ប្រទេសកម្ពុជាយើងក៏នៅមានការខ្វះខាតច្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺបញ្ហាទាក់ទងនឹងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ យើងមិនទាន់បានគោរពពេញលេញ។ ទីពីរការទប់ស្កាត់នៃការបំផ្លាញធនធានធម្មជាតិ ដូចជាព្រៃឈើ ក៏យើងមិនទាន់បានធ្វើ ហើយព្រៃឈើកាន់តែបាត់បង់»។
ជាទម្លាប់របស់អ្នកនយោបាយខ្មែរ ការផ្ញើសារជូនពរត្រូវគេដឹងថា តែងតែកើតមាន នៅក្នុងឱកាសប្រារព្ធពិធីបុណ្យធំៗ ដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យចូលឆ្នាំសកល និងក្រោយពេលការប្រកាសផ្លាស់ប្ដូរមុខដំណែងនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ឬក៏ក្នុងពិធីខួបកំណើត។
លោកស្រី ទេព វណ្ណី ជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំពិភពលោករបស់អង្គការ Vital Voices និងជាសកម្មជនដីធ្លី បានចាត់ទុកការចេញសារជូនពររបស់សភាទៅដល់តែថ្នាក់ដឹកនាំនេះថា ជាការរើសអើងមួយ និងជាការព្រងើយកន្តើយដល់ប្រជាពលរដ្ឋខ្មែរ។
«ខ្ញុំគិតថា សាររបស់គាត់ហ្នឹងបានន័យបញ្ជាក់យ៉ាងច្បាស់ថា គឺគាត់មានការរើសអើង ចំពោះប្រជាពលរដ្ឋ ហើយគាត់មិនបានយកចិត្តទុកដាក់ សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទេ គឺភាគច្រើនដោយសារយើងឃើញកន្លងមក ប្រជាពលរដ្ឋខ្មែរដ៏ស្លូតត្រង់ រងគ្រោះច្រើនណាស់ គឺដោយសារតែប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលនេះឯង។ អញ្ចឹងគាត់គ្មានឆន្ទៈណាមួយដែលត្រូវជូនពរ លើកទឹកចិត្ត ឬផ្ដល់នូវកម្លាំងចិត្តអី ដល់ប្រជាពលរដ្ឋខ្មែរ ដោយសារតែទង្វើសកម្មភាពរបស់គាត់ ដែលចេញពីក្នុងចិត្តរបស់គាត់ តាំងពីដើមមករហូតដល់ពេលនេះ គឺគាត់មិនដែលយកប្រជាពលរដ្ឋខ្មែរទុកក្នុងចិត្តគាត់ទេ ហើយក៏គាត់មិនដែលមានអារម្មណ៍ថា ចង់ឲ្យប្រជាពលរដ្ឋខ្មែររស់នៅបានសុខដែរ»។
ដោយឡែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារខ្លីមួយជូនពរដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងដំណាច់ឆ្នាំ២០១៥នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។
សារនោះលើកឡើងយ៉ាងដូច្នេះថា៖«កាន់តែកៀកជាមួយនឹងការដាច់ឆ្នាំ២០១៥ ឈានចូលឆ្នាំ២០១៦ហើយ។ សូមជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ៗរូប និងគ្រប់ក្រុមគ្រួសារ»។
លោកស្រី ទេព វណ្ណី ចាត់ទុកសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំថា ជាការប្រសើរមួយ។ ក៏ប៉ុន្តែលោកស្រីស្នើឲ្យលោក ហ៊ុន សែន បញ្ឈប់សកម្មភាពរំលោភបំពានសិទ្ធិមនុស្ស និងមិនជ្រៀតជ្រែកប្រព័ន្ធតុលាការ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទទួលបានយុត្តិធម៌ពិតប្រាកដ។
«យើងមិនចង់បានតែត្រឹមការជូនពររបស់គាត់ គ្រាន់ជាការបន្លំនូវការពិតរបស់គាត់ទេ។ យើងចង់បាន ទឹកចិត្តពិតប្រាកដរបស់គាត់ហ្នឹង គឺបញ្ចេញនូវសកម្មភាពរបស់គាត់ហ្នឹង ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ធ្វើការបម្រើប្រជាពលរដ្ឋពិតប្រាកដ ធ្វើការបម្រើប្រទេសជាតិពិតប្រាកដ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជារស់បានសុខដុមរមនា អញ្ចឹងទៅណ៎ា កុំឲ្យមានការស្រក់ទឹកភ្នែក ឬក៏រងនូវភាពអយុត្តិធម៌បន្តទៀត»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនៃសភាជាតិ បដិសេធធ្វើការអធិប្បាយ។ VOA ក៏ពុំអាចទាក់ទងលោក កែវ ពិសិទ្ធ នាយកខុទ្ទកាល័យលោក ហេង សំរិន បានដែរ។
ការចេញសារលិខិតជូនពរជាបន្តបន្ទាប់របស់សភា និងនាយករដ្ឋមន្ត្រីកម្ពុជាកើតមានតែបីថ្ងៃប៉ុណ្ណោះ មុនឆ្នាំថ្មីឆ្នាំសកល២០១៦ នឹងចូលមកដល់ហើយ សកម្មជនសិទ្ធិមនុស្ស និងដីធ្លី ឲ្យដឹងទៀតថា សភានឹងមិនភ្លេចជូនពរដល់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់អំណាច និងសន្លឹកឆ្នោតនោះទេ៕