ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បក្ស​ថ្មី​រិះ​គន់​ស្ថាប័ន​បោះឆ្នោត​


រូប​ទំព័រ​​ហ្វេសប៊ុក​របស់​លោក សួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ
រូប​ទំព័រ​​ហ្វេសប៊ុក​របស់​លោក សួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ

​​​ប្រធាន​គណបក្ស​ថ្មី​ដែល​ទើប​វិល​ត្រឡប់​មក​ដល់​​​កម្ពុជា​ ​បន្ទាប់​ពី​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ជា​ច្រើន​ឆ្នាំ​ ​បាន​រិះគន់​ខ្លាំងៗ​ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ថា​គ្មាន​ភាព​​យុត្តិធម៌​និង​សេរី​​​ ​ហើយ​មិន​អាច​​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​នោះ។​

​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​លោក ​សួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ​ ​ដែល​ទើប​បាន​លើក​លែង​ទោស​នា​ពេល​ថ្មីៗ​នេះ​ ​បាន​ថ្លែង​រិះគន់ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​និង​ ថ្លែង​ចំអក​ដល់​ ​គណបក្ស​ធំៗ​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ក្នុង​ការ​ក្រាញ​អំណាច​របស់​ខ្លួន​។​ ​ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា គណបក្ស​ដ៏​ថ្មី​ថ្មោង​នេះ​មិន​មាន​អ្វី​ជា​ដៃ​គូរ​ប្រកួត​ប្រជែង​របស់​ខ្លួន​នោះ​ឡើយ។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ​នា​អាកាសយានដ្ឋាន​ភ្នំពេញ ​ប្រធាន​គណបក្ស​ថ្មី​ដែល​ទើប​វិល​ត្រឡប់​មក​ដល់​ប្រ​ទេស​កម្ពុជា​ ​បន្ទាប់​ពី​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ជា​ច្រើន​ឆ្នាំ​ ​បាន​រិះគន់​ខ្លាំងៗ​ដល់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ថា​គ្មាន​ភាពយុត្តិធម៌​និង​សេរី​ ​ហើយ​មិន​អាចនាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​នោះ។​ ​លោក ​សួន ​សេរីរដ្ឋា​ ​ដែល​ជា​ប្រធាន​ចលនា​អំណាច​ពល​រដ្ឋខ្មែរ​បាន​អះអាង​ថា​ ​ខ្លួន​និង​ប្រមូល​គណបក្ស​តូចៗ​ ​និង​រួម​ជា​សម្ព័ន្ធ​មួយ​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​។

«យើង​ចង់​បាន​ការបោះឆ្នោត​មួយ​ដែល​សេរី​និង​យុត្តិ​ធម៌​ ​មិន​មែន​ជា​កា​របោះ​ឆ្នោត​មួយ​ដោយ​បង្គ្រប់​កិច្ច​ ​ដែល​គ្រាន់​តែ​ជា​ការ​បន្ត​ពី​អាណត្តិ​ចាស់​ទៅ​អាណត្តិ​ថ្មី​ ​ហើយ​ឲ្យ​មនុស្ស​ដែលៗ​ ​នៅ​កាន់​អំណាច​ ​ហើយ​សម្រាប់​ឲ្យ​តែ​គណបក្ស​និង​ ​អ្នក​នយោបាយ​ឈ្នះ​នោះ​ទេ​។​ ​គណបក្ស​អំណាច​ខ្មែរ​ ​គឺ​ត្រូវ​ការ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នកឈ្នះ​ ​បើ​សិន​ជា​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​មិន​មានប្តូរ​ផ្លាស់​ ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​ទេ​ បោះ​ឆ្នោត​លើក​ណា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចាញ់​ដែរ​»។​

លោក​បាន​បន្ត​ថា​ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ ​គណបក្ស​ខ្លួន​និង​ទាម​ទា​ចំណុច​មួយ​ចំនួន​ ​ដូចជា​ ​ឯករាជ្យភាព​របស់​ គ.ជ.ប​. ​ការ​លុបឈ្មោះ​ជន​ជាតិ​យួន​ចេញពី​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ​ការ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​បរទេសមាន​សិទ្ធ​បោះ​ឆ្នោត​ ​ផ្តល់​សិទ្ធិ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ជ្រើសរើស​បេក្ខភាព​នាយ​ក​រដ្ឋមន្ត្រី​របស់​ខ្លួន​និង​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ជា​ដើម​។

​លោក ​សួន សេរីរដ្ឋា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​ ជា​ច្រើន​ករណី​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។ ​ក្នុង​នោះ​ ​តុលាការ​ក្រុង​ភ្នំពេញ​ក៏​ធ្លាប់​កាត់​ទោស​លោក​ពី​បទ​ ​រៀប​ចំ​គម្រោង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​និង​កាត់​ទោស​ទាក់​ទិន​និង​ការ​ញុះញង់​ឲ្យ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ប្រឆាំង​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ​ជា​ដើម​។​ ​លោក​ត្រូវ​បាន​ ​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ​លើក​លែង​ទោស​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​ ​ក្រោម​ការ​ស្នើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែនបន្ទាប់​ពី​គណ​បក្ស​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវរ៉ូវ​គ្នា​នោះ។​

នា​សន្និសីទ​សារព័ត៌មាន​រយៈ​ពេល​ខ្លី​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​សួន សេរីរដ្ឋា ​ក៏​បាន​ថ្លែងចំអក​ ដល់​គណបក្ស​ជំទាស់​ដោយ​លោក​ចោទ​ថា​មាន​ជំហរ​មិន​ច្បាស់​លាស់​និង​មិន​រក្សា​ឆន្ទៈ​នយោបាយ​ដើម​ដែល​ខ្លួន​ធ្លាប់​បាន​សន្យា​កន្លង​មក​។

«មេ​ដឹក​នាំ​សង្គ្រោះ​ជាតិ​ ​ពួក​គេ​រត់ចោល​អ្នកគាំទ្រ​របស់​ពួកគេ។​ ​ពួក​គេ​ក្បត់​ ឆន្ទៈ​អ្នក​គាំទ្រ​របស់​ពួក​គេ​។ ពួក​គេ​អត់​ រក្សា​នូវ​ឆន្ទៈ​នយោបាយ​ដើម​ សម្រាប់​ដឹកនាំ​អ្នកគាំទ្រ​រាប់​លាន​អ្នក​របស់​ពួក​គេ​ឲ្យ​ទៅ​ ដល់​គោល​ដៅ​ទេ។ ​ដូច្នេះ​អ្វី​ដែល​ពួក​គេ​ភ័យ​បំផុត​ពេល​នេះ ​គឺ​ភ័យ​ក្លាយ​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​ដឹង​ការ​ពិត​ បើ​សិន​អ្នក​គាំទ្រ​របស់​ពួកគេ​រាប់​លាន​នាក់​នោះ​ដឹង​ការពិត​ថា មេ​ដឹកនាំ​របស់​ពួក​គេ​គឺ​ជា​មេដឹកនាំ​ដែល​ក្បត់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ ពេល​នោះគេ​លេង​គាំ​ទ្រ​ទៀត​ហើយ»។​

​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​លោក ​យឹម សុវណ្ណ​ តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះជាតិ​កម្ពុជា​បាន​ថ្លែង​ថា​គណបក្ស​របស់​លោក​មិន​មាន​អ្វី​ឆ្លើយ​តប​នឹង​លោក​សួន សេរីរដ្ឋា​ ​នោះ​ទេ​ដោយ​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ធ្វើ​ការ​ពិចារណា​ដោយ​ខ្លួន​គាត់​ ​ក៏ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា​ការ​លើក​ឡើង​របស់​ លោក​សួន​សេរីរដ្ឋា​គឺ​វា​ស្រដៀង​នឹង​គណបក្ស​កាន់អំណាច​យ៉ាង​ដូច្នោះ​ដែរ​។ ​

«ខ្ញុំ​យល់ថា​គណបក្ស​គាត់​មិនមែន​ជា​គូរ​ប្រជែង​របស់​គណបក្ស​សង្គ្រោះ​ជាតិនោះ​ទេ។ ​សង្គ្រោះ​ជាតិ​ ​មាន​គូរ​ប្រជែង​តែ​មួយ​គត់​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ទុក​ជូន​ប្រជាពល​រដ្ឋ​វិនិច្ឆ័យ​ចុះ។​ ​ខ្ញុំ​យល់​ថា ​អ្វី​ដែល​គាត់​លើក​ឡើង​គឺ​ស្រ​ដៀង​នឹង​អ្វី​ដែល​ថ្នាក់​ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជាលើក​ឡើង​បាទ»។​

​គេ​សង្កេត​ឃើញ​ថា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គណបក្ស​មូលដ្ឋាន​និង​គណបក្ស​ថ្មីៗ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង និង​រៀបចំ​រចនា​សម្ព័ន្ធរបស់​ខ្លួន​ ​ដើម្បី​ត្រៀម​ចូលរួមការ​បោះឆ្នោត​ឃុំ​សង្កាត់​ដែល​នឹង​គ្រោង​ធ្វើ​ឡើង​នា​ឆ្នាំ​២០១៧​និង​ ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG