ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ជាតិ​ប្រតិកម្ម​នឹង​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​​​​


លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ នៅ​ក្នុង​​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)
លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ នៅ​ក្នុង​​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)

ប្រតិកម្ម​នេះ​​កើត​មាន​បន្ទាប់ពី​​សភា​នៃ​សហភាព​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​គាំទ្រ​លោក ​សម រង្ស៊ី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

រដ្ឋ​សភាជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​សៅរិ៍សម្តែងការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សភាសហភាព​អឺរ៉ុបដែល​បាន​ទាមទារ​ឲ្យ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​អាច​វិល​ចូល​ប្រទេស​វិញ​ ដោយ​សេរី​ និង​បញ្ចប់​ដីកាចាប់​ខ្លួន​លោក។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋ​សភា​ជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​នេះ។​

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​កើត​មាន​បន្ទាប់ពីសភា​នៃ​សហភាព​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​គាំទ្រ​លោក ​សម រង្ស៊ី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដោយ​បាន​ស្នើ​ឲ្យ​បញ្ចប់​នូវ​ការ​ចាប់​ខ្លួន​ ហើយ​និង​ការ​ចោទ​ប្រកាន់​ទាំងឡាយ​លើ​លោក​សម រង្ស៊ី​ ឬ​សកម្ម​ជន​នៃ​គណបក្ស​ប្រឆាំង។​ សភា​នៃ​សហភាព​អឺរ៉ុប​ បាន​ស្នើ​ឲ្យ​សភា​ជាតិ​កម្ពុជា​ផ្តល់​មក​វិញ​នូវ​អភ័យ​ឯក​សិទ្ធិ​ជា​តំណាង​រាស្ត្រ​ជូន​ទៅ​ដល់​លោក​ សម​ រង្ស៊ី​ ផងដែរ។​

​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​សភាជាតិ​ កាលពីថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ បាន​សរសេរ​ថា៖​

«ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នោះ​ ​សភា​អឺរ៉ុប​បាន​លើក​អនុសាសន៍​ជា​ច្រើន​មាន​ជា​អាទិ៍​ ការ​អនុវត្ត​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ដែល​មាន​ចែង​ក្នុង​ឯកសារ​អន្តរជាតិ​ ដែល​គ្រប់​ប្រទេស​ទទួល​ស្គាល់»។

សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​សង្កត់​ធ្ងន់​ថា៖​

«អ្នក​នាំ​ពាក្យ​រដ្ឋសភា​យល់​ឃើញ​ថា​ ការ​ចាប់​បង្ខំ​ឲ្យ​ប្រទេស​មួយ​អនុវត្ត​តាម​បុរេ​វិនិច្ឆ័យ​របស់​ខ្លួន​ ដោយ​ពុំបាន​ស្រាវជ្រាវ​ឲ្យ​ឃើញ​ការណ៍​ពិត​នោះ​ពុំមែន​ជា​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​ ជាពិសេស​ការ​ចាត់​ទុក​ឧក្រិដ្ឋ​ជន​ជា​អ្នក​នយោបាយ​ ឬក៏​ចាត់​ទុក​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រហ្ម​ទណ្ឌ​ ជា​អ្នក​នយោបាយ​គឺ​ជា​ទង្វើ​អយុត្តិ​ធម៌​ដែល​យើង​ខ្ញុំ​ពុំ​អាច​ទទួល​បាន​ឡើយ»។

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែលកំពុង​និរទេស​ខ្លួ​ន​នៅ​ក្រៅ​ប្រទេស ​ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​លុបចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្រ្ត​កាលពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ដើម្បីឱ្យ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ដែល​លោក​បាន​ថ្លែង​ថា​លោក ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរក្រហម​ពេល​ដែល​លោក​នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក។​

លោក ​ឈាង វុន​ តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ។

លោក​យ៉ែម ប៉ុញ្ញាឫទ្ធិ​ អ្នក​នាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ប្រាប់​ VOA ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​សភា​ជាតិ​នេះ​គឺ​មាន​ភាព​ខ្វះ​ចន្លោះ​ ដោយ​ហេតុថា​ សេចក្តី​ថ្លែង​ការណ៍​នេះ​ចេញ​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​រវាង​អ្នក​តំណាង​រាស្ត្រនៃ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភាជាតិ។​

«គណបក្ស​សង្គ្រោះ​ជាតិ​យើង​យល់​ឃើញ​ថា​ សេចក្តី​ថ្លែង​ការ​ណ៍​នោះ​វា​តែ​មួយ​ជ្រុង​ ពុំ​បាន​ពិគ្រោះ​យោបល់​គ្នា​ ពិនិត្យ​រួម​គ្នា​ចំពោះ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​នោះ​ទេ»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ គណបក្ស​ដែល​មាន​សំឡេងភាគច្រើន​ និង​ភាគតិច​ គួរ​ជួប​គ្នា​ និង​ពិភាក្សា​លើ​នីតិវិធី​របស់​រដ្ឋ​សភា​នៅក្នុង​ការ​ដកលោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​តំណែង​អនុ​ប្រធាន​ទី​មួយ​នៃ​សភាជាតិ និង​ការ​ដក​អភ័យ​ឯកសិទ្ធិរបស់​លោក​សម រង្ស៊ី​ ហើយ​នឹង​ការ​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​នានា។​

សេចក្តី​សម្រេច​ចិត្តរបស់​សភា​នៃ​សហភាព​អឺរ៉ុប​ក៏បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេតឱ្យ​បាន​ពេញ​លេញ​និង​មិន​លម្អៀង​ចំពោះ​ការ​វាយ​ដំ​ច្រំ​ធាក់​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងចំនួន​ពីរ​នាក់​ផង​ដែរ​ ហើយ​ការ​ស៊ើប​អង្កេត​នោះ​ត្រូវ​មាន​ការ​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ។​ សភា​នៃ​សហភាព​អឺរ៉ុប​ក៏បាន​ព្រមាន​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​កម្ពុជាផង​ដែរ​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ខ្លួន។​

លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​មួយ​ និង​ជា​អ្នក​តាមដាន​ស្ថាន​ការណ៍នយោបាយ​កម្ពុជា​យ៉ាង​ដិតដល់​ បាន​និយាយ​ថា ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​គឺ​ត្រឹម​ត្រូវ​ និង​បាន​មើល​ឃើញ​ថា​ នយោបាយ​របស់​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​សភាព​ដុន​ដាប ​ដោយ​សារតែ​អ្នក​នយោបាយ​ខ្មែរ​លែង​ទុកចិត្ត​គ្នា​ ហើយ​ថា​ ​ការ​បន្ត​វេន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​នយោបាយ​បែប​ចាស់​កំរិល​ដែល​មិនមាន​លក្ខណៈ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ។​

«ខ្ញុំ​មើល​ទៅ​ពួក​គាត់​បរាជ័យ​ ធ្វើ​ម៉េច​ធានា​ អាការ​ធ្វើ​នយោបាយ​មួយ​ដែល​ត្រឹម​ត្រូវ​ ហើយ​ដោយ​សារ​អញ្ចឹង​ហើយ​គាត់​បាត់​បង់​នូវ​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ខ្ញុំមើល​ទៅ​ពួកគាត់​គួរ​តែ​កាត់​បន្ថយ​ ហើយ​សម្រប​សម្រួល​គ្នា​ ជជែក​គ្នា​ពី​រឿង​ធ្វើ​ម៉េច​រៀប​ចំ​ឲ្យ​មានការ​បន្ត​វេន​ ឬក៏​ការ​ផ្តល់​ឱកាស​នយោបា​យ​ដល់​អ្នក​ជំនាន់​ក្រោយ​ទៅ ព្រោះ​អី​ខ្ញុំ​មើល​ទៅ​ ការណ៍​ពិត​មិន ​មិន​អាច​ប្តូរ​របប​ ​របៀប​ធ្វើ​នយោបាយ​ ទំនៀម​ទម្លាប់​ចាស់​របស់​គាត់​បាន​ទៀត​ទេ។​ ​ ខ្ញុំ​មើល​ទៅ​ គាត់​ធ្វើ​នយោបាយ​អស់​រយៈ​ពេល​ច្រើន​ពេក​ហើយ​ ហើយ​យូរពេក​ហើយ​ ហើយ​គាត់​ទៅ​ជា​ស្នឹម​រួចទៅ​ហើយ​ មិន​អាច​ប្តូរ​បាន​ទេ​ ដោយសារ​អញ្ចឹង​ប្រហែល​ជា​គាត់​ត្រូវ​ធ្វើ​ម៉េច​ ជជែក​គ្នា​ ត្រូវ​ធ្វើ​ម៉េច​ក្នុង​ការ​ផ្ទេរ​តំណែង​ដ៏ល្អ​ ហើយ​ទុកឱកាស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ជា​អ្នក​ធ្វើ​នយោបាយ​បែប​ប្រជា​ធិបតេយ្យ​ ទើប​ជារឿង​មួយ​ល្អ​សម្រាប់​ប្រទេស​ជាតិ»។​

សេចក្តី​សម្រេច​ចិត្តរបស់​សភា​សហភាព​អឺរ៉ុប​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ អង្គការ​សហ​ប្រជាជាតិ​និង​សមាជិក​ព្រឹទ្ធ​សភា​អូស្រ្តាលី​ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ស្នើ​សុំ​ឱ្យ​មេដឹកនាំ​គណបក្ស​ទាំងពីរ​ងាក​មក​រក​តុ​ចរចា​ឡើង​វិញ​ដើម្បី​បន្ធូរ​បន្ថយ​ស្ថានភាព​តឹងតែង​នេះ។​

ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី៣០​ខែវិច្ឆិកានេះ​ សភាជាតិ​នឹង​បន្ត​សម័យ​ប្រជុំ​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​គ្រប់​គ្រង​ឆ្នាំ​២០១៦​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ស្ថិតិ។​ ​ អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រឆាំង​ពុំ​អាច​ឲ្យ​ដឹង​បាន​ទេ​ថា​ តើ​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​ខ្លួន​នឹង​ធ្វើ​ពហិការ​ការ​ប្រជុំ​នេះ​ឬយ៉ាង​ណា​នោះ​ទេ​ ដោយ​រង់​ចាំ​ការ​សម្រេច​ចិត្ត​ពី​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ដែល​រង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ៕

XS
SM
MD
LG